យ៉ូប 10
10
លោកយ៉ូបនិយាយថា៖ ខ្ញុំស្អប់ខ្ពើមជីវិតរបស់ខ្ញុំ
1ខ្ញុំស្អប់ខ្ពើមនឹងជីវិតរបស់ខ្ញុំណាស់
ខ្ញុំនឹងឲ្យតម្អូញរបស់ខ្ញុំចេញហូរហែ
ខ្ញុំនឹងនិយាយដោយសេចក្ដីជូរល្វីងក្នុងចិត្ត
2ខ្ញុំនឹងទូលដល់ព្រះថា សូមកុំកាត់ទោសទូលបង្គំ
សូមបង្ហាញហេតុ
ដែលព្រះអង្គតតាំងនឹងទូលបង្គំវិញ។
3ដែលសង្កត់សង្កិនដូច្នេះ
តើមានប្រយោជន៍ដល់ព្រះអង្គឬ
បានជាព្រះអង្គមើលងាយដល់ស្នាដៃរបស់ព្រះអង្គ
ហើយប្រោសឲ្យពន្លឺព្រះអង្គ
មកបំភ្លឺគំនិតរបស់មនុស្សអាក្រក់?
4តើព្រះនេត្ររបស់ព្រះអង្គជាភ្នែកសាច់ឬ?
តើព្រះអង្គទតឃើញដូចជាមនុស្សឬ?
5តើព្រះជន្មនៃព្រះអង្គដូចជាអាយុរបស់មនុស្ស
ឬអស់ទាំងឆ្នាំនៃព្រះអង្គត្រូវនឹងថ្ងៃរបស់មនុស្ស?
6បានជាព្រះអង្គស៊ើបសួររកអំពើទុច្ចរិតរបស់ទូលបង្គំ
ហើយស្វែងរកអំពើបាបនៃទូលបង្គំដូច្នេះ
7ព្រះអង្គជ្រាបហើយថា ទូលបង្គំមិនមែនអាក្រក់
ហើយថា គ្មានអ្នកណាអាចនឹងដោះឲ្យរួច
ពីព្រះហស្តរបស់ព្រះអង្គបាន។
8ព្រះហស្តរបស់ព្រះអង្គបានសូន
ហើយបង្កើតទូលបង្គំ
តែឥឡូវនេះ ព្រះអង្គបានបំផ្លាញទូលបង្គំទៅវិញ។
9សូមព្រះអង្គនឹកចាំថា ព្រះអង្គបានសូនរូបទូលបង្គំ
ដូចជាគេសូនដីឥដ្ឋ
ចុះតើព្រះអង្គគិតឲ្យទូលបង្គំ
ត្រឡប់ទៅជាធូលីដីវិញឬ?
10តើព្រះអង្គមិនបានចាក់ទូលបង្គំចេញដូចជាទឹកដោះ
ហើយឲ្យទូលបង្គំកកខន់
ដូចជាផែនទឹកដោះទេឬ?
11ព្រះអង្គបានបំពាក់ទូលបង្គំដោយសាច់ និងស្បែក
ព្រមទាំងថ្ពាន់ទូលបង្គំឲ្យជាប់គ្នាដោយឆ្អឹង
និងសរសៃ។
12ព្រះអង្គបានប្រោសផ្តល់ជីវិត
និងសេចក្ដីសប្បុរសដល់ទូលបង្គំ
ហើយការឃុំគ្រងរបស់ព្រះអង្គ
បានគាំពារជីវិតទូលបង្គំ។
13ប៉ុន្តែ សេចក្ដីទាំងនេះព្រះអង្គបានលាក់ទុក
នៅក្នុងព្រះហឫទ័យវិញ
ទូលបង្គំដឹងហើយថា នេះនៅតែក្នុងព្រះអង្គទេ។
14គឺថា បើទូលបង្គំធ្វើបាប ព្រះអង្គចំណាំទូលបង្គំទុក
ហើយព្រះអង្គមិនលែងឲ្យទូលបង្គំ
បានរួចពីទោសឡើយ
15បើទូលបង្គំអាក្រក់មែន នោះវរហើយ
តែបើសុចរិតវិញ
នោះក៏មិនបានងើបក្បាលឡើងដែរ
ដោយមានពេញជាសេចក្ដីខ្មាស
ហើយមើលតែសេចក្ដីវេទនារបស់ទូលបង្គំ។
16បើកាលណាក្បាលទូលបង្គំងើបឡើង
ព្រះអង្គដេញទូលបង្គំដូចជាសិង្ហ រួចព្រះអង្គសម្ដែង
ព្រះចេស្តាយ៉ាងអស្ចារ្យលើទូលបង្គំទៀត។
17ព្រះអង្គចេះតែមានសាក្សីថ្មីៗទាស់នឹងទូលបង្គំ
ក៏ចម្រើនសេចក្ដីគ្នាន់ក្នាញ់ទាស់នឹងទូលបង្គំ
ព្រះអង្គនាំកម្លាំងថ្មីៗមកទាស់នឹងទូលបង្គំជានិច្ច។
18យ៉ាងនោះ ម្តេចក៏ព្រះអង្គបានធ្វើឲ្យទូលបង្គំ
ចេញពីផ្ទៃម្តាយមក
ឱបើទូលបង្គំបានស្លាប់វិញ
ឥតមានអ្នកណាឃើញទៅអេះ
19នោះទូលបង្គំនឹងបានដូចជា
មិនដែលកើតមកសោះ
គេនឹងបាននាំយកទូលបង្គំ
ពីផ្ទៃម្តាយទៅកប់តែម្តង។
20តើអស់ទាំងថ្ងៃអាយុនៃទូលបង្គំ
មិនមែនតិចណាស់ទេឬ?
សូមទុកឲ្យទូលបង្គំនៅតែឯងចុះ
ដើម្បីឲ្យបានសម្រាកបន្តិច
21មុនដែលទូលបង្គំទៅឯទី
ដែលមិនត្រឡប់មកវិញឡើយ
គឺដល់ស្ថាននៃសេចក្ដីងងឹត
និងម្លប់នៃសេចក្ដីស្លាប់
22ជាស្ថានដែលងងឹតឈឹង ដូចជាយប់ជ្រៅ
ជាទីម្លប់នៃសេចក្ដីស្លាប់ ដែលឥតមានរបៀប
ជាកន្លែងដែលមានពន្លឺ
ក៏ដូចជាកណ្ដាលអធ្រាត្រ»។
Currently Selected:
យ៉ូប 10: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies