YouVersion Logo
Search Icon

យ៉ូប 11

11
ប្រសាសន៍​របស់​លោក​សូផារ៖ លោក​យ៉ូប​មាន​កំហុស​ត្រូវ​ទទួល​ទោស
1ពេល​នោះ សូផារ ជា​សាសន៍​ណាអា‌ម៉ា
ឆ្លើយ​ឡើង​ថា៖
2«ដែល​មាន​ពាក្យ​សម្ដី​ជា​ច្រើន​ដល់​ម៉្លេះ
តើ​មិន​គួរ​ឆ្លើយ​ត​ទេ​ឬ?
តើ​គួរ​រាប់​មនុស្ស​ហៃ​និយាយ​ទុក​ជា​សុចរិត​ឬ?
3តើ​ពាក្យ​អំនួត​របស់​អ្នក
នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​ស្ងៀម​បាន​ឬ?
កាល​ណា​អ្នក​ឡក‌ឡឺយ​យ៉ាង​នេះ
តើ​មិន​ត្រូវ​មាន​គេ​ធ្វើ​ឲ្យ​អ្នក​ខ្មាស​ដែរ​ឬ?
4ដ្បិត​អ្នក​និយាយ​ថា
"គោល‌លទ្ធិ​របស់​ខ្ញុំ​ស្អាត​បរិ​សុទ្ធ
ខ្ញុំ​ស្អាត​ស្អំ​នៅ​ចំពោះ​ព្រះ‌នេត្រ​របស់​ព្រះ "។
5ឱ​បើ​ព្រះ​នឹង​មាន​ព្រះ‌បន្ទូល​មក
ហើយ​បើក​ព្រះ‌រឹម​ទាស់​នឹង​អ្នក
6ដើម្បី​នឹង​បង្ហាញ​ឲ្យ​អ្នក​ស្គាល់
សេចក្ដី​អាថ៌‌កំបាំង​នៃ​ប្រាជ្ញា
នោះ​អ្នក​នឹង​ឃើញ​ថា
ខ្លឹម​នៃ​សេចក្ដី​នឹង​យល់​បាន​ច្រើន​យ៉ាង
ដូច្នេះ ចូរ​ដឹង​ថា ព្រះ​យក​ទោស​ស្រាល​ជាង
សេចក្ដី​ដែល​សំណំ​នឹង​អំពើ​ទុច្ចរិត​របស់​អ្នក​វិញ។
7តើ​អ្នក​អាច​ស្វែងយល់
ពី​សេចក្ដី​ជ្រាល​ជ្រៅ​របស់​ព្រះ​បាន​ឬ?
តើ​អាច​ស្វែង​យល់​ពីដែន​កំណត់​របស់​ព្រះ
ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា បាន​ឬ?
8សេចក្ដី​នោះ​ខ្ពស់​ជាង​ស្ថាន​សួគ៌ ទៅ​ទៀត
តើ​អ្នក​អាច​នឹង​ធ្វើ​យ៉ាង​ណា?
ក៏​ជ្រៅ​ជាង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ផង
ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ដឹង​បាន?
9បើ​វាស់ នោះ​ក៏​វែង​ជាង​ផែនដី
ហើយ​ធំ​ជាង​សមុទ្រ​ទៅ​ទៀត។
10បើ​ព្រះ‌អង្គ​យាង​កាត់​ទៅ ហើយ​កោះ​ឃុំ​អ្នក​ណា
ព្រម​ទាំង​ហៅ​ប្រជុំ​ជំនុំ‌ជម្រះ
តើ​អ្នក​ណា​អាច​នឹង​ឃាត់​ព្រះ‌អង្គ​បាន?
11ដ្បិត​ព្រះ‌អង្គ​ស្គាល់​មនុស្ស​កំភូត
ព្រះ‌អង្គ​ក៏​ឃើញ​អំពើ​ទុច្ចរិត ឥត​ចាំ​ពិចារ‌ណា​ផង
12មនុស្ស​ល្ងីល្ងើនឹង​មិន​មាន​យោបល់​សោះ
លុះ​ត្រា​តែ​សត្វ​លា​ព្រៃ​កើត​មក​ជា​មនុស្ស។
13បើ​អ្នក​តាំង​ចិត្ត​ត្រឹម​ត្រូវ​ឡើង
ហើយ​ប្រវា​ដៃ​ទៅ​ឯ​ព្រះ‌អង្គ
14ព្រម​ទាំង​បោះ‌បង់​សេចក្ដី​អាក្រក់
ដែល​នៅ​ដៃ​អ្នក​ចេញ
ហើយ​មិន​ឲ្យ​មាន​អំពើ​ទុច្ចរិត​ណា
នៅ​ក្នុង​ទី​លំនៅ​របស់​អ្នក​ឡើយ។
15ប្រាកដ​ជា​អ្នក​នឹង​ងើប​មុខ​ឡើង
ឥត​មាន​ប្រឡាក់​អ្វី​សោះ
អ្នក​នឹង​បាន​មាំ‌មួន​ឥត​ភ័យ​ខ្លាច​អ្វីឡើយ។
16ដ្បិត​អ្នក​នឹង​ភ្លេច​សេចក្ដី​វេទនា​របស់​អ្នក​ទៅ
អ្នក​នឹង​នឹក​ចាំ​ពី​សេចក្ដី​នោះ
ដូច​ជា​ចាំ​ពី​ទឹក​ដែល​ហូរ​បាត់​ហើយ។
17ជីវិត​នៃ​អ្នក​នឹង​បាន​ត្រចះ​ថ្លា​ជាង​ពេល​ថ្ងៃ​ត្រង់
ប្រសិន‌បើ​មាន​សេចក្ដី​ងងឹត​ខ្លះ
នោះ​នឹង​បាន​ដូច​ជា​ពេល​ព្រឹក‌ព្រាង​ឡើង​វិញ។
18អ្នក​នឹង​បាន​សាន្ត‌ត្រាណ
ដោយ​ព្រោះ​មាន​ទី​សង្ឃឹម
អ្នក​នឹងមាន​អ្នក​ការ​ពារជុំ‌វិញ
ហើយ​សម្រាក​ដោយ​សុខ‌សាន្ត។
19អ្នក​នឹង​ដេក​ដោយ​ឥត​មាន​អ្នក​ណា
បំភ័យ​អ្នក​ឡើយ
ហើយ​មនុស្ស​ជា​ច្រើន​នឹង​មក​អង្វរ​ដល់​អ្នក។
20ប៉ុន្តែ ភ្នែក​របស់​ពួក​មនុស្ស​អាក្រក់​វិញ
នឹង​ត្រូវ​ងងឹត​ទៅ គេ​នឹង​រក​ទី​ពឹង​គ្មាន
ហើយ​សេចក្ដី​សង្ឃឹម​របស់​គេ
នឹង​បាន​ជា​សេចក្ដី​ស្លាប់​នោះ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in