ពួកចៅហ្វាយ 17
17
លោកមីកា និងបុរសម្នាក់ក្នុងពួកលេវី
1នៅស្រុកភ្នំអេប្រាអិម មានបុរសម្នាក់ឈ្មោះ មីកា។ 2គាត់និយាយប្រាប់ម្តាយថា៖ «ប្រាក់សុទ្ធមួយពាន់មួយរយស្លឹង ដែលគេបានយកពីម៉ែទៅ ហើយម៉ែបានដាក់បណ្ដាសាពីរឿងនោះនៅត្រចៀកខ្ញុំ មើល៍ ប្រាក់នោះនៅនឹងខ្ញុំទេ គឺខ្ញុំបានយកប្រាក់នោះ»។ ដូច្នេះ ម្តាយនិយាយថា៖ «សូមព្រះយេហូវ៉ាប្រទានពរកូន!» 3គាត់ក៏ប្រគល់ប្រាក់សុទ្ធមួយពាន់មួយរយស្លឹងនោះដល់ម្តាយគាត់វិញ រួចម្តាយពោលថា៖ «ម្ដាយថ្វាយប្រាក់សុទ្ធនេះដល់ព្រះយេហូវ៉ាពីដៃរបស់ម្ដាយ សម្រាប់ឲ្យកូនយកទៅឆ្លាក់ធ្វើរូបមួយ និងសិតធ្វើរូបមួយ។ ដូច្នេះ ម្ដាយប្រគល់ប្រាក់នេះទៅកូនវិញ»។ 4ដូច្នេះ ពេលគាត់ប្រគល់ប្រាក់នោះទៅម្តាយវិញ ម្តាយក៏យកប្រាក់សុទ្ធពីររយស្លឹងទៅឲ្យជាងស្មិត ជាងក៏ឆ្លាក់ធ្វើរូបមួយ និងសិតធ្វើរូបមួយ ហើយរូបនោះដាក់នៅក្នុងផ្ទះរបស់មីកា។ 5ឯបុរសឈ្មោះមីកានេះ មានទីសក្ការៈមួយ ហើយគាត់បានធ្វើអេផូឌ និងថេរ៉ាភីម រួចតែងតាំងកូនប្រុសរបស់គាត់ម្នាក់ ធ្វើជាសង្ឃសម្រាប់គាត់។ 6នៅគ្រានោះ គ្មានស្តេចសោយរាជ្យនៅស្រុកអ៊ីស្រាអែលទេ ម៉្លោះហើយ គ្រប់គ្នាប្រព្រឹត្តតាមតែខ្លួនយល់ឃើញថាត្រឹមត្រូវ។
7គ្រានោះ នៅក្រុងបេថ្លេហិមស្រុកយូដា មានយុវជនម្នាក់ក្នុងពូជពង្សយូដា ដែលជាលេវី បានមកស្នាក់អាស្រ័យនៅទីនោះ។ 8បុរសនេះបានចាកចេញពីបេថ្លេហិមក្នុងស្រុកយូដា ដើម្បីទៅរកកន្លែងមួយដែលគាត់អាចស្នាក់នៅបាន។ ពេលធ្វើដំណើរទៅ គាត់ក៏បានមកដល់ផ្ទះមីកា នៅស្រុកភ្នំអេប្រាអិម។ 9មីកាសួរគាត់ថា៖ «តើអ្នកអញ្ជើញមកពីណា?» គាត់ឆ្លើយថា៖ «ខ្ញុំជាលេវី មកពីបេថ្លេហិមស្រុកយូដា ហើយខ្ញុំដើររកកន្លែងមួយដែលខ្ញុំអាចស្នាក់នៅបាន»។ 10ពេលនោះ មីកាឆ្លើយតបថា៖ «សូមស្នាក់នៅជាមួយខ្ញុំ ធ្វើជាឪពុក និងជាសង្ឃដល់ខ្ញុំទៅ ខ្ញុំនឹងជូនប្រាក់សុទ្ធដល់លោកដប់ស្លឹងក្នុងមួយឆ្នាំ ព្រមទាំងសម្លៀកបំពាក់មួយសម្រាប់ និងម្ហូបអាហារទៀតផង»។ ដូច្នេះ បុរសជាលេវីនោះក៏ចូលទៅ។ 11បុរសលេវីនោះព្រមរស់នៅជាមួយមីកា ហើយយុវជននោះក៏ត្រឡប់ដូចជាកូនរបស់គាត់។ 12មីកាបានតែងតាំងបុរសលេវីនោះជាសង្ឃសម្រាប់គាត់ ហើយគាត់ក៏រស់នៅក្នុងផ្ទះមីកានោះទៅ។ 13គ្រានោះ មីកាពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងថាព្រះយេហូវ៉ានឹងចម្រុងចម្រើនខ្ញុំ ព្រោះខ្ញុំមានលេវីម្នាក់ធ្វើជាសង្ឃសម្រាប់ខ្ញុំហើយ»។
Currently Selected:
ពួកចៅហ្វាយ 17: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies