YouVersion Logo
Search Icon

អេសាយ 63

63
ការ​សងសឹកនឹង​ពួក​អេដុម
1តើ​អ្នក​ណា​ហ្ន៎ ដែល​មក​ពី​ស្រុក​អេដុម
ស្លៀក‌ពាក់​ដោយ​សំពត់​ពណ៌​ពី​ក្រុង​បុសរ៉ា
គឺ​អ្នក​នោះ​ដែល​មាន​សម្លៀក‌បំពាក់​រុងរឿង
ហើយ​ក៏​ដើរ​មក​ដោយ​ឫទ្ធិ​យ៉ាង​ខ្លាំង
គឺ​យើង​នេះ​ដែល​និយាយ​ដោយ​សេចក្ដី​សុចរិត
ជា​អ្នក​ពូកែ​នឹង​សង្គ្រោះ។
2ហេតុ​អ្វី​បាន​ជា​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​មាន​ពណ៌​ក្រហម
ហើយ​ព្រះ‌ភូសា​ដូច​ជា​អ្នក
ដែល​ជាន់​ក្នុង​ធុង​ទំពាំង‌បាយ‌ជូរ​ដូច្នេះ?
3នេះ​គឺ​យើង​បាន​ជាន់​ក្នុង​ធុង​ទំពាំង‌បាយ‌ជូរ​តែ​ម្នាក់​ឯង
ឥត​មាន​អ្នក​ណា​ក្នុង​ពួក​ជន​ជាតិ​ទាំង‌ឡាយ
នៅ​ជា‌មួយ​យើង​ឡើយ
យើង​បាន​ជាន់​គេ​ដោយ​សេចក្ដី​កំហឹង
ហើយ​ឈ្លី​គេ​ដោយ​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង
ឈាម​គេ​បាន​ខ្ទាត​មក​លើ​សម្លៀក‌បំពាក់​របស់​យើង
សម្លៀក‌បំពាក់​យើង​បាន​ត្រូវ​ប្រឡាក់​ទាំង​អស់​ហើយ។
4ដ្បិត​នៅ​ក្នុង​ចិត្ត​យើង​បាន​នឹក​ពី​ថ្ងៃ​សង‌សឹក
ឯ​ឆ្នាំ​កំណត់​នៃ​ពួក​ប្រោស​លោះ​របស់​យើង
ក៏​បាន​មក​ដល់​ដែរ។
5យើង​រក​មើល តែ​គ្មាន​អ្នក​ណា​ជួយ​សោះ
យើង​បាន​អស្ចារ្យ​ពី​ការ​ដែល​គ្មាន​អ្នក​ណា​នឹង​ជួយ​ទប់‌ទល់
ដូច្នេះ ដើម​ដៃ​របស់​យើង​បាន​នាំ​សេចក្ដី​សង្គ្រោះ​មក
ហើយ​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង​បាន​ទប់‌ទល់យើង
6យើង​បាន​ជាន់​ឈ្លី​ជន​ជាតិ​ទាំង‌ឡាយ
ដោយ​កំហឹង​របស់​យើង
ក៏​ធ្វើ​ឲ្យ​គេ​ស្រវឹង ដោយ​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង
ហើយ​បាន​ចាក់​ឈាម​គេ​ចុះ​ដល់​ដី​ផង។
ការ​រំឭក​ពី​ព្រះ‌ហឫ‌ទ័យ​អាណិត​មេត្តា​របស់​ព្រះ‌អម្ចាស់
7ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា
ហើយ​ពី​សេចក្ដី​ដែល​គួរ​សរសើរ​របស់​ព្រះ‌អង្គ
តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា
បាន​ប្រោស​ដល់​យើង​រាល់​គ្នា
និង​សេចក្ដី​សប្បុរស​ដ៏​ធំ ដែល​ផ្តល់​ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល
ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​ប្រោស​ដល់​គេ
តាម​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
ហើយ​តាម​សេចក្ដី​សប្បុរស​ដ៏​ជា​បរិបូរ​របស់​ព្រះ‌អង្គ។
8ដ្បិត​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ថា
គេ​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ពិត
គឺ​ជា​កូន​ចៅ​ដែល​មិន​ព្រម​ប្រព្រឹត្ត​ខុស​ឆ្គង​ឡើយ
បាន​ជា​ព្រះ‌អង្គ​ធ្វើ​ជា​ព្រះ‌អង្គ​សង្គ្រោះ​ដល់​គេ។
9ក្នុង​គ្រប់​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ នោះ​ព្រះ‌អង្គ​ក៏​រង​ទុក្ខ​ដែរ
ហើយ​ទេវតា​ដែល​នៅ​ចំពោះ​ព្រះ‌អង្គ​បាន​សង្គ្រោះ​គេ
ព្រះ‌អង្គ​បាន​ប្រោស​លោះ​គេ ដោយ​សេចក្ដី​ស្រឡាញ់
និង​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​បាន​គាំទ្រ​គេ​រាល់​ថ្ងៃ​តាំង​ពី​ដើម​រៀង​មក។
10ប៉ុន្តែ គេ​បាន​បះ‌បោរ
ហើយ​បាន​បញ្ឈឺ​ព្រះ‌ហឫ‌ទ័យ
នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ‌អង្គ
ហេតុ​នោះ​បាន​ជា​ព្រះ‌អង្គ​ត្រឡប់​ជា​ខ្មាំង​សត្រូវ​នឹង​គេ​វិញ
ហើយ​អង្គ​ទ្រង់​ក៏​តប​ត​នឹង​គេ​ដែរ។
11ខណៈ​នោះ រាស្ត្រ​ព្រះ‌អង្គ​បាន​នឹក​ដល់​គ្រា​លោក​ម៉ូសេ​ថា
ព្រះ‌អង្គ​ដែល​នាំ​គេ​ឡើង​ពី​សមុទ្រ​ជា‌មួយ​គង្វាល
នៃ​ហ្វូង​ចៀម​ព្រះ‌អង្គ តើ​ព្រះ‌អង្គ​នៅ​ឯ​ណា?
