YouVersion Logo
Search Icon

យេរេមា 29

29
លិខិត​របស់​ហោរា​យេរេមា​ផ្ញើ​ទៅ​ពួកជាប់​ជា​ឈ្លើយ​នៅ​បាប៊ីឡូន
1នេះ​ជា​សេចក្ដី​នៅ​ក្នុង​សំបុត្រ ដែល​ហោរា​យេរេមា​បាន​ផ្ញើ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ពួក​ចាស់​ទុំ ក្នុង​ពួក​ដែល​ត្រូវចាប់​ទៅ​ជា​ឈ្លើយ ពួក​សង្ឃ ពួក​ហោរា និង​បណ្ដា‌ជន​ទាំង​អស់ ដែល​នេប៊ូក្នេសា​បានចាប់​ជា​ឈ្លើយ ពី​ក្រុង​យេរូ‌សាឡិម ទៅ​រស់​នៅ​ស្រុក​បាប៊ីឡូន។ 2គឺ​នៅ​ក្រោយ​ដែល​ស្តេច​យេកូនាស និង​អគ្គម‌ហេសី ពួក​សេនាបតី ពួក​ចៅ‌ហ្វាយ​នៃ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ពួក​ជាង​ឈើ និង​ជាង​ដែក បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​អស់​ហើយ។ 3លោក​ផ្ញើ​សំបុត្រ​នោះតាម​អេលា‌សារ ជា​កូន​សាផាន និង​កេម៉ារា ជា​កូន​ហ៊ីល‌គីយ៉ា ជា​អ្នក​ដែល​ព្រះបាទ​សេដេគា ស្តេច​យូដា​បាន​ចាត់​ទៅ​ស្រុក​បាប៊ីឡូន ដល់​នេប៊ូក្នេសា ជា​ស្តេច​ស្រុក​នោះ​ថា៖ 4ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដល់​ពួក​ឈ្លើយ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​ឲ្យ​គេ​ចាប់​ជា​ឈ្លើយ ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ដល់​ស្រុក​បាប៊ីឡូន​ថា 5ចូរ​អ្នក​រាល់​គ្នា​សង់​ផ្ទះ ហើយ​អាស្រ័យ​នៅ​ចុះ ចូរ​ដាំ​ដំណាំ ហើយ​ស៊ី​ផល​នោះ​ទៅ។ 6ចូរ​យក​ប្រពន្ធ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី ព្រម​ទាំង​រក​ប្រពន្ធ​ឲ្យ​កូន​ប្រុស​អ្នក ហើយ​លើក​កូន​ស្រី​របស់​អ្នក​ឲ្យ​មាន​ប្ដី​ផង ដើម្បី​ឲ្យ​បាន​បង្កើត​កូន​ប្រុស​កូន​ស្រី​ដែរ ចូរ​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង​នៅ​ទី​នោះ កុំ​ឲ្យ​ថយ​ចំនួន​អ្នក​ឡើយ។ 7ប៉ុន្តែ ចូរ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ទី​ក្រុង ដែល​យើង​បាន​ឲ្យ​គេ​ដឹក‌នាំ​អ្នក​ទៅ​ជា​ឈ្លើយ​នោះ បាន​សេចក្ដី​សុខ ហើយ​ត្រូវ​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​ទី​នោះ​ផង ដ្បិត​ក្នុង​សេចក្ដី​សុខ​របស់​ក្រុង​នោះ អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ​ដែរ។ 8ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​ពួក​ហោរា និង​ពួក​គ្រូ​ថ្លែងទំនាយ​របស់​អ្នក ដែល​នៅក្នុង​ចំណោម​អ្នក​រាល់​គ្នា​បញ្ឆោត​អ្នក​ឡើយ ក៏​កុំ​ទុក​ចិត្ត​ការ​យល់​សប្តិ ដែល​គេ​យល់‌សប្តិ​នោះ​ឡើយ 9ដ្បិត​គេ​ថ្លែងទំនាយ​កុហក​អ្នក​រាល់​គ្នា ដោយ​នូវ​ឈ្មោះ​យើង​ទេ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​មិន​បាន​ចាត់​គេ​ឡើយ។ 10ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា លុះ​កាល​បាន​សម្រេច​គ្រប់​ចិត​សិប​ឆ្នាំ​នៅ​ស្រុក​បាប៊ីឡូន​ហើយ យើង​នឹង​ប្រោស​អ្នក​រាល់​គ្នា ហើយ​ធ្វើ​សម្រេច​ដល់​អ្នក​រាល់​គ្នា តាម​ពាក្យ​ល្អ​របស់​យើង ដោយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិល​មក​ទី​នេះ​វិញ។ 11ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​ស្គាល់​សេចក្ដី​ដែល​យើង​គិត​ពី​ដំណើរ​អ្នក​រាល់​គ្នា មិន​មែន​គិត​ធ្វើ​សេចក្ដី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្ដី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម។ 12អ្នក​រាល់​គ្នា​នឹង​អំពាវ‌នាវ​ដល់​យើង ហើយ​នឹង​ទៅ​អធិស្ឋាន​ដល់​យើង រួច​យើង​នឹង​យល់​ព្រម​តាម។ 13អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​យើង ហើយ​នឹង​ឃើញ គឺ​កាល​ណា​អ្នក​ស្វែង​រក​យើង​ឲ្យ​អស់​អំពី​ចិត្ត 14យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​យើង​ឃើញ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា យើង​នឹង​ដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​សណ្ឋាន​ជា​ឈ្លើយ ហើយ​ប្រមូល​អ្នក​ពី​គ្រប់​សាសន៍ និង​ពី​គ្រប់​កន្លែង​ដែល​យើង​បាន​បណ្តេញ​អ្នក នាំ​វិល​ត្រឡប់​មក​កន្លែង​ដែល​យើង​បាន​ឲ្យ​គេ​ចាប់​ទៅ​ជា​ឈ្លើយ​នោះ​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
15ហេតុ​ដែល​អ្នក​រាល់​គ្នា​និយាយ​ថា ព្រះ‌យេហូវ៉ា​បាន​បង្កើត​ឲ្យ​យើង​មាន​ពួក​ហោរា នៅ​ស្រុក​បាប៊ីឡូន​នេះ 16ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ពី​ដំណើរ​ស្តេច​ដែល​គង់​លើ​បល្ល័ង្ក​របស់​ដាវីឌ ហើយ​ពី​ដំណើរ​ជន​ទាំង‌ឡាយ​ដែល​អាស្រ័យ​នៅ​ទី​ក្រុង​នេះ គឺ​ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​មិន​បាន​ចាប់​ទៅ​ជា​ឈ្លើយ​ជា‌មួយ​អ្នក​រាល់​គ្នា​ទេ។ 17ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា មើល៍! យើង​នឹង​ចាត់​ដាវ ជា​អំណត់ និង​អាសន្ន‌រោគ​មក​លើ​គេ ហើយ​នឹង​ធ្វើ​ឲ្យ​គេ​ត្រឡប់​ទៅ​ដូច​ជា​ផ្លែ​ល្វា​អាក្រក់ ដែល​បរិ‌ភោគ​មិន​បាន។ 18យើង​នឹង​ដេញ​តាម​គេ ដោយ​ដាវ អំណត់ និង​អាសន្ន‌រោគ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​រសាត់​អណ្តែត នៅ​កណ្ដាល​អស់​ទាំង​សាសន៍​នៅ​ផែនដី ឲ្យ​បាន​ជា​ទី​ផ្ដាសា ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ និង​ជា​ទី​ត្មះ‌តិះ‌ដៀល​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ដែល​យើង​នឹង​បណ្តេញ​គេ​នោះ 19ដោយ​ព្រោះ​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ពាក្យ​របស់​យើង នេះ​ជា​ព្រះបន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​យើង​បាន​ចាត់​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​យើង​មកឯ​អ្នក​រាល់គ្នា ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។
20ដូច្នេះ អ្នក​រាល់​គ្នា​ជា​ពួក​ឈ្លើយ ដែល​យើង​បាន​បណ្តេញ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ស្រុក​បាប៊ីឡូន​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ។ 21ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​អ័ហាប់ ជា​កូន​កូឡាយ៉ា និង​សេដេគា​ជា​កូន​ម្អាសេយ៉ា ដែល​គេ​ថ្លែងទំនាយ​ជា​សេចក្ដី​កុហក​ដល់​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​ស្តេច​នោះ​នឹង​សម្លាប់​អ្នក​ទាំង​ពីរ​នោះ​នៅ​មុខ​អ្នក​រាល់​គ្នា។ 22ឯ​ពួក​ឈ្លើយ ជា​សាសន៍​យូដា ដែល​នៅ​ក្រុង​បាប៊ីឡូន នឹង​យក​រឿង​នោះ​ប្រើ​ជា​ពាក្យ​ផ្ដាសា​ដល់​អ្នក​ដទៃ​ថា សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​អ្នក​បាន​ដូច​ជា​សេដេគា និង​អ័ហាប់ ដែល​ស្តេច​បាប៊ីឡូន​បាន​ឆ្អើរ​លើ​ភ្លើង​នោះ​ចុះ 23ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ចម្កួត​ក្នុង​ពួក​អ៊ីស្រា‌អែល គេ​បាន​សហាយ‌ស្មន់​នឹង​ប្រពន្ធ​របស់​អ្នក​ជិត​ខាង ហើយ​ពោល​ពាក្យ​កុហក ដោយ​នូវ​ឈ្មោះ​យើង ជា​សេចក្ដី​ដែល​យើង​មិន​បាន​បង្គាប់​ដល់​គេ​ឡើយ គឺ​យើង​ហើយ​ដែល​ដឹង យើង​ជា​ទី​បន្ទាល់​ពិត នេះ​ជា​ព្រះបន្ទូល​របស់​ព្រះ‌យេហូវ៉ា។
24អ្នក​ត្រូវ​ប្រាប់​សេម៉ាយ៉ា ជា​អ្នក​នៅ​ស្រុក​នេហេលេម​ថា៖ 25ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អ្នក​បាន​ធ្វើ​សំបុត្រ​ដោយ​នូវ​ឈ្មោះ​ខ្លួន​អ្នក ផ្ញើ​ដល់​អស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និង​ដល់​សេផានា ជា​កូន​របស់​សង្ឃ​ម្អាសេយ៉ា ហើយ​ដល់​ពួក​សង្ឃ​ទាំង​អស់​ផង​ថា 26ព្រះ‌យេហូវ៉ា​បាន​តាំង​អ្នក​ឡើង​ធ្វើ​ជា​សង្ឃ ជំនួស​សង្ឃ​យេហូ‌យ៉ា‌ដា ដើម្បី​ឲ្យ​មាន​ពួក​នាយក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ឲ្យ​អ្នក​បាន​ចាប់​អស់​អ្នក​ឆ្កួត ដែល​តាំង​ខ្លួន​ឡើង​ធ្វើ​ជា​ហោរា ដាក់​គុក ដាក់​ខ្នោះ។ 27ចុះ​ហេតុ​អ្វី​បាន​ជា​មិន​បាន​បន្ទោស​ដល់​យេរេមា ដែល​នៅ​ក្រុង​អាណាថោត ជា​អ្នក​ដែល​តាំង​ខ្លួន​ឡើង​ជា​ហោរា​ដល់​លោក​រាល់​គ្នា​នោះ? 28ដ្បិត​គាត់​បាន​ផ្ញើ​សំបុត្រ​ទៅ​យើង​រាល់​គ្នា នៅ​ឯ​ស្រុក​បាប៊ីឡូន ប្រាប់​ថា ដំណើរ​នេះ​នឹង​ត្រូវ​យូរ​នៅ ចូរ​ធ្វើ​ផ្ទះ ហើយ​អាស្រ័យ​នៅ​ចុះ ចូរ​ដាំ​ដំណាំ ហើយ​ស៊ី​ផល​ទៅ។ 29ឯ​សង្ឃ​សេផានា ក៏​អាន​មើល​សំបុត្រ​នោះ ឲ្យ​ហោរា​យេរេមា​ស្តាប់។ 30ពេល​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរា​យេរេមា​ថា 31ចូរ​ផ្ញើ​ទៅ​ប្រាប់​ដល់​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​សេម៉ាយ៉ា​ជា​អ្នក​ដែល​មក​ពី​ស្រុក​នេហេលេម​ថា ដោយ​ព្រោះ​សេម៉ាយ៉ា ជា​អ្នក​ដែល​យើង​មិន​បាន​ចាត់​ប្រើ​ឡើយ បាន​ថ្លែងទំនាយ​ដល់​អ្នក​រាល់​គ្នា ហើយ​បាន​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ទុក​ចិត្ត​លើ​ពាក្យ​កុហក 32ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល៍! យើង​នឹង​ធ្វើ​ទោស​សេម៉ាយ៉ា ជា​អ្នក​ស្រុក​នេហេលេម ព្រម​ទាំង​ពូជ‌ពង្ស​របស់​គេ​ដែរ។ គ្មាន​អ្នក​ណា​ម្នាក់​រស់​នៅ​ក្នុង​ចំណោម​ប្រជា​ជន​នេះ​ឡើយ ក៏​មិន​ឃើញ​ការ​ល្អ​ដែល​យើង​នឹង​ប្រោស​ដល់​ប្រជា‌រាស្ត្រ​របស់​យើង​ដែរ ព្រោះ​គេ​បាន​ប្រកាស​បះ‌បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in