និក្ខមនំ 26
26
រោងឧបោសថ
1មួយវិញទៀត អ្នកត្រូវធ្វើរោងឧបោសថពីវាំងននដប់ផ្ទាំង ដែលត្បាញដោយអំបោះខ្លូតទេស វេញយ៉ាងខ្មាញ់ មានពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងប៉ាក់ជារូបចេរូប៊ីម តាមរចនានៃពួកជាងមានស្នាដៃ។ 2វាំងនននីមួយៗត្រូវមានបណ្តោយម្ភៃប្រាំបីហត្ថ ទទឹងបួនហត្ថ ស្មើគ្នាទាំងអស់។ 3វាំងននប្រាំផ្ទាំង ត្រូវដេរភ្ជាប់ជាមួយគ្នា ហើយវាំងននប្រាំផ្ទាំងទៀត ក៏ត្រូវដេរភ្ជាប់ជាមួយគ្នាដែរ។ 4ត្រូវធ្វើខ្សែក្រវិលមានពណ៌ខៀវតាមជាយវាំងននទីមួយ ខាងចុងផ្ទាំងត្រង់កន្លែងដែលភ្ជាប់គ្នា ហើយត្រូវធ្វើដូច្នោះតាមជាយខាងចុងផ្ទាំងមួយទៀត ត្រង់កន្លែងដែលភ្ជាប់គ្នាដែរ។ 5ត្រូវធ្វើឲ្យមានខ្សែក្រវិលហាសិបនៅវាំងននទីមួយ ហើយហាសិបទៀតនៅវាំងននទីពីរ ត្រូវដាក់ខ្សែក្រវិលទាំងនោះឲ្យស្មើគ្នាទាំងអស់។ 6ត្រូវធ្វើតម្ពក់មាសហាសិប ហើយភ្ជាប់វាំងននទាំងពីរផ្ទាំងនឹងតម្ពក់នោះ ដើម្បីឲ្យរោងឧបោសថបានជាប់នៅជារោងតែមួយ។
7ត្រូវធ្វើវាំងននពីរោមពពែ ទុកសម្រាប់គ្របពីលើរោងឧបោសថ គឺវាំងនននោះត្រូវធ្វើដប់មួយផ្ទាំង។ 8វាំងនននីមួយៗត្រូវមានបណ្តោយសាមសិបហត្ថ ទទឹងបួនហត្ថ ហើយវាំងននទាំងដប់មួយនោះ ត្រូវមានទំហំស្មើគ្នាទាំងអស់។ 9ត្រូវដេរវាំងននប្រាំផ្ទាំងភ្ជាប់ជាមួយគ្នា ហើយប្រាំមួយផ្ទាំងទៀតក៏ត្រូវដេរភ្ជាប់ជាមួយគ្នាដែរ វាំងននទីប្រាំមួយ ត្រូវបត់ផាត់ទៅលើ ពីខាងមុខត្រសាល។ 10ត្រូវធ្វើខ្សែក្រវិលហាសិប ដាក់តាមជាយវាំងននទីមួយ ខាងចុងផ្ទាំង ត្រង់កន្លែងដែលភ្ជាប់គ្នា ហើយខ្សែក្រវិលហាសិបទៀត តាមជាយវាំងននទីពីរ ខាងចុងផ្ទាំង ត្រង់កន្លែងដែលភ្ជាប់គ្នាដែរ។
11ត្រូវធ្វើតម្ពក់លង្ហិនហាសិប ហើយស៊កតម្ពក់នោះចូលទៅក្នុងក្រវិលទាំងនោះ ដើម្បីភ្ជាប់ត្រសាលរួមមកតែមួយ។ 12វាំងននត្រសាលដែលលើស គឺវាំងននពាក់កណ្ដាលដែលលើលនោះ ត្រូវឲ្យសំយាកធ្លាក់ទៅបាំងខាងក្រោយរោងឧបោសថ។ 13វាំងននដែលសល់មួយហត្ថទាំងសងខាងតាមបណ្តោយផ្ទាំងទាំងប៉ុន្មាន ត្រូវទម្លាក់ទៅបាំងរោងឧបោសថទាំងសងខាង។ 14ត្រូវធ្វើគម្របពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម សម្រាប់គ្របត្រសាល ហើយយកស្បែកផ្សោតមកគ្របពីលើថែមទៀត។
គម្រោង
15ត្រូវធ្វើស៊ុមពីឈើនាងនួន សម្រាប់ដាក់បញ្ឈរទ្ររោងឧបោសថ។ 16ស៊ុមនីមួយៗត្រូវមានបណ្តោយដប់ហត្ថ ហើយទទឹងមួយហត្ថកន្លះ។ 17ស៊ុមនីមួយៗត្រូវមានពន្លួញពីរភ្ជាប់តាមជួរជញ្ជាំង ត្រូវធ្វើឲ្យដូចគ្នាទាំងអស់សម្រាប់រោងឧបោសថ។ 18ត្រូវធ្វើស៊ុមម្ភៃសម្រាប់ប៉ែកខាងត្បូងរោងឧបោសថ 19ហើយនៅក្រោមស៊ុមម្ភៃនោះ ត្រូវធ្វើជើងប្រាក់ចំនួនសែសិប គឺជើងពីរៗនៅក្រោមគ្រប់ទាំងស៊ុម សម្រាប់ស៊កពន្លួញចូលទៅ 20ត្រូវធ្វើស៊ុមម្ភៃ សម្រាប់រោងឧបោសថនៅប៉ែកខាងជើង 21និងជើងទ្រស៊ុមពីប្រាក់ចំនួនសែសិប សម្រាប់ស៊ុមទាំងនោះដែរ គឺជើងពីរៗនៅក្រោមគ្រប់ទាំងស៊ុម។ 22ត្រូវធ្វើស៊ុមប្រាំមួយ សម្រាប់ផ្នែកខាងក្រោយរោងឧបោសថនៅប៉ែកខាងលិច។ 23ត្រូវធ្វើស៊ុមពីរ សម្រាប់ជ្រុងរោងឧបោសថផ្នែកខាងក្រោយ 24ស៊ុមពីរនោះត្រូវភ្ជាប់គ្នានៅខាងក្រោម និងខាងលើដោយសារកងមួយ នៅជ្រុងទាំងពីរ ត្រូវមានស៊ុមពីរដូចគ្នា។ 25ដូច្នេះ ត្រូវមានស៊ុមប្រាំបី និងជើងទ្រធ្វើពីប្រាក់សម្រាប់ស៊ុមទាំងនោះចំនួនដប់ប្រាំមួយ គឺជើងពីរៗនៅគ្រប់ទាំងស៊ុម។
26ត្រូវយកឈើនាងនួនធ្វើរនុកប្រាំ សម្រាប់ស៊ុមនៃរោងឧបោសថម្ខាង 27រនុកប្រាំ សម្រាប់ស៊ុមនៃរោងឧបោសថម្ខាង ហើយរនុកប្រាំ សម្រាប់ស៊ុមផ្នែកខាងក្រោយនៃរោងឧបោសថប៉ែកខាងលិច។ 28រនុកកណ្ដាល ពាក់កណ្ដាលស៊ុមឡើងលើ ត្រូវបង្ហូតចាប់ពីចុងម្ខាងដល់ចុងម្ខាង។ 29ត្រូវស្រោបស៊ុមទាំងអស់ដោយមាស ហើយត្រូវធ្វើកងអំពីមាស សម្រាប់ស៊ករនុកចូល ហើយរនុកទាំងនោះក៏ត្រូវស្រោបមាសដែរ។ 30ត្រូវដំឡើងរោងឧបោសថតាមគំរូដែលបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។
វាំងនន
31ត្រូវធ្វើវាំងននពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ព្រមទាំងប៉ាក់រូបចេរូប៊ីម ដោយការរចនានៃជាងមានស្នាដៃ។ 32ត្រូវពាក់វាំងនននោះលើសសរនាងនួនបួន ដែលស្រោបដោយមាស បញ្ឈរលើជើងប្រាក់បួន មានទាំងតម្ពក់មាសផង។ 33ត្រូវពាក់វាំងនននឹងតម្ពក់ទាំងនោះ រួចត្រូវយកហិបនៃសេចក្ដីសញ្ញា ចូលទៅដាក់នៅខាងក្នុងវាំងនន ហើយវាំងនននោះនឹងខណ្ឌទីបរិសុទ្ធ ពីទីបរិសុទ្ធបំផុតឲ្យអ្នករាល់គ្នា។ 34ត្រូវដាក់ទីសន្តោសប្រោស នៅលើហិបនៃសេចក្ដីសញ្ញាខាងក្នុងទីបរិសុទ្ធបំផុត។ 35ត្រូវដាក់តុពីខាងក្រៅវាំងនន ចំហៀងខាងជើង ហើយជើងចង្កៀងត្រូវដាក់នៅពីមុខតុ ចំហៀងខាងត្បូង ក្នុងរោងឧបោសថ។
36រីឯច្រកចូលត្រសាល ត្រូវធ្វើរនាំងពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយត្រូវប៉ាក់ផង។ 37ត្រូវធ្វើសសរនាងនួនប្រាំ ស្រោបដោយមាសសម្រាប់រនាំងនោះ ត្រូវមានតម្ពក់មាស ហើយត្រូវសិតធ្វើជើងលង្ហិនប្រាំសម្រាប់សសរទាំងនោះ។
Currently Selected:
និក្ខមនំ 26: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies