YouVersion Logo
Search Icon

អេ‌សេ‌គាល 31

31
ដើម​តា‌ត្រៅខ្ពស់​ត្រដែត
1នៅ​ឆ្នាំ​ទី​ដប់មួយ ខែ​ទី​បី ថ្ងៃ​ទី​មួយ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 2«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ផារ៉ោន ស្តេច​ស្រុក​អេស៊ីព្ទ និង​ពួក​កក‌កុញ​របស់​វា​ថា
ដែល​អ្នក​ធំ​ទាំង​ម៉្លេះ នោះ​តើ​ធៀប​ដូច​ជា​អ្វី?
3មើល៍! ពី​ដើម​ពួក​សាសន៍​អាស‌ស៊ើរ
គេ​ជា​ដើម​តា‌ត្រៅ​នៅ​ព្រៃ​ល្បាណូន
មាន​មែក​ល្អ ហើយ​ស៊ុប‌ទ្រុប បាំង​ម្លប់
ហើយ​ចុង​វា​ខ្ពស់​កប់​ពពក ។
4ទឹក​ទាំង‌ឡាយ​បាន​ចម្រើន​ដើម​នោះ
ហើយ​ទី​ជម្រៅ​បាន​ធ្វើ​ឲ្យ​លូត​ឡើង
ទន្លេ​ទាំង​ប៉ុន្មាន​ក៏​ហូរ​ព័ទ្ធ​ជុំ‌វិញ​កន្លែង​របស់​វា
ព្រម​ទាំង​បង្ហូរ​ផ្លូវ​ទឹក​ទៅ​ដល់
គ្រប់​ទាំង​ដើម​ឈើ​នៅ​ដី​នោះ​ផង។
5ហេតុ​នោះ​បាន​ជា​វា​លូត​ខ្ពស់​ជាង
អស់​ទាំង​ដើម​ឈើ​នៅ​ផែន‌ដី
មែក​វា​ចម្រើន​ជា​ច្រើន​ឡើង
ហើយ​ក៏​លូត​ចេញ​វែង
ដោយ​មាន​ទឹក​ជា​ច្រើន
ក្នុង​កាល​ដែល​បែក​មែក​ទាំង​នោះ។
6អស់​ទាំង​សត្វ​ហើរ​លើ​អាកាស
បាន​ធ្វើ​សម្បុក​នៅ​មែក​វា
ហើយ​គ្រប់​ទាំង​សត្វ​នៅ​ដី
បាន​បង្កើត​កូន​នៅ​ក្រោម​មែក​វា
ឯ​អស់​ទាំង​សាសន៍​ធំៗ
ក៏​អាស្រ័យ​នៅ​ក្រោម​ម្លប់​វា​ដែរ។
7យ៉ាង​នោះ​វា​បាន​ល្អ​មើល ដោយ​ព្រោះ​ធំ​ខ្ពស់
ហើយ​មាន​មែក​វែង ដ្បិត​ឫស​វា​នៅ​ក្បែរ​ទឹក​ជា​ច្រើន។
8អស់​ទាំង​ដើម​តា‌ត្រៅ​ដែល​នៅ​សួន‌ច្បារ​នៃ​ព្រះ
នឹង​បិទ​បាំង​វា​មិន​បាន
ដើម​កកោះ​ទាំង​ប៉ុន្មាន​មិន​ប៉ុន​មែក​វា
ហើយ​ដើម​សុក្រម​ក៏​មិន​ស្មើ​នឹង​មែក​វា​ដែរ
ឥត​មាន​ដើម​ឈើ​ណា​មួយ​ក្នុង​សួន‌ច្បារ​នៃ​ព្រះ
ដែល​មាន​លម្អ​ដូច​វា​ឡើយ។
9យើង​បាន​ធ្វើ​ឲ្យ​វា​ល្អ ដោយ​មាន​មែក​ជា​បរិបូរ
បាន​ជា​អស់​ទាំង​ដើម​ឈើ​នៅ​អេដែន
គឺ​នៅ​សួន‌ច្បារ​នៃ​ព្រះ​បាន​ច្រណែន​នឹង​វា។
10ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​វា បាន​ធំ​ឡើង​យ៉ាង​ខ្ពស់ ហើយ​ចុងរបស់​វា​លូត​ឡើង​ខ្ពស់​កប់​ពពក ហើយ​មាន​ចិត្ត​ប៉ោង​ឡើង​ខ្ពស់ 11នោះ​យើង​បាន​ប្រគល់​ទៅ ក្នុង​កណ្ដាប់​ដៃ​នៃ​អ្នក​ដ៏​ខ្លាំង​ពូកែ​របស់​អស់​ទាំង​សាសន៍ អ្នក​នោះ​នឹង​ប្រព្រឹត្ត​នឹង​វា តាម​អំពើ​អាក្រក់​របស់​វា យើង​បាន​បណ្តេញ​វា​ចេញ​ហើយ 12ពួក​សាសន៍​ដទៃ ជា​ពួក​គួរ​ស្ញែង‌ខ្លាច​នៃ​អស់​ទាំង​សាសន៍ បាន​កាត់​វា​ចេញ ហើយ​បោះ‌បង់​ចោល មែក​វា​បាន​ធ្លាក់​នៅ​លើ​ភ្នំ​ទាំង​ប៉ុន្មាន ហើយ​នៅ​អស់​ទាំង​ច្រក​ភ្នំ​ដែរ មែក​វា​ទាំង​ប៉ុន្មាន​ត្រូវ​បាក់​តាម​អស់​ទាំង​ផ្លូវ​ទឹក​នៅ​ស្រុក​នោះ ហើយ​អស់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ថយ​ចុះ​ពី​ម្លប់​វា ទាំង​ចោល​វា​ទុក​នៅ
13ឯ​សត្វ​ហើរ​លើ​អាកាស
នឹង​មក​អាស្រ័យ​នៅ​លើ​បំណែក
ហើយ​អស់​ទាំង​សត្វ​នៅ​ដី
នឹង​មក​អាស្រ័យ​នៅ​លើ​មែក​វា
14ប្រយោជន៍​មិន​ឲ្យ​ដើម​ឈើ​ទាំង​ប៉ុន្មាន
នៅ​ក្បែរ​ទឹក​បាន​លូត​ឡើង​ខ្ពស់
ឬ​ឲ្យ​មាន​ចុង​ខ្ពស់កប់​ពពក
ហើយ​មិន​ឲ្យ​ដើម​ណា​ដែល​បឺត​ទឹក
ដុះ​ឡើង​មាន​សណ្ឋាន​ខ្ពស់​ស្មើ​នឹង​វា។
ដ្បិត​វា​ត្រូវ​ប្រគល់​ដល់​សេចក្ដី​ស្លាប់​ទាំង​អស់
គឺ​ដល់​ទី​ទាប​បំផុត​ក្នុង​ផែន‌ដី
ឲ្យ​នៅ​កណ្ដាល​ពួក​មនុស្ស​ជាតិ
ជា‌មួយ​ពួក​មនុស្ស​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ។
15ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​ថ្ងៃ​ដែល​វា​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​យើង​បាន​ឲ្យ​គេ​យំ​សោក យើង​បាន​គ្រប​ទី​ជម្រៅ​ដោយ​ព្រោះ​វា ក៏​បាន​បង្ខាំង​ទន្លេ ហើយ​ទឹក​ធំ​បាន​ឈប់​ទ្រឹង យើង​បាន​ឲ្យ​ព្រៃ​ល្បាណូន​យំ​សោក​នឹង​វា ហើយ​អស់​ទាំង​ដើម​ឈើ​នៅ​ផែនដី បាន​រោយ‌រៀវ​ទៅ​ដោយ​ព្រោះ​វា 16យើង​បាន​ធ្វើ​ឲ្យ​អស់​ទាំង​សាសន៍​ញាប់‌ញ័រ ដោយ​ឮ​សូរ​វា​រលំ ក្នុង​កាល​ដែល​យើង​បាន​បោះ​វា ទៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា‌មួយ​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ អស់​ទាំង​ដើម​ឈើ​នៅ​អេដែន និង​ដើម​ជ្រើស‌រើស ហើយ​ល្អ​បំផុត​នៅ​ព្រៃ​ល្បាណូន គឺ​គ្រប់​ទាំង​ដើម​ឈើ​ដែល​បឺត​ទឹក នោះ​មាន​សេចក្ដី​ក្សាន្ត​ចិត្ត នៅ​ទី​ទាប​បំផុត​ក្នុង​ផែនដី 17ពួក​ទាំង​នោះ​ក៏​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ជា‌មួយ​វា ដល់​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ គឺ​ជា​ពួក​អ្នក ជា​ដៃ​របស់​វា ដែល​បាន​ជ្រក​ក្រោម​ម្លប់​របស់​វា នៅ​កណ្ដាល​អស់​ទាំង​សាសន៍។
18ដូច្នេះ តើ​អ្នក​ប្រៀប​ផ្ទឹម​នឹង​សិរី‌ល្អ ហើយ​សណ្ឋាន​ខ្ពស់​របស់​ដើម​ណា ក្នុង​អស់​ទាំង​ដើម​ឈើ​នៅ​អេដែន​នោះ? ទោះ​បើ​យ៉ាង​ណា​ក៏​ដោយ គង់​តែ​អ្នក​នឹង​ត្រូវ​ចុះ​ទៅ​ឯ​ទី​ទាប​បំផុត​ក្នុង​ផែន‌ដី ជា‌មួយ​ពួក​ដើម​ឈើ ដែល​នៅ​អេដែន​ទាំង​ប៉ុន្មាន​ដែរ អ្នក​នឹង​ដេក​នៅ​ក្នុង​ពួក​អ្នក​ដែល​មិន​កាត់​ស្បែក ជា‌មួយ​អស់​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ នេះ​អ្នក​គឺ​ជា​ផារ៉ោន និង​ពួក​កក‌កុញ​របស់​វា​ផង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in