យេរេមា 51
51
1ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
យើងនឹងបង្កើតឲ្យមានខ្យល់
ដែលបំផ្លាញទាស់នឹងក្រុងបាប៊ីឡូន
ហើយទាស់នឹងពួកអ្នកនៅកណ្ដាលសាសន៍
ដែលលើកខ្លួនឡើងទាស់នឹងយើងដែរ។
2យើងនឹងចាត់មនុស្សដទៃឲ្យទៅក្រុងបាប៊ីឡូន
អ្នកទាំងនោះនឹងអុំគេ ហើយរំលីងទាំងអស់
ចេញពីស្រុកទៅ ដ្បិតនៅថ្ងៃអន្តរាយ
អ្នកទាំងនោះនឹងឡោមព័ទ្ធជុំវិញគេ។
3ចូរយឹតធ្នូបាញ់ពួកអ្នកដែលយឹតធ្នូចុះ
ព្រមទាំងអ្នកដែលក្រោកឡើង ទាំងពាក់អាវក្រោះផង
កុំប្រណីពួកកំលោះៗរបស់គេឡើយ
ត្រូវបំផ្លាញពលទ័ពគេឲ្យអស់រលីងទៅ។
4គេនឹងត្រូវដួលស្លាប់នៅក្នុងស្រុករបស់ពួកខាល់ដេ
គេនឹងត្រូវចាក់ទម្លុះនៅតាមផ្លូវទីក្រុង។
5ដ្បិតព្រះនៃពួកអ៊ីស្រាអែល និងពួកយូដា
គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ
ព្រះអង្គមិនបានព្រាត់ប្រាសពីគេឡើយ
ទោះបើស្រុកគេមានពេញដោយទោស
ចំពោះព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលក៏ដោយ។
6ចូរឲ្យគ្រប់មនុស្សរត់ចេញពីកណ្ដាលក្រុងបាប៊ីឡូន
ដើម្បីឲ្យរួចជីវិតចុះ កុំឲ្យខ្លួនត្រូវកាត់ចេញ
ដោយអំពើទុច្ចរិតរបស់គេឡើយ
ដ្បិតនេះគឺវេលាកំណត់នៃសេចក្ដីសងសឹក
របស់ព្រះយេហូវ៉ា ព្រះអង្គនឹងតបស្នងដល់គេ។
7ពីដើម បាប៊ីឡូនជាពែងមាសនៅព្រះហស្តនៃព្រះយេហូវ៉ា
ជាពែងដែលឲ្យផែនដីទាំងមូលស្រវឹង
សាសន៍ទាំងប៉ុន្មានបានផឹកស្រាទំពាំងបាយជូររបស់គេ
ហេតុនោះបានជាសាសន៍ទាំងអស់
បានត្រឡប់ជារវើរវាយទៅ។
8ក្រុងបាប៊ីឡូនស្រាប់តែរំលំ ហើយត្រូវបំផ្លាញទៅភ្លាម
ចូរទ្រហោយំនឹងវាចុះ ត្រូវយកប្រទាលមុខសះ
ទៅបិទឲ្យវាបាត់ឈឺ ប្រសិនបើនឹងមើលឲ្យជាបាន។
9យើងរាល់គ្នាចង់តែមើល៍បាប៊ីឡូនឲ្យជាដែរ
តែវាមិនបានជាសោះ ចូរយើងលះចោលវាទៅ
ហើយត្រឡប់ទៅស្រុកយើងរៀងខ្លួនវិញ
ដ្បិតទោសវាលូតរហូតដល់លើ
គឺបានឡើងទៅដល់ផ្ទៃមេឃតែម្តង។
10ព្រះយេហូវ៉ាបាននាំសេចក្ដីសុចរិតរបស់យើង
ចេញមកហើយ
ចូរមក យើងនឹងថ្លែងប្រាប់នៅក្រុងស៊ីយ៉ូន
ពីការនៃព្រះយេហូវ៉ាជាព្រះនៃយើង។
11ចូរសម្រួចព្រួញឲ្យមុត ចូរចាប់ខែលកាន់ឲ្យមាំចុះ
ព្រះយេហូវ៉ាបានដាស់វិញ្ញាណ
របស់ពួកស្តេចសាសន៍មេឌីឡើង
ពីព្រោះព្រះអង្គមានគំនិតទាស់នឹងបាប៊ីឡូន
ដើម្បីនឹងបំផ្លាញចោល
ដ្បិតនេះជាការសងសឹករបស់ព្រះយេហូវ៉ា
គឺជាការសងសឹកស្នងព្រះវិហាររបស់ព្រះអង្គ។
12ចូរដំឡើងទង់ជ័យទាស់នឹងកំផែងក្រុងបាប៊ីឡូនចុះ
ត្រូវឲ្យពួកយាមបានកម្លាំងឡើង ចូរដាក់ពួកចាំយាម
ហើយរៀបទ័ពបង្កប់ទៅ ដ្បិតព្រះយេហូវ៉ាបានសម្រេច
ហើយបានបង្ហើយការ ដែលព្រះអង្គមានព្រះបន្ទូល
ពីដំណើរពួកអ្នកនៅក្រុងបាប៊ីឡូន
13ឱក្រុងដែលតាំងនៅលើទីទឹកជាច្រើន
ហើយមានទ្រព្យសម្បត្តិដ៏បរិបូរអើយ
ចុងបំផុតរបស់អ្នកបានមកដល់ហើយ
សេចក្ដីលោភរបស់អ្នកក៏ដល់កំណត់ដែរ។
14ព្រះយេហូវ៉ានៃពួកពលបរិវារ
បានស្បថដោយព្រះអង្គផ្ទាល់ថា៖
យើងពិតជាធ្វើឲ្យអ្នកបានពេញដោយមនុស្ស
ដូចជាពេញដោយដង្កូវ
ហើយគេនឹងស្រែកឡើងទាស់នឹងអ្នក។
15គឺព្រះអង្គដែលបានបង្កើតផែនដី
ដោយសារព្រះចេស្តា
ព្រះអង្គក៏បានតាំងលោកីយ៍ឡើង
ដោយប្រាជ្ញារបស់ព្រះអង្គ
ក៏បានលាតផ្ទៃមេឃ
ដោយយោបល់ព្រះអង្គ។
16កាលណាព្រះអង្គបព្ចោញព្រះសូរសៀង
នោះមានឮសូរសន្ធឹកនៃទឹកនៅលើមេឃ
ហើយព្រះអង្គបណ្ដាលឲ្យចំហាយទឹកឡើងពីចុងផែនដី
ព្រះអង្គបង្កើតផ្លេកបន្ទោរសម្រាប់ភ្លៀង
ក៏បព្ចោញខ្យល់ពីឃ្លាំងរបស់ព្រះអង្គដែរ។
17គ្រប់គ្នាបានត្រឡប់ជាមនុស្សល្ងីល្ងើ
ហើយក៏ឥតមានតម្រិះ ជាងទងគ្រប់គ្នាត្រូវខ្មាស
ដោយសាររូបឆ្លាក់របស់គេ
ដ្បិតរូបសិតរបស់គេជាសេចក្ដីភូតភរ
គ្មានខ្យល់ដង្ហើមនៅក្នុងវាឡើយ។
18វាសុទ្ធតែឥតប្រយោជន៍ ជារបស់ក្លែងបញ្ឆោត
នៅគ្រាដែលធ្វើទោសវា នោះវានឹងសូន្យបាត់ទៅ។
19ចំណែករបស់ពួកយ៉ាកុប មិនមែនដូច្នោះទេ
គឺព្រះអង្គដែលជបសូនរបស់សព្វសារពើ
ហើយសាសន៍អ៊ីស្រាអែលជាកុលសម្ព័ន្ធ
ដែលជាមត៌ករបស់ព្រះអង្គ
ព្រះនាមព្រះអង្គ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ។
អ៊ីស្រាអែលជាឧបករណ៍របស់ព្រះអាទិករ
20អ្នកជាពូថៅចម្បាំង
ហើយជាគ្រឿងសស្ត្រាវុធរបស់យើង
យើងនឹងបំបាក់បំបែកអស់ទាំងសាសន៍
ឲ្យខ្ទេចខ្ទីដោយសារអ្នក
ហើយបំផ្លាញនគរផ្សេងៗ
ដោយសារអ្នកដែរ។
21យើងនឹងបំបាក់បំបែកទាំងសេះ
និងអ្នកជិះផង ដោយសារអ្នក
យើងនឹងបំបាក់បំបែកទាំងរទេះចម្បាំង
