YouVersion Logo
Search Icon

អេ‌សេ‌គាល 28

28
ព្រះបន្ទូល​ប្រឆាំង​នឹង​ស្តេច​ក្រុង​ទីរ៉ុស
1ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា៖ 2«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ម្ចាស់​ដ៏​ធំ​នៃ​ក្រុង​ទីរ៉ុស​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ
ដោយ​ព្រោះ​អ្នក​កើត​មាន​ចិត្ត​ធំ
ហើយ​បាន​ពោល​ថា យើង​ជា​ព្រះ
យើង​អង្គុយ​លើ​បល្ល័ង្ក​របស់​ព្រះ​នៅ​កណ្ដាល​សមុទ្រ
ប៉ុន្តែ អ្នក​ជា​មនុស្ស​ទេ មិន​មែន​ជា​ព្រះ​ឡើយ
ទោះ​បើ​អ្នក​បាន​តាំង​ចិត្ត​ដូច​ជា​ព្រះ‌ហឫ‌ទ័យ​ព្រះ​ក៏​ដោយ។
3អ្នក​មាន​ប្រាជ្ញា​លើស​ជាង​ដានី‌យ៉ែល​ទៅ​ទៀត
គ្មាន​ការ​សម្ងាត់​ណា ដែល​លាក់​កំបាំង​នឹង​អ្នក​សោះ។
4អ្នក​បាន​ប្រមូល​ទ្រព្យ‌សម្បត្តិ
ហើយ​ប្រមូល​មាស​ប្រាក់​ដាក់​ក្នុង​ឃ្លាំង
ដោយ​ប្រាជ្ញា និង​យោបល់​របស់​អ្នក។
5អ្នក​បាន​ចម្រើន​ទ្រព្យ‌សម្បត្តិ​ដោយ‌សារ​ប្រាជ្ញា
ដ៏​ជ្រាល‌ជ្រៅ​របស់​អ្នក និង​ការ​ធ្វើ​ជំនួញ​ផង
ហើយ​ចិត្ត​អ្នក​បាន​ស្ទួយ​ឡើង
ដោយ​ព្រោះ​ទ្រព្យ‌សម្បត្តិ​របស់​អ្នក។
6ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា
ដោយ​ព្រោះ​អ្នក​បាន​តាំង​ចិត្ត
ឲ្យ​បាន​ដូច​ជា​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ
7យើង​នឹង​នាំ​សាសន៍​ដទៃ គឺ​ជា​ពួក​អ្នក​គួរ​ស្ញែង‌ខ្លាច
ពី​គ្រប់​សាសន៍​មក​លើ​អ្នក
គេ​នឹង​ហូត​ដាវ​ទៅ​ទាស់​នឹង​លម្អ​នៃ​ប្រាជ្ញា​របស់​អ្នក
ព្រម​ទាំង​បង្អាប់​រស្មី​របស់​អ្នក។
8គេ​នឹង​ទម្លាក់​អ្នក​ទៅ​ក្នុង​ជង្ហុក​ធំ
ហើយ​អ្នក​នឹង​ត្រូវ​ស្លាប់​ដូច​ជា​ពួក​អ្នក
ដែល​ត្រូវ​គេ​ចាក់​សម្លាប់នៅ​កណ្ដាល​សមុទ្រ។
9នៅ​គ្រា​នោះ តើ​អ្នក​នៅ​តែ​ពោល
នៅ​មុខ​អ្នក​ដែល​សម្លាប់​អ្នក​ថា
យើង​ជា​ព្រះ​ទៀត​ឬ?