ព្រះ‌អង្គ​ដែល​ដាក់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ
របស់​ព្រះ‌អង្គ​ឲ្យ​សណ្ឋិត​នៅ​នឹង​គេ តើ​នៅ​ឯ​ណា?
12គឺ​ព្រះ‌អង្គ​ដែល​ឲ្យ​ព្រះ‌ពាហុ​រុងរឿង​ឧត្តម
របស់​ព្រះ‌អង្គ​អម​ដៃ​ស្តាំ​ម៉ូសេ​ទៅ
ជា​ព្រះ​ដែល​ញែក​ទឹក​ចេញ​ពី​គ្នា​នៅ​មុខ​គេ
ដើម្បី​ធ្វើ​ឲ្យ​ព្រះ‌អង្គ​មាន​នាម​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ត​ទៅ​នោះ
13ជា​ព្រះ​ដែល​នាំ​គេ​ដើរ​កាត់​ទី​ជម្រៅ​មិន​ឲ្យ​ចំពប់​ដួល​ឡើយ
ដូច​ជា​នាំ​សេះ​ដើរ​កាត់​ទី​រហោ‌ស្ថាន។
14ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​គេ​ឈប់​សម្រាក
ដូច​ជា​ហ្វូង​គោ​ដែល​ចុះ​ទៅ​ក្នុង​ច្រក​ភ្នំ
គឺ​យ៉ាង​នោះ​ដែល​ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ
ដើម្បី​ធ្វើ​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​រុងរឿង​ឧត្តម។
អធិស្ឋានពីការសោកសៅ
15សូម​ព្រះ‌អង្គ​ពិចារ‌ណា​ពី​លើ​ស្ថាន​សួគ៌ ហើយ​ទត​មើល
ពី​ទី​លំនៅ​បរិសុទ្ធ និង​សិរី‌ល្អ​របស់​ព្រះ‌អង្គ
តើ​សេចក្ដី​ខ្មី‌ឃ្មាត និង​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​នៅឯណា?
សេចក្ដី​ស្រឡាញ់​ក្នុង​ព្រះ‌ហឫ‌ទ័យ
និង​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នោះ​បាន​លាក់​បាំង​ពី​ទូល‌បង្គំ​ហើយ។
16ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌វរ‌បិតា​របស់​យើង​ខ្ញុំ
ទោះ​បើ​លោក​អ័ប្រា‌ហាំ​មិន​បាន​ស្គាល់​យើង​ខ្ញុំ
ហើយ​ពួក​អ៊ីស្រា‌អែល​មិន​ព្រម​ទទួល​ស្គាល់​យើង​ខ្ញុំ​ក៏​ដោយ
ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​ខ្ញុំ​ពិត
ហើយ​តាំង​ពី​អស់​កល្ប​រៀង​មក
ព្រះ‌នាម​ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ប្រោស​លោះ​យើង​ខ្ញុំ។
17ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ
ធ្វើ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ចេញ​ពី​ផ្លូវ​របស់​ព្រះ‌អង្គ
ហើយ​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​រឹង​ទទឹង
ចំពោះ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌អង្គ​ដូច្នេះ?
សូម​ព្រះ‌អង្គ​វិល​មក​វិញ
ដោយ​យល់​ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
គឺ​ជា​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​មត៌ក​របស់​ព្រះ‌អង្គ។
18ប្រជា​រាស្ត្រ​បរិសុទ្ធ​របស់​ព្រះ‌អង្គ
បាន​ស្រុក​នោះ​មិន​យូរ​ប៉ុន្មាន​ទេ
ឯ​ពួក​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ
បាន​ជាន់​ឈ្លី​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ
19យើង​ខ្ញុំ​រាល់​គ្នា​បាន​ត្រឡប់​ដូច​ជា​ពួក​អ្នក
ដែល​ព្រះ‌អង្គ​មិន​បាន​គ្រប់‌គ្រង
គឺ​ដូច​ជា​ពួក​អ្នក​ដែល​មិន​បាន​ហៅ​តាម
ព្រះ‌នាម​របស់​ព្រះ‌អង្គ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in