និងអ្នកបរ ដោយសារអ្នក។
22យើងនឹងបំបាក់បំបែកទាំងប្រុសទាំងស្រី
ដោយសារអ្នក យើងនឹងបំបាក់បំបែក
ទាំងចាស់ទាំងក្មេង ដោយសារអ្នក
យើងនឹងបំបាក់បំបែកទាំងពួកកំលោះ
ក្រមុំ ដោយសារអ្នក។
23យើងនឹងបំបាក់បំបែកទាំងគង្វាល
និងហ្វូងសត្វ ដោយសារអ្នក
យើងនឹងបំបាក់បំបែកទាំងអ្នកភ្ជួរ និងគោ
ដោយសារអ្នក យើងនឹងបំបាក់បំបែកទាំងចៅហ្វាយ
និងនាយផង ដោយសារអ្នក។
ការវិនាសរបស់ក្រុងបាប៊ីឡូន
24យើងនឹងសងដល់ក្រុងបាប៊ីឡូន និងពួកអ្នកស្រុកខាល់ដេទាំងប៉ុន្មាននៅភ្នែកអ្នក តាមគ្រប់ទាំងការអាក្រក់ដែលគេបានធ្វើដល់ក្រុងស៊ីយ៉ូន នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
25ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឱភ្នំដែលបំផ្លាញ
គឺដែលបំផ្លាញផែនដីទាំងមូលអើយ
យើងទាស់នឹងអ្នក យើងនឹងលូកដៃទៅលើអ្នក
ហើយប្រមៀលអ្នកទម្លាក់ពីលើថ្មដា
ព្រមទាំងឲ្យអ្នកឆេះអស់។
26គេនឹងមិនយកថ្មពីអ្នក សម្រាប់ធ្វើជាថ្មជ្រុងផ្ទះ
ឬជាឫសជញ្ជាំងឡើយ
គឺអ្នកនឹងត្រូវចោលស្ងាត់ជារៀងរហូតទៅ
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
27ចូរដំឡើងទង់ជ័យនៅក្នុងស្រុក
ចូរផ្លុំត្រែនៅនាកណ្ដាលសាសន៍ទាំងប៉ុន្មាន
ត្រូវប្រមូលផ្តុំអស់ទាំងសាសន៍
មកទាស់នឹងក្រុងបាប៊ីឡូនចុះ
ចូរហៅនគរទាំងប៉ុន្មាននៅស្រុកអារ៉ារ៉ាត
មីនី និងអ័សក្នាស ឲ្យគេមូលគ្នាមកទាស់នឹងទីក្រុង
ចូរតាំងមេទ័ពធំម្នាក់ ឲ្យទាស់នឹងវាចុះ
ហើយឲ្យមានសេះឡើងមក
បែបដូចជាដង្កូវមានរោមច្រាង។
28ចូរប្រមូលផ្តុំសាសន៍ទាំងប៉ុន្មានមកទាស់នឹងវា
គឺអស់ទាំងស្តេចនៃសាសន៍មេឌី និងពួកចៅហ្វាយ
ពួកនាយរបស់គេ ព្រមទាំងស្រុកទាំងមូល
ដែលនៅក្រោមអំណាចគេ។
29ផែនដីកំពុងញាប់ញ័រក៏ឈឺចាប់
ពីព្រោះការដែលព្រះយេហូវ៉ា
សម្រេចធ្វើដល់ក្រុងបាប៊ីឡូន
នោះស្ថិតស្ថេរនៅ ដើម្បីនឹងធ្វើឲ្យស្រុកបាប៊ីឡូន
ត្រូវខូចបង់ ឥតមានអ្នកណានៅ។
30ពួកខ្លាំងពូកែរបស់ក្រុងបាប៊ីឡូន គេបានអាក់ខានតស៊ូ
គេនៅតែក្នុងទីមាំមួនរបស់គេ កម្លាំងគេស្បើយហើយ
ក៏បានត្រឡប់ដូចជាស្រីវិញ
ផ្ទះនៅក្នុងទីក្រុងបានឆេះអស់ហើយ
រនុកទ្វារក្រុងទាំងអស់ត្រូវបាក់។