ប៉ុន្តែ នៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​ដែល​សម្លាប់​អ្នក
នោះ​អ្នក​ជា​មនុស្ស មិន​មែន​ជា​ព្រះ​ឡើយ។
10អ្នក​នឹង​ត្រូវ​ស្លាប់ ដូច​ជា​ពួក​អ្នក​មិន​កាត់​ស្បែក​ដែរ
គឺ​ដោយ​ដៃ​នៃ​ពួក​សាសន៍​ដទៃ
ដ្បិត​យើង​បាន​ចេញ​វាចា​ហើយ
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។
ទំនួញ​អំពី​ស្ដេចក្រុង​ទីរ៉ុស
11ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ទៀត​ថា៖ 12«កូន​មនុស្ស​អើយ ចូរ​ផ្តើម​ពាក្យ​ទំនួញ​ពី​ដំណើរ​ស្តេច​ក្រុង​ទីរ៉ុស ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ
អ្នក​ជា​មនុស្ស​មាន​លក្ខណៈ​ពេញ​ខ្នាត
មាន​ប្រាជ្ញា​‌ពេញ​លេញ
ហើយ​មាន​សម្ផស្ស​គ្រប់​លក្ខណ៍។
13ពី​ដើម អ្នក​បាន​នៅ​ក្នុង​ច្បារ​អេដែន​ជា​សួន​របស់​ព្រះ
អ្នក​បាន​ប្រដាប់​កាយ​ដោយ​ត្បូង​ដ៏​មាន​តម្លៃ​គ្រប់​មុខ
គឺ​សាមស៊ី ទោបុ័ត ពេជ្រ បេរីល អូនីក្ស
មណី‌ជោតិ កណ្តៀង មរកត បារកេត និង​មាស
ឯ​ក្រាប់ និង​ខ្លុយ​របស់​អ្នក
បាន​ត្រៀម​ទុក​សម្រាប់​អ្នក​តាំង​ពី​ថ្ងៃ​ដែល​អ្នក​កើត​មក។
14អ្នក​ជា​ចេរូ‌ប៊ីន​ដែល​បាន​ចាក់​ប្រេង​តាំង​ឡើង
ជា​អ្នក​គ្រប​បាំង គឺ​យើង​បាន​តាំង​អ្នក​ឡើង
ឲ្យ​អ្នក​បាន​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​ព្រះ
អ្នក​ក៏​បាន​ដើរ​ទៅ​មក​នៅ​កណ្ដាល​ថ្ម​ភ្លឺ​ចាំង។
15ចាប់​តាំង​ពី​ថ្ងៃ​ដែល​អ្នក​កើត​មក
នោះ​អ្នក​បាន​គ្រប់​លក្ខណ៍​ក្នុង​គ្រប់​ផ្លូវ​របស់​អ្នក
រហូត​ដល់​ពេល​ដែល​ឃើញ​មាន
សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​អ្នក។
16ដ្បិត​ដោយ‌សារ​ការ​ជួញ​ប្រែ​ដ៏​បរិបូរ​របស់​អ្នក
នោះ​គេ​បាន​បំពេញ​អ្នក​ដោយ​សេចក្ដី​ច្រឡោត
ហើយ​អ្នក​បាន​ធ្វើ​បាប ហេតុ​នោះ
យើង​បាន​បោះ​ចោល​អ្នក​ចេញ​ពី​ភ្នំ​នៃ​ព្រះ
ទុក​ដូច​ជា​របស់​អាប់‌ឱន​ទៅ​វិញ
ឱ​ចេរូ‌ប៊ីន​ដែល​គ្រប​បាំង​អើយ
យើង​បាន​បំផ្លាញ​អ្នក​ចេញ​ពី​កណ្ដាល​ថ្ម​ភ្លឺ​ចាំង​នោះ
17ចិត្ត​អ្នក​បាន​ស្ទួយ​ឡើង
ដោយ​ព្រោះ​សេចក្ដី​លម្អ​របស់​អ្នក
អ្នក​បាន​បង្ខូច​ប្រាជ្ញា​អ្នក
ដោយ​ពន្លឺ​រស្មី​របស់​អ្នក
យើង​បាន​បោះ​អ្នក​ចុះ​ដល់​ដី
ព្រម​ទាំង​ដាក់​នៅ​មុខ​ពួក​ស្តេច
ឲ្យ​គេ​បាន​ពិចារ‌ណា​អ្នក។
18អ្នក​បាន​បង្អាប់​អស់​ទាំង​ទី​បរិសុទ្ធ​របស់​អ្នក
ដោយ​អំពើ​ទុច្ចរិត​ដ៏​បរិបូរ​របស់​អ្នក
ហើយ​ដោយ​សេចក្ដី​ទុច្ចរិត​នៃ​ការ​ជួញ​ប្រែ​របស់​អ្នក
ហេតុ​នោះ យើង​បាន​ធ្វើ​ឲ្យ​មាន​ភ្លើង
ចេញ​ពី​កណ្ដាល​អ្នក​មក
ភ្លើង​នោះ​បាន​ឆេះ​បំផ្លាញ​អ្នក
យើង​បាន​ឲ្យ​អ្នក​ទៅ​ជា​ផេះ​នៅ​លើ​ផែន‌ដី
នៅ​ចំពោះ​ភ្នែក​នៃ​អស់​អ្នក​ដែល​ឃើញ​អ្នក។
19អស់​អ្នក​នៅ​គ្រប់​ទាំង​សាសន៍​ដែល​ស្គាល់​អ្នក
គេ​នឹង​ស្រឡាំង‌កាំង​ដោយ​ព្រោះ​អ្នក
អ្នក​បាន​ត្រឡប់​ជា​ទី​ស្ញែង‌ខ្លាច
ហើយ​លែង​មានជា​រៀង​រហូត​ទៅ»។
ព្រះបន្ទូល​ប្រឆាំង​នឹង​ក្រុង​ស៊ីដូន
20ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 21«កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​អ្នក​ត្រង់​ទៅ​ឯ​ស៊ីដូន ហើយ​ថ្លែងទំនាយ​ទាស់​នឹង​ទី​ក្រុង​នោះ​ថា 22ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ
ម្នាល ស៊ីដូន​អើយ យើង​ទាស់​នឹង​អ្នក
ហើយ​យើង​នឹង​បាន​តម្កើង​ឡើង​នៅ​កណ្ដាល​អ្នក
នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត
ក្នុង​កាល​ដែល​យើង​បាន​សម្រេច
សេចក្ដី​យុត្តិ‌ធម៌​ដល់​វា
ហើយ​បាន​ញែក​ជា​បរិសុទ្ធនៅ​ក្នុង​វា​ដែរ
23ពី​ព្រោះ​យើង​នឹង​ចាត់​អាសន្ន‌រោគ​ទៅ​ក្នុង​វា
និង​ឈាម​ទៅគ្រប់​ផ្លូវ​របស់​វា
ពួក​អ្នក​ដែល​ត្រូវ​របួស​នឹង​ដួល​នៅ​កណ្ដាល​វា
ដោយ​មាន​ដាវ​គ្រប​សង្កត់​នៅ​គ្រប់​ទិស
នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។
24ដូច្នេះ លែង​មាន​បន្លា​ចាក់​ចុច​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល ឬ​បន្លា​ធ្វើ​ទុក្ខ​នៅ​ក្នុង​សាសន៍​ណា​នៅ​ព័ទ្ធ​ជុំ‌វិញ ដែល​ប្រព្រឹត្ត​នឹង​គេ​ដោយ​មើល‌ងាយ​ទៀត​ឡើយ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​ពិត»។
ព្រះពរ​សម្រាប់​អ៊ីស្រា‌អែល​នៅ​ពេល​អនាគត
25ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «កាល​ណា​យើង​បាន​ប្រមូល​ពួក​វង្ស​អ៊ីស្រា‌អែល មក​ពី​គ្រប់​សាសន៍ ដែល​គេ​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​នោះ ហើយ​យើង​បាន​ញែក​ជា​បរិសុទ្ធ​នៅ​ក្នុង​ពួក​គេ ចំពោះ​ភ្នែក​នៃ​សាសន៍​ដទៃ នោះ​គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន ដែល​យើង​បាន​ឲ្យ​ដល់​យ៉ាកុប ជា​អ្នក​បម្រើ​យើង។ 26គេ​ក៏​នៅ​ក្នុង​ស្រុក​នោះ​ដោយ​សុខ‌សាន្ត គេ​នឹង​សង់​ផ្ទះ ព្រម​ទាំង​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ និង​អាស្រ័យ​នៅ​ដោយ​សុខ‌សាន្ត​ផង ក្នុង​កាល​ដែល​យើង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ពួក​អ្នក​នៅ​ជុំ‌វិញ​ដែល​បាន​ប្រព្រឹត្ត​នឹង​គេ​ដោយ​សេចក្ដី​មើល‌ងាយ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ​ពិត»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in