អេសេគាល 31
31
ដើមតាត្រៅខ្ពស់ត្រដែត
1នៅឆ្នាំទីដប់មួយ ខែទីបី ថ្ងៃទីមួយ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 2«កូនមនុស្សអើយ ចូរប្រាប់ដល់ផារ៉ោន ស្តេចស្រុកអេស៊ីព្ទ និងពួកកកកុញរបស់វាថា
ដែលអ្នកធំទាំងម៉្លេះ នោះតើធៀបដូចជាអ្វី?
3មើល៍! ពីដើមពួកសាសន៍អាសស៊ើរ
គេជាដើមតាត្រៅនៅព្រៃល្បាណូន
មានមែកល្អ ហើយស៊ុបទ្រុប បាំងម្លប់
ហើយចុងវាខ្ពស់កប់ពពក ។
4ទឹកទាំងឡាយបានចម្រើនដើមនោះ
ហើយទីជម្រៅបានធ្វើឲ្យលូតឡើង
ទន្លេទាំងប៉ុន្មានក៏ហូរព័ទ្ធជុំវិញកន្លែងរបស់វា
ព្រមទាំងបង្ហូរផ្លូវទឹកទៅដល់
គ្រប់ទាំងដើមឈើនៅដីនោះផង។
5ហេតុនោះបានជាវាលូតខ្ពស់ជាង
អស់ទាំងដើមឈើនៅផែនដី
មែកវាចម្រើនជាច្រើនឡើង
ហើយក៏លូតចេញវែង
ដោយមានទឹកជាច្រើន
ក្នុងកាលដែលបែកមែកទាំងនោះ។
6អស់ទាំងសត្វហើរលើអាកាស
បានធ្វើសម្បុកនៅមែកវា
ហើយគ្រប់ទាំងសត្វនៅដី
បានបង្កើតកូននៅក្រោមមែកវា
ឯអស់ទាំងសាសន៍ធំៗ
ក៏អាស្រ័យនៅក្រោមម្លប់វាដែរ។
7យ៉ាងនោះវាបានល្អមើល ដោយព្រោះធំខ្ពស់
ហើយមានមែកវែង ដ្បិតឫសវានៅក្បែរទឹកជាច្រើន។
8អស់ទាំងដើមតាត្រៅដែលនៅសួនច្បារនៃព្រះ
នឹងបិទបាំងវាមិនបាន
ដើមកកោះទាំងប៉ុន្មានមិនប៉ុនមែកវា
ហើយដើមសុក្រមក៏មិនស្មើនឹងមែកវាដែរ
ឥតមានដើមឈើណាមួយក្នុងសួនច្បារនៃព្រះ
ដែលមានលម្អដូចវាឡើយ។
9យើងបានធ្វើឲ្យវាល្អ ដោយមានមែកជាបរិបូរ
បានជាអស់ទាំងដើមឈើនៅអេដែន
គឺនៅសួនច្បារនៃព្រះបានច្រណែននឹងវា។
10ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះវា បានធំឡើងយ៉ាងខ្ពស់ ហើយចុងរបស់វាលូតឡើងខ្ពស់កប់ពពក ហើយមានចិត្តប៉ោងឡើងខ្ពស់ 11នោះយើងបានប្រគល់ទៅ ក្នុងកណ្ដាប់ដៃនៃអ្នកដ៏ខ្លាំងពូកែរបស់អស់ទាំងសាសន៍ អ្នកនោះនឹងប្រព្រឹត្តនឹងវា តាមអំពើអាក្រក់របស់វា យើងបានបណ្តេញវាចេញហើយ 12ពួកសាសន៍ដទៃ ជាពួកគួរស្ញែងខ្លាចនៃអស់ទាំងសាសន៍ បានកាត់វាចេញ ហើយបោះបង់ចោល មែកវាបានធ្លាក់នៅលើភ្នំទាំងប៉ុន្មាន ហើយនៅអស់ទាំងច្រកភ្នំដែរ មែកវាទាំងប៉ុន្មានត្រូវបាក់តាមអស់ទាំងផ្លូវទឹកនៅស្រុកនោះ ហើយអស់ទាំងសាសន៍នៅផែនដីបានថយចុះពីម្លប់វា ទាំងចោលវាទុកនៅ
13ឯសត្វហើរលើអាកាស
នឹងមកអាស្រ័យនៅលើបំណែក
ហើយអស់ទាំងសត្វនៅដី
នឹងមកអាស្រ័យនៅលើមែកវា
14ប្រយោជន៍មិនឲ្យដើមឈើទាំងប៉ុន្មាន
នៅក្បែរទឹកបានលូតឡើងខ្ពស់
ឬឲ្យមានចុងខ្ពស់កប់ពពក
ហើយមិនឲ្យដើមណាដែលបឺតទឹក
ដុះឡើងមានសណ្ឋានខ្ពស់ស្មើនឹងវា។
ដ្បិតវាត្រូវប្រគល់ដល់សេចក្ដីស្លាប់ទាំងអស់
គឺដល់ទីទាបបំផុតក្នុងផែនដី
ឲ្យនៅកណ្ដាលពួកមនុស្សជាតិ
ជាមួយពួកមនុស្សដែលចុះទៅក្នុងជង្ហុកធំ។
15ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា នៅថ្ងៃដែលវាចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះយើងបានឲ្យគេយំសោក យើងបានគ្របទីជម្រៅដោយព្រោះវា ក៏បានបង្ខាំងទន្លេ ហើយទឹកធំបានឈប់ទ្រឹង យើងបានឲ្យព្រៃល្បាណូនយំសោកនឹងវា ហើយអស់ទាំងដើមឈើនៅផែនដី បានរោយរៀវទៅដោយព្រោះវា 16យើងបានធ្វើឲ្យអស់ទាំងសាសន៍ញាប់ញ័រ ដោយឮសូរវារលំ ក្នុងកាលដែលយើងបានបោះវា ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ អស់ទាំងដើមឈើនៅអេដែន និងដើមជ្រើសរើស ហើយល្អបំផុតនៅព្រៃល្បាណូន គឺគ្រប់ទាំងដើមឈើដែលបឺតទឹក នោះមានសេចក្ដីក្សាន្តចិត្ត នៅទីទាបបំផុតក្នុងផែនដី 17ពួកទាំងនោះក៏ចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ជាមួយវា ដល់ពួកអ្នកដែលត្រូវស្លាប់ដោយដាវ គឺជាពួកអ្នក ជាដៃរបស់វា ដែលបានជ្រកក្រោមម្លប់របស់វា នៅកណ្ដាលអស់ទាំងសាសន៍។
18ដូច្នេះ តើអ្នកប្រៀបផ្ទឹមនឹងសិរីល្អ ហើយសណ្ឋានខ្ពស់របស់ដើមណា ក្នុងអស់ទាំងដើមឈើនៅអេដែននោះ? ទោះបើយ៉ាងណាក៏ដោយ គង់តែអ្នកនឹងត្រូវចុះទៅឯទីទាបបំផុតក្នុងផែនដី ជាមួយពួកដើមឈើ ដែលនៅអេដែនទាំងប៉ុន្មានដែរ អ្នកនឹងដេកនៅក្នុងពួកអ្នកដែលមិនកាត់ស្បែក ជាមួយអស់អ្នកដែលត្រូវស្លាប់ដោយដាវ នេះអ្នកគឺជាផារ៉ោន និងពួកកកកុញរបស់វាផង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
Currently Selected:
អេសេគាល 31: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies