YouVersion Logo
Search Icon

ចោទិយ‌កថា 33

33
លោក​ម៉ូសេ​ឲ្យ​ពរ​ពួក​កូនចៅ​អ៊ីស្រា‌អែល
1នេះ​ជា​ពរ​ដែល​លោក​ម៉ូសេ ជា​អ្នក​សំណព្វ​របស់​ព្រះ បាន​ឲ្យពរ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល មុន​នឹង​លោក​ស្លាប់។ 2លោក​ប្រកាស​ថា៖ «ព្រះ‌យេហូវ៉ា​បាន​យាង​មក​ពី​ភ្នំ​ស៊ី‌ណាយ ហើយ​បានបំភ្លឺ​ពី​ភ្នំ​សៀរ​មកលើ​គេ ព្រះ‌អង្គ​បាន​រះ​ពី​ភ្នំ​ប៉ារ៉ាន ព្រះ‌អង្គ​បាន​ចេញ​ពី​ពួក​បរិសុទ្ធ​ទាំង​សល់‌សែន ទាំង​មាន​ភ្លើង​ឆេះ​ចេញ​ពី​ព្រះ‌ហស្តស្ដាំ​របស់​ព្រះ‌អង្គ។ 3ពិត​មែន ព្រះ‌អង្គ​ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ពួក​បរិសុទ្ធ​ទាំង​អស់​របស់​ព្រះ‌អង្គ ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។ គេ​បាន​អង្គុយ​នៅ​ទៀប​ព្រះ‌បាទព្រះ‌អង្គ ហើយ​ទទួល​ព្រះ‌បន្ទូល​ពី​ព្រះ‌អង្គ។ 4លោក​ម៉ូសេ​បាន​ឲ្យ​ក្រឹត្យ‌វិន័យ​មក​ពួក​យើង គឺ​ជា​មត៌កសម្រាប់ក្រុមជំនុំ​របស់​លោក​យ៉ាកុប។ 5ព្រះ‌យេហូវ៉ា​ជា​ស្តេច​នៅ​ក្នុង​ពួក​យេស៊ូរុន នៅ​ពេល​ពួក​មេ​លើ​ប្រជាជន​បាន​ប្រមូល​គ្នា គឺ​កុល‌សម្ព័ន្ធទាំង​អស់​នៃ​សាសន៍​អ៊ីស្រា‌អែល។ 6សូម​ឲ្យ​រូបេន​រស់​នៅ កុំ​ឲ្យ​ស្លាប់​ឡើយ ទោះ​ជា​គេ​មាន​គ្នា​តិច​ក៏​ដោយ»។
7ចំណែក​កុល‌សម្ព័ន្ធ​យូដាវិញ លោក​ថ្លែង​ដូច្នេះ​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​ពាក្យ​របស់​យូដា ហើយ​នាំ​គេ​ចូល​ទៅ​ឯ​សាសន៍​របស់​ខ្លួន​វិញ សូម​ឲ្យ​ដៃ​គេ​បាន​ល្មម​នឹង​ខ្លួន ហើយ​សូម​ព្រះ‌អង្គ​ជួយ​ទាស់​ចំពោះ​ពួក​ត​តាំង​នឹង​គេ​ផង»។
8ចំពោះ​កុល‌សម្ព័ន្ធ​លេវី លោក​ថ្លែង​ថា៖ «ឯ​ធូមីម និង​អ៊ូរីម របស់​ព្រះ‌អង្គ នោះ​នៅ​នឹង​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ល្បង‌ល​នៅ​ត្រង់​ម៉ាសា ហើយ​ព្រះ‌អង្គ​បាន​ល្បង​ល​គេ​ត្រង់​ទឹក​មេរីបា 9គេ​បាន​និយាយ​ពី​ឪពុក​ម្តាយ​របស់​គេ​ថា "ខ្ញុំ​មិន​បាន​ឃើញ​គាត់​ទេ" គេ​មិន​បាន​ទទួល​ស្គាល់​ពួក​បង​ប្អូន​របស់​ខ្លួន ក៏​មិន​រវល់​នឹង​កូនរបស់​ខ្លួន​ដែរ។ ដ្បិត​គេ​បាន​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ហើយ​បាន​រក្សា​សេចក្ដី‌សញ្ញា​របស់​ព្រះ‌អង្គ។ 10គេ​នឹង​បង្រៀនបញ្ញត្តិ​របស់​ព្រះ‌អង្គ​ដល់​យ៉ាកុប