YouVersion Logo
Search Icon

អេ‌សេ‌គាល 27

27
ទំនួញ​ស្តី​អំពី​ក្រុង​ទីរ៉ុស
1ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 2«ឯ​អ្នក កូន​មនុស្ស​អើយ ចូរ​ទួញ​ទំនួញ​ពី​ទី​ក្រុង​ទីរ៉ុស 3ត្រូវ​ប្រាប់​ដល់​ក្រុង​ទីរ៉ុស​ថា អស់​អ្នក​ដែល​នៅ​ត្រង់​ទ្វារ​សមុទ្រ ជា​អ្នក​ជំនួញ​សម្រាប់​ជន​ជាតិ​នៅ​កោះ​ជា​ច្រើន​អើយ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
ទីរ៉ុស​អើយ អ្នក​បាន​ពោល​ថា
យើង​មាន​លម្អ​គ្រប់​លក្ខណ៍​ហើយ។
4ព្រំ‌ដែន​របស់​អ្នក​នៅ​កណ្ដាល​សមុទ្រ
ពួក​អ្នក​ដែល​បាន​សង់​អ្នក
គេ​បាន​ធ្វើ​ឲ្យ​អ្នក​មាន​លម្អ​ពេញ​ខ្នាត​ហើយ។
5ក្តារ​របស់​អ្នក​សុទ្ធ​តែ​ជា​ឈើ​កកោះ​ពី​ស្រុក​សេនារ
គេ​បាន​យក​ដើម​តា‌ត្រៅ​ពី​ព្រៃ​ល្បាណូន
មក​ធ្វើ​ជា​ដង​ក្តោង​សម្រាប់​អ្នក។
6គ្រប់​ដង​ចែវ​របស់​អ្នក​ធ្វើ​ពី​ឈើ​ម៉ៃសាក់​ពី​ស្រុក​បាសាន
គេ​បាន​ធ្វើ​ជើងម៉ា​ពី​ឈើ​គ្រញូង
ពី​កោះ​គីទីម ដាំ​ដោយ​ភ្លុក។
7ស្លាប​ក្តោង​អ្នក​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត
ចម្រុះ​ដោយ​ប៉ាក់​មក​ពី​ស្រុក​អេស៊ីព្ទ
ដើម្បី​ទុក​ជា​ទង់‌ជ័យ​ដល់​អ្នក
ហើយ​មាន​សំពត់​ពណ៌​ខៀវ
និង​ពណ៌​ស្វាយ​ពី​កោះ​អេលីសា ធ្វើ​ជា​ពិតាន។
8ពួក​អ្នក​នៅ​ក្រុង​ស៊ីដូន និង​អើវ៉ាឌ
ជា​អ្នក​ចែវ​របស់​អ្នក ឱ​ទីរ៉ុស​អើយ
ពួក​អ្នក​ប្រាជ្ញ​នៅ​ក្នុង​អ្នក គេ​ជា​មេ​តម្រង់​សំពៅ។
9ពួក​អ្នក​ចាស់ៗ
និង​ពួក​អ្នក​ប្រាជ្ញា​ពី​ក្រុង​កេបាល​ក៏​នៅ​ក្នុង​អ្នក
ទុក​ជា​អ្នក​ពរជ័រ ឯ​អស់​ទាំង​នាវា​នៅ​សមុទ្រ
និង​ពួក​ជើង​ឈ្នួល ក៏​នៅ​ក្នុង​អ្នក
ដើម្បី​លក់​ដូរ​ទំនិញ​របស់​អ្នក។
10មាន​សាសន៍​ពើស៊ី សាសន៍​លូឌ
និង​សាសន៍​ពូត​នៅ​ក្នុង​កង‌ទ័ព​របស់​អ្នក
