យេរេមា 52
52
ការឡោមព័ទ្ធ និងវាយលុកក្រុងយេរូសាឡិម
1ពេលព្រះបាទសេដេគាឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃមួយឆ្នាំហើយ ទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមបានគ្រប់ដប់មួយឆ្នាំ មាតាព្រះនាមថាហាមូថាល ជាបុត្រីយេរេមា ដែលនៅក្រុងលិបណា។ 2ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាដូចដែលយេហូយ៉ាគីមបានធ្វើ។ 3ហេតុនោះ បានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាកើតឡើងដល់ក្រុងយេរូសាឡិម និងស្រុកយូដា ទាល់តែព្រះអង្គបានបោះបង់គេចោលឲ្យឆ្ងាយពីព្រះភក្ត្ររបស់ព្រះអង្គ។ ឯព្រះបាទសេដេគាក៏បះបោរនឹងស្តេចបាប៊ីឡូនដែរ។
4ដល់ឆ្នាំទីប្រាំបួន ក្នុងរាជ្យទ្រង់ គឺនៅថ្ងៃទីដប់ ខែទីដប់ ព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ព្រមទាំងពលទ័ពរបស់ទ្រង់ទាំងប៉ុន្មាន ក៏មកបោះទ័ពច្បាំងនឹងក្រុងយេរូសាឡិម គេតាំងបន្ទាយនៅជុំវិញទីក្រុង។ 5ដូច្នេះ ទីក្រុងត្រូវគេឡោមព័ទ្ធរហូតដល់ឆ្នាំទីដប់មួយ ក្នុងរាជ្យស្តេចសេដេគា។ 6នៅថ្ងៃទីប្រាំបួន ខែទីបួន នៅក្នុងទីក្រុងមានអំណត់ជាខ្លាំងណាស់ គ្មានអាហារសម្រាប់បណ្ដាជនសោះ។ 7នៅគ្រានោះ គេបានទម្លាយកំផែងទីក្រុង ហើយពួកទាហានទាំងអស់ក៏រត់ចេញពីទីក្រុងទាំងយប់ ទៅតាមផ្លូវទ្វារកណ្ដាលកំផែងទាំងពីរ ដែលនៅជិតច្បារស្តេច គេរត់តម្រង់ទៅស្រុកវាល (ចំណែកពួកខាល់ដេនៅឡោមព័ទ្ធទីក្រុង)។ 8ប៉ុន្តែ ពលទ័ពសាសន៍ខាល់ដេ គេដេញតាមព្រះបាទសេដេគាទាន់នៅត្រង់វាលយេរីខូរ ហើយបណ្ដាទ័ពរបស់ទ្រង់ត្រូវខ្ចាត់ខ្ចាយអស់។ 9គេចាប់ស្តេចនាំទៅស្តេចបាប៊ីឡូន ត្រង់ក្រុងរីបឡាប ក្នុងស្រុកហាម៉ាត ស្តេចបាប៊ីឡូនក៏កាត់ទោសទ្រង់។ 10ស្ដេចបាប៊ីឡូនសម្លាប់ពួកបុត្រារបស់ព្រះបាទសេដេគា នៅចំពោះព្រះនេត្ររបស់ព្រះបាទសេដេគា ក៏សម្លាប់ពួកចៅហ្វាយក្នុងស្រុកយូដា នៅត្រង់រីបឡាដែរ។ 11ស្ដេចបាប៊ីឡូនបានចាក់បង្ខូចព្រះនេត្ររបស់ព្រះបាទសេដេគា បន្ទាប់មកដាក់ច្រវាក់លង្ហិន នាំទៅដល់ក្រុងបាប៊ីឡូន ឃុំទុកនៅក្នុងគុក រហូតដល់ថ្ងៃសុគត។
