ពួកចៅហ្វាយ 16
16
លោកសាំសុន និងនាងដេលីឡា
1ថ្ងៃមួយ សាំសុនធ្វើដំណើរទៅក្រុងកាសា នៅទីនោះ គាត់ឃើញស្រីពេស្យាម្នាក់ ហើយក៏ចូលទៅឯនាង។ 2មានគេប្រាប់ពួកអ្នកក្រុងកាសាថា៖ «សាំសុនបានមកទីនេះ»។ គេក៏ព័ទ្ធជុំវិញទីកន្លែងនោះ ហើយលបចាំចាប់គាត់នៅទ្វារក្រុង រហូតទាល់ភ្លឺ។ គេនៅសម្ងំពេញមួយយប់ ដោយសន្យាគ្នាថា៖ «ចាំភ្លឺឡើង សឹមយើងសម្លាប់វា» 3ប៉ុន្ដែ សាំសុនដេកត្រឹមពាក់កណ្ដាលអធ្រាត្រប៉ុណ្ណោះ ហើយនៅពាក់កណ្ដាលអាធ្រាត្រ គាត់ក៏ក្រោកឡើង ចាប់ទាញទ្វារក្រុង កន្ត្រាក់បង្គោលទាំងពីរ ព្រមទាំងរនុក លីទាំងអស់ទៅលើកំពូលភ្នំ ដែលនៅពីមុខក្រុងហេប្រុន។
4បន្ទាប់ពីនោះមក គាត់ស្រឡាញ់ស្ត្រីម្នាក់ ដែលរស់នៅច្រកភ្នំសូរេក នាងឈ្មោះដេលីឡា។ 5ដូច្នេះ ពួកមេលើសាសន៍ភីលីស្ទីនក៏ឡើងទៅនិយាយនឹងនាងថា៖ «ចូរលួងលោមវា ដើម្បីឲ្យដឹងថា វាមានកម្លាំងខ្លាំងក្លាដល់ម៉្លេះមកពីណា ហើយធ្វើដូចម្តេចឲ្យយើងអាចឈ្នះវា ដើម្បីឲ្យយើងចាប់ចង បង្ក្រាបវាបាន នោះយើងនឹងឲ្យប្រាក់សុទ្ធដល់នាង ចំនួនមួយពាន់មួយរយស្លឹងក្នុងម្នាក់ៗ»។ 6ដូច្នេះ ដេលីឡាក៏ល្បួងសាំសុនថា៖ «សូមបងប្រាប់ខ្ញុំមក តើបងមានកម្លាំងខ្លាំងដល់ម៉្លេះមកពីណា ធ្វើដូចម្ដេចឲ្យគេអាចបង្ក្រាបបងបាន?» 7សាំសុនឆ្លើយទៅនាងថា៖ «បើគេយកវល្លិស្រស់ប្រាំពីរ ដែលមិនទាន់ហាលស្ងួតមកចងបង នោះបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀតដែរ»។ 8ដូច្នេះ ពួកមេលើសាសន៍ភីលីស្ទីនក៏យកវល្លិស្រស់ប្រាំពីរ ដែលមិនទាន់ហាលស្ងួតមកឲ្យនាង ហើយនាងក៏យកវល្លិនោះទៅចងគាត់។ 9នៅបន្ទប់ខាងក្នុង នាងបានឲ្យមនុស្សបង្កប់ខ្លួនចាំ។ ខណៈនោះ នាងស្រែកថា៖ «សាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ ប៉ុន្ដែ គាត់បណ្ដាច់វល្លិទាំងនោះចេញ ដូចជាសរសៃចចូត ដែលត្រូវដាច់ដោយប៉ះនឹងភ្លើង។ ដូច្នេះ គេមិនដឹងពីអាថ៌កំបាំងនៃកម្លាំងរបស់គាត់ទេ។
10ពេលនោះ ដេលីឡាពោលទៅកាន់សាំសុនថា៖ «មើល៍ បងបានបញ្ឆោតខ្ញុំ ហើយបាននិយាយកុហកខ្ញុំ។ សូមបងប្រាប់ខ្ញុំមក ធ្វើដូចម្ដេចដើម្បីចងបងជាប់បាន?» 11គាត់តបទៅនាងថា៖ «បើគេយកពួរថ្មីដែលមិនទាន់ប្រើមកចងបង នោះបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀតដែរ»។ 12ដូច្នេះ ដេលីឡាក៏យកពួរថ្មីទៅចងគាត់ រួចស្រែកថា៖ «សាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ» (ឯមនុស្សដែលបង្កប់ខ្លួន សម្ងំនៅបន្ទប់ខាងក្នុង)។ ប៉ុន្ដែ គាត់បណ្ដាច់ពួរនោះចេញពីដៃទៅ ដូចគេផ្ដាច់អំបោះមួយសរសៃ។
