YouVersion Logo
Search Icon

ពួក​ចៅ‌ហ្វាយ 17

17
លោក​មីកា និង​បុរស​ម្នាក់​ក្នុង​ពួក​លេវី
1នៅ​ស្រុក​ភ្នំ​អេប្រាអិម មាន​បុរស​ម្នាក់​ឈ្មោះ មីកា។ 2គាត់​និយាយ​ប្រាប់​ម្តាយ​ថា៖ «ប្រាក់​សុទ្ធ​មួយ​ពាន់​មួយ​រយ​ស្លឹង ដែល​គេ​បាន​យក​ពី​ម៉ែ​ទៅ ហើយ​ម៉ែ​បាន​ដាក់​បណ្ដា‌សា​ពី​រឿង​នោះ​នៅ​ត្រចៀក​ខ្ញុំ មើល៍ ប្រាក់​នោះ​នៅ​នឹង​ខ្ញុំ​ទេ គឺ​ខ្ញុំ​បាន​យក​ប្រាក់​នោះ»។ ដូច្នេះ ម្តាយ​និយាយ​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​កូន!» 3គាត់​ក៏​ប្រគល់​ប្រាក់​សុទ្ធ​មួយ​ពាន់មួយ​រយ​ស្លឹង​នោះ​ដល់​ម្តាយ​គាត់​វិញ រួច​ម្តាយ​ពោល​ថា៖ «ម្ដាយ​ថ្វាយ​ប្រាក់​សុទ្ធ​នេះ​ដល់​ព្រះ‌យេហូវ៉ា​ពី​ដៃ​របស់​ម្ដាយ សម្រាប់ឲ្យ​កូនយក​ទៅ​ឆ្លាក់​ធ្វើ​រូប​មួយ និង​សិត​ធ្វើ​រូប​មួយ។ ដូច្នេះ ម្ដាយ​ប្រគល់​ប្រាក់​នេះ​ទៅ​កូន​វិញ»។ 4ដូច្នេះ ពេល​គាត់​ប្រគល់​ប្រាក់​នោះទៅ​ម្តាយ​វិញ ម្តាយ​ក៏​យក​ប្រាក់​សុទ្ធ​ពីររយ​ស្លឹង​ទៅ​ឲ្យ​ជាង​ស្មិត ជាង​ក៏​ឆ្លាក់​ធ្វើ​រូប​មួយ និង​សិត​ធ្វើ​រូប​មួយ ហើយ​រូប​នោះដាក់​នៅ​ក្នុង​ផ្ទះរបស់​មីកា។ 5ឯ​បុរស​ឈ្មោះ​មីកា​នេះ មាន​ទីសក្ការៈ​មួយ ហើយ​គាត់​បាន​ធ្វើ​អេផូឌ និង​ថេរ៉ាភីម រួច​តែង​តាំង​កូន​ប្រុស​របស់​គាត់​ម្នាក់ ធ្វើ​ជា​សង្ឃ​សម្រាប់​គាត់។ 6នៅ​គ្រា​នោះ គ្មាន​ស្តេច​សោយ‌រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល​ទេ ម៉្លោះ​ហើយ គ្រប់​គ្នា​ប្រព្រឹត្ត​តាម​តែ​ខ្លួន​យល់​ឃើញ​ថា​ត្រឹម​ត្រូវ។
7គ្រា​នោះ នៅ​ក្រុង​បេថ្លេ‌ហិម​ស្រុក​យូដា មានយុវជន​ម្នាក់​ក្នុង​ពូជ​ពង្ស​យូដា ដែល​ជា​លេវី បាន​មក​ស្នាក់​អាស្រ័យ​នៅ​ទី​នោះ។ 8បុរស​នេះ​បានចាក​ចេញ​ពី​បេថ្លេ‌ហិមក្នុង​ស្រុក​យូដា ដើម្បី​ទៅ​រកកន្លែង​មួយ​ដែល​គាត់​អាច​ស្នាក់​នៅ​បាន។ ពេល​ធ្វើ​ដំណើរ​ទៅ គាត់​ក៏​បាន​មក​ដល់​ផ្ទះ​មីកា នៅ​ស្រុក​ភ្នំ​អេប្រាអិម។ 9មីកា​សួរ​គាត់​ថា៖ «តើ​អ្នកអញ្ជើញ​មក​ពី​ណា?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ជា​លេវី មក​ពី​បេថ្លេ‌ហិម​ស្រុក​យូដា ហើយ​ខ្ញុំ​ដើរ​រក​កន្លែង​មួយ​ដែល​ខ្ញុំ​អាច​ស្នាក់​នៅ​បាន»។ 10ពេល​នោះ មីកា​ឆ្លើយ​តប​ថា៖ «សូមស្នាក់​នៅ​ជា​មួយ​ខ្ញុំ ធ្វើ​ជា​ឪពុក និង​ជា​សង្ឃ​ដល់​ខ្ញុំ​ទៅ ខ្ញុំ​នឹងជូន​ប្រាក់​សុទ្ធ​ដល់​លោក​ដប់ស្លឹង​ក្នុង​មួយ​ឆ្នាំ ព្រម​ទាំង​សម្លៀក​បំពាក់​មួយ​សម្រាប់ និង​ម្ហូប​អាហារ​ទៀត​ផង»។ ដូច្នេះ បុរសជា​លេវី​នោះ​ក៏​ចូល​ទៅ។ 11បុរស​លេវីនោះ​ព្រមរស់​នៅ​ជា​មួយ​មីកា ហើយ​យុវជន​នោះ​ក៏​ត្រឡប់​ដូច​ជា​កូន​របស់​គាត់។ 12មីកាបាន​តែង​តាំង​បុរស​លេវី​នោះ​ជា​សង្ឃ​សម្រាប់​គាត់ ហើយ​គាត់​ក៏​រស់​នៅ​ក្នុង​ផ្ទះ​មីកា​នោះ​ទៅ។ 13គ្រា​នោះ មីកា​ពោល​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹងថា​ព្រះ‌យេហូវ៉ា​នឹង​ចម្រុង​ចម្រើន​ខ្ញុំ ព្រោះ​ខ្ញុំ​មាន​លេវី​ម្នាក់​ធ្វើ​ជា​សង្ឃ​សម្រាប់​ខ្ញុំ​ហើយ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in