YouVersion Logo
Search Icon

ចោទិយ‌កថា 28

28
ព្រះ​ពរ​នៃ​ការ​ស្ដាប់​បង្គាប់
1«ប្រសិន‌បើ​អ្នក​ខំ​ប្រឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត ព្រម​ទាំង​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​បទ​បញ្ជា ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​លើក​អ្នក​ឡើង​ជា​ខ្ពស់ លើ​អស់​ទាំង​សាសន៍​នៅលើ​ផែន‌ដី។ 2ព្រះ​ពរ​ទាំង​អស់​នេះ​នឹង​ធ្លាក់មក​លើ​អ្នក ហើយ​តាម​អ្នកជាប់ ប្រសិន‌បើអ្នកស្តាប់​តាម​ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។
3អ្នក​នឹង​មាន​ពរ​នៅ​ក្នុង​ក្រុង ហើយ​នឹង​មាន​ពរ​នៅ​ស្រែ​ចម្ការ។
4អ្នកនឹង​មាន​ពរ​ជា​ផល​ដែល​កើត​ពី​ពោះ​របស់​អ្នក ផល​ដែល​កើត​ពី​ដី​របស់​អ្នក និង​ផល​ដែល​កើត​ពី​សត្វ​របស់​អ្នក គឺ​ជា​ផល​ចម្រើន​ពី​ហ្វូង​គោ​របស់​អ្នក និង​កូន​ពីហ្វូង​ចៀម​របស់​អ្នក។
5អ្នកនឹង​មាន​ពរ​ក្នុង​កំប្រោង​របស់​អ្នក និង​ផើង​ម្សៅ​របស់​អ្នក។
6អ្នកនឹង​មាន​ពរ​ក្នុង​កាល​ដែល​អ្នក​ចូល​មក ហើយ​នឹង​មាន​ពរ​ក្នុង​កាល​ដែល​អ្នក​ចេញ​ទៅ។
7ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ខ្មាំង‌សត្រូវ​ដែល​លើក​គ្នា​មក​ទាស់​នឹង​អ្នក ត្រូវ​ចុះ​ចាញ់​នៅ​មុខ​អ្នក គេ​នឹង​ចេញ​មក​ទាស់​នឹង​អ្នក​តាម​ផ្លូវ​មួយ តែ​នឹង​រត់​ទៅ​តាម​ផ្លូវ​ប្រាំពីរ​វិញ ដើម្បី​ឲ្យ​រួច​ពី​មុខអ្នក។ 8ព្រះ‌យេហូវ៉ា​នឹង​បង្គាប់​ឲ្យ​មាន​ពរ​នៅ​លើ​ជង្រុក​របស់​អ្នក និង​ក្នុង​គ្រប់​ទាំង​ការ​ដែល​អ្នក​សម្រេច​បាន។ ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​ពរ​អ្នក នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក។ 9ព្រះ‌យេហូវ៉ា​នឹង​តាំង​អ្នក​ជា​ប្រជា‌រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌អង្គ ដូច​ព្រះ‌អង្គ​បាន​ស្បថ​នឹង​អ្នក ប្រសិន‌បើ​អ្នក​ប្រតិ‌បត្តិ​តាម​អស់​ទាំង​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌អង្គ។ 10ពេល​នោះ គ្រប់​ទាំង​សាសន៍​នៅ​លើ​ផែន‌ដី​នឹង​ឃើញ​ថា អ្នក​មាន​ឈ្មោះ​តាម​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​គេ​នឹង​កោត‌ខ្លាច​អ្នក។ 11ព្រះ‌យេហូវ៉ា​នឹង​ចម្រើន​ឲ្យ​អ្នក​មាន​ជា​បរិបូរ​ឡើង ដោយ​ផល​ដែល​កើត​ពី​ពោះរបស់​អ្នក ផល​ដែល​កើត​ពី​ហ្វូង​សត្វ​របស់​អ្នក និង​ផល​ដែល​កើត​ពី​ដី​របស់​អ្នក នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា បាន​ស្បថ​នឹង​បុព្វ‌បុរស​របស់​អ្នក​ថា នឹង​ឲ្យ​ដល់​អ្នក។ 12ព្រះ‌យេហូវ៉ា​នឹង​បើក​ឃ្លាំង​ដ៏​វិសេស​របស់​ព្រះ‌អង្គ​ឲ្យ​ដល់​អ្នក គឺ​ជា​ផ្ទៃ​មេឃ ឲ្យ​មាន​ភ្លៀង​ធ្លាក់​ដល់​ស្រុក​របស់​អ្នក​តាម​រដូវ​កាល ហើយ​ឲ្យ​ពរ​គ្រប់​ទាំង​កិច្ច‌ការ​ដែល​អ្នក​ដាក់​ដៃ​ធ្វើ។ អ្នក​នឹង​ឲ្យ​សាសន៍​ជា​ច្រើន​ខ្ចី តែ​អ្នក​នឹង​មិន​ខ្ចី​គេ​ឡើយ។ 13ព្រះ‌យេហូវ៉ា​នឹង​តាំង​អ្នក​ជា​ក្បាល មិន​មែន​ជា​កន្ទុយ ហើយ​ឡើង​ខ្ពស់​ជានិច្ច មិន​ដែល​ចុះ​ឡើយ គឺ​ប្រសិន‌បើអ្នក​ស្តាប់​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ដោយ​ប្រយ័ត្ន​នឹងប្រតិបតិ្តតាម 14ហើយ​ប្រសិន‌បើ​អ្នក​មិនងាក​បែរ​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង ចេញ​ពី​ព្រះ‌បន្ទូល​ណា​មួយ ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ រួច​បែរ​ទៅ​តាម​ព្រះ​ដទៃ ហើយ​គោរព​ប្រតិ‌បត្តិដល់​ព្រះ​ទាំង​នោះ»។
ការ​ព្រមាន​ទាស់​នឹង​ការ​មិន​ស្ដាប់​បង្គាប់
15«ប៉ុន្តែ ប្រសិន‌បើ​អ្នក​មិន​ស្តាប់​តាម​ព្រះ‌សូរ​សៀង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​មិន​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​បទ​បញ្ជា និង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ​ទេ នោះ​អស់​ទាំង​បណ្ដា‌សា​នេះ នឹង​ធ្លាក់​មក​លើ​អ្នក ហើយ​តាម​អ្នក​ជាប់។
16អ្នក​នឹង​ត្រូវ​បណ្ដា‌សា​នៅ​ក្នុង​ទី​ក្រុង ហើយ​នឹង​ត្រូវ​បណ្ដា‌សា​នៅ​ស្រែ​ចម្ការ។
17អ្នក​នឹង​ត្រូវ​បណ្ដា‌សា​ក្នុង​កំប្រោង និង​ផើង​ម្សៅ​របស់​អ្នក។
18អ្នក​នឹង​ត្រូវ​បណ្ដា‌សា​លើ​ផល​ដែល​កើត​ពី​ពោះ​របស់​អ្នក លើ​ផល​ដែល​កើត​ពី​ដី​របស់​អ្នក លើ​ផល​ដែល​ចម្រើន​ពី​ហ្វូង​គោ​របស់​អ្នក និងលើកូន​ពី​ហ្វូង​ចៀម​របស់​អ្នក។
19អ្នក​នឹង​ត្រូវ​បណ្ដា‌សា ក្នុង​កាល​ដែល​អ្នក​ចូល​មក ហើយ​នឹង​ត្រូវ​បណ្ដា‌សា ក្នុង​កាល​ដែល​អ្នក​ចេញ​ទៅ។
20ព្រះ‌យេហូវ៉ា​នឹង​ចាត់​បណ្ដា‌សា ភាព​ច្របូក​ច្របល់ និង​សេចក្ដី​ថប់​ព្រួយ​មក​លើ​អ្នក ក្នុង​គ្រប់​ទាំង​ការ​ដែល​អ្នក​សម្រេច​បាន រហូត​ទាល់​តែ​អ្នក​ត្រូវ​បំផ្លាញ ហើយ​វិនាស​ទៅ​យ៉ាង​រហ័ស ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​អ្នក ដែល​អ្នក​បាន​បោះ‌បង់​ចោល​យើង។ 21ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ដល់​អ្នក រហូត​ដល់​អ្នក​វិនាស​សាប​សូន្យ​បាត់​ពី​ស្រុក​ដែល​អ្នក​ចូល​ទៅ​ចាប់​យក​នោះ។ 22ព្រះ‌យេហូវ៉ា​នឹង​វាយ​អ្នក​ដោយ​ជំងឺ​រីងរៃ ជំងឺ​គ្រុន​ក្ដៅ កើត​ពិស ក្តៅ​ខ្លួន​ដូច​ភ្លើង និង​កើត​មាន​ការ​រាំង​ស្ងួត ស្រូវ​ស្កក ហើយ​ក្រាស៊ី។ សេចក្ដី​វេទនា​ទាំង​នេះ​នឹង​ដេញ​តាម​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស។ 23មេឃ​ពី​លើ​ក្បាល​អ្នក​នឹង​ដូច​ជា​បង្ហិន ហើយ​ដី​នៅ​ពី​ក្រោម​អ្នក​នឹង​បាន​ដូច​ជា​ដែក។ 24ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ភ្លៀងទៅ​ជា​ផេះ​ផង់ និង​ធូលី​ដី ធ្លាក់​មក​លើ​ស្រុក​របស់​អ្នក គឺ​ជា​ធូលី​ធ្លាក់​ពី​លើ​មេឃ មក​លើ​អ្នក រហូតទាល់​តែ​អ្នក​វិនាស។
25ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​បាក់​ទ័ព​នៅ​មុខ​ខ្មាំង‌សត្រូវ អ្នក​នឹង​ចេញ​ទៅ​ទាស់​នឹង​គេ​តាម​ផ្លូវមួយ តែ​នឹង​រត់​នៅ​មុខ​គេ​តាម​ផ្លូវ​ប្រាំ​ពីរ ហើយ​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដីនឹងមាន​សេចក្ដី​រន្ធត់ ដោយឮ​ដំណឹង​នេះ។ 26ខ្មោច​របស់​អ្នក​នឹង​បាន​ជា​អាហារ​ដល់​សត្វ​ស្លាប​ហើរ​នៅ​លើ​អាកាស និង​សត្វ​ព្រៃ​ដើរ​លើ​ដី ឥត​មាន​អ្នក​ណា​នឹង​ដេញ​វា​ឡើយ។ 27ព្រះ‌យេហូវ៉ា​នឹង​វាយ​អ្នក ដោយ​បូស​ដែល​កើត​នៅ​ស្រុក​អេស៊ីព្ទ និង​ឫស‌ដូង‌បាត កម​រមាស់ ដែល​មើល​មិន​ជា។ 28ព្រះ‌យេហូវ៉ា​នឹង​វាយ​អ្នក​ឲ្យ​វង្វេង​ស្មារតី ឲ្យ​ខ្វាក់​ភ្នែក ហើយ​ឲ្យ​មាន​គំនិត​ច្របូក​ច្របល់ 29អ្នក​នឹង​ដើរ​ស្ទាប​រក​ផ្លូវ​ទាំង​ថ្ងៃ​ត្រង់ ដូច​មនុស្ស​ខ្វាក់​ស្ទាប​រាវ​រក​ផ្លូវ​ក្នុង​ទី​ងងឹត ហើយ​អ្នក​នឹង​មិន​ចម្រើន​តាម​ផ្លូវ​ប្រព្រឹត្ត​របស់​អ្នក​ឡើយ គេ​នឹង​សង្កត់‌សង្កិន​អ្នក ក៏​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ជានិច្ច គ្មាន​អ្នក​ណា​ជួយ​សោះ។ 30អ្នក​នឹង​ដណ្ដឹង​ប្រពន្ធ តែ​បុរស​ម្នាក់​ទៀត​នឹង​រួម​ដំណេក​ជា‌មួយ​នាង។ អ្នក​នឹង​សង់​ផ្ទះ តែ​មិន​បាន​ឡើង​នៅ​ទេ អ្នក​នឹង​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ តែ​មិន​បាន​បរិ‌ភោគ​ផល​ឡើយ។ 31គេ​នឹង​សម្លាប់​គោ​របស់​អ្នក​នៅ​ចំពោះ​មុខ​អ្នក តែ​អ្នក​មិន​បាន​បរិ‌ភោគ​សោះ គេ​នឹង​កំហែង​យក​លា​ពី​មុខ​អ្នក​ទៅ ឥត​ប្រគល់​មក​វិញ​ឡើយ គេ​នឹង​ឲ្យ​ហ្វូង​ចៀម​របស់​អ្នកទៅ​ខ្មាំង‌សត្រូវ តែ​គ្មាន​អ្នក​ណា​មក​ជួយ​អ្នកសោះ។ 