គឺ​ជា​ពួក​ថ្នឹក​ចម្បាំង​របស់​អ្នក គេ​បាន​ពាក់​ព្យួរ​ខែល
និង​មួក​សឹក​នៅ​ក្នុង​អ្នក
ក៏​នាំ​ឲ្យ​សេចក្ដី​លម្អ​របស់​អ្នក​បាន​កាន់​តែ​រុងរឿង។
11ពួក​ក្រុង​អើវ៉ាឌ និង​ពួកហេឡិច
ជា​អ្នក​ការពារ​នៅ​លើ​កំផែង​ជុំ‌វិញ
ហើយ​មាន​មនុស្ស​ក្លៀវក្លា​នៅ​ក្នុង​ប៉ម​ទាំង​ប៉ុន្មាន​របស់​អ្នក
គេ​បាន​ពាក់​ព្យួរ​អស់​ទាំង​ខែល​របស់​គេ​នៅ​ជញ្ជាំង​ជុំ‌វិញ
ពួក​នោះ​បាន​ធ្វើ​ឲ្យ​សេចក្ដី​លម្អ​របស់​អ្នក​បាន​ពេញ​ខ្នាត។
12ពួក​ស្រុក​តើស៊ីស​ជា​អ្នក​ជំនួញ​ជា​មួយ​អ្នក ដោយ​ព្រោះ​អ្នក​មាន​ទ្រព្យ‌សម្បត្តិ​គ្រប់​មុខ​ជា​បរិបូរ គេ​ដូរ​ប្រាក់​ដែក ស៊ីវិឡាត និង​សំណ​ឲ្យ​បាន​ទំនិញ​ពី​អ្នក។ 13ពួក​យ៉ាវ៉ាន ពួក​ទូបាល និង​ពួក​មែសេក​ជា​អ្នក​ជំនួញ​ជាមួយ​អ្នក គេ​ដូរ​ខ្លួន​មនុស្ស ព្រម​ទាំង​គ្រឿង​ប្រដាប់​លង្ហិន​ឲ្យ​បាន​ទំនិញ​របស់​អ្នក។ 14ឯ​ពួក​វង្ស​តូកាម៉ា គេ​ដូរ​សេះ​ជិះ សេះ​ចម្បាំង និង​លា‌កាត់​ឲ្យ​បាន​ទំនិញ​របស់​អ្នក។ 15ពួក​ស្រុក​ដេដាន់​ដែល​ធ្វើ​ជំនួញ​ជា‌មួយ​អ្នក ដៃ​អ្នក​បាន​លក់​ដូរ​នៅ​កោះ​ជា​ច្រើន ហើយ​គេ​បាន​ដឹក​ភ្លុក និង​ឈើ​គ្រញូង​មក​ឲ្យ​អ្នក​វិញ។ 16ស្រុក​ស៊ីរី ដែល​រក​ស៊ី​ជា‌មួយ​អ្នក​ដែរ ដោយ​ព្រោះ​ស្នាដៃ​ដ៏​បរិបូរ​របស់​អ្នក គេ​បាន​ដូរ​កែវ​មរកត សំពត់​ពណ៌​ស្វាយ សំពត់​ប៉ាក់ សំពត់​ទេស​ឯក​យ៉ាង​ម៉ដ្ត ផ្កាថ្ម និង​ត្បូង​ទទឹម​ឲ្យ​បាន​ទំនិញ​របស់​អ្នក។ 17ស្រុក​យូដា និង​អ៊ីស្រា‌អែល គេ​ជា​អ្នក​ជំនួញ​ជា​មួយ​អ្នក គេ​យក​ស្រូវ​សាលី​ពី​ស្រុក​មីនីត បង្អែម ទឹក​ឃ្មុំ និង​ប្រេង ហើយ​ប្រទាល​មុខ​សះ​មក​ដូរ​នឹង​ទំនិញ​របស់​អ្នក។ 18ពួក​ដាម៉ាស​ក៏​ជួញ​ប្រែ​ជា​មួយ​អ្នក​ឲ្យ​បាន​ស្នាដៃ​ដ៏​បរិបូរ​របស់​អ្នក ដោយ​ព្រោះ​អ្នក​មាន​ទ្រព្យ‌សម្បត្តិ​គ្រប់​មុខ​យ៉ាង​សន្ធឹក