31អ្នកយាមនឹងរត់ច្រវាត់ទៅមក
ហើយអ្នកនាំដំណឹងនឹងរត់ប្រទាក់គ្នា
ដើម្បីនឹងបន្តដំណឹងដល់ស្តេចបាប៊ីឡូនឲ្យជ្រាបថា៖
ទីក្រុងត្រូវគេចាប់យកនៅគ្រប់ទិសហើយ
32ឯផ្លូវទឹក គេចាប់យកបាន
ហើយវាលបឹងក៏ត្រូវដុតអស់
ដូច្នេះ ពួកទាហានមានចិត្តភ័យខ្លាច។
33ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ
គឺជាព្រះរបស់សាសន៍អ៊ីស្រាអែល
មានព្រះបន្ទូលដូច្នេះថា៖
កូនស្រីនៃក្រុងបាប៊ីឡូនធៀបដូចជាលានស្រូវ
នៅរដូវបញ្ជាន់ នៅតែបន្តិចទៀតរដូវចម្រូត
នឹងមកដល់នាង។
34នេប៊ូក្នេសាជាស្តេចបាប៊ីឡូនបានស៊ីបង្ហិនខ្ញុំ
បានទាំងជាន់ឈ្លី បានធ្វើឲ្យខ្ញុំដូចជាភាជនៈទទេ
បានលេបខ្ញុំ ដូចជាសត្វសម្បើម ក៏បានបំពេញផ្ទៃ
ដោយរបស់ទាំងប៉ុន្មាន ដែលគាប់ចិត្តខ្ញុំ
ហើយបានបោះខ្ញុំចេញទៅក្រៅ។
35សូមឲ្យការយុកយាក់ដែលគេបានធ្វើដល់ខ្ញុំ
ហើយដល់សាច់ខ្ញុំបានធ្លាក់ទៅលើបាប៊ីឡូនវិញ
នេះជាពាក្យដែលពួកអ្នកនៅក្រុងស៊ីយ៉ូនថា
គឺពួកអ្នកនៅក្រុងយេរូសាឡិមនឹងពោលថា៖
សូមឲ្យឈាមរបស់ខ្ញុំធ្លាក់ទៅលើពួកអ្នក
នៅស្រុកខាល់ដេដែរ។
36ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
មើល៍! យើងនឹងកាន់ក្ដីអ្នក ហើយសងសឹកជំនួសអ្នក
យើងនឹងពង្រីងសមុទ្ររបស់គេ
ហើយធ្វើឲ្យរន្ធទឹករបស់គេស្ងួតដែរ។
37ឯក្រុងបាប៊ីឡូននឹងត្រឡប់ជាកងគំនរ
ជាទីលំនៅរបស់សត្វស្វាន ជាទីស្រឡាំងកាំង
ហើយជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ
ឥតមានអ្នកណានៅឡើយ។
38គេនឹងស្រែកជាមួយគ្នា ដូចជាសិង្ហស្ទាវ
គេនឹងគ្រហឹមដូចជាកូនសិង្ហ។
39កាលណាគេក្តៅខ្លួន
នោះយើងនឹងរៀបជប់លៀងឲ្យគេ
យើងនឹងធ្វើឲ្យគេស្រវឹង ដើម្បីឲ្យគេបានរីករាយចិត្ត
ហើយឲ្យដេកលក់រហូត ឥតភ្ញាក់ឡើងវិញឡើយ
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
40យើងនឹងនាំគេចុះទៅដល់ទីសម្លាប់
ដូចជាកូនចៀមទាំងប៉ុន្មាន
គឺដូចជាចៀមឈ្មោល និងពពែឈ្មោល។
41សេសាកត្រូវចាប់យកយ៉ាងណាហ្ន៎
ទីគួរលើកសរសើររបស់ផែនដីទាំងមូល
ត្រូវចាប់បានយ៉ាងណាហ្ន៎
បាប៊ីឡូនបានទៅជាទីស្ងាត់ច្រៀប
នៅកណ្ដាលអស់ទាំងសាសន៍យ៉ាងណាហ្ន៎!
