YouVersion Logo
Search Icon

អេភេសូរ 2

2
ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​ទៅ​ដល់​ជីវិត
1ពី​ដើម អ្នក​រាល់​គ្នា​បាន​ស្លាប់​ក្នុង​អំពើ​រំលង និង​ក្នុង​អំពើ​បាប 2ជា​ការ​ដែល​អ្នក​រាល់​គ្នា​បាន​រស់​នៅ​តាម​របៀប​លោកីយ៍​នេះ តាម​មេ​គ្រប់​គ្រង​រាជ្យ​លើ​អាកាស ជា​វិញ្ញាណ​ដែល​សព្វ​ថ្ងៃ​នេះ កំពុង​ត្រួត​ត្រា​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់។ 3ពី​ដើម យើង​ទាំង​អស់​គ្នា​ក៏​បាន​រស់​នៅ​តាម​តណ្ហា​ខាង​សាច់​ឈាម​របស់​យើង ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែរ ដោយ​ប្រព្រឹត្ត​តាម​សេចក្តី​ប៉ង​ប្រាថ្នា​របស់​គំនិត​ខាង​សាច់​ឈាម ហើយ​យើង​ជាប់​នៅ​ក្នុង​សេចក្ដី​ក្រោធ​តាំង​កំណើត ដូច​ជា​មនុស្ស​ឯ​ទៀត​ដែរ។ 4ប៉ុន្តែ ព្រះ​ដែល​មាន​សេចក្តី​មេត្តា‌ករុណា​ដ៏​លើស​លុប ដោយ​ព្រោះ​សេចក្តី​ស្រឡាញ់​ជា​ខ្លាំង​ដែល​ព្រះ‌អង្គ​បាន​ស្រឡាញ់​យើង 5ទោះ​ជា​ពេល​ដែល​យើង​បាន​ស្លាប់​ដោយ​សារ​អំពើ​រំលង​របស់​យើង​ហើយ​ក៏​ដោយ ក៏​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​យើង​បាន​រស់ រួម​ជា​មួយ​ព្រះ‌គ្រីស្ទ (អ្នក​រាល់​គ្នា​បាន​សង្រ្គោះ​ដោយ​សារ​ព្រះ‌គុណ) 6ហើយ​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រះ​បាន​ប្រោស​ឲ្យ​យើង​រស់​ឡើង​វិញ​រួម​ជាមួយ​ព្រះ‌អង្គ ហើយ​ឲ្យ​យើង​អង្គុយ​រួម​ជា​មួយ​ព្រះ‌អង្គ​នៅ​ស្ថាន​សួគ៌​ដែរ 7ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​សម្ដែង ឲ្យ​មនុស្ស​ជំនាន់​ខាង​មុខ បាន​ឃើញ​ព្រះ‌គុណ​ដ៏​ធ្ងន់​លើស​លុប​របស់​ព្រះ‌អង្គ ដោយ​សេចក្តី​សប្បុរស​ចំពោះ​យើង ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ 8ដ្បិត​ដោយ​សារ​ព្រះ‌គុណ អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​តាម​រយៈ​ជំនឿ ហើយ​សេចក្តី​នេះ​មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​ទេ គឺ​ជា​អំណោយ‌ទាន​របស់​ព្រះ​វិញ 9ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​អួត​ខ្លួន។ 10ដ្បិត​យើង​ជា​ស្នា​ព្រះ‌ហស្ត ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក​ក្នុង​ព្រះគ្រីស្ទ‌យេស៊ូវ​សម្រាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀប​ចំ​ទុក​ជា​មុន ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ត​តាម។
រួម​មក​តែ​មួយ​ក្នុង​ព្រះ‌គ្រីស្ទ
11ដូច្នេះ ចូរ​នឹក​ចាំ​ថា កាល​ពី​ដើម​អ្នក​រាល់​គ្នា​ជា​សាសន៍​ដទៃ​ខាង​សាច់​ឈាម ដែល​ត្រូវ​បាន​ពួក​អ្នក​កាត់​ស្បែក​ខាង​សាច់​ឈាម​ដោយ​ដៃ​មនុស្ស ហៅ​អ្នក​រាល់​គ្នា​ថា ពួក​មិន​កាត់​ស្បែក 12នៅ​ពេល​នោះ អ្នក​រាល់​គ្នា​មិន​មាន​ព្រះ‌គ្រីស្ទ​ទេ ក៏​ឃ្លាត​ចេញ​ពី​ជន​ជាតិ​អ៊ីស្រា‌អែល​ផង ជា​មនុស្ស​ដទៃ​ខាង​ឯ​សេចក្តី​សញ្ញា ដែល​ព្រះ‌អង្គ​បាន​សន្យា​ទុក គ្មាន​ទី​សង្ឃឹម ហើយ​ក៏​គ្មាន​ព្រះ​នៅ​ក្នុង​ពិភព​លោក​នេះ​ដែរ។ 13តែ​ឥឡូវ​នេះ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ នោះ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​នៅ​ឆ្ងាយ បាន​មក​ជិត​វិញ ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ទ។ 14ដ្បិត​ព្រះ‌អង្គ​ជា​សេចក្ដី​សុខសាន្ត​របស់​យើង ព្រះ‌អង្គ​បាន​ធ្វើ​ទាំង​ពីរ​រួម​មក​តែ​មួយ ហើយ​បាន​រើ​ជញ្ជាំង​ខណ្ឌ​ញែក គឺ​ភាព​ជា​សត្រូវ​នឹង​គ្នា​រវាង​យើង​ចេញ ដោយ​រូប​សាច់​របស់​ព្រះ‌អង្គ។ 15ព្រះ‌អង្គ​បាន​បំបាត់​ក្រឹត្យ‌វិន័យ​ដែល​មាន​បទ‌បញ្ជា និង​បញ្ញត្តិ​ទាំង​ឡាយ​ចេញ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​យក​ទាំង​ពីរ​មក​បង្កើត​ជា​មនុស្ស​ថ្មី​តែ​មួយ​ក្នុង​ព្រះ‌អង្គ​ទ្រង់ ដោយ​តាំង​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត 16ហើយ​ឲ្យ​ព្រះ‌អង្គ​បាន​ផ្សះ​ផ្សា​សាសន៍​ទាំង​ពីរ​ជា​មួយ​ព្រះ ក្នុង​រូប‌កាយ​តែ​មួយ តាម​រយៈ​ឈើ​ឆ្កាង ទាំង​បំបាត់​ភាព​ជា​សត្រូវ​ចោល តាម​រយៈ​ឈើ​ឆ្កាង​នោះ​ឯង។ 17ហើយ​ពេល​ព្រះ‌អង្គ​បាន​យាង​មក នោះ​ព្រះ‌អង្គ​បាន​ប្រកាស​ដំណឹង​ល្អ​អំពី​សេចក្តី​សុខសាន្ត​ដល់​អ្នក​រាល់​គ្នា​ដែល​នៅ​ឆ្ងាយ និង​ដល់​អស់​អ្នក​ដែល​នៅ​ជិត​ផង 18ដ្បិត​ដោយ​សារ​ព្រះ‌អង្គ យើង​ទាំង​ពីរ​សាសន៍​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ‌វរបិតា ដោយ​ព្រះ‌វិញ្ញាណ​តែ​មួយ។ 19ដូច្នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​ក្រៅ​ទៀត​ទេ គឺ​ជា​ជន​រួម​ជាតិ​តែ​មួយ​ជាមួយ​ពួក​បរិសុទ្ធ និង​ជា​សមា​ជិក​គ្រួសារ​របស់​ព្រះ 20ដែល​បាន​សង់​ឡើង​លើ​គ្រឹះ​របស់​ពួក​សាវក និង​ពួក​ហោរា ហើយ​ព្រះ‌យេស៊ូវ‌គ្រីស្ទ​អង្គ​ទ្រង់​ផ្ទាល់ ជា​ថ្ម​ជ្រុង​យ៉ាង​ឯក។ 21នៅ​ក្នុង​ព្រះ‌អង្គ សំណង់​ទាំង​មូល​បាន​ផ្គុំ​ភ្ជាប់​គ្នា ទាំង​ចម្រើន​ឡើង​ជា​ព្រះ​វិហារ​បរិសុទ្ធ​ក្នុង​ព្រះ‌អម្ចាស់ 22ហើយ​អ្នក​រាល់​គ្នា​ក៏​ត្រូវ​បាន​សង់​ឡើង​ក្នុង​ព្រះ‌អង្គ​ដែរ សម្រាប់​ជា​ដំណាក់​របស់​ព្រះ ក្នុង​ព្រះ‌វិញ្ញាណ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for អេភេសូរ 2