YouVersion Logo
Search Icon

យ៉ូប 16

16
លោក​យ៉ូប​អះអាង​ជា​ថ្មី​ពី​ភាព​ស្អាត​ស្អំ​របស់​គាត់
1នោះ​លោក​យ៉ូប​ឆ្លើយ​ឡើង​ថា៖
2«ខ្ញុំ​បាន​ឮ​សេចក្ដី​យ៉ាង​នោះ​ជា​ច្រើន​ហើយ
អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​កម្សាន្ត​ចិត្ត
ដែល​នាំ​ឲ្យ​ល្វើយ​វិញ។
3តើ​ពាក្យ​ជា​អសារ​ឥត​ការ​ទាំង​នេះ​ចប់​ត្រឹម​ណា?
តើ​មាន​អ្វី​បណ្ដាល​អ្នក​រាល់​គ្នា​ឲ្យ​តប​មក​ដូច្នេះ?
4ខ្ញុំ​ក៏​និយាយ​ដូច​ជា​អ្នក​រាល់​គ្នា​បាន​ដែរ
ប្រសិន‌បើ​ព្រលឹង​របស់​អ្នក​រាល់​គ្នា
ជួប​នឹង​ស្ថាន​ការដូច​ខ្ញុំ
នោះ​ខ្ញុំ​នឹងរក​ពាក្យ​មក​ទាស់​នឹង​អ្នក​រាល់​គ្នា
ព្រម​ទាំង​គ្រវី​ក្បាល​ដាក់​អ្នក​រាល់​គ្នា​ដែរ។
5ប៉ុន្តែ ខ្ញុំ​នឹង​បញ្ចេញ​ពាក្យ​ចម្រើន​កម្លាំង
ដល់​អ្នក​រាល់​គ្នា​វិញ
ហើយ​បបូរ​មាត់​ខ្ញុំ​នឹង​រក​បន្ធូរ​ទុក្ខ
របស់​អ្នក​រាល់​គ្នា។
6តែ​ឥឡូវ​នេះ ទោះ​បើ​ខ្ញុំ​និយាយ
ក៏​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​មិន​ថយ​ចេញ​ពី​ខ្ញុំ​ដែរ
ហើយ​បើ​នៅ​ស្ងៀម
តើ​វា​ចេញ​ពី​ខ្ញុំ​យ៉ាង​ណា​ទៅ?
7ប្រាកដ​មែន ព្រះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ល្វើយ​ទៅ
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្ញុំ
វិនាស​អស់​ហើយ។
8ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំនៅ​សល់​តែ​ស្បែក និង​ឆ្អឹង
ដែល​ជា​ទី​បន្ទាល់​មួយ​ទាស់​នឹង​ខ្ញុំ
ហើយ​អាការៈ​ស្គម​ស្គាំង​របស់​ខ្ញុំ
ក៏​ទាស់​នឹង​ខ្ញុំ​ដែរ
គឺ​វា​ក្រោក​ឡើង​ធ្វើ​បន្ទាល់​នៅ​មុខ​ខ្ញុំ។
9ព្រះ​បាន​ហែក‌ហួរ​ខ្ញុំ ដោយ​សេចក្ដីក្រោធ
របស់​ព្រះ‌អង្គ ព្រម​ទាំង​ស្អប់​ខ្ញុំ​ផង
ព្រះ‌អង្គ​សង្កៀត​ធ្មេញ​ដាក់​ខ្ញុំ
ខ្មាំង​សត្រូវ​របស់​ខ្ញុំ
បាន​សំលៀង​ភ្នែក​ទាស់​នឹង​ខ្ញុំ។
10ពួក​គេ​បាន​ហា​មាត់​គំរាម​ខ្ញុំ
គេ​បាន​ទះ​កំផ្លៀង​បង្អៀន​ខ្ញុំ
ហើយ​ប្រមូល​គ្នា​ទាស់​នឹង​ខ្ញុំ។