ហើយ​ក្រឹត្យ​វិន័យ​របស់​ព្រះ‌អង្គ​ដល់​អ៊ីស្រា‌អែល គេ​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​តង្វាយ​ដុត​ទាំង​មូល​នៅ​លើ​អាសនា​របស់​ព្រះ‌អង្គ។ 11ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ពរ​ដល់​កម្លាំង​របស់​គេ ហើយ​ទទួល​ការ​ដែល​ដៃ​របស់​គេ​ធ្វើ។ សូម​បំបាក់​ចង្កេះ​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​គេ ពួក​អ្នក​ដែល​ស្អប់​គេ ដើម្បី​កុំ​ឲ្យ​បាន​ក្រោក​ឡើង​វិញ​បាន»។
12ចំពោះ​កុល‌សម្ព័ន្ធ​បេនយ៉ាមីន លោក​ថ្លែង​ថា អ្នក​ស្ងួន‌ភ្ងា​របស់​ព្រះ‌យេហូវ៉ា រស់​នៅ​ជិត​ព្រះ‌អង្គ​ដោយ​សុខ‌សាន្ត។ ព្រះ​ដ៏​ខ្ពស់​ហ៊ុម‌ព័ទ្ធ​គេ​ជានិច្ច ហើយ​គេ​រស់​នៅ​កណ្ដាល​ព្រះ‌អង្សា ទាំង​ពីរ​របស់​ព្រះ‌អង្គ។
13ចំពោះ​កុល‌សម្ព័ន្ធ​យ៉ូសែប លោក​ថ្លែង​ថា៖ «ស្រុក​គេ​មាន​ពរ​ពី​ព្រះ‌យេហូវ៉ា ជា​អំណោយ​វិសេស​ពី​លើ​មេឃ គឺ​ជា​ទឹក​សន្សើម និង​ពី​ទី​ជម្រៅ​នៅ​ខាង​ក្រោម 14ដោយ​ផល​ផ្លែ​ដ៏​វិសេស​ដែល​កើត​ដោយ‌សារ​ថ្ងៃ និង​ផល​សម្បូរ​ហូរ​ហៀរ ដែល​កើត​ដោយ‌សារ​ខែ 15ជា​ភោគ​ផល​ដ៏​វិសេស​នៅ​ភ្នំ​ចាស់​បុរាណ និង​ផល​សម្បូរ​ហូរ​ហៀរ​នៅ​ភ្នំ​ដ៏​នៅ​អស់​កល្ប 16ដោយ​អំណោយដ៏​វិសេស ដែល​កើត​ពី​ដី​ដ៏​មាន​ជា​បរិបូរ ហើយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ដែល​គង់​ក្នុង​គុម្ព​បន្លា។ សូម​ឲ្យពរ​ទាំង​នេះស្ថិត​នៅ​លើ​ក្បាល​របស់​យ៉ូសែប នៅ​លើ​ថ្ងាស​របស់​គាត់ ដែល​ជា​មេ​ក្នុង​ចំណោមពួក​បង​ប្អូន​របស់​ខ្លួន។ 17ឯ​គោ​ឈ្មោល​ដំបូង នោះ​មាន​កម្លាំង​ស្វាហាប់​ណាស់ ស្នែង​វា​ដូច​ជា​ស្នែង​ទន្សោង វា​នឹង​ច្រាន​សាសន៍​ទាំង​ប៉ុន្មាន ដោយ‌សារ​ស្នែង​នោះ ទៅ​ដល់​ចុង​ផែន‌ដី​បំផុត គឺ​ជា​ពួក​អេប្រាអិម​ទាំង​សល់‌សែន និង​ពួក​ម៉ាណា‌សេ​ទាំង​ពាន់​ទាំង​ម៉ឺន​ដែរ»។
18ចំពោះ​កុល‌សម្ព័ន្ធ​សាប់‌យូ‌ឡូន លោក​ថ្លែង​ថា៖ «ឱ​សាប់‌យូ‌ឡូន​អើយ ចូរ​អរ​សប្បាយ​ក្នុង​កាល​ដែល​អ្នក​ចេញ​ទៅ ឯ​អ៊ីសាខារ​វិញ ចូរ​អរ​សប្បាយ​នៅ​ក្នុងជំរំ​របស់​អ្នក​ចុះ។ 19គេ​នឹង​ហៅ​ជាតិ​សាសន៍​នានា​ឲ្យ​ទៅ​ឯ​ភ្នំ គេ​ថ្វាយ​យញ្ញ‌បូជា​សុចរិតនៅ​ទី​នោះ ដ្បិត​គេ​ជញ្ជក់​ផល​បរិបូរ​ពី​សមុទ្រ និង​ទ្រព្យ​សម្បត្តិ​លាក់​កំបាំង​ពី​ខ្សាច់»។
20ចំពោះ​កុល‌សម្ព័ន្ធ​កាដ លោក​ថ្លែង​ថា៖ «សូម​សរសើរ​ដល់​ព្រះ‌អង្គ​ដែល​ពង្រីក​ឲ្យ​កាដ​បាន​ធំ​ទូលាយ! កាដ​ក្រាប​ដូច​សិង្ហ​ញី ហើយ​ហែក​ដៃ និង​ក្រយៅ​ក្បាល​ផង។ 21កាដ​បាន​រើស​យក​ចំណែក​ដ៏ល្អ​សម្រាប់​ខ្លួន ដ្បិត​នៅ​ទី​នោះ មាន​ចំណែក​បម្រុង​ទុក​សម្រាប់​មេ​ដឹក​នាំ គេ​បាន​មក​ជា‌មួយ​ពួក​មេ​នៃ​បណ្ដា‌ជន ក៏​បាន​សម្រេច​សេចក្ដី​យុត្តិ​ធម៌​នៃ​ព្រះ‌យេហូវ៉ា និង​បញ្ញត្តិ​របស់ព្រះ‌អង្គ​ដល់​អ៊ីស្រា‌អែល»។
22ចំពោះ​កុល‌សម្ព័ន្ធ​ដាន់ លោក​ថ្លែង​ថា៖ «ដាន់​ជា​កូន​សិង្ហ ដែល​បាន​ហក់មក​ពី​ស្រុក​បាសាន»។
23ចំពោះកុល‌សម្ព័ន្ធ​ណែប‌ថាលី លោក​ក៏​ថ្លែង​ថា៖ «ឱ​ណែប‌ថាលី ដែល​ឆ្អែត​ដោយ​ព្រះ‌គុណ ហើយ​មាន​ពេញ​ដោយ​ព្រះ‌ពរ​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​អ្នក​ចាប់​យក​ស្រុក​ខាង​លិច ហើយ​ខាង​ត្បូង​ចុះ»។
24ចំពោះ​កុលសម្ព័ន្ធ​អេស៊ើរ លោក​ថ្លែង​ថា៖ «សូម​ព្រះ​ប្រទាន​ពរ​ដល់​អេស៊ើរ​លើស​ជាង​ពួក​កូន​ឯទៀត សូម​ឲ្យ​គេ​បាន​ប្រកប​ដោយ​គុណក្នុង​ពួក​បង​ប្អូន​របស់​គេ ហើយ​ឲ្យ​គេ​បាន​ជ្រលក់​ជើង​ក្នុង​ប្រេងអូលីវ។ 25រនុកទ្វារ​របស់​អ្នក​ជា​ដែក និង​លង្ហិន ហើយ​សូមឲ្យកម្លាំង​របស់​អ្នក​នៅ​ស្ថិត​ស្ថេរ ដូច​អាយុ​របស់អ្នក​ដែរ។
26ឱ​យេស៊ូរុន​អើយ គ្មាន​អ្នក​ណា​ដូចជា​ព្រះឡើយ ព្រះ‌អង្គ​ជិះ​កាត់​ផ្ទៃ​មេឃ​មក​ជួយ​អ្នក គឺ​យាង​កាត់​ពពក​យ៉ាង​រុង​រឿង។ 27ព្រះ​ដ៏​គង់​នៅ​អស់‌កល្ប​ជានិច្ច ជា​លំនៅ​របស់​អ្នក ហើយ​ព្រះ‌ពាហុ​ដ៏​ជាប់​នៅ​អស់‌កល្ប​ជានិច្ច​ក៏​ទ្រអ្នក។ ព្រះ‌អង្គ​បាន​ច្រាន​ខ្មាំង‌សត្រូវចេញ​ពី​មុខ​អ្នក ហើយ​មាន​ព្រះ‌បន្ទូល​ថា "វិនាស​ទៅ!"។
28ដូច្នេះ អ៊ីស្រា‌អែល​រស់​នៅ​យ៉ាង​សុខ‌សាន្ត ហើយ​ក្បាល​ទឹក​របស់​យ៉ាកុប នោះ​នៅ​តែ​ឯង ក្នុង​ស្រុក​ដែល​មាន​ស្រូវ មាន​ទំពាំង‌បាយ‌ជូរ ឯ​មេឃ​ក៏​ទម្លាក់​ទឹក​សន្សើម​មក​ដែរ។ 29ឱ​អ៊ីស្រា‌អែល​អើយ អ្នក​សប្បាយ​ហើយ តើ​មាន​អ្នក​ឯ​ណា​ដូច​ឯង ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​បាន​សង្គ្រោះ ជា​ខែល​ការ​ពារ​អ្នក ហើយ​ជា​ដាវ​នៃ​សិរី‌ល្អ​របស់​អ្នក! ខ្មាំង‌សត្រូវ​របស់​អ្នក​នឹង​ចុះ​ចូលអ្នក ហើយ​អ្នក​នឹង​ជាន់​លើ​ទី​ខ្ពស់​ៗ​របស់​គេ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in