និក្ខមនំ 23
23
ត្រូវយុត្តិធម៌ក្នុងគ្រប់ការទាំងអស់
1កុំផ្សព្វផ្សាយរឿងក្លែងក្លាយ កុំចូលដៃជាមួយមនុស្សអាក្រក់ ដើម្បីធ្វើជាបន្ទាល់ទុច្ចរិតឡើយ។ 2កុំទៅតាមមនុស្សភាគច្រើនដើម្បីប្រព្រឹត្តអាក្រក់ឡើយ ក៏កុំធ្វើបន្ទាល់ឲ្យរឿងក្តីខាងមនុស្សភាគច្រើន ដើម្បីបង្វែរយុត្តិធម៌ឲ្យសោះ 3កុំយល់មុខអ្នកណានៅក្នុងរឿងក្ដីឡើយ ទោះបីអ្នកនោះជាអ្នកក្រក៏ដោយ។
4បើប្រទះឃើញគោ ឬលារបស់សត្រូវដែលវង្វេង នោះត្រូវនាំវាទៅឲ្យម្ចាស់វាវិញ។
5បើឃើញលារបស់ជនដែលស្អប់អ្នកទន់ជង្គង់ដួលដោយសារផ្ទុកធ្ងន់ នោះប្រហែលជាអ្នកចង់ធ្វើព្រងើយមិនចង់ជួយ តែមិនត្រូវធ្វើដូច្នោះឡើយ គឺត្រូវជួយគេកុំខាន។
6កុំបង្វែរយុត្តិធម៌ក្នុងរឿងក្តីរបស់អ្នកក្រឡើយ។ 7ត្រូវចៀសចេញឲ្យឆ្ងាយពីរឿងក្លែងក្លាយ ឯមនុស្សដែលគ្មានទោស និងមនុស្សសុចរិត នោះកុំសម្លាប់គេឡើយ ដ្បិតមនុស្សអាក្រក់ នោះយើងមិនដែលរាប់ជាសុចរិតទេ។ 8កុំស៊ីសំណូកឲ្យសោះ ដ្បិតសំណូកតែងដឹកនាំមនុស្សភ្លឺឲ្យទៅជាខ្វាក់ ហើយក៏បង្ខូចពាក្យរបស់មនុស្សសុចរិតផង។
9កុំសង្កត់សង្កិនអ្នកប្រទេសក្រៅឡើយ ដ្បិតអ្នករាល់គ្នាស្គាល់ចិត្តរបស់អ្នកប្រទេសក្រៅហើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាអ្នកប្រទេសក្រៅ នៅស្រុកអេស៊ីព្ទដែរ។
ឆ្នាំសប្ប័ទ និងថ្ងៃសប្ប័ទ
10ក្នុងរវាងប្រាំមួយឆ្នាំ អ្នកត្រូវសាបព្រោះលើដីរបស់អ្នក ហើយប្រមូលផលពីស្រែចម្ការចុះ 11តែដល់ឆ្នាំទីប្រាំពីរ ត្រូវទុកដីឲ្យនៅទំនេរ ហើយបន្សល់ផលដំណាំនៅទីនោះចុះ ដើម្បីឲ្យមនុស្សទ័លក្រក្នុងចំណោមប្រជាជនរបស់អ្នកបានបរិភោគផង ហើយអ្វីដែលនៅសេសសល់ នោះសត្វនៅវាលបានស៊ី។ ចម្ការទំពាំងបាយជូរ និងចម្ការអូលីវរបស់អ្នក ក៏ត្រូវធ្វើដូច្នោះដែរ។
12ក្នុងប្រាំមួយថ្ងៃត្រូវធ្វើការរបស់អ្នក ហើយដល់ថ្ងៃទីប្រាំពីរត្រូវឈប់សម្រាក ដើម្បីឲ្យគោ និងលារបស់អ្នកបានសម្រាក ហើយឲ្យកូនបាវបម្រើស្រីរបស់អ្នក និងអ្នកប្រទេសក្រៅបានសម្រាកដកដង្ហើមផង។ 13ត្រូវប្រយ័ត្ននឹងប្រតិបត្តិតាមអស់ទាំងសេចក្ដីដែលយើងបានប្រាប់អ្នករាល់គ្នា ហើយមិនត្រូវចេញឈ្មោះរបស់ព្រះដទៃណាឡើយ ក៏មិនត្រូវឲ្យឈ្មោះរបស់ព្រះទាំងនោះឮចេញពីមាត់អ្នករាល់គ្នាផង។
បុណ្យប្រចាំឆ្នាំ
14ក្នុងមួយឆ្នាំ ត្រូវធ្វើបុណ្យសម្រាប់យើងបីដង 15ត្រូវធ្វើបុណ្យនំបុ័ងឥតដំបែ គឺដល់កំណត់ក្នុងខែអាប៊ីប នោះត្រូវធ្វើនំបុ័ងឥតដំបែក្នុងប្រាំពីរថ្ងៃ ដូចយើងបានបង្គាប់មកហើយ ដ្បិតគឺនៅខែនោះហើយ ដែលអ្នករាល់គ្នាបានចេញពីស្រុកអេស៊ីព្ទ។
មិនត្រូវចូលមកចំពោះយើងដោយដៃទទេឡើយ។
16ត្រូវធ្វើបុណ្យចម្រូត គឺនៅពេលអ្នកចាប់ផ្ដើមច្រូតកាត់ផលដំបូងពីការនឿយហត់របស់អ្នក ពីការដែលអ្នកសាបព្រោះនៅស្រែចម្ការ។ ចុងឆ្នាំ ត្រូវធ្វើបុណ្យប្រមូលផល គឺនៅពេលអ្នកប្រមូលផលពីការនឿយហត់របស់អ្នកពីស្រែចម្ការរួចរាល់អស់។ 17ក្នុងមួយឆ្នាំ ប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា ត្រូវមកបង្ហាញខ្លួននៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះចំនួនបីដង។
18មិនត្រូវយកឈាមយញ្ញបូជារបស់យើងថ្វាយជាមួយនំបុ័ងមានដំបែឡើយ ក៏មិនត្រូវទុកខ្លាញ់នៃតង្វាយនោះ តាំងពីល្ងាចដល់ព្រឹកដែរ។
19ឯចំណែកមុនបង្អស់នៃផលដំបូងដែលកើតពីដីរបស់អ្នក ត្រូវយកមកក្នុងដំណាក់របស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។
មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។
ព្រះបន្ទូលសន្យាអំពីជ័យជម្នះនៅស្រុកកាណាន
20មើល៍ យើងចាត់ទេវតាមួយរូបឲ្យនាំមុខអ្នក ដើម្បីការពារអ្នកតាមផ្លូវ និងនាំអ្នកទៅដល់ទីកន្លែងដែលយើងបានរៀបចំទុកឲ្យ។ 21ចូរប្រយ័ត្ននឹងស្តាប់បង្គាប់តាមលោក កុំប្រឆាំងនឹងលោកឡើយ ដ្បិតលោកនឹងមិនអត់ទោសអំពើរំលងរបស់អ្នករាល់គ្នាទេ ព្រោះលោកមាននាមរបស់យើង។
22ប្រសិនបើអ្នកយកចិត្តទុកដាក់ស្តាប់បង្គាប់ ហើយប្រព្រឹត្តតាមសេចក្ដីដែលយើងប្រាប់ទាំងប៉ុន្មាន នោះយើងនឹងធ្វើជាសត្រូវប្រឆាំងនឹងពួកសត្រូវរបស់អ្នក ហើយជាបច្ចាមិត្តប្រឆាំងនឹងបច្ចាមិត្តរបស់អ្នក។
23ដ្បិតទេវតារបស់យើងនឹងទៅមុនអ្នក ហើយនាំអ្នកទៅឯពួកសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍កាណាន សាសន៍ហេវី និងសាសន៍យេប៊ូស ហើយយើងនឹងធ្វើឲ្យសាសន៍ទាំងនោះសាបសូន្យទៅ 24អ្នកមិនត្រូវក្រាបថ្វាយបង្គំ ឬគោរពប្រតិបត្តិព្រះរបស់គេឡើយ ក៏កុំប្រព្រឹត្តតាមអំពើរបស់គេនោះដែរ គឺត្រូវបំផ្លាញឲ្យអស់ ព្រមទាំងបំបែករូបព្រះរបស់គេឲ្យខ្ទេចខ្ទីផង។ 25អ្នករាល់គ្នាត្រូវគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នោះយើង នឹងប្រទានពរដល់អាហារ និងទឹករបស់អ្នក ហើយយើងនឹងដកជំងឺរោគាចេញពីចំណោមអ្នករាល់គ្នា។ 26នៅក្នុងស្រុករបស់អ្នកនឹងគ្មានស្ត្រីរលូតកូន ឬស្ត្រីអារឡើយ យើងនឹងឲ្យអ្នកមានអាយុយឺនយូរ។ 27យើងនឹងចាត់សេចក្ដីស្ញែងខ្លាចរបស់យើងទៅមុនអ្នក ហើយនឹងបំផ្លាញជាតិសាសន៍ទាំងអស់ដែលអ្នកទៅដល់ យើងនឹងធ្វើឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នករត់បាក់ទ័ពនៅមុខអ្នក។ 28យើងនឹងចាត់ឪម៉ាល់ឲ្យទៅមុនអ្នក ដែលវានឹងបណ្តេញសាសន៍ហេវី សាសន៍កាណាន និងសាសន៍ហេត ចេញពីមុខរបស់អ្នក។ 29យើងនឹងមិនបណ្តេញគេចេញពីមុខអ្នក ក្នុងរយៈពេលមួយឆ្នាំតែម្តងទេ ក្រែងស្រុកនោះនឹងត្រឡប់ទៅជាស្ងាត់ ហើយកើតមានសត្វព្រៃច្រើនឡើងធ្វើបាបដល់អ្នក។ 30យើងនឹងបណ្តេញគេពីមុខអ្នកទៅបន្តិចម្តងៗ រហូតទាល់តែអ្នកមានគ្នាច្រើន ល្មមនឹងទទួលយកស្រុកនោះជាមត៌កបាន។ 31យើងនឹងកំណត់ព្រំប្រទល់ស្រុករបស់អ្នក ចាប់ពីសមុទ្រក្រហម រហូតដល់សមុទ្រភីលីស្ទីន ហើយពីទីរហោស្ថានរហូតដល់ទន្លេអ៊ើប្រាត ដ្បិតយើងនឹងប្រគល់មនុស្សនៅស្រុកនោះ មកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នកត្រូវបណ្តេញគេចេញពីមុខអ្នក។ 32មិនត្រូវតាំងសញ្ញាជាមួយគេ ឬជាមួយព្រះរបស់គេឡើយ។ 33មិនត្រូវឲ្យគេរស់នៅក្នុងស្រុករបស់អ្នកឡើយ ក្រែងគេនាំឲ្យអ្នកប្រព្រឹត្តអំពើបាបទាស់នឹងយើង ដ្បិតបើអ្នកគោរពប្រតិបត្តិព្រះរបស់គេ នោះអ្នកនឹងធ្លាក់ទៅក្នុងអន្ទាក់របស់គេជាមិនខាន»។
Currently Selected:
និក្ខមនំ 23: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies