YouVersion Logo
Search Icon

អេភេសូរ 1

1
សេចក្ដី​ផ្ដើម
1ប៉ុល ជា​សាវក​របស់​ព្រះ‌គ្រីស្ទ‌យេស៊ូវ តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ សូម​ជម្រាប​មក​ពួក​បរិសុទ្ធ ដែល​នៅ​ក្រុង​អេភេ‌សូរ ជា​ពួក​អ្នក​ស្មោះ​ត្រង់​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ 2សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត​ពី​ព្រះ ជា​ព្រះ‌វរបិតា​របស់​យើង និង​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។
ព្រះ‌ពរ​ខាង​វិញ្ញាណ​ក្នុង​ព្រះ‌គ្រីស្ទ
3សូម​សរសើរ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះ‌ពរ​ខាង​វិញ្ញាណ​នៅ​ស្ថាន​សួគ៌ 4តាម​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​យើង​ក្នុង​ព្រះ‌គ្រីស្ទ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ ដើម្បី​ឲ្យ​យើង​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​សេចក្តី​ស្រឡាញ់។ 5ព្រះ‌អង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន សម្រាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ស្រប​តាម​បំណង​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ 6ដើម្បី​សរសើរ​ដល់​សិរី‌ល្អ​នៃ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ដែល​បាន​ប្រទាន​មក​យើង​ដោយ​ឥត​គិត​ថ្លៃ ក្នុង​ព្រះ‌រាជ‌បុត្រា​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ។ 7នៅ​ក្នុង​ព្រះ‌អង្គ​យើង​មាន​ការ​ប្រោស​លោះ តាម​រយៈ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ គឺ​ការ​អត់​ទោស​ពី​អំពើ​រំលង ស្រប​តាម​ព្រះ‌គុណ​ដ៏​ធ្ងន់​ក្រៃ​លែង​របស់​ព្រះ‌អង្គ 8ដែល​ព្រះ‌អង្គ​បាន​ផ្តល់​មក​យើង​ជា​បរិបូរ។ 9ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​យើង​ស្គាល់​អាថ៌​កំបាំង​នៃ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដោយ​ប្រាជ្ញា និង​ការ​យល់​ដឹង​គ្រប់​យ៉ាង ស្រប​តាម​បំណង​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​សម្រេច​ទុក​ក្នុង​ព្រះ‌គ្រីស្ទ 10ជា​គម្រោង​ការ​មួយ​សម្រាប់​ពេល​កំណត់​មក​ដល់ ដើម្បី​ប្រមូល​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ព្រះ‌គ្រីស្ទ ទាំង​អ្វីៗ​នៅ​ស្ថាន‌សួគ៌ និង​អ្វីៗ​នៅ​លើ​ផែនដី។ 11ក្នុង​ព្រះគ្រីស្ទ​យើង​ក៏​បាន​មត៌ក​ដែរ ដោយ​ព្រះ‌អង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន ស្រប​តាម​គោល​បំណង​របស់​ព្រះ‌អង្គ ដែល​ធ្វើ​ឲ្យ​គ្រប់​ការ​ទាំង​អស់​បាន​សម្រេច ស្រប​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ 12ដើម្បី​ឲ្យ​យើង​ខ្ញុំ ដែល​បាន​សង្ឃឹម​ដល់​ព្រះ‌គ្រីស្ទ​មុន​គេ បាន​សរសើរ​ដល់​សិរីល្អ​របស់​ព្រះ‌អង្គ។ 13នៅ​ក្នុង​ព្រះ‌អង្គ អ្នក​រាល់​គ្នា​ក៏​បាន​ឮ​ព្រះ‌បន្ទូល​នៃ​សេចក្តី​ពិត ជា​ដំណឹង​ល្អ​ពី​ការ​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ជឿ​ដល់​ព្រះ‌អង្គ បាន​ទទួល​ការ​ដៅ​ចំណាំ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ តាម​សេចក្តី​សន្យា 14គឺ​ព្រះ‌វិញ្ញាណ​នេះ​ហើយ​ជា​ទី​បញ្ចាំ​ចិត្ត សម្រាប់​មត៌ក​របស់​យើង រហូត​ទាល់​តែ​យើង​បាន​របស់​នោះ​ពេញ​លេញ​ជា​កម្ម​សិទ្ធិ សម្រាប់​ជា​ការ​សរសើរ​ដល់​សិរី​ល្អ​របស់​ព្រះ‌អង្គ។
សេចក្តី​អធិស្ឋាន​របស់​លោក​ប៉ុល
15ដោយ​ហេតុ​នេះ កាល​ខ្ញុំ​បាន​ឮ​ពី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌អម្ចាស់‌យេស៊ូវ និង​ពី​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ដល់​ពួក​បរិសុទ្ធ​ទាំង​អស់ 16នោះ​ខ្ញុំ​មិន​ដែល​លែង​អរ​ព្រះ‌គុណ​សម្រាប់​អ្នក​រាល់​គ្នា​ឡើយ ពេល​ខ្ញុំ​នឹក​ចាំ​ពី​អ្នក​រាល់​គ្នា​នៅ​ក្នុង​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ។ 17សូម​ឲ្យ​ព្រះ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ជា​ព្រះ‌វរបិតា​ដ៏​មាន​សិរី​ល្អ ប្រទាន​ព្រះ‌វិញ្ញាណ ដែល​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា និង​ការ​បើក​សម្ដែង​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ព្រះ‌អង្គ 18ឲ្យ​ភ្នែក​ចិត្ត​របស់​អ្នក​រាល់​គ្នា​បាន​ភ្លឺ​ឡើង ដើម្បី​ឲ្យ​បាន​ដឹង​ថា សេចក្ដី​សង្ឃឹម​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា ហើយ​ថា សម្បត្តិ​ជា​មត៌ក​ដ៏​មាន​សិរី​ល្អ​របស់​ព្រះ‌អង្គ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ជា​យ៉ាង​ណា 19ហើយ​ថា ព្រះ‌ចេស្តា​ដ៏​ខ្លាំង​លើស​លន់​របស់​ព្រះ‌អង្គ ដល់​យើង​ដែល​ជឿ​ជា​យ៉ាង​ណា​ដែរ ស្រប​តាម​កម្លាំង​នៃ​ព្រះ​ចេស្ដា​ដ៏​ខ្លាំង​ពូ​កែ​របស់​ព្រះ‌អង្គ 20ជា​ព្រះ‌ចេស្តា​ដែល​ព្រះ‌អង្គ​បាន​សម្ដែង​ចេញ ដោយ​ប្រោស​ព្រះ‌គ្រីស្ទ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​តាំង​ឲ្យ​គង់​ខាង​ស្តាំ​ព្រះ‌អង្គ​នៅ​ស្ថាន​សួគ៌ 21ឲ្យ​ខ្ពស់​ជាង​អស់​ទាំង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច មាន​ឫទ្ធិ​បារមី និង​ពួក​មេ​ទាំង​ប៉ុន្មាន ហើយ​គ្រប់​ទាំង​ឈ្មោះ​ដែល​បាន​តាំង​ឡើង​ដែរ មិន​មែន​តែ​ក្នុង​សម័យ​នេះ​ប៉ុណ្ណោះ តែ​នៅ​ឯ​បរ​លោក​ផង​ដែរ។ 22ព្រះ‌អង្គ​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ ឲ្យ​នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌គ្រីស្ទ ទាំង​តាំង​ព្រះ‌អង្គ​ជា​សិរសា​លើ​អ្វីៗ​ទាំង​អស់​សម្រាប់​ក្រុម​ជំនុំ 23ដែល​ជា​ព្រះ​កាយ​របស់​ព្រះ‌អង្គ ជា​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ‌អង្គ ដែល​បំពេញ​គ្រប់​ទាំង​អស់ ក្នុង​ទាំង​អស់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in