យ៉ូប 9
9
ចម្លើយរបស់លោកយ៉ូប៖ ខ្ញុំមិនអាចតទល់នឹងព្រះបានទេ
1ពេលនោះ លោកយ៉ូបក៏ឆ្លើយឡើងថា៖
2«ខ្ញុំដឹងប្រាកដថាយ៉ាងនោះហើយ
ប៉ុន្តែ ធ្វើដូចម្តេចឲ្យមនុស្សបានសុចរិត
នៅចំពោះព្រះបាន?
3បើគេចង់តវ៉ាជាមួយព្រះអង្គ
ក្នុងមួយពាន់សំណួរ
គេរកឆ្លើយតែមួយក៏មិនបានផង។
4ព្រះអង្គមានព្រះហឫទ័យប្រកបដោយប្រាជ្ញា
ក៏មានឥទ្ធិឫទ្ធិក្រៃលែង
តើមានអ្នកណាដែលរឹងទទឹងនឹងព្រះអង្គ
ហើយមានសេចក្ដីសុខឬទេ?
5ព្រះអង្គលើកភ្នំឲ្យឃ្លាតចាកទីទៅឥតឲ្យដឹងផង
ព្រះអង្គក៏ផ្កាប់វាដោយសេចក្ដីក្រោធរបស់ព្រះអង្គ
6ព្រះអង្គចាប់អង្រួនផែនដីឲ្យចេញពីកន្លែងធម្មតា
ហើយអស់ទាំងសសរនៃផែនដីក៏ញ័រ
7ព្រះអង្គហាមដល់ថ្ងៃ នោះថ្ងៃក៏មិនរះ
ហើយព្រះអង្គបិទបាំងអស់ទាំងផ្កាយផង
8គឺព្រះអង្គតែមួយអង្គឯងដែលលាតត្រដាងមេឃ
ហើយយាងទៅលើរលកសមុទ្រ
9ព្រះអង្គបានបង្កើតផ្កាយក្រពើ ផ្កាយនាយព្រាន
ហើយផ្កាយកូនមាន់
ព្រមទាំងប្រឡោះនៃមេឃខាងត្បូង
10ព្រះអង្គធ្វើការយ៉ាងធំក្រៃលែង
ដែលរកយល់មិនបាន
និងការអស្ចារ្យឥតគណនា។
11មើល៍! ព្រះអង្គយាងកាត់មុខខ្ញុំ តែខ្ញុំមិនឃើញទេ
ព្រះអង្គក៏យាងហួសទៅ តែខ្ញុំមិនដឹងសោះ។
12បើព្រះអង្គចាប់យកទៅ
តើអ្នកណានឹងឃាត់ព្រះអង្គបាន
តើអ្នកណានឹងហ៊ានទូលសួរព្រះអង្គថា
"តើព្រះអង្គធ្វើអ្វីនោះ"។
13ព្រះមិនព្រមដកសេចក្ដីក្រោធទៅវិញទេ
ឯពួកជំនួយដែលមានចិត្តអួតអាង
គេត្រូវក្រាបចុះនៅក្រោមព្រះអង្គ។
14ដូច្នេះ តើឲ្យខ្ញុំទូលឆ្លើយដល់ព្រះអង្គដូចម្ដេចបាន?
តើខ្ញុំមានពាក្យអ្វីទូលដល់ព្រះអង្គ?
15ទោះបើខ្ញុំសុចរិត
ក៏ខ្ញុំមិនអាចទូលឆ្លើយនឹងព្រះអង្គបានដែរ
គឺខ្ញុំត្រូវតែអង្វរសូមសេចក្ដីមេត្តា
ពីចៅក្រមរបស់ខ្ញុំវិញ ។
16ប្រសិនបើខ្ញុំបានអំពាវនាវ ហើយព្រះអង្គឆ្លើយមកខ្ញុំ
គង់តែខ្ញុំមិនជឿថា
ព្រះអង្គបានទទួលស្ដាប់សំឡេងរបស់ខ្ញុំដែរ។
17ដ្បិតព្រះអង្គបំបែកបំបាក់ខ្ញុំដោយសារខ្យល់ព្យុះ
ក៏ធ្វើឲ្យខ្ញុំមានរបួសច្រើនឡើងដោយឥតហេតុ
18ព្រះអង្គមិនឲ្យខ្ញុំដកដង្ហើមសោះ
គឺព្រះអង្គចម្អែតខ្ញុំដោយសេចក្ដីជូរល្វីង។
19ប្រសិនបើគិតពីកម្លាំង
មើល៍! ព្រះអង្គជាព្រះដែលមានឫទ្ធានុភាព
ប្រសិនបើគិតពីរឿងយុត្តិធម៌
តើអ្នកណាអាចកោះហៅព្រះអង្គ បាន?