13ដេលីឡាពោលទៅសាំសុនថា៖ «រហូតមកឥឡូវនេះ បងនៅតែបញ្ឆោតខ្ញុំ ហើយនិយាយកុហកខ្ញុំដដែល។ ប្រាប់ខ្ញុំមក ធ្វើដូចម្ដេចដើម្បីចងបងជាប់បាន?» គាត់ឆ្លើយថា៖ «បើអូនក្រងសក់ក្បាលបងទាំងប្រាំពីរកម្រង ជាប់ជាមួយនឹងអំបោះអន្ទង ហើយចងភ្ជាប់នឹងត្រល់តម្បាញទៅ នោះបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀតដែរ»។ 14ដូច្នេះ កាលសាំសុនកំពុងដេកលក់ ដេលីឡាក៏យកសក់ទាំងប្រាំពីរកម្រងរបស់គាត់ ក្រងជាប់ជាមួយនឹងអំបោះអន្ទង ហើយចងភ្ជាប់នឹងត្រល់តម្បាញ រួចស្រែកថា៖ «សាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!» ប៉ុន្ដែ គាត់ភ្ញាក់ពីដេក ទាញកន្ត្រាក់ត្រល់តម្បាញ កីតម្បាញ និងអំបោះអន្ទងចេញអស់។
15ពេលនោះ នាងពោលទៅគាត់ថា៖ «ធ្វើដូចម្តេចឲ្យបងនិយាយថា "បងស្រឡាញ់អូន"ទៅកើត បើចិត្តបងមិននៅជាមួយខ្ញុំផងនោះ? បងបានបញ្ឆោតខ្ញុំគ្រប់បីដងហើយ បងមិនព្រមប្រាប់ខ្ញុំថាបងមានកម្លាំងខ្លាំងដល់ម៉្លេះមកពីណាសោះ»។ 16កាលនាងចេះតែរំអុកគាត់ជាខ្លាំង ដោយពាក្យសម្ដីរបស់នាងពីមួយថ្ងៃទៅមួយថ្ងៃ ចិត្តរបស់គាត់ព្រួយសឹងតែនឹងស្លាប់។ 17គាត់ក៏បញ្ចេញប្រាប់អស់ពីក្នុងចិត្តដល់នាងថា៖ «មិនដែលមានកាំបិតកោរសក់ក្បាលបងឡើយ ដ្បិតបងជាពួកណាសារីត ដល់ព្រះ តាំងតែពីផ្ទៃម្តាយមកម៉្លេះ ។ បើបងកោរសក់ចេញ នោះកម្លាំងរបស់បងនឹងថយចេញពីបងទៅ ហើយបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀត»។
18កាលដេលីឡាឃើញថា គាត់បានបញ្ចេញប្រាប់អស់អំពីក្នុងចិត្តដូច្នោះ នោះនាងក៏ចាត់គេឲ្យទៅហៅពួកមេលើសាសន៍ភីលីស្ទីនមក ដោយពាក្យថា៖ «សូមឡើងមកម្តងទៀត ដ្បិតគាត់បានប្រាប់ខ្ញុំអស់ពីក្នុងចិត្តរបស់គាត់ហើយ»។ ពេលនោះ ពួកមេលើសាសន៍ភីលីស្ទីនក៏ឡើងមកជួបនាង ទាំងយកប្រាក់មកជាមួយ។ 19នាងបានធ្វើឲ្យគាត់ដេកលក់នៅលើភ្លៅ រួចនាងហៅបុរសម្នាក់ មកកោរសក់ទាំងប្រាំពីរកម្រងពីលើក្បាលរបស់គាត់ចេញ។ ពេលនោះ នាងចាប់ផ្ដើមធ្វើឲ្យគាត់ឈឺចាប់ ហើយកម្លាំងក៏ថយចេញពីគាត់ទៅ។ 20នាងពោលឡើងថា៖ «សាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!» គាត់ក៏ភ្ញាក់ពីដេក ហើយគិតថា៖ «អញនឹងចេញទៅទាំងរលាស់ខ្លួន ដូចសព្វមួយដង»។ ប៉ុន្តែ គាត់មិនដឹងថា ព្រះយេហូវ៉ាបានថយចេញពីគាត់ទេ។ 21ពួកភីលីស្ទីនក៏ចូលមកចាប់គាត់ ហើយខ្វេះភ្នែកគាត់ រួចនាំចុះទៅក្រុងកាសា ដោយយកច្រវាក់លង្ហិនមកចងគាត់ ឲ្យគាត់បង្វិលត្បាល់កិននៅក្នុងគុក។ 22ប៉ុន្តែ ក្រោយពីគេបានកោររួចមក សក់របស់គាត់ក៏ចាប់ផ្ដើមដុះឡើងវិញ។
