YouVersion Logo
Search Icon

អេសាយ 62

62
ព្រះការពារ និង​សង្រ្គោះក្រុង​ស៊ីយ៉ូន
1ដោយ​យល់​ដល់​ក្រុង​ស៊ីយ៉ូន
នោះ​យើង​មិន​ព្រម​អត់​ធ្មត់​ទេ
ហើយ​ដោយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម
យើង​មិន​ព្រម​បង្អង់​ឡើយ
ទាល់​តែ​សេចក្ដី​សុចរិត​របស់​ក្រុង​នោះ​បាន​ភ្លឺ​ចេញ​មក
ដូច​ជា​រស្មី​ពន្លឺ
ហើយ​សេចក្ដី​សង្គ្រោះ​របស់​គេ​បាន​ភ្លឺ​ដូច​ជា​ពន្លឺ​ភ្លើង។
2នោះ​អស់​ទាំង​សាសន៍​នឹង​ឃើញ​សេចក្ដី​សុចរិត​របស់​អ្នក
ហើយ​សេចក្ដី​ទាំង‌ឡាយ​នឹង​ឃើញ​សិរី‌ល្អ​របស់​អ្នក​ដែរ
អ្នក​នឹង​មាន​ឈ្មោះ​ថ្មី
ជា​ឈ្មោះ​ដែល​ព្រះ‌ឧស្ឋ​នៃ​ព្រះ‌យេហូវ៉ា​សម្រេច​ឲ្យ។
3អ្នក​ជា​មកុដ​ដ៏​រុងរឿង​នៅ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា
ហើយ​ជា​ព្រះ‌មាលា‌រាជ្យ​នៅ​ព្រះ‌ហស្ត​ព្រះ​របស់​អ្នក។
4គេ​នឹង​លែង​ហៅ​អ្នក​ថា
«ទី​ក្រុងដែល​គេ​បោះបង់​ចោល » ឬ
«ស្រុក​ស្ងាត់​ជ្រងំ » ទៀត​ឡើយ។
គឺ​គេ​នឹង​ហៅ​អ្នក​ថា «យើង​ពេញ​ចិត្ត​នឹង​អ្នក​ជា​ខ្លាំង »
ហើយ​ស្រុក​របស់​អ្នក​នឹង​បាន​ដូច​ជា «ស្ត្រី​មាន​ប្តី »
ដ្បិត​ព្រះ​យេហូវ៉ា​គាប់​ព្រះហឫទ័យ​នឹង​អ្នក​ជា​ខ្លាំង
ហើយ​ស្រុក​របស់​អ្នក​នឹង​បាន​រៀប​ការ។
5ដ្បិត​ដែល​មនុស្ស​កំលោះ​យក​ស្រី​ក្រមុំ​ធ្វើ​ជា​ប្រពន្ធ​យ៉ាង​ណា
នោះ​ពួក​កូន​ប្រុសៗ​របស់​អ្នក​នឹង​មក​រួម​នឹង​អ្នក​យ៉ាង​នោះ​ដែរ
ហើយ​ដែល​ប្តី​ថ្មោង‌ថ្មី​មាន​ចិត្ត​រីក‌រាយ​ចំពោះ​ប្រពន្ធ​យ៉ាង​ណា
នោះ​ព្រះ​របស់​អ្នក​នឹង​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​អ្នក​យ៉ាង​នោះ​ដែរ។
6ឱ​ក្រុង​យេរូ‌សាឡិម​អើយ
យើង​បាន​ដាក់​ពួក​យាម​ល្បាត​នៅ​លើ​កំផែង​ឯង​ហើយ
គេ​នឹង​មិន​នៅ​មាត់​ស្ងៀម ទោះ​យប់ ឬ​ថ្ងៃ
អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​រំឭក​ព្រះ‌យេហូវ៉ា​អើយ
កុំ​នៅ​ស្ងៀម​ឡើយ
7ហើយ​កុំ​ឲ្យ​ព្រះ‌អង្គ​នៅ​ទំនេរ​ឲ្យ​សោះ
ដរាប​ដល់​ព្រះ‌អង្គ​បាន​តាំង​ក្រុង​យេរូ‌សាឡិម​ឡើង
ឲ្យ​ជា​ទី​សរសើរ​នៅ​លើ​ផែនដី។
8ព្រះ‌យេហូវ៉ា​បាន​ស្បថ​ដោយ​ព្រះ‌ហស្ត​ស្តាំ​ព្រះ‌អង្គ
ហើយ​ដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ​ថា
ពិត​ប្រាកដ​ជា​យើង​នឹង​មិន​ឲ្យ​ស្រូវ​របស់​អ្នក
ទៅ​ធ្វើ​ជា​អាហារ​ដល់​ពួក​ខ្មាំង​សត្រូវ​អ្នក​ទៀត
ហើយ​ពួក​សាសន៍​ដទៃ​នឹង​មិន​ផឹក​ទឹក​ទំពាំង‌បាយ‌ជូរ
ដែល​អ្នក​បាន​ខំ​ធ្វើ​ទៀត​ឡើយ។
9គឺ​ពួក​អ្នក​ដែល​បាន​ច្រូត​ផល​នោះ​នឹង​ស៊ី​វិញ
ហើយ​គេ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា
ឯ​ពួក​អ្នក​ដែល​បាន​ប្រមូល​ផ្លែ​នោះ
គេ​នឹង​ផឹក​នៅ​ក្នុង​ទី‌លាន​នៃ​ទី​បរិសុទ្ធ​របស់​យើង។
10ចូរ​ចូល​ទៅ ចូរ​ចូល​ទៅ​តាម​ទ្វារ​ចុះ
ចូរ​រៀប​ផ្លូវ​សម្រាប់​ប្រជាជន
ចូរ​លើក ចូរ​លើក​ថ្នល់​ឡើង
ចូរ​ប្រមូល​យក​ថ្ម​ចេញ ហើយ​បង្ហូត​ទង់‌ជ័យ​មួយ
សម្រាប់​ជន​ជាតិ​ទាំង‌ឡាយ។
11ព្រះ‌យេហូវ៉ា​បាន​ប្រកាស​ប្រាប់​រហូត​ដល់​ចុង​ផែនដី​បំផុត
ឲ្យ​ប្រាប់​ដល់​កូន​ស្រី​ស៊ីយ៉ូន​ថា
មើល៍ សេចក្ដី​សង្គ្រោះ​របស់​អ្នក​បាន​មក​ដល់​ហើយ
ព្រះ‌អង្គ​យក​រង្វាន់​មក​ជា‌មួយ
ហើយ​សំណង​របស់​ព្រះ‌អង្គ​ក៏​នាំ​មុខ​ទៅ។
12គេ​នឹង​ហៅ​ពួក​នោះ​ថា ជា​ជន​ជាតិ​បរិសុទ្ធ
គឺ​ជា​ពួក​ដែល​ព្រះ‌យេហូវ៉ា​ប្រោស​លោះ
នោះ​អ្នក​នឹង​បាន​ហៅ​ថា ទី​ក្រុង​ដែល​គេ​ស្វែង​រក
ជា​ទី​ក្រុង​ដែល​មិន​ត្រូវ​ចោល​ឡើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in