11ព្រះ​បាន​ប្រគល់​ខ្ញុំ​ទៅ​ឯ​អា​ទមិឡ​ល្មើស
ហើយ​បាន​បោះ‌បង់​ចោល​ខ្ញុំ
ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​មេ​កំណាច។
12ពី​ដើម​ខ្ញុំ​មាន​សេចក្ដី​សុខ
តែ​ព្រះ‌អង្គ​បាន​បំបាក់​បំបែក​ខ្ញុំ
ព្រះ‌អង្គ​បាន​ចាប់​កញ្ចឹង​ក​ខ្ញុំ ទាំង​បោក​ខ្ញុំ​កម្ទេច​ផង
ព្រះ‌អង្គ​បាន​បញ្ឈរ​ខ្ញុំ​ឡើង
ទុក​ជា​ផ្ទាំង​ស៊ីប​របស់​ព្រះ‌អង្គ។
13ពួក​ពល​ធ្នូ​របស់​ព្រះ‌អង្គ​ឡោម‌ព័ទ្ធ​ខ្ញុំ
ព្រះ‌អង្គ​ពុះ​ចិត្ត​ថ្លើម​ខ្ញុំ​ជា​ពីរ​ឥត​ត្រា‌ប្រណី​ឡើយ
ទាំង​ចាក់​ទឹក​ប្រមាត់​ខ្ញុំ​ចុះ​ដល់​ដី។
14ព្រះ‌អង្គ​ចាក់​ទម្លុះ​ខ្ញុំ​ម្ដង​ហើយ​ម្ដង​ទៀត
ព្រះ‌អង្គ​ក៏​រត់​ចូល​មក​លើ​ខ្ញុំ
ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ។
15ខ្ញុំ​បាន​ដេរ​សំពត់​ធ្មៃ​ភ្ជាប់​លើ​ស្បែក​ខ្ញុំ
ហើយ​បាន​ដាក់​អំណាច​ខ្ញុំ​ចុះ​ក្នុង​ធូលី​ដី។
16ខ្ញុំ​យំឡើង​ហើម​ភ្នែក
ហើយ​ភ្នែក​ខ្ញុំ​ត្រូវ​រូង​ខ្មៅ។
17ទោះ​យ៉ាង​ណា ក៏​គ្មាន​សេចក្ដី​អយុត្តិ‌ធម៌
នៅ​ក្នុង​ដៃ​ខ្ញុំ
ហើយ​សេចក្ដី​អធិ‌ស្ឋាន​ខ្ញុំគឺ​បរិសុទ្ធ។
18ឱ ផែនដី​អើយ កុំ​គ្រប​បាំង​ឈាម​ខ្ញុំ​ឡើយ
ហើយ​កុំ​ឲ្យ​សម្រែក​របស់​ខ្ញុំ
ឈប់​ឈរ​នៅ​កន្លែង​ណា​ឡើយ។
19ឥឡូវ​នេះ មើល​ចុះ
ទី​បន្ទាល់​របស់​ខ្ញុំ​នៅ​លើ​ស្ថាន‌សួគ៌
ហើយ​សាក្សី​របស់​ខ្ញុំ​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់។
20ឯ​ពួក​មិត្ត​របស់​ខ្ញុំ គេ​ឡក‌ឡឺយ​ដាក់​ខ្ញុំ
ខ្ញុំ​ស្រក់​ទឹក​ភ្នែក​នៅ​ចំពោះ​ព្រះ
21ខ្ញុំ​ត្រូវ​ការ​មនុស្ស​ម្នាក់ ធ្វើ​ជា​អ្នក​កណ្ដាល
រវាង​មនុស្ស និង​ព្រះ
ដូច​ជា​មនុស្ស​ម្នាក់ ដែលសម្រុះ​សម្រួល
រវាង​មិត្ត​សម្លាញ់​របស់​ខ្លួន។
22ដ្បិត​នៅមិន​យូ​ឆ្នាំ​ទេ ពេល​កំណត់​នឹង​មក​ដល់
នោះ​ខ្ញុំ​នឹង​ទៅ​តាម​ផ្លូវ
ដែល​មិន​ត្រឡប់​មក​វិញ​ឡើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in