YouVersion Logo
Search Icon

យ៉ូហាន 14

14
ព្រះ‌យេស៊ូវ​ជា​ផ្លូវ​ទៅ​កាន់​ព្រះ‌វរបិតា
1«កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ។ 2នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌វរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន បើ​ពុំ​ដូច្នោះ​ទេ ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ។ 3បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ ហើយ​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ។ 4អ្នក​រាល់​គ្នា​ស្គាល់​ផ្លូវ​ទៅ​កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ​ហើយ»។ 5ថូម៉ាស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​មិន​ដឹង​ថា​ព្រះ‌អង្គ​យាង​ទៅ​ឯ​ណា​ទេ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ផ្លូវ​ទៅ​បាន?» 6ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ‌វរបិតា​បាន​ឡើយ។ 7បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ​ហើយ អ្នក​រាល់​គ្នា​ក៏​ស្គាល់​ព្រះ‌វរបិតា​ដែរ ពី​ឥឡូវ​នេះ​ទៅ អ្នក​រាល់​គ្នា​ក៏​ស្គាល់ ហើយ​បាន​ឃើញ​ព្រះ‌អង្គ​ទៀត​ផង»។
8ភីលីព​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​បង្ហាញ​ព្រះ‌វរបិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង ទើប​យើង​ខ្ញុំ​អស់​ចិត្ត»។ 9ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ភីលីព​អើយ ខ្ញុំ​បាន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​យូរ​ណាស់​ហើយ អ្នក​នៅ​តែ​មិន​ទាន់​ស្គាល់​ខ្ញុំ​ទៀត​ឬ? អ្នក​ណា​ដែល​បាន​ឃើញ​ខ្ញុំ អ្នក​នោះ​ក៏​បាន​ឃើញ​ព្រះ‌វរបិតា​ដែរ។ ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​ថា "សូម​បង្ហាញ​ឲ្យ​ឃើញ​ព្រះ‌វរបិតា​ផង​ដូច្នេះ?" 10តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌វរបិតា ហើយ​ព្រះ‌វរបិតា​គង់​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ? អស់​ទាំង​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា ខ្ញុំ​មិន​មែន​ប្រាប់​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ ប៉ុន្តែ ព្រះ‌វរបិតា​ដែល​គង់​ក្នុង​ខ្ញុំ ព្រះ‌អង្គ​ធ្វើ​កិច្ច‌ការ​របស់​ព្រះ‌អង្គ។ 11ចូរ​ជឿ​ខ្ញុំ​ចុះ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌វរបិតា ហើយ​ព្រះ‌វរបិតា​នៅ​ក្នុង​ខ្ញុំ ឬ​យ៉ាង​ហោច​ណាស់ ចូរ​ជឿ​ខ្ញុំ ដោយ​ព្រោះ​ឃើញ​កិច្ច‌ការ​ដែល​ខ្ញុំ​ធ្វើ​នោះ​ទៅ។ 12ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នឹង​ធ្វើ​កិច្ច‌ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ហើយ​ក៏​នឹង​ធ្វើ​ការ​ធំ​ជាង​នេះ​ទៅ​ទៀត ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌វរបិតា។ 13ខ្ញុំ​នឹង​ធ្វើ​កិច្ច‌ការ​គ្រប់​យ៉ាង ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ក្នុង​នាម​ខ្ញុំ ដើម្បី​ឲ្យ​ព្រះ‌វរបិតា​បាន​តម្កើង​ឡើង​ក្នុង​ព្រះ‌រាជ‌បុត្រា។ 14បើ​អ្នក​រាល់​គ្នា​សូម​អ្វី ក្នុង​នាម​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​កិច្ច‌ការ​នោះ»។
ព្រះ‌បន្ទូល​សន្យា​អំពី​ព្រះ‌វិញ្ញាណ
15«បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បទ‌បញ្ជា​របស់​ខ្ញុំ​ចុះ 16ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះ‌វរបិតា ហើយ​ព្រះ‌អង្គ​នឹង​ប្រទាន​ព្រះ​ជា​ជំនួយ​មួយ​អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់​នៅ​ជា​មួយ​ជា​រៀង​រហូត 17គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្តី​ពិត ដែល​លោកីយ៍​ទទួល​មិន​បាន ព្រោះ​មិន​ឃើញ ក៏​មិន​ស្គាល់​ព្រះ‌អង្គ​ផង តែ​អ្នក​រាល់​គ្នា​ស្គាល់ ដ្បិត​ព្រះ‌អង្គ​គង់​ជា​មួយ ហើយ​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា។
18ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​មក​រក​អ្នក​រាល់​គ្នា​វិញ។ 19បន្តិច​ទៀត មនុស្ស​លោក​នឹង​លែង​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ ដោយ​ព្រោះ​ខ្ញុំ​រស់ អ្នក​រាល់​គ្នា​ក៏​នឹង​រស់​ដែរ។ 20នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌វរបិតា​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ក្នុង​អ្នក​រាល់​គ្នា។ 21អ្នក​ណា​ដែល​មាន​បទ‌បញ្ជា​របស់​ខ្ញុំ ហើយ​ធ្វើ​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ ព្រះ‌វរបិតា​ខ្ញុំ​ស្រឡាញ់​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​នោះ ក៏​នឹង​សម្តែង​ខ្លួន​ឲ្យ​អ្នក​នោះ​ស្គាល់​ទៀត​ផង»។ 22យូដាស (មិន​មែន​អ៊ីស្កា‌រីយ៉ុត) ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​សម្តែង​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ព្រះ‌អង្គ តែ​មិន​ឲ្យ​មនុស្ស​លោក​ស្គាល់​ផង​ដូច្នេះ?» 23ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «បើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​ខ្ញុំ ព្រះ‌វរបិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​យើង​នឹង​មក​រក​អ្នក​នោះ ក៏​នឹង​តាំង​ទី​លំនៅ​ជា​មួយ​អ្នក​នោះ​ដែរ។ 24អ្នក​ណា​ដែល​មិន​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​កាន់​តាម​ពាក្យ​ខ្ញុំ​ឡើយ ហើយ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ឮ នោះ​មិន​មែន​ជា​ពាក្យរបស់​ខ្ញុំទេ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌វរបិតា ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះវិញ។
25ខ្ញុំ​បាន​ប្រាប់​សេចក្ដី​ទាំង​នេះដល់​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ខ្ញុំ​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ។ 26ប៉ុន្តែ ព្រះ​ដ៏​ជា​ជំនួយ គឺ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ‌វរបិតា​នឹង​ចាត់​មក​ក្នុង​នាម​ខ្ញុំ ទ្រង់​នឹង​បង្រៀន​សេចក្ដី​ទាំង​អស់​ដល់​អ្នក​រាល់​គ្នា ហើយ​រំឭក​អស់ទាំង​អ្វីៗ​ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ផង។ 27ខ្ញុំ​ទុក​សេចក្តី​សុខ​សាន្ត​ឲ្យ​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​ដូច​មនុស្ស​លោក​ឲ្យ​ទេ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ខ្លាច​ឡើយ។ 28អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ថា "ខ្ញុំ​នឹង​ចេញ​ទៅ ហើយ​ខ្ញុំ​នឹង​មក​រក​អ្នក​រាល់​គ្នា​វិញ"។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​ត្រូវ​មាន​អំណរ​ឡើង ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌វរបិតា ដ្បិត​ព្រះ‌វរបិតា​ធំ​លើស​ជាង​ខ្ញុំ។ 29ឥឡូវ​នេះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា មុន​ហេតុ‌ការណ៍​នោះ​កើត​ឡើង ដើម្បី​កាល​ណា​ហេតុ‌ការណ៍​នោះ​កើត​ឡើង អ្នក​រាល់​គ្នា​នឹង​ជឿ។ 30ខ្ញុំ​មិន​មាន​ពេល​ច្រើន ដើម្បី​និយាយ​ជាមួយ​អ្នក​រាល់​គ្នា​ប៉ុន្មាន​ទៀត​ទេ ដ្បិត​ចៅ‌ហ្វាយ​របស់​លោកីយ៍​នេះ​មក​ជិត​ដល់​ហើយ តែ​វា​គ្មាន​អំណាច​អ្វី​លើ​ខ្ញុំ​ទេ 31គឺ​ខ្ញុំ​ធ្វើ​តាម​បង្គាប់​ព្រះ‌វរបិតា​ខ្ញុំ ដើម្បី​ឲ្យ​មនុស្ស​លោក​បាន​ដឹង​ថា ខ្ញុំ​ស្រឡាញ់​ព្រះ‌វរបិតា។ ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ចេញ​ពី​ទី​នេះ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in