គេ​ដូរ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​ស្រុក​ហេលបូន និង​រោម​ចៀម​ស។ 19ពួក​វេដាន់ និង​យ៉ាវ៉ាន គេ​បាន​ដូរ​អំបោះ​ឲ្យ​បាន​ទំនិញ​អ្នក មាន​ទាំង​ដែក​ថែប កំញាន និង​ឫស​កន្ធាយ នៅ​ក្នុង​ទំនិញ​របស់​អ្នក។ 20ស្រុក​ដេដាន់​ធ្វើ​ជំនួញជា​មួយ​អ្នក ដោយ​សំពត់​មាន​តម្លៃ​សម្រាប់​ជិះ​សេះ។ 21ស្រុក​អារ៉ាប់ ហើយ​ពួក​ចៅ‌ហ្វាយ​នៅ​ស្រុក​កេដារ​ទាំង​ប៉ុន្មាន ជា​អ្នក​ជំនួញ​ជា​មួយ​អ្នក គេ​លក់​កូន​ចៀម ចៀម​ឈ្មោល និង​ពពែ​ដល់​អ្នក។ 22ពួក​ឈ្នួញ​ពី​ស្រុក​សេបា ហើយ​ពី​ស្រុក​រ៉ាម៉ា ជា​អ្នក​ជួញ​ប្រែ​ជា​មួយ​អ្នក គេ​បាន​យក​គ្រឿង​ម្ហូប​យ៉ាង​វិសេស ថ្ម​មាន​តម្លៃ​គ្រប់​មុខ និង​មាស​ដូរ​នឹង​ទំនិញ​របស់​អ្នក។ 23ស្រុក​ខារ៉ាន ស្រុក​កាននេ និង​ស្រុក​អេដែន ព្រម​ទាំង​ពួក​ឈ្នួញ​នៃ​ស្រុក​សេបា អាស‌ស៊ើរ និង​គីលម៉ាឌ ជា​អ្នក​ធ្វើ​ជំនួញ​ជា​មួយ​អ្នក។ 24ពួក​ទាំង​នេះ​បាន​យក​ទំនិញ​យ៉ាង​ល្អ វេច​ដោយ​សំពត់​ពណ៌​ខៀវ ហើយ​ប៉ាក់ និង​សម្លៀក‌បំពាក់​មាន​តម្លៃ​ដាក់​ចុះ​ក្នុង​ហិប​ធ្វើ​ពី​ឈើ​តា‌ត្រៅ ហើយ​ចង​ដោយ​ខ្សែ មក​លក់​ដូរ​ជា​មួយ​អ្នក។ 25អស់​ទាំង​នាវា​ស្រុក​តើស៊ីស​ជា​ពួក​ដឹក​ទំនិញ​អ្នក អ្នក​បាន​ចម្រើន​ជា​ពោរ‌ពេញ​ឡើង ហើយ​បាន​ថ្កុំ‌ថ្កើង​យ៉ាង​ក្រៃ‌លែង​នៅ​កណ្ដាល​សមុទ្រ​នោះ។
26ពួក​អ្នក​ចែវ​របស់​អ្នក គេ​បាន​នាំ​អ្នក​ទៅ​ក្នុង​ទឹក​ធំ ខ្យល់​ពី​ទិស​ខាង​កើត​បាន​ធ្វើ​ឲ្យ​អ្នក​បែក​ធ្លាយ នៅ​កណ្ដាល​សមុទ្រ។ 27អស់​ទាំង​ទ្រព្យ‌សម្បត្តិ និង​របស់​លក់​ដូរ ហើយ​ទំនិញ​របស់​អ្នក ព្រម​ទាំង​ពួក​ជើង​ឈ្នួល ពួក​នាយ​សំពៅ ពួក​បិទ​ពរ និង​ពួក​អ្នក​លក់​ដូរ​ទំនិញ​របស់​អ្នក ហើយ​ពួក​ទាហាន​ដែល​នៅ​ក្នុង​អ្នក និង​បណ្ដា‌ជន​ទាំង​ប៉ុន្មាន​ដែល​នៅ​កណ្ដាល​អ្នក