មរណភាពរបស់លោកសាំសុន
23គ្រានោះ ពួកមេសាសន៍ភីលីស្ទីនបានប្រមូលគ្នា ដើម្បីថ្វាយយញ្ញបូជាយ៉ាងឱឡារិកដល់ដាកុន ជាព្រះរបស់គេ ហើយនាំគ្នាអរសប្បាយ គេពោលថា៖ «ព្រះរបស់យើងបានប្រគល់សាំសុនជាខ្មាំងសត្រូវរបស់យើង មកក្នុងកណ្ដាប់ដៃយើងហើយ!» 24កាលប្រជាជននោះឃើញគាត់ គេក៏សរសើរដល់ព្រះរបស់គេ ដ្បិតគេពោលថា៖ «ព្រះរបស់យើងបានប្រគល់ខ្មាំងសត្រូវរបស់យើង មកក្នុងកណ្ដាប់ដៃយើងហើយ គឺជាអ្នកដែលបានបំផ្លាញស្រុកយើង ហើយសម្លាប់ពួកយើងអស់ជាច្រើនផង»។ 25កាលចិត្តរបស់គេបានអរសប្បាយឡើងហើយ គេក៏និយាយថា៖ «ចូរនាំសាំសុនមកឡកត្លុកឲ្យយើងមើល»។ គេក៏ហៅសាំសុនចេញពីក្នុងគុក ហើយគាត់ក៏ឡកត្លុកឲ្យពួកគេមើល។ ពួកគេដាក់គាត់ឲ្យនៅចន្លោះសសរ។ 26សាំសុនពោលទៅក្មេងដែលដឹកដៃគាត់ថា៖ «សូមឲ្យពាល់សសរដែលទ្រវិហារ ដើម្បីឲ្យខ្ញុំបានផ្អែកលើសសរនោះផង»។ 27ពេលនោះ មានមនុស្សទាំងប្រុសទាំងស្រីនៅពេញក្នុងវិហារ។ ពួកមេសាសន៍ភីលីស្ទីនទាំងអស់ក៏នៅទីនោះដែរ ហើយនៅលើដំបូល មានមនុស្សទាំងប្រុសទាំងស្រីប្រមាណបីពាន់ ឈរមើលពីលើដំបូល ក្នុងពេលសាំសុនកំពុងឡកត្លុក។ 28ពេលនោះ សាំសុនអំពាវនាវរកព្រះយេហូវ៉ា ទូលថា៖ «ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ សូមនឹកចាំពីទូលបង្គំ ឱព្រះអើយ សូមចម្រើនកម្លាំងទូលបង្គំតែម្តងនេះចុះ ដើម្បីឲ្យទូលបង្គំបានសងសឹកពួកភីលីស្ទីន ដោយព្រោះភ្នែកទាំងពីររបស់ទូលបង្គំ»។ 29សាំសុនក៏ចាប់សសរកណ្ដាលទាំងពីរដែលទ្រវិហារ ហើយសង្កត់ទម្ងន់របស់គាត់ទៅលើសសរទាំងពីរ ម្ខាងដៃស្តាំ ហើយម្ខាងទៀតដៃឆ្វេង។ 30ពេលនោះ សាំសុនស្រែកថា៖ «សូមឲ្យខ្ញុំស្លាប់ជាមួយពួកភីលីស្ទីនចុះ»។ គាត់ប្រឹងយោលខ្លួនពេញកម្លាំង ហើយវិហារនោះក៏រលំលើពួកមេ និងលើមនុស្សទាំងប៉ុន្មាន ដែលនៅក្នុងវិហារនោះ។ ដូច្នេះ ពួកអ្នកដែលគាត់ធ្វើឲ្យស្លាប់ក្នុងពេលដែលគាត់ស្លាប់នេះ មានចំនួនច្រើនជាងអស់អ្នកដែលគាត់បានសម្លាប់ កាលពីគាត់នៅមានជីវិតទៅទៀត។ 31បន្ទាប់មក បងប្អូន និងក្រុមគ្រួសាររបស់គាត់ទាំងអស់ នាំគ្នាចុះទៅយកសពគាត់ឡើង មកបញ្ចុះក្នុងផ្នូររបស់ម៉ាណូអាជាឪពុក នៅចន្លោះសូហារ និងអែសថោល។ គាត់បានធ្វើជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់រយៈពេលម្ភៃឆ្នាំ។
Currently Selected:
ពួកចៅហ្វាយ 16: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies