YouVersion Logo
Search Icon

យ៉ូហាន 15

15
ព្រះ‌យេស៊ូវ​ជា​ដើម​ទំពាំង​បាយ​ជូរ​ដ៏​ពិត
1«ខ្ញុំ​ជា​ដើម​ទំពាំង​បាយ​ជូរ​ដ៏​ពិត ហើយ​ព្រះ‌វរបិតា​ខ្ញុំ​ជា​អ្នក​ដាំ។ 2អស់​ទាំង​មែក​ណា​ដុះ​ចេញ​ពី​ខ្ញុំ ដែល​មិន​បង្កើត​ផល​ផ្លែ ព្រះ‌អង្គ​កាត់​ចោល តែ​អស់​ទាំង​មែក​ណា​ដែល​បង្កើត​ផល​ផ្លែ ព្រះ‌អង្គ​លួស​មែក​នោះ​វិញ ដើម្បី​ឲ្យ​បាន​ផល​ផ្លែ​ជា​ច្រើន​ឡើង។ 3អ្នក​រាល់​គ្នា​បាន​ស្អាត​ហើយ ដោយ​សារ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់។ 4ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ដូច​ជា​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ ប្រៀប​ដូច​ជា​មែក បើ​មិន​នៅ​ជាប់​នឹង​ដើម នោះ​មិន​អាច​នឹង​បង្កើត​ផល​បាន​ទេ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ទាល់​តែ​នៅ​ជាប់​នឹង​ខ្ញុំ។ 5ខ្ញុំ​ជា​ដើម អ្នក​រាល់​គ្នា​ជា​មែក អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​នោះ ទើប​អ្នក​នោះ​បង្កើត​ផល​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ។ 6អ្នក​ណា​មិន​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ត្រូវ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ក៏​ក្រៀម​ទៅ​ដូច​ជា​មែក​ដែរ រួច​គេ​ប្រមូល​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ។ 7បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្ដី​នោះ​នឹង​បាន​សម្រេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ 8ព្រះ‌វរបិតា​ខ្ញុំ​បាន​តម្កើង​ឡើង ដោយ​សារ​ការ​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បាន​បង្កើត​ផល​ជា​ច្រើន ហើយ​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​ពិត​ប្រាកដ។ 9ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ព្រះ‌វរបិតា​ស្រឡាញ់​ខ្ញុំ​ដែរ ចូរ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ។ 10បើ​អ្នក​រាល់​គ្នា​កាន់​តាម​បទ‌បញ្ជា​របស់​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌វរបិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ដែរ។ 11ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អំណរ​របស់​ខ្ញុំ​បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ‌ពេញ​ផង។
12នេះ​ជា​បទ‌បញ្ជា​របស់​ខ្ញុំ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ 13គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ​ឡើយ គឺ​អ្នក​ដែល​ហ៊ាន​ប្តូរ​ជីវិត​ជំនួស​ពួក​សម្លាញ់​របស់​ខ្លួន​នោះ​ទេ 14បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ពិត​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មែន។ 15ខ្ញុំ​មិន​ហៅ​អ្នក​ថា​ជា​បាវ​បម្រើ​ទៀត​ទេ ដ្បិត​បាវ​បម្រើ​មិន​ដឹង​ថា​ចៅ‌ហ្វាយ​ធ្វើ​អ្វី​ឡើយ ប៉ុន្តែ ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​ជា​សម្លាញ់ ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់ ដែល​ខ្ញុំ​ឮ​ពី​ព្រះ‌វរបិតា​ខ្ញុំ​មក។ 16មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​បាន​រើស​ខ្ញុំ គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​រើស​អ្នក​រាល់​គ្នា ទាំង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​នោះ​បាន​នៅ​ជាប់ ដើម្បី​ឲ្យ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ពី​ព្រះ‌វរបិតា ក្នុង​នាម​ខ្ញុំ ព្រះ‌អង្គ​នឹង​ប្រទានឲ្យ។ 17ខ្ញុំ​បង្គាប់​សេចក្ដី​ទាំង​នេះដល់​អ្នក​រាល់​គ្នា គឺដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក»។
មនុស្ស​លោក​ស្អប់​ព្រះ‌យេស៊ូវ និង​ស្អប់​សិស្ស​របស់​ព្រះ‌អង្គ
18ប្រសិន‌បើ​មនុស្ស​លោក​ស្អប់​អ្នក​រាល់​គ្នា ចូរ​ដឹង​ថា គេ​បាន​ស្អប់​ខ្ញុំ​មុន​ស្អប់​អ្នក​រាល់​គ្នា​ទៅ​ទៀត។ 19ប្រសិន‌បើ​អ្នក​រាល់​គ្នា​ជា​របស់​លោកីយ៍ លោកីយ៍​នឹង​ស្រឡាញ់​អ្នក​រាល់​គ្នា តែ​ដោយ​ខ្ញុំ​បាន​រើស​អ្នក​រាល់​គ្នា​ចេញ​ពី​លោកីយ៍​មក នោះ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​លោកីយ៍​ទៀត​ទេ ហេតុ​នោះ​បាន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា។ 20ចូរ​នឹក​ចាំ​ពី​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​រួច​ហើយ​ថា "បាវ​បម្រើ​មិន​មែន​ធំ​ជាង​ចៅ‌ហ្វាយ​ឡើយ"។ ប្រសិន‌បើ​គេ​បាន​បៀត‌បៀន​ខ្ញុំ គេ​នឹង​បៀត‌បៀន​អ្នក​រាល់​គ្នា ហើយ​បើ​គេ​បាន​កាន់​តាម​ពាក្យ​ខ្ញុំ គេ​ក៏​នឹង​កាន់​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ។ 21ប៉ុន្តែ គេ​នឹង​ប្រព្រឹត្ត​ការ​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា ដោយ​សារ​នាម​ខ្ញុំ ព្រោះ​គេ​មិន​ស្គាល់​ព្រះ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ។ 22ប្រសិន‌បើ​ខ្ញុំ​មិន​បាន​មក​និយាយ​ប្រាប់​គេ នោះ​គេ​ឥត​មាន​បាប​ទេ តែ​ឥឡូវ​នេះ គេ​គ្មាន​អ្វី​ដោះ​សា​អំពើ​បាប​របស់​ខ្លួន​ឡើយ។ 23អ្នក​ណា​ស្អប់​ខ្ញុំ ក៏​ស្អប់​ព្រះ‌វរបិតា​ខ្ញុំ​ដែរ។ 24ប្រសិន‌បើ​ខ្ញុំ​មិន​បាន​ធ្វើ​កិច្ច‌ការ​ក្នុង​ចំណោម​ពួក​គេ ដែល​គ្មាន​អ្នក​ណា​ទៀត​បាន​ធ្វើ នោះ​គេ​ឥត​មាន​បាប​ទេ តែ​ឥឡូវ​នេះ គេ​បាន​ឃើញ ហើយ​គេ​ស្អប់​ទាំង​ខ្ញុំ ស្អប់​ទាំង​ព្រះ‌វរបិតា​របស់​ខ្ញុំ។ 25ការ​នេះ​ត្រូវ​តែ​បាន​សម្រេច​តាម​ពាក្យ​ដែល​មាន​ចែង​នៅ​ក្នុង​ក្រឹត្យ‌វិន័យរបស់​គេ ដែល​ថា "គេ​បាន​ស្អប់​ខ្ញុំ​ដោយ​ឥត​ហេតុ"។
26ពេល​ព្រះ​ដ៏​ជា​ជំនួយ​យាង​មក ដែល​ខ្ញុំ​នឹង​ចាត់​មក​ពី​ព្រះ‌វរបិតា គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្តី​ពិត ដែល​ចេញ​ពី​ព្រះ‌វរបិតា​មក ទ្រង់​នឹង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ 27ហើយ​អ្នក​រាល់​គ្នា​ក៏​ធ្វើ​បន្ទាល់​ដែរ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​នៅ​ជា​មួយ​ខ្ញុំ តាំង​ពី​ដំបូង​មក។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in