12នៅថ្ងៃទីដប់ ខែទីប្រាំ ក្នុងឆ្នាំទីដប់ប្រាំបួននៃរាជ្ជកាលព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន នេប៊ូសារ៉ាដាន ជាមេទ័ពកងអង្គរក្ស ដែលបម្រើស្តេចបាប៊ីឡូន បានចូលមកដល់ក្រុងយេរូសាឡិម។ 13លោកដុតព្រះវិហារនៃព្រះយេហូវ៉ា និងដំណាក់ស្តេច ព្រមទាំងផ្ទះនានានៅក្រុងយេរូសាឡិម គឺលោកដុតផ្ទះធំៗទាំងអស់ចោល។ 14ពួកទ័ពសាសន៍ខាល់ដេទាំងប៉ុន្មាន ដែលនៅជាមួយមេទ័ពធំ គេមករំលំកំផែងទីក្រុងយេរូសាឡិមជុំវិញ។ 15នេប៊ូសារ៉ាដាន ជាមេទ័ពធំ បាននាំពួកក្រីក្របំផុតក្នុងបណ្ដាជន និងសំណល់មនុស្សដែលនៅក្នុងទីក្រុង ព្រមទាំងពួកអ្នកដែលបានរវាតចូលទៅខាងស្តេចបាប៊ីឡូន និងសំណល់នៃមនុស្សទៅជាឈ្លើយ។ 16ប៉ុន្តែ នេប៊ូសារ៉ាដានជាមេទ័ពធំ បានទុកពួកអ្នកក្រីក្រខ្លះនៃស្រុកនោះ ឲ្យថែចម្ការទំពាំងបាយជូរ ហើយភ្ជួររាស់ដី។
17ឯសសរលង្ហិនដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ជើងថ្កល់ និងសមុទ្រលង្ហិនដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកខាល់ដេបំបែកជាដុំៗ ដឹកយកលង្ហិនទាំងនោះទៅស្រុកបាប៊ីឡូន។ 18ឯកន្ថោរ ចបចូក ឃ្នាបប្រឆេះ ចានគោម កូនចាន និងគ្រឿងប្រដាប់លង្ហិនទាំងប៉ុន្មានដែលប្រើសម្រាប់គោរព គេក៏យកទៅដែរ។ 19ផើង ជើងក្រាន ចានគោម កន្ថោរ ជើងចង្កៀង កូនចាន និងពែង ដែលធ្វើពីមាស ហើយធ្វើពីប្រាក់ មេទ័ពធំក៏យកទៅទាំងអស់។ 20រីឯសសរទាំងពីរ សមុទ្រមួយ និងគោលង្ហិនទាំងដប់ពីរដែលនៅពីក្រោមសមុទ្រ ព្រមទាំងជើងទម្រ ដែលស្តេចសាឡូម៉ូនបានធ្វើសម្រាប់ព្រះដំណាក់នៃព្រះយេហូវ៉ា នោះថ្លឹងលង្ហិននៃរបស់ទាំងនោះមិនបានឡើយ។ 21នៅត្រង់សសរនីមួយៗ មានកម្ពស់ដប់ប្រាំបីហត្ថ ហើយវាស់ជុំវិញត្រូវជាដប់ពីរហត្ថ មានកម្រាស់បួនធ្នាប់ មានប្រហោងក្នុង។ 22មានក្បាច់ក្បាលសសរលង្ហិននៅពីលើក្បាល សសរមួយៗកម្ពស់ប្រាំហត្ថ មានក្បាច់ក្រឡាអួន និងផ្លែទទឹម សុទ្ធតែធ្វើពីលង្ហិននៅជាប់ជុំវិញផង ហើយសសរទីពីរក៏មានក្បាច់ក្រឡាអួន និងផ្លែទទឹមដូចគ្នាដែរ។ 23មានផ្លែទទឹមកៅសិបប្រាំមួយនៅគ្រប់ជុំវិញ និងផ្លែទទឹមទាំងអស់ដែលនៅជាប់ក្បាច់ក្រឡាអួននោះមានចំនួនមួយរយ។
