YouVersion Logo
Search Icon

ចោទិយ‌កថា 34

34
លោក​ម៉ូសេស្លាប់ ហើយបញ្ចុះ​សព​នៅ​ស្រុក​ម៉ូអាប់
1បន្ទាប់មក លោក​ម៉ូសេបាន​ឡើង​ពី​វាល​ទំនាប​ស្រុក​ម៉ូអាប់ ទៅ​ភ្នំ​នេបូរ ត្រង់​ដល់​កំពូល​ពីសកា ដែល​ទល់​មុខ​នឹង​ក្រុង​យេរីខូរ ហើយ​ព្រះ‌យេហូវ៉ាបាន​បង្ហាញឲ្យ​លោក​ឃើញ​ស្រុក​ទាំង​អស់ គឺ​ទឹកដីស្រុក​កាឡាត រហូត​ដល់​ក្រុង​ដាន់ 2ស្រុក​ណែប‌ថាលីទាំង​មូល ស្រុក​អេប្រាអិម និង​ម៉ាណា‌សេ ស្រុក​យូដា​ទាំង​មូល រហូត​ដល់​សមុទ្រ​ខាង​លិច 3តំបន់​ណេកិប និង​តំបន់​វាល​ទំនាប គឺ​ជ្រលង​ភ្នំ​យេរីខូរ ជា​ទី​ក្រុង​ដើម​លម៉ើ រហូត​ដល់​ក្រុង​សូអារ។ 4ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «នេះ​ជា​ស្រុក​ដែល​យើង​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប​ថា "យើង​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជពង្សរបស់​អ្នក" ។ យើង​បាន​ឲ្យ​អ្នក​ឃើញ​ស្រុក​នេះ​ហើយ តែ​អ្នក​មិន​ត្រូវ​ឆ្លង​ទៅ​ឡើយ»។ 5ដូច្នេះ លោក​ម៉ូសេ​ជា​បាវ​បម្រើ​របស់​ព្រះ‌យេហូវ៉ា ក៏​ស្លាប់​នៅ​ទី​នោះ ក្នុង​ស្រុក​ម៉ូអាប់ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា 6ហើយ​ព្រះ‌អង្គ​ក៏​បញ្ចុះ​សព​លោក​នៅ​ជ្រលង​ភ្នំ​មួយ ក្នុង​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​បេត-ពេអរ តែ​រហូត​មក​ដល់​សព្វ​ថ្ងៃ គ្មាន​អ្នក​ណា​ដឹង​កន្លែង​បញ្ចុះ​សព​របស់​លោក​ឡើយ។ 7កាល​លោក​ម៉ូសេ​ស្លាប់ លោក​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ តែ​ភ្នែក​របស់​លោក​មិនបាន​អន់ ហើយ​កម្លាំង​របស់​លោក​ក៏​មិន​បាន​ថយ​ដែរ។ 8ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​យំ​សោក​នឹង​លោក​ម៉ូសេ​អស់​សាម​សិប​ថ្ងៃ នៅ​ត្រង់វាល​ទំនាប​ស្រុក​ម៉ូអាប់។ បន្ទាប់​មក វេលា​កាន់​ទុក្ខ​លោក​ម៉ូសេ​ក៏​ផុត​ទៅ។
9ឯ​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន មាន​ចិត្ត​ពេញ​ដោយ​ប្រាជ្ញា​ញាណ ព្រោះ​លោក​ម៉ូសេ​បាន​ដាក់​ដៃ​លើ​លោក ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ក៏​ស្តាប់​តាមលោក ដោយ​ធ្វើ​តាម​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។
10មិន​ដែល​មាន​ហោរា​ណា​ម្នាក់កើត​ឡើងក្នុង​ស្រុក​អ៊ីស្រា‌អែល​ដូច​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា​ស្គាល់ មុខ​ទល់​មុខ​ឡើយ 11គឺ​ដោយ​អស់​ទាំង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​លោក​ឲ្យ​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ទាស់​នឹង​ផារ៉ោន និង​ពួក​រាជ​បម្រើ​របស់​ព្រះ‌អង្គ និងដល់​ស្រុក​របស់​ព្រះ‌អង្គ​ទាំង​មូល 12ហើយ​ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា និង​ការ​ស្ញែង‌ខ្លាច​យ៉ាង​ធំ ដែល​លោក​បាន​ធ្វើ​នៅ​ចំពោះ​ភ្នែក​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់។:៚

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in