42សមុទ្របានឡើងមកលើស្រុកបាប៊ីឡូន
វាត្រូវគ្របដោយរលកដ៏ក្រាស់ក្រៃ។
43ទីក្រុងទាំងប៉ុន្មានបានត្រឡប់ជាទីស្ងាត់ច្រៀប
ជាដីហួតហែង ជាវាលស្ងាត់
ជាទីដែលឥតមានអ្នកណានៅ
គ្មានមនុស្សជាតិណាមួយដើរតាមនោះឡើយ។
44យើងនឹងធ្វើទោសដល់ព្រះបាល
នៅស្រុកបាប៊ីឡូន ហើយធ្វើឲ្យរបស់ទាំងប៉ុន្មាន
ដែលវាបានលេបទៅ ចេញពីមាត់មកវិញ
នោះអស់ទាំងសាសន៍នឹងលែងទៅជាហូរហែរកវាទៀត
ហើយកំផែងនៃក្រុងបាប៊ីឡូននឹងរលំចុះ។
45ឱប្រជារាស្ត្ររបស់យើងអើយ
ចូរចេញពីកណ្ដាលពួកគេទៅ
ត្រូវឲ្យគ្រប់គ្នាដោះខ្លួន
ឲ្យរួចពីសេចក្ដីក្រោធដ៏សហ័សរបស់ព្រះយេហូវ៉ា។
46អ្នករាល់គ្នាកុំស្រយុតចិត្តឡើយ
ក៏កុំភ័យខ្លាចចំពោះដំណឹងដែលឮនៅក្នុងស្រុកដែរ
ដ្បិតនៅឆ្នាំមួយ នឹងមានឮដំណឹងមកដល់
រួចដល់ឆ្នាំក្រោយ ក៏នឹងឮដំណឹងមួយទៀត
ព្រមទាំងមានការយុកយាក់នៅក្នុងស្រុកផង
គឺជាស្តេចមួយទាស់នឹងស្តេចមួយទៀត។
47ហេតុនោះ នឹងមានគ្រាមកដល់
ដែលយើងនឹងសម្រេចទោសដល់អស់ទាំងរូបឆ្លាក់
របស់ស្រុកបាប៊ីឡូន
ហើយស្រុកទាំងមូលនឹងត្រូវជ្រប់មុខ
ឯពួកអ្នកទាំងប៉ុន្មាន ដែលត្រូវគេសម្លាប់នោះ
នឹងដួលនៅកណ្ដាលវា។
48គ្រានោះ ទាំងផ្ទៃមេឃ ផែនដី
និងរបស់សព្វសារពើដែលនៅស្ថានទាំងនោះ
នឹងច្រៀងអរសប្បាយ ពីដំណើរក្រុងបាប៊ីឡូន
ពីព្រោះពួកបំផ្លាញនឹងមកដល់វា ពីទិសខាងជើង
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
49ក្រុងបាប៊ីឡូនបានធ្វើឲ្យសាសន៍អ៊ីស្រាអែល
ដួលស្លាប់ទៅយ៉ាងណា
នោះពួកអ្នកស្រុកទាំងមូលនឹងត្រូវដល់ស្លាប់
នៅត្រង់ក្រុងបាប៊ីឡូនយ៉ាងនោះដែរ។
50អ្នករាល់គ្នាដែលបានរួចពីដាវអើយ
ចូរទៅចុះ កុំបង្អង់ឡើយ
ចូរនឹកដល់ព្រះយេហូវ៉ាពីទីចម្ងាយ
ហើយឲ្យក្រុងយេរូសាឡិមចូលក្នុងគំនិតអ្នកដែរ។
51យើងរាល់គ្នាត្រូវខ្មាស ដោយបានឮពាក្យត្មះតិះដៀល
យើងរាល់គ្នាបានឡើងមុខក្រហមហើយ
ដ្បិតមានសាសន៍ដទៃចូលទៅក្នុងទីបរិសុទ្ធ
របស់ព្រះវិហារនៃព្រះយេហូវ៉ា។
52ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
នឹងមានគ្រាមកដល់ ដែលយើងនឹងសម្រេចទោស
ដល់អស់ទាំងរូបឆ្លាក់របស់គេ
ហើយពួកគេដែលត្រូវរបួស
ក៏ថ្ងូរនៅពេញក្នុងស្រុក។
53ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
ទោះបើក្រុងបាប៊ីឡូននឹងលើកខ្លួនឡើងដល់ផ្ទៃមេឃ
ហើយចម្រើនកម្លាំងនៃទីខ្ពស់របស់គេ
ឲ្យរឹតតែមាំមួនឡើងក៏ដោយ
គង់តែយើងនឹងឲ្យពួកបំផ្លាញឡើងទៅដល់គេដែរ។
54មានឮសូរសម្រែកចេញពីក្រុងបាប៊ីឡូនមក