32គេ​នឹង​ឲ្យ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​ទៅ​សាសន៍​ដទៃ ឯ​ភ្នែក​របស់​អ្នក​នឹង​ស្រវាំង​ទៅ ដោយ​នឹក​រឭក ហើយ​សម្លឹង​មើល​ពួក‌គេ​ជានិច្ច តែ​អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ។ 33សាសន៍​មួយ​ដែល​អ្នក​មិន​ស្គាល់ គេ​នឹង​ស៊ី​ផល​ពី​ដី និងពី​ការ​នឿយ​ហត់​របស់​អ្នក​ទាំង​អស់ អ្នក​នឹង​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ជិះ‌ជាន់​ជា‌និច្ច 34ដល់​ម៉្លេះ​បាន​ជា​អ្នក​វង្វេង​ស្មារតី ដោយ​អស់​ទាំង​ការ​ដែល​អ្នក​ឃើញ​នឹង​ភ្នែក។ 35ព្រះ‌យេហូវ៉ា​នឹង​វាយ​អ្នក​នៅ​ត្រង់​ក្បាល​ជង្គង់ ហើយ​នៅ​ត្រង់​ជើង ឲ្យ​កើត​មាន​ដំបៅ​កាច​អាក្រក់ មើល​មិន​ជា ចាប់​ពី​បាត​ជើង​រហូត​ដល់​ក្រយៅ​ក្បាល។
36ព្រះ‌យេហូវ៉ា​នឹង​នាំ​អ្នក និង​ស្តេច​ដែល​អ្នក​តាំង​ឡើង​ឲ្យ​សោយ​រាជ្យ​លើ​អ្នក ទៅ​កាន់សាសន៍​មួយ​ទៀត ដែល​អ្នក និង​ដូន​តា​របស់​អ្នក​មិន​ដែល​បាន​ស្គាល់។ នៅ​ស្រុក​នោះ អ្នក​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ ដែល​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។ 37អ្នក​នឹង​ត្រឡប់​ទៅ​ជា​ទី​គួរ​ឲ្យ​រន្ធត់ ជា​ទី​ប្រៀប‌ធៀប និង​ជា​ទី​ដំណៀល ក្នុងចំណោម​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​នឹង​នាំ​អ្នកចេញ​ទៅ។
38អ្នក​នឹង​នាំ​យក​ពូជ​ពង្រោះ​ជា​ច្រើន ទៅ​សាប‌ព្រោះ​នៅ​ក្នុង​ស្រែ​របស់​អ្នក តែ​នឹង​ច្រូត​បាន​បន្តិច​បន្តួច ដ្បិត​កណ្តូប​នឹងស៊ី​បំផ្លាញ​អស់។ 39អ្នក​នឹង​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​ខំ​ថែ​រក្សា តែ​មិន​បាន​ផឹក​ស្រាទំពាំង​បាយ​ជូរ ក៏​មិន​បាន​បេះ​ផ្លែ​ផង ដ្បិត​ដង្កូវ​នឹង​ស៊ី​អស់។ 40អ្នក​នឹង​មាន​ដើម​អូលីវ នៅ​ពេញ​ស្រុក​របស់​អ្នក តែ​នឹង​គ្មាន​ប្រេង​លាប​ខ្លួន​សោះ ដ្បិតផ្លែ​អូលីវ​នឹង​ជ្រុះ​អស់។ 41អ្នក​នឹង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី តែ​មិន​បាន​នៅ​ជា​កូន​របស់​អ្នក​ទេ ដ្បិតសត្រូវ​នឹង​នាំ​ពួក‌គេ​ទៅ​ជា​ឈ្លើយ។ 42អស់​ទាំង​ដើម​ឈើ និង​ផល​ផ្លែ​ដែល​កើត​ពី​ដី​របស់​អ្នក នឹង​បាន​ជា​ចំណី​របស់​សត្វ​កណ្តូប។ 43អ្នក​ប្រទេស​ក្រៅ​ដែល​នៅ​ជា​មួយ នឹង​ឡើង​ជាង​អ្នក កាន់​តែ​ខ្ពស់​ទៅៗ ហើយ​អ្នក​នឹង​ចុះកាន់​តែ​ទាប​ទៅៗ។ 44គេ​នឹង​ឲ្យ​អ្នក​ខ្ចី តែ​អ្នក​មិន​បាន​ឲ្យ​គេ​ខ្ចី​ទេ គេ​នឹង​ធ្វើ​ជា​ក្បាល ហើយ​អ្នក​នឹង​ទៅ​ជា​កន្ទុយ​វិញ។
45អស់​ទាំង​បណ្ដា‌សា​នេះ នឹង​ធ្លាក់​មក​លើ​អ្នក ដេញ​តាម​អ្នក ហើយ​ទាន់​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស ព្រោះ​អ្នក​មិន​បាន​ស្តាប់​តាម​ព្រះ​សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដើម្បី​កាន់​តាម​បទ​បញ្ជា និង​ច្បាប់​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​បង្គាប់​អ្នក។ 46សេចក្ដី​ទាំង​នោះ​នឹង​នៅ​ជាប់​លើ​អ្នក និង​លើ​ពូជ​ពង្ស​របស់​អ្នក ជា​ទី​សម្គាល់ និង​ជា​ទី​អស្ចារ្យ​រហូត​តទៅ។
47ដោយ​ព្រោះ​តែ​អ្នក​មិន​បាន​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ចិត្ត​អរ​សប្បាយ នៅ​ពេល​អ្វីៗ​ទាំង​អស់​មាន​បរិបូរ 48នោះ​អ្នក​ត្រូវ​បម្រើ​ខ្មាំង‌សត្រូវ ដែល​ព្រះ‌យេហូវ៉ា​នឹង​ចាត់​ឲ្យ​មក​ទាស់​នឹង​អ្នក គឺ​អ្នក​នឹង​បម្រើ​គេ​ទាំង​ស្រេក​ឃ្លាន ទាំង​អា‌ក្រាត ហើយ​ខ្វះ‌ខាត​អ្វីៗ​ទាំង​អស់។ ព្រះ‌អង្គ​នឹង​បំពាក់​នឹម​ដែក​លើកអ្នក រហូត​ទាល់​តែ​អ្នក​វិនាស។ 49ព្រះ‌យេហូវ៉ា​នឹង​នាំ​សាសន៍​មួយ​ពី​ចម្ងាយ គឺ​ពី​ចុង​ផែន‌ដី​មក ដូច​ជា​ឥន្ទ្រី​ហើរ ជា​សាសន៍​ដែល​អ្នក​ស្តាប់​ភាសា​គេ​មិន​បាន 50ជា​សាសន៍​មាន​ទឹក​មុខ​សាហាវ ដែល​មិន​យល់​ដល់​មនុស្ស​ចាស់ ក៏​គ្មាន​ចិត្ត​មេត្តាដល់​កូនក្មេងដែរ។ 51គេ​នឹង​ស៊ី​ផល​ដែលកើត​ពី​ហ្វូង​សត្វ​របស់​អ្នក និង​ផល​ដែល​កើត​ពី​ដី​របស់អ្នក រហូត​ទាល់​តែ​អ្នក​វិនាស។ គេ​មិន​ទុក​ឲ្យ​អ្នក​មាន​ស្រូវ ឬ​ទឹក​ទំពាំង‌បាយ‌ជូរ ឬ​ប្រេង ឬ​ផល​ចម្រើន​ពី​ហ្វូង​គោ​របស់​អ្នក កូន​ពី​ហ្វូង​ចៀម​របស់​អ្នកឡើយ រហូត​ដល់​គេ​បាន​ធ្វើ​ឲ្យ​អ្នក​វិនាស។ 52គេ​នឹង​ឡោម​ព័ទ្ធ​អ្នក​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​របស់​អ្នក រហូត​ទាល់​តែ​កំផែង​ខ្ពស់ ហើយ​មាំ‌មួន ដែល​អ្នក​យក​ជា​ទី​ពឹង​នោះ បាន​រលំ​នៅ​ពេញ​ក្នុង​ស្រុក​របស់​អ្នក។ គេ​នឹង​ឡោម‌ព័ទ្ធ​អ្នក​នៅ​ក្នុង​ទី​ក្រុង​ទាំង​អស់ ពាស​ពេញ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ឲ្យ​អ្នក។ 53ក្នុង​ពេល​គេ​ឡោម‌ព័ទ្ធ​អ្នក​ជុំ‌វិញ និង​ក្នុង​គ្រា​ដែល​មាន​សេចក្ដី​លំបាក ដែល​ខ្មាំង‌សត្រូវ​នឹង​ធ្វើ​ទុក្ខ​អ្នក នោះ​អ្នក​នឹង​បរិ‌ភោគ​ផល​ដែល​កើត​ចេញ​ពី​ពោះ​របស់​អ្នក គឺ​ជា​សាច់​របស់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ឲ្យ​អ្នក។ 54បុរស​ណា​ដែល​មាន​ចិត្ត​ទន់​ភ្លន់​ជាង​គេ ហើយ​មាន​ចិត្ត​ថ្នម​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​នឹង​ត្រឡប់​ជា​មាន​ភ្នែក​អាក្រក់​ដល់​បង​ប្អូន​របស់​ខ្លួន ដល់​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន និង​ដល់​កូន​របស់​ខ្លួន​ដែល​នៅ​សេស‌សល់ 55រហូត​ដល់​គេ​មិន​ព្រម​ចែក​សាច់​កូន​របស់​ខ្លួន ដែល​កំពុង​តែ​បរិ‌ភោគ ឲ្យ​អ្នក​ណា​ម្នាក់​ឡើយ ដោយ​ព្រោះ​គ្មាន​អ្វី​សេស‌សល់ ក្នុង​គ្រា​ដែល​ខ្មាំង‌សត្រូវ​របស់​អ្នក​ឡោម​ព័ទ្ធ​ជុំ‌វិញ និងគ្រា​ដែល​អ្នកជួប​លំបាក ដោយ​គេ​ធ្វើ​ទុក្ខ​អ្នក​នៅ​គ្រប់​ទាំង​ទី​ក្រុង​របស់​អ្នក។ 56ស្ត្រី​ណា​ដែល​មាន​ចិត្ត​ទន់​ភ្លន់ ហើយ​មាន​ចិត្ត​ថ្នម​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ជា​ស្ត្រី​ដែល​មិន​ដែល​ទាំង​ដាក់​បាត​ជើង​ដល់​ដី​ផង ដោយ​ព្រោះ​នាង​ទន់‌ភ្លន់ ហើយ​ថ្នម​ខ្លួន នោះ​នឹង​មាន​ភ្នែក​អាក្រក់​ដល់​ប្តី​ជា​ទី​ស្រឡាញ់​របស់​ខ្លួន និង​ដល់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន 57កូន​ខ្ចី​ដែល​ទើប​នឹង​ចេញ​ពី​ផ្ទៃ​របស់​នាង និង​កូន​ដែល​នឹង​សម្រាល​ទៀត​ផង ដ្បិត​នាង​នឹង​បរិ‌ភោគ​វា​ដោយ​សម្ងាត់ ដោយ​ព្រោះ​គ្មាន​អ្វី​សោះ ក្នុង​គ្រា​ដែល​ខ្មាំង‌សត្រូវ​ឡោម​ព័ទ្ធ​ជុំ‌វិញ និង​ក្នុង​គ្រា​ដែល​ជួប​លំបាក ដោយ​គេ​ធ្វើ​ទុក្ខ​អ្នក នៅ​ក្នុង​ក្រុង​របស់​អ្នក។
58ប្រសិន‌បើ​អ្នក​មិន​ប្រយ័ត្ន​ធ្វើ​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​នេះ ដើម្បី​ឲ្យ​អ្នក​បាន​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ដ៏​មាន​សិរី‌ល្អ និង​គួរ​ស្ញែង‌ខ្លាច​នេះ គឺព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក 59នោះ​ព្រះ‌យេហូវ៉ា​នឹង​ទម្លាក់​សេចក្ដី​វេទនាយ៉ាង​ចំឡែកមក​លើ​អ្នក និង​ពូជ​ពង្ស​របស់​អ្នក គឺជា​សេចក្ដី​វេទនា​យ៉ាង​ធំ ហើយ​នៅ​ជាប់​ជា​យូរ និង​ជំងឺ​ធ្ងន់ៗ ហើយ​នៅ​ជាប់​ជា​យូរ។ 60ព្រះ‌អង្គ​នឹង​ទម្លាក់​អស់​ទាំង​ជំងឺ​របស់​ស្រុក​អេស៊ីព្ទ ដែល​អ្នក​បាន​ខ្លាច​នោះ ហើយ​ជំងឺ​ទាំង​នោះ​នឹង​នៅ​ជាប់​ជា‌មួយ​អ្នក។ 61ព្រះ‌យេហូវ៉ា​ក៏​នឹង​ទម្លាក់​គ្រប់​ទាំង​ជំងឺ និង​គ្រប់​ទាំង​សេចក្ដី​វេទនា ដែល​មិន​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ រហូតទាល់​តែ​អ្នក​វិនាស​អស់។ 62ទោះ​ពី​ដើមអ្នក​រាល់​គ្នា​មាន​គ្នា​ច្រើន ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ​ក៏​ដោយ គង់​តែ​នឹង​នៅ​សល់​តែ​បន្តិច​ទេ ព្រោះ​អ្នក​មិន​បាន​ស្តាប់​តាម​ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ 63ព្រះ‌យេហូវ៉ាសព្វ​ព្រះ‌ហឫ‌ទ័យ​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ល្អ ហើយ​ចម្រើន​អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ឡើង​យ៉ាង​ណា នោះ​ព្រះ‌យេហូវ៉ា​ក៏​នឹង​សព្វ​ព្រះ‌ហឫ‌ទ័យ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស ហើយ​បំផ្លាញ​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ដក​ចេញ​ពី​ស្រុក​ដែល​អ្នក​នឹង​ចូល​ទៅ​ចាប់​យក​នោះ។ 64ព្រះ‌យេហូវ៉ា​នឹង​កម្ចាត់​កម្ចាយ​អ្នក ឲ្យ​ទៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ពី​ចុង​ផែន‌ដី​ម្ខាង រហូត​ដល់​ចុង​ផែន‌ដី​ម្ខាង។ នៅ​ទី​នោះ អ្នក​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ដែល​អ្នក និង​ដូនតា​របស់​អ្នក​មិន​ដែល​ស្គាល់។ 65ក្នុង​ចំណោម​សាសន៍​ទាំង​នោះ អ្នក​នឹង​រក​សេចក្ដី​ស្រាក​ស្រាន្ត​មិន​បាន ក៏​នឹង​គ្មាន​កន្លែង​សម្រាក​សម្រាប់​បាត​ជើង​របស់​អ្នក​ដែរ គឺ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ចិត្ត​អ្នក​ញ័រ​រន្ធត់ ឲ្យ​ភ្នែក​អ្នក​ស្រវាំង​ទៅ ហើយ​ឲ្យ​ព្រលឹង​អ្នក​ព្រួយ​លំបាក។ 66ជីវិត​របស់​អ្នកនឹង​គ្មាន​ទី​កំណត់នៅ​ខាង​មុខ​អ្នក អ្នក​នឹង​ចេះ​តែ​ភ័យ​ខ្លាច​ទាំង​យប់​ទាំង​ថ្ងៃ ឥត​មាន​សង្ឃឹម​នឹង​រស់​នៅ​ឡើយ។ 67នៅ​ពេល​ព្រឹក អ្នក​នឹង​ពោល​ថា "ឱ​សូមឲ្យ​ល្ងាច​ឆាប់​មក​ដល់!" ហើយ​ដល់​ពេល​ល្ងាច នោះអ្នក​នឹង​ពោល​ថា "ឱ​សូម​ឲ្យ​ព្រឹក​ឆាប់​មក​ដល់!" ព្រោះ​តែ​សេចក្ដី​ភិត‌ភ័យ​នៅ​ក្នុង​ចិត្ត​របស់​អ្នក ដែល​នាំ​ឲ្យ​អ្នក​ខ្លាច ហើយ​ព្រោះ​តែ​ការ​ដែល​ភ្នែក​របស់​អ្នក​នឹង​ឃើញ។ 68ព្រះ‌យេហូវ៉ា​នឹង​នាំ​អ្នក​ទៅ​ស្រុក​អេស៊ីព្ទ​វិញ​តាម​នាវា តាម​ផ្លូវ​ដែលខ្ញុំ​បាន​ប្រាប់​អ្នក​ថា អ្នក​នឹង​មិន​ឃើញ​ផ្លូវ​នោះ​ទៀត​ឡើយ រួច​នៅ​ស្រុក​នោះ អ្នក​នឹង​ខំ​លក់​ខ្លួន​ទៅ​ឲ្យ​ខ្មាំង‌សត្រូវ ដើម្បី​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​របស់​គេ តែ​នឹង​គ្មាន​អ្នក​ណា​ទិញ​សោះ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in