20បើខ្ញុំតាំងខ្លួនជាសុចរិត
នោះមាត់ខ្ញុំនឹងបានកាត់ទោសដល់ខ្លួនវិញ
បើខ្ញុំថា ខ្ញុំទៀងត្រង់ នោះនឹងបង្ហាញច្បាស់ថា
ខ្ញុំវៀចវេរហើយ។
21ទោះបើខ្ញុំបានគ្រប់លក្ខណ៍
គង់តែមិនពឹងដល់ខ្លួនឯងទេ
ខ្ញុំស្អប់ជីវិតខ្ញុំណាស់។
22សេចក្ដីទាំងនោះត្រូវគ្នាទាំងអស់ បានជាខ្ញុំថា
ព្រះអង្គបំផ្លាញទាំងមនុស្សគ្រប់លក្ខណ៍
និងមនុស្សអាក្រក់ផង។
23ប្រសិនបើសេចក្ដីវេទនាណានាំឲ្យស្លាប់ភ្លាម
ព្រះអង្គនឹងសើចឡក ដល់សេចក្ដីល្បងល
របស់មនុស្សឥតទោស។
24ផែនដីនេះបានប្រគល់ទៅក្នុងកណ្ដាប់ដៃ
របស់មនុស្សអាក្រក់ហើយ
ព្រះអង្គក៏បាំងមុខពួកចៅក្រមនៃផែនដី
បើមិនមែនជាព្រះអង្គទេ នោះតើជាអ្នកណាវិញ?
25ឯថ្ងៃទាំងឡាយនៃអាយុខ្ញុំ
នោះលឿនជាងអ្នករត់សំបុត្រ
ក៏រត់បាត់ទៅ
ឥតដែលឃើញសេចក្ដីល្អអ្វីឡើយ។
26ពេលកន្លងហួសទៅដូចជាទូកធ្វើពីឫស្សី
ឧបមាដូចជាឥន្ទ្រីដែលបោះពួយចាប់រំពា។
27ប្រសិនបើខ្ញុំថា "ខ្ញុំនឹងបំភ្លេចតម្អូញរបស់ខ្ញុំ
ក៏នឹងធ្វើទឹកមុខរីករាយ ហើយខំប្រឹង
សើចសប្បាយឡើងវិញ"
28នោះខ្ញុំខ្លាចអស់ទាំងសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ
ហើយដឹងថា អ្នកមិនរាប់ខ្ញុំជាឥតទោសទេ។
29ខ្ញុំនឹងត្រូវមានទោសមែន
ដូច្នេះ ខ្ញុំនឹងនឿយហត់ជាឥតប្រយោជន៍ធ្វើអី?
30ប្រសិនបើខ្ញុំនឹងសម្អាតខ្លួនដោយទឹកហិមៈ
ហើយលាងដៃឲ្យស្អាតយ៉ាងណាក៏ដោយ
31គង់តែអ្នកនឹងបោះខ្ញុំចុះទៅក្នុងភក់ជ្រាំវិញ
នោះទាំងសម្លៀកបំពាក់ខ្ញុំនឹងខ្ពើមខ្ញុំ។
32ដ្បិតព្រះមិនមែនជាមនុស្សដូចជាខ្ញុំ
ដែលខ្ញុំនឹងហ៊ានឆ្លើយដល់ព្រះអង្គ
ឬដែលនឹងជួបគ្នាដោយរឿងក្តីនោះទេ។
33គ្មានអាជ្ញាកណ្ដាល ណា
ដែលអាចវិនិច្ឆ័យរវាងយើងទាំងពីរបានឡើយ។
34ឲ្យព្រះអង្គដកដំបងចេញពីខ្ញុំ
ហើយកុំឲ្យសេចក្ដីស្ញែងខ្លាចរបស់ព្រះអង្គ
មកបំភ័យខ្ញុំទៀត។
35នោះខ្ញុំនឹងទូលដល់ព្រះអង្គឥតភ័យខ្លាច
ដ្បិតខ្ញុំមិនមែនដូចជាពាក្យ
ដែលគេចោទប្រកាន់ខ្ញុំនោះឡើយ។
Currently Selected:
យ៉ូប 9: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies