YouVersion Logo
Search Icon

និក្ខមនំ 24

24
ឈាម​នៃ​សេចក្តី​សញ្ញា
1បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​អ្នក និង​អើរ៉ុន ព្រម​ទាំង​ណាដាប អ័ប៊ីហ៊ូវ និង​ពួក​ចាស់​ទុំ​អ៊ីស្រា‌អែល​ទាំង​ចិត​សិប​នាក់ ឡើង​មក​ជួប​ព្រះ‌យេហូវ៉ា ហើយ​ថ្វាយ​បង្គំ​ពី​ចម្ងាយ។ 2ត្រូវ​ឲ្យ​ម៉ូសេ​តែ​ម្នាក់​ប៉ុណ្ណោះ​ចូល​មក​ជិត​ព្រះ‌យេហូវ៉ា ចំណែក​អ្នក​ឯ​ទៀត​មិន​ត្រូវ​ចូល​មក​ជិត​ទេ ហើយ​ប្រជា‌ជន​ក៏​មិន​ត្រូវ​ទាំង​មក​ជា‌មួយ​ម៉ូសេ​ដែរ»។
3លោក​ម៉ូសេ​ក៏​នាំ​គ្រប់​ទាំង​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា និង​គ្រប់​ទាំង​បញ្ញត្តិ​មក​ប្រាប់​ប្រជា‌ជន ហើយ​ប្រជា‌ជន​ទាំង​អស់​ក៏​ឆ្លើយ​ព្រម​គ្នា​ថា៖ «យើង​ខ្ញុំ​នឹង​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល»។ 4លោក​ម៉ូសេ​កត់​ត្រា​អស់​ទាំង​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា រួច​លោក​ក្រោក​ពី​ព្រលឹម​ទៅ​សង់​អាស‌នា​មួយ​នៅ​ជើង​ភ្នំ ហើយ​បញ្ឈរ​ថ្ម​ដប់​ពីរ តាម​ចំនួន​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់​ពីរ។ 5លោក​ចាត់​កំលោះៗ​ពី​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​ទៅ​ថ្វាយ​តង្វាយ​ដុត ហើយ​សម្លាប់​គោ​ឈ្មោល​ធ្វើ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី​ថ្វាយ​ព្រះ‌យេហូវ៉ា។ 6លោក​ក៏​យក​ឈាម​ពាក់​កណ្ដាល​ដាក់​ក្នុង​ផើង ហើយ​ពាក់​កណ្ដាល​ទៀត​ប្រោះ​ទៅ​លើ​អាសនា។ 7បន្ទាប់​មក លោក​យក​សៀវ‌ភៅ​នៃ​សេចក្ដី​សញ្ញា​មក​អាន​ឲ្យ​ប្រជា‌ជន​ស្តាប់ ហើយ​គេ​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​នឹង​ធ្វើ​តាម​គ្រប់​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ហើយ​យើង​ខ្ញុំ​នឹង​ស្តាប់​បង្គាប់»។ 8ដូច្នេះ លោក​ម៉ូសេ​យក​ឈាម​ទៅ​ប្រោះ​លើ​ប្រជា‌ជន ហើយ​ពោល​ថា៖ «នេះ​ជា​ឈាម​នៃ​សេចក្ដី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​ជា‌មួយ​អ្នក​រាល់​គ្នា តាម​ព្រះ‌បន្ទូល​ទាំង​នេះ​របស់​ព្រះ‌អង្គ»។
នៅ​លើ​ភ្នំ​ជា‌មួយ​ព្រះ
9លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​លោក​អើរ៉ុន ណាដាប អ័ប៊ីហ៊ូវ និង​ពួក​ចាស់​ទុំ​អ៊ីស្រា‌អែល​ទាំង​ចិត​សិប​នាក់ 10ហើយ​គេ​ក៏​បាន​ឃើញ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។ នៅ​ក្រោម​ព្រះ‌បាទ​ព្រះ‌អង្គ មាន​ដូច​ជា​កម្រាល​ធ្វើ​ពី​ត្បូង​កណ្តៀង ភ្លឺ​ថ្លា​ដូច​ផ្ទៃ​មេឃ។ 11ព្រះ មិន​បាន​ប្រហារ​ពួក​មេដឹក​នាំ​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​នោះ​ទេ គេ​បាន​ឃើញ​ព្រះ ហើយ​គេ​នាំ​គ្នា​បរិ‌ភោគ​អាហារ។
12ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​មក​ឯ​យើង​នៅ​លើ​ភ្នំ ហើយ​រង់​ចាំនៅ​ទី​នោះសិន យើង​នឹង​ប្រគល់​ក្រឹត្យ‌វិន័យ និង​បទ​បញ្ជា​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ចារឹក​ទុក​លើ​បន្ទះ​ថ្ម​ឲ្យ​អ្នក សម្រាប់​យក​ទៅ​បង្រៀន​ប្រជា‌ជន»។ 13ដូច្នេះ លោក​ម៉ូសេ​ក៏​ក្រោក​ឡើង​ទៅ​ជា‌មួយ​យ៉ូស្វេ ជា​ជំនួយ​ការ​របស់​លោក ហើយ​លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ​របស់​ព្រះ។ 14លោក​បង្គាប់​ពួក​ចាស់​ទុំ​ថា៖ «ចូរ​រង់‌ចាំ​ពួក​យើង​នៅ​ទី​នេះ រហូត​ដល់ពួក​យើង​ត្រឡប់​មក​វិញ មើល៍! មាន​អើរ៉ុន និង​ហ៊ើរ​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា​ហើយ បើ​អ្នក​ណា​មាន​វិវាទ​អ្វី​នឹង​គ្នា នោះ​ត្រូវ​ទៅ​សួរ​អ្នក​ទាំង​ពីរ​ចុះ»។
15បន្ទាប់​មក លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ​ស៊ី‌ណាយ ហើយ​មាន​ពពក​គ្រប​លើ​ភ្នំ។ 16សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​ស្ថិត​នៅ​លើ​ភ្នំ ហើយ​ពពក​គ្រប​លើ​ភ្នំ​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ម៉ូសេ​ចេញ​ពី​កណ្ដាល​ពពក។ 17ឯ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា មើល​ទៅ​ដូច​ជា​ភ្លើង​ឆេះ​នៅ​លើ​កំពូល​ភ្នំ នៅ​ចំពោះ​ភ្នែក​ប្រជា‌ជន​អ៊ីស្រា‌អែល។ 18លោក​ម៉ូសេ​ក៏​ចូល​ទៅ​ក្នុង​ពពក ហើយ​ឡើង​ទៅ​លើ​ភ្នំ។ លោក​ម៉ូសេ​នៅ​លើ​ភ្នំ​អស់​រយៈ​ពេល​សែ​សិប​ថ្ងៃ សែ​សិប​យប់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in