គេ​នឹង​ត្រូវ​លិច​លង់​នៅ​ផ្ទៃ​សមុទ្រ ក្នុង​ថ្ងៃ​ដែល​អ្នក​ត្រូវ​អន្តរាយ​នោះ។ 28កាល​ណា​សូរ​សម្រែក​នៃ​ពួក​នាយ​របស់​អ្នក​បាន​ឮ​ឡើង នោះ​តំបន់​នៅ​ជុំ‌វិញ​នឹង​ញ័រ​រន្ធត់​ដែរ។ 29ពួក​អ្នក​ចែវ​ទាំង​ប៉ុន្មាន ពួក​ជើង​ឈ្នួល និង​ពួក​នាយ​សំពៅ​តាម​ផ្លូវ​សមុទ្រ គេ​នឹង​ឡើង​ពី​នាវា​របស់​គេ​មក​ឈរ​នៅ​លើ​ច្រាំង។ 30គេ​នឹង​បន្លឺ​សំឡេង​ឡើង​ឲ្យ​ឮ​គ្រប​លើ​អ្នក គេ​នឹង​យំ​ខ្សឹក‌ខ្សួល ព្រម​ទាំង​បាច​ធូលី​ដី​ទៅ​លើ​ក្បាល ហើយ​ដេក​ននៀល​នៅ​ក្នុង​ផេះ។ 31គេ​នឹង​កោរ​សក់​ដោយ​ព្រោះ​អ្នក ព្រម​ទាំង​ស្លៀក‌ពាក់​ធ្មៃ ហើយ​យំ​ស្តាយ​អ្នក ដោយ​ចិត្ត​ជូរ​ចត់ ហើយ​ដោយ​ទំនួញ​យ៉ាង​ខ្សឹក‌ខ្សួល 32កាល​គេ​កំពុង​តែ​ទ្រហោ‌យំ នោះ​គេ​នឹង​ចាប់​ផ្តើម​ទួញ​ទំនួញ​ដោយ​ព្រោះ​អ្នក គេ​នឹង​ទួញ​ថា តើ​មាន​អ្នក​ណា​ដូច​ជា​ទីរ៉ុស ដែល​ត្រូវ​បំផ្លាញ​នៅ​កណ្ដាល​សមុទ្រ​ដូច្នេះ? 33កាល​ណា​ទំនិញ​របស់​អ្នក​ចេញ​ទៅ​តាម​ផ្លូវ​សមុទ្រ នោះ​អ្នក​បាន​ចម្អែត​ដល់​សាសន៍​ជា​ច្រើន អ្នក​បាន​ធ្វើ​ឲ្យ​ពួក​ស្តេច​នៅ​ផែន‌ដី​មាន​ជា​ច្រើន​ឡើង ដោយ‌សារ​ទ្រព្យ‌សម្បត្តិ និង​ទំនិញ​ដ៏​បរិបូរ​របស់​អ្នក។ 34នៅ​គ្រា​ដែល​អ្នក​ត្រូវ​អន្តរាយ​នៅ​ក្នុង​សមុទ្រ នោះ​ទំនិញ និង​ពួក​អ្នក​ទាំង​ប៉ុន្មាន​បាន​ធ្លាក់​ទៅ​បាទ​សមុទ្រជា​មួយ​អ្នក​ដែរ។ 35ពួក​អ្នក​នៅ​កោះ​ទាំង​ប៉ុន្មាន​មាន​សេចក្ដី​អស្ចារ្យ​ពី​ដំណើរ​អ្នក ហើយ​ពួក​ស្តេច​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​មាន​មុខ​ស្រងូត។ 36ពួក​អ្នក​ជំនួញ​នៅ​អស់​ទាំង​សាសន៍ គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ​អ្នក អ្នក​បាន​ត្រឡប់​ជា​ទី​ស្ញែង‌ខ្លាច ហើយ​លែង​មាន​ជា​រៀង​រហូត​ត​ទៅ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in