YouVersion Logo
Search Icon

និក្ខមនំ 25

25
តង្វាយ​សម្រាប់​រោង​ឧបោ‌សថ
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​គេ​យក​តង្វាយ​មក​ថ្វាយ​យើង ត្រូវ​ទទួល​តង្វាយ​ដែល​ថ្វាយ​ដល់​យើង​នោះ ពី​អស់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ 3នេះ​ជា​តង្វាយ​ដែល​អ្នក​ត្រូវ​ទទួល​ពី​គេ គឺ​មាស ប្រាក់ លង្ហិន 4ហើយ​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ព្រម​ទាំង​រោម​ពពែ 5ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ឈើ​នាង‌នួន 6ប្រេង​សម្រាប់​ដុត​បំភ្លឺ គ្រឿង​ក្រអូប​សម្រាប់​ប្រេង​លាប​តាំង និង​គ្រឿង​ក្រអូប​សម្រាប់​ដុត 7ត្បូង​អូនីក្ស ហើយ​ត្បូង​គ្រប់​យ៉ាង​សម្រាប់​ដាំ​នៅ​អេផូឌ និង​សម្រាប់​ប្រដាប់​បាំង​ដើម​ទ្រូង។ 8រួច​ឲ្យ​គេ​សង់​ទី​បរិសុទ្ធ​មួយ​ឲ្យ​យើង ដើម្បី​ឲ្យ​យើង​បាន​ស្នាក់​នៅ​កណ្ដាល​ពួក‌គេ។ 9អ្នក​ត្រូវ​ធ្វើ​រោង​ឧបោ‌សថ និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន តាម​គំរូ​ដែល​យើង​បង្ហាញ»។
ហិប​នៃ​សេចក្តី​សញ្ញា
10គេ​ត្រូវ​ធ្វើ​ហិប​មួយ​ពី​ឈើ​នាង‌នួន បណ្តោយ​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កម្ពស់​មួយ​ហត្ថ​កន្លះ។ 11ត្រូវ​ស្រោប​ដោយ​មាស​សុទ្ធ គឺ​អ្នក​ត្រូវ​ស្រោប ទាំង​ខាង​ក្នុង​ទាំងខាង​ក្រៅ ហើយ​ត្រូវ​ធ្វើ​គែម​មាស​ព័ទ្ធ​ជុំ​វិញ​លើ​ហិប​នោះ។ 12ត្រូវ​សិត​ធ្វើ​កង​មាស​បួន​សម្រាប់​ហិប ដាក់​ភ្ជាប់​នៅ​គ្រប់​ទាំង​បួន​ជ្រុង គឺ​ម្ខាង​ពីរ​ៗ។ 13ត្រូវ​យក​ឈើ​នាង‌នួន​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង។ 14ត្រូវ​ស៊ក​ឈើ​ស្នែង​ទៅ​ក្នុង​កង​នៅ​ជ្រុង​ហិប​នោះ ដើម្បី​សែង​ហិប។ 15ឈើ​ស្នែង​នោះ​ត្រូវ​នៅ​ជាប់​នឹង​កង​ហិប មិន​ត្រូវ​ដក​ចេញ​ឡើយ។ 16ត្រូវ​ដាក់បន្ទះ​ថ្មនៃ​សេចក្ដី​សញ្ញា ដែល​យើង​នឹង​ឲ្យ​ដល់​អ្នក​ទៅ​ក្នុង​ហិប​នោះ។
17ត្រូវ​ធ្វើ​ទី​សន្តោស​ប្រោស ពី​មាស​សុទ្ធ បណ្តោយ​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ។ 18ត្រូវ​យក​មាស​ឆ្លាក់​ធ្វើ​ជា​រូប​ចេរូ‌ប៊ីម​ពីរ នៅ​ចុង​សង​ខាង​នៃ​ទី​សន្តោស​ប្រោស​នោះ។ 19គឺ​ធ្វើ​រូប​ចេរូ‌ប៊ីម​មួយ​នៅ​ចុង​ម្ខាង ហើយ​ចេរូ‌ប៊ីម​មួយ​នៅ​ចុង​ម្ខាង​ទៀត ត្រូវ​ធ្វើ​ចេរូ‌ប៊ីម​ទាំង​ពីរ​ឲ្យ​នៅ​ចុង​ទាំង​សង​ខាង ភ្ជាប់​ជា‌មួយ​នឹង​ទី​សន្តោស​ប្រោស។ 20ត្រូវ​ឲ្យ​ចេរូ‌ប៊ីម​ទាំង​ពីរ​ត្រដាង​ស្លាប​ពី​លើ​គម្រប​ទី​សន្តោស​ប្រោស ហើយ​ត្រូវ​ដាក់​ប្រទល់​មុខ​គ្នា ទាំង​ឈ្ងោក​មើល​ទី​សន្តោស​ប្រោស។ 21ត្រូវ​ដាក់​ទី​សន្តោស​ប្រោស​នៅ​លើ​គម្រប​ហិប ហើយ​ដាក់​សេចក្ដី​សញ្ញា​ដែល​យើង​នឹង​ឲ្យ​ដល់​អ្នក​ទៅ​ក្នុង​ហិប។ 22យើង​នឹង​ជួប​ជា‌មួយ​អ្នក​នៅ​ទី​នោះ ហើយ​និយាយ​ជា‌មួយ​អ្នក​ពី​លើ​ទី​សន្តោស​ប្រោស នៅ​កណ្ដាល​ចេរូ‌ប៊ីម​ទាំង​ពីរ ដែល​នៅ​លើ​ហិប​នៃ​សេចក្ដី​សញ្ញា ដើម្បី​ប្រាប់​អ្នក​ពី​អស់​ទាំង​សេចក្ដី​ដែល​យើង​នឹង​បង្គាប់​ដល់​កូន​ចៅ​អ៊ី‌ស្រា‌អែល។
តុ​សម្រាប់​ដាក់​តាំង​នំ​ប៉័ង
23ត្រូវ​ធ្វើ​តុ​មួយ​ពី​ឈើ​នាង‌នួន បណ្តោយ​ពីរ​ហត្ថ ទទឹង​មួយ​ហត្ថ ហើយ​កម្ពស់​មួយ​ហត្ថ​កន្លះ។ 24ត្រូវ​ស្រោប​ដោយ​មាស​សុទ្ធ ហើយ​ធ្វើ​គែម​មាស​នៅ​ជុំ‌វិញ។ 25ត្រូវ​ធ្វើ​គែម​តុ​កម្ពស់​មួយ​ទះ ហើយ​ធ្វើ​ក្បាច់​ជា​មាស​ភ្ជាប់​នឹង​គែម​ព័ទ្ធ​ជុំ‌វិញ​ផង។ 26ត្រូវ​ធ្វើ​កង​មាស​បួន​សម្រាប់​តុ ហើយ​ដាក់​ភ្ជាប់​កង​ទាំង​នោះ ទៅ​នឹង​ជ្រុង​ទាំង​បួន ត្រង់​ជើង​តុ​ទាំង​បួន។ 27កង​ទាំង​នោះ​ត្រូវ​នៅ​ជិត​គែម​តុ ដើម្បី​ស៊ក​ឈើ​ស្នែង​សម្រាប់​សែង។ 28ត្រូវ​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​ដោយ​មាស​ផង ឈើ​ស្នែង​ទាំង​នេះ​គឺ​សម្រាប់​សែង​តុ។ 29ត្រូវ​ធ្វើ​ថាស ផ្ទិល ប៉ាន់ និង​ពែង​សម្រាប់​តុ​នោះ ដើម្បី​ប្រើ​សម្រាប់​តង្វាយ​ច្រូច ហើយ​ត្រូវ​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់។ 30ត្រូវ​ដាក់​នំបុ័ង​តាំង​ទុក​នៅ​លើ​តុ​នោះ នៅ​ចំពោះ​យើង​ជា‌និច្ច។
ជើង​ចង្កៀង
31ត្រូវ​យក​មាស​សុទ្ធ​ធ្វើ​ជា​ជើង​ចង្កៀង ឯ​ជើង​ចង្កៀង​នោះ​ត្រូវ​ឆ្លាក់​ក្បាច់​រចនាឲ្យ​មាន​ជើងក្រោម តួ នប់ កន្សោម​គ្រាប់ និង​ផ្កា​ត្រូវ​ភ្ជាប់​ជា‌មួយ​គ្នា។ 32ត្រូវ​មាន​មែក​ប្រាំមួយ​បែក​ចេញ​មក​ពី​តួកណ្ដាល គឺ​ជើង​ចង្កៀង​ម្ខាង​មាន​មែក​បី ហើយ​ជើង​ចង្កៀង​ម្ខាងទៀត​ក៏​មាន​មែក​បី​ដែរ 33នៅលើ​មែក​មួយ ត្រូវ​មាន​នប់​បី រាង​ដូច​ជា​គ្រាប់​ចំបក់ មាន​ទាំង​កន្សោម​គ្រាប់ និង​ផ្កា​ផង ឯ​មែក​ទាំង​ប្រាំមួយ​ដែល​បែក​ចេញ​ពីតួ​ជើង​ចង្កៀង​មក នោះ​ក៏​ត្រូវ​មាន​នប់​បី រាង​ដូច​ជា​គ្រាប់​ចំបក់ ព្រម​ទាំង​កន្សោម​គ្រាប់ និង​ផ្កា ដូច​គ្នា​ទាំង​អស់។ 34នៅ​តួ​ជើង​ចង្កៀង​ត្រូវ​មាន​នប់​បួន រាង​ដូច​ជា​គ្រាប់​ចំបក់ ព្រម​ទាំង​កន្សោម​គ្រាប់ និង​ផ្កា​ផង។ 35នៅ​ក្រោម​មែក​ពីរ ត្រូវ​មាន​កន្សោម​គ្រាប់​មួយ នៅ​ក្រោម​មែក​ពីរ​ទៀត ត្រូវ​មាន​កន្សោម​គ្រាប់​មួយ ហើយ​នៅ​ក្រោម​មែក​ពីរ​ទៀត ត្រូវ​មាន​កន្សោម​គ្រាប់​មួយ​ដែរ មែក​ទាំង​ប្រាំ​មួយ​ដែល​បែក​ចេញ​ពី​ជើង​ចង្កៀង​មក នោះ​ត្រូវ​មាន​ដូច​គ្នា​គ្រប់​ទាំង​អស់។ 36កន្សោម​គ្រាប់ និង​មែក​ទាំង​ប៉ុន្មាន ត្រូវ​ឆ្លាក់​ជា​ក្បាច់​រចនា​ពី​មាស​សុទ្ធ​ភ្ជាប់​ជា‌មួយ​គ្នា។ 37ត្រូវ​ធ្វើ​ចង្កៀង​ប្រាំពីរ​សម្រាប់​ឲ្យ​គេ​ដាក់​នៅ​លើ ដើម្បី​ឲ្យ​មាន​ពន្លឺ​ចេញ​ទៅ​ខាង​មុខ។ 38ឃ្នាប​ប្រឆេះ និង​ថាស​ដាក់​កម្ទេច​សម្រាប់​ជើង​ចង្កៀង នោះ​ក៏​ត្រូវ​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់​ដែរ។ 39ត្រូវ​យក​មាស​សុទ្ធ​មួយ​ហាប មក​ធ្វើ​ជើង​ចង្កៀង និង​គ្រឿង​ប្រដាប់​ទាំង​អស់​នោះ។ 40ត្រូវ​ប្រយ័ត្ន​ធ្វើ​ឲ្យ​ត្រឹម‌ត្រូវ​តាម​គំរូ ដូច​ដែល​បាន​បង្ហាញ​អ្នក​នៅ​លើ​ភ្នំ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in