24មេទ័ពធំក៏យកសេរ៉ាយ៉ា ជាសង្ឃធំ និងសេផានា ជាសង្ឃទីពីរ ហើយពួកឆ្មាំទ្វារទាំងបីនាក់ 25ក៏យកមន្ត្រីម្នាក់ ដែលជាមេបញ្ជាការលើពលទ័ព ពីក្នុងទីក្រុង និងមនុស្សប្រាំពីរនាក់ ដែលធ្លាប់ឃើញព្រះភក្ត្រស្តេច ដែលឃើញមាននៅក្នុងទីក្រុង ហើយស្មៀនរបស់មេទ័ពធំ ដែលកេណ្ឌពួកអ្នកស្រុក ព្រមទាំងពួកអ្នកស្រុកហុកសិបនាក់ ដែលឃើញមាននៅក្នុងទីក្រុង។ 26នេប៊ូសារ៉ាដាន ជាមេទ័ពធំ បាននាំអ្នកទាំងនោះ ទៅឯស្តេចបាប៊ីឡូនត្រង់រីបឡា។ 27ស្តេចបាប៊ីឡូនក៏ប្រហារជីវិតគេនៅត្រង់រីបឡា ក្នុងស្រុកហាម៉ាត គឺយ៉ាងនោះដែលពួកយូដាត្រូវនាំចេញពីស្រុករបស់ខ្លួនទៅជាឈ្លើយ។
28ពួកបណ្ដាជនដែលព្រះបាទនេប៊ូក្នេសាបាននាំទៅជាឈ្លើយ នៅឆ្នាំទីប្រាំពីរ គឺមានពួកយូដាចំនួនបីពាន់ម្ភៃបីនាក់។ 29នៅឆ្នាំទីដប់ប្រាំបីនៃនេប៊ូក្នេសា ទ្រង់នាំមនុស្សចំនួនប្រាំបីរយសាមសិបពីរនាក់ ចេញពីក្រុងយេរូសាឡិមទៅជាឈ្លើយ។ 30នៅឆ្នាំទីម្ភៃបីនៃព្រះបាទនេប៊ូក្នេសា នេប៊ូសារ៉ាដាន ជាមេទ័ពធំ ក៏នាំយកពួកសាសន៍យូដាចំនួនប្រាំពីររយសែសិបប្រាំនាក់ទៅជាឈ្លើយទៀត ទាំងអស់មានចំនួនបួនពាន់ប្រាំមួយរយនាក់។
ព្រះបាទយេហូយ៉ាគីនមានសេរីភាពរួចពីទោស
31នៅឆ្នាំទីសាមសិបប្រាំពីរ ដែលយេហូយ៉ាគីន ជាស្តេចយូដានៅជាឈ្លើយ គឺនៅថ្ងៃម្ភៃប្រាំ ខែទីដប់ពីរ នោះអេវីល-មេរ៉ូដាក ស្តេចបាប៊ីឡូនក៏លើកមុខយ៉ូយ៉ាគីន ជាស្តេចយូដា នៅឆ្នាំទីមួយនៃរាជ្យទ្រង់ ហើយដោះទ្រង់ឲ្យរួចចេញពីគុក។ 32ស្ដេចមានរាជឱង្ការដោយផ្អែមពីរោះ ហើយតាំងបល្ល័ង្កឲ្យខ្ពស់ជាងបល្ល័ង្កនៃពួកស្តេច ដែលនៅជាមួយក្នុងក្រុងបាប៊ីឡូន។ 33ដូច្នេះ ព្រះបាទយេហូយ៉ាគីនក៏ផ្លាស់សម្លៀកបំពាក់គុកចេញ រួចព្រះបាទយេហូយ៉ាគីន ក៏សោយព្រះស្ងោយ នៅចំពោះស្តេចបាប៊ីឡូនជារៀងរហូតដល់អស់ព្រះជន្ម។ 34ស្តេចបាប៊ីឡូនចិញ្ចឹម និងផ្គត់ផ្គង់ រហូតដល់ទ្រង់អស់ព្រះជន្ម។:៚
Currently Selected:
យេរេមា 52: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies