YouVersion Logo
Search Icon

យេរេមា 42

42
ហោរា​យេរេមា​ប្រាប់​អ្នក​ដែលនៅរស់កុំ​ឲ្យ​ចាកចេញ​ពី​លំនៅដ្ឋាន
1គ្រា​នោះ មេ‌ទ័ព​ទាំង​ប៉ុន្មាន និង​យ៉ូ‌ហា‌ណាន​ជា​កូន​ការា ហើយ​យេសានា ជា​កូន​ហូសាយ៉ា ព្រម​ទាំង​បណ្ដា‌ជន​ទាំង​អស់ ចាប់​តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត គេ​ក៏​ចូល​មក​ជិត 2ហើយ​គេ​និយាយ​ទៅ​កាន់​ហោរា​យេរេមា​ថា៖ «សូម​លោក​មេត្តា​ស្តាប់​សេចក្ដី​ដែល​យើង​ខ្ញុំ​អង្វរ​ដល់​លោក ហើយ​សូម​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក​ឲ្យ​យើង​ខ្ញុំ​ផង គឺ​ឲ្យ​ពួក​មនុស្ស​ដែល​សល់​នៅ​ទាំង​នេះ ដ្បិត​យើង​ខ្ញុំ​ដែល​មាន​គ្នា​ច្រើន បាន​សល់​នៅ​តែ​បន្តិច​ទេ ដូច​ជា​លោក​ឃើញ​ស្រាប់ 3ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក បាន​បង្ហាញ​ផ្លូវ​ដែល​យើង​ខ្ញុំ​ត្រូវ​ដើរ និង​ការ​ដែល​ត្រូវ​ធ្វើ»។ 4ហោរា​យេរេមា​ក៏​ឆ្លើយ​តប​ថា៖ «ខ្ញុំ​បាន​ឮ​ហើយ ខ្ញុំ​នឹង​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា តាម​ពាក្យ​សំណូម​របស់​អ្នក​រាល់​គ្នា ហើយ​សេចក្ដី​អ្វី​ដែល​ព្រះ‌យេហូវ៉ា​ឆ្លើយ​មក នោះ​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ឥត​លាក់‌លៀប​អ្វី​ពី​អ្នក​រាល់​គ្នា​ឡើយ»។ 5ដូច្នេះ គេ​ជម្រាប​ហោរា​យេរេមា​ថា៖ «បើ​យើង​ខ្ញុំ​មិន​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះរបស់​លោក ចាត់​លោក​មក​ប្រាប់​ដល់​យើង​ខ្ញុំ នោះ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​សាក្សី​ពិត ហើយ​ស្មោះ‌ត្រង់​ទាស់​នឹង​យើង​ខ្ញុំ​ចុះ។ 6ទោះ​បើ​ជា​ការ​ល្អ ឬ​អាក្រក់​ក្ដី យើង​ខ្ញុំ​នឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​ឲ្យ​លោក​ទៅ​សួរ​ដល់​ព្រះ‌អង្គ​នោះ ដើម្បី​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​បាន​សេចក្ដី​សុខ ដោយ​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង»។
7លុះ​ដប់​ថ្ងៃ​កន្លង​ផុត​ទៅ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរា​យេរេមា 8រួច​លោក​ហៅ​យ៉ូ‌ហា‌ណាន ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ ហើយ​បណ្ដា‌ជន​ទាំង‌ឡាយ ចាប់​តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត 9លោក​ក៏​ប្រាប់​គេ​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នាំ​ពាក្យ​អង្វរ​របស់​អ្នក​រាល់​គ្នា ទៅ​ថ្វាយ​ដល់​ព្រះ‌អង្គ​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា 10"បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ស្រុក​នេះ​តទៅ យើង​នឹង​សង់​អ្នក​ឡើង​ឥត​រំលំ​ចុះ​ឡើយ ហើយ​ដាំ​អ្នក​រាល់​គ្នា ឥត​រំលើង​វិញ​ដែរ ដ្បិត​យើង​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់ ដែល​យើង​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា​ហើយ"»។ 11ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា "កុំ​ខ្លាច​ចំពោះ​ស្តេច​បាប៊ីឡូន ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​ខ្លាច​នោះ កុំ​ខ្លាច​គេ​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ ដើម្បី​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា ហើយ​នឹង​ដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​គេ។ 12យើង​នឹង​ប្រោស​មេត្តា​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​គេ​បាន​អាណិត​អ្នក ហើយ​ឲ្យ​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​អ្នក​រៀង​ខ្លួន​វិញ"។ 13ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​ថា "យើង​ខ្ញុំ​មិន​ព្រម​នៅ​ជាប់​ក្នុង​ស្រុក​នេះ​តទៅ​ទេ" គឺ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក 14ហើយ​និយាយ​ថា "ទេ យើង​រាល់​គ្នា​នឹង​ទៅ​នៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ជា​កន្លែង​ដែល​យើង​ខ្ញុំ​មិន​ឃើញ​ចម្បាំង​ទៀត ក៏​មិន​ឮ​សូរ​ត្រែ ឬ​ត្រូវ​អត់‌ឃ្លាន​ឡើយ គឺ​នៅ​ទី​នោះ​ដែល​យើង​ខ្ញុំ​នឹង​អាស្រ័យ​នៅ"។ 15ដូច្នេះ ឱ​សំណល់​ពួក​យូដា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ឥឡូវ​ចុះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "បើ​អ្នក​រាល់​គ្នា​កាត់​ចិត្ត​នឹង​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ពិត ហើយ​ក៏​ទៅ​អាស្រ័យ​នៅ​ទី​នោះ 16ដាវ​ដែល​អ្នក​រាល់​គ្នា​ខ្លាច​នឹង​តាម​អ្នក​ទាន់ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ហើយ​គ្រោះ​ទុរ្ភិក្ស​ដែល​អ្នក​រាល់​គ្នា​ខ្លាច​ដែរ នឹង​ជាប់​ប្រកិត​តាម​អ្នក​រាល់​គ្នា ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នោះ ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​នៅ​ទី​នោះ។ 17ឯ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ទៅ​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ នោះ​នឹង​បាន​ដូច្នោះ គឺ​គេ​នឹង​ស្លាប់​ដោយ​ដាវ ដោយ​អំណត់ និង​អាសន្ន‌រោគ ឥត​មាន​ពួក​គេ​ណា​មួយ​សល់​នៅ ឬ​រួច​ពី​ការ​អាក្រក់ ដែល​យើង​នឹង​នាំ​មក​លើ​គេ​នោះ​ឡើយ"។
18ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ "កំហឹង និង​សេចក្ដី​ក្រោធ​របស់​យើង ដែល​បាន​ចាក់​ចេញ​ទៅ​លើ​ពួក​អ្នក នៅ​ក្រុង​យេរូ‌សាឡិម​ជា​យ៉ាង​ណា នោះ​សេចក្ដី​ក្រោធ​របស់​យើង នឹង​ត្រូវ​ចាក់​ចេញ លើ​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ គឺ​ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នោះ នៅ​ស្រុក​នោះ អ្នក​រាល់​គ្នា​នឹង​ត្រឡប់​ទៅ​ជា​ទី​ត្មះ‌តិះ‌ដៀល ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ផ្ដាសា ហើយ​ជា​ទី​ជេរ​ប្រមាថ អ្នក​រាល់​គ្នា​នឹង​មិន​បាន​ឃើញ​ទី​នេះ​ទៀត​ឡើយ"។ 19ឱ​សំណល់​នៃ​ពួក​យូដា​អើយ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ឡើយ ចូល​ឲ្យ​ដឹង​ជាក់​ថា នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ដល់​អ្នក​រាល់​គ្នា​ហើយ។ 20ដ្បិត​អ្នក​រាល់​គ្នា​បាន​បញ្ឆោត​ចិត្ត​ខ្លួន ព្រោះ​អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ថា "សូម​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​រាល់​គ្នា ឲ្យ​យើង​ផង ហើយ​សូម​ប្រាប់​មក​យើង តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក នោះ​យើង​នឹង​ប្រព្រឹត្ត​តាម"។ 21ដូច្នេះ នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ក្នុង​ការ​អ្វី​ដែល​ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​មក​ប្រាប់​អ្នក​រាល់​គ្នា​នោះ​សោះ។ 22ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ដោយអំណត់ ហើយ​ដោយ​អាសន្ន‌រោគ នៅ​ក្នុង​ទី​ដែល​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ចង់​ទៅ​អាស្រ័យ​នៅ​នោះ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in