និងសូរនៃការបំផ្លាញយ៉ាងសម្បើម
មកពីស្រុករបស់ពួកខាល់ដេ។
55ដ្បិតព្រះយេហូវ៉ារំលាងក្រុងបាប៊ីឡូន
ហើយក៏បំផ្លាញសំឡេងយ៉ាងធំឲ្យបាត់ចេញពីវាទៅ
រលកគេឮសន្ធឹកដូចជាទឹកធំ
ក៏ឮសូររបស់គេចេញមក។
56ដ្បិតមេបំផ្លាញបានមកលើវាហើយ
គឺលើក្រុងបាប៊ីឡូន
ពួកខ្លាំងពូកែរបស់វាត្រូវគេចាប់បាន
ហើយធ្នូទាំងប៉ុន្មានរបស់គេត្រូវបាក់ខ្ទេចខ្ទី
ពីព្រោះព្រះយេហូវ៉ាជាព្រះដែលសងសំណង
ព្រះអង្គនឹងតបស្នងជាមិនខាន។
57ឯពួកមេទ័ព ពួកអ្នកប្រាជ្ញ ពួកចៅហ្វាយ
ពួកនាយ និងពួកមនុស្សខ្លាំងពូកែទាំងប៉ុន្មានរបស់វា
នោះយើងនឹងធ្វើឲ្យស្រវឹង
គេនឹងដេកលក់ទៅជារៀងរហូត
ឥតភ្ញាក់ឡើងវិញឡើយ
នេះជាព្រះបន្ទូលនៃមហាក្សត្រ
ដែលព្រះនាមព្រះអង្គជាព្រះយេហូវ៉ានៃពួកពលបរិវារ។
58ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖
កំផែងយ៉ាងក្រាស់របស់ក្រុងបាប៊ីឡូន
នឹងត្រូវរលំអស់រលីង
ហើយទ្វារដ៏ខ្ពស់ទាំងប៉ុន្មាននឹងត្រូវភ្លើងឆេះ
គឺយ៉ាងនោះដែលជនជាតិទាំងឡាយ
បានខំធ្វើការជាឥតប្រយោជន៍
ហើយសាសន៍ទាំងប៉ុន្មាន
ធ្វើឲ្យតែបានជាចំណីភ្លើងប៉ុណ្ណោះ។
ហោរាយេរេមាព្រមានពួកសេរ៉ាយ៉ា
59នេះជាពាក្យដែលហោរាយេរេមាបានផ្តាំដល់សេរ៉ាយ៉ា ជាកូននេរីយ៉ា ដែលជាកូនម៉ាសេយ៉ា ក្នុងកាលដែលលោកបានទៅឯក្រុងបាប៊ីឡូន ជាមួយព្រះបាទសេដេគា ស្តេចយូដា នៅឆ្នាំទីបួនក្នុងរាជ្យទ្រង់ រីឯសេរ៉ាយ៉ានេះ លោកជាចៅហ្វាយស្លូតល្អ។ 60ហោរាយេរេមាក៏សរសេរចុះក្នុងសៀវភៅ ពីគ្រប់ទាំងការអាក្រក់ ដែលត្រូវកើតដល់ក្រុងបាប៊ីឡូន គឺគ្រប់ពាក្យទាំងនេះដែលបានកត់ទុក ពីដំណើរក្រុងបាប៊ីឡូនហើយ។ 61ហោរាយេរេមាក៏ជម្រាបសេរ៉ាយ៉ាថា៖ កាលណាលោកទៅដល់ក្រុងបាប៊ីឡូនហើយ លោកត្រូវអានមើលព្រះបន្ទូលទាំងអស់នេះ។ 62បន្ទាប់មក ត្រូវថា ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានមានព្រះបន្ទូលសេចក្ដីទាំងនេះពីដំណើរទីនេះ ដើម្បីនឹងកាត់ចេញ ឲ្យឥតមានអ្វីនៅទៀតឡើយ ទោះមនុស្ស ឬសត្វក្ដី គឺឲ្យទីនេះបាននៅចោលស្ងាត់ជារៀងរាបដរាបទៅ។ 63កាលណាលោកអានមើលសៀវភៅនេះសព្វគ្រប់ហើយ ត្រូវយកថ្មមកចងភ្ជាប់ ហើយបោះទម្លាក់ទៅកណ្ដាលទន្លេអ៊ើប្រាតទៅ។ 64បន្ទាប់មក ត្រូវថា ក្រុងបាប៊ីឡូននឹងលិចបាត់យ៉ាងដូច្នេះដែរ ឥតដែលងើបឡើងវិញឡើយ ដោយព្រោះការអាក្រក់ដែលយើងនឹងនាំមកលើវា នោះគេនឹងនឿយហត់ទៅ។
ពាក្យរបស់ហោរាយេរេមាចប់តែប៉ុណ្ណេះ។
Currently Selected:
យេរេមា 51: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies