YouVersion Logo
Search Icon

ចោទិយ‌កថា 29

29
1 នេះ​ជា​ពាក្យ​នៃ​សេចក្ដី‌សញ្ញា ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​លោក​ម៉ូសេ​តាំង​ជា‌មួយ​ប្រជា‌ជន​អ៊ីស្រា‌អែល​នៅ​ស្រុក​ម៉ូអាប់ ក្រៅ​ពី​សេចក្ដី‌សញ្ញា​ដែល​ព្រះ‌អង្គ​បាន​តាំង​ជា‌មួយ​ពួក‌គេ នៅ​ភ្នំ​ហោរែប។
ការតាំង​សេចក្ដី‌សញ្ញា​ជា​ថ្មី​នៅ​ស្រុក​ម៉ូអាប់
2 លោក​ម៉ូសេបាន​កោះ​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​មក ហើយ​ប្រាប់​គេថា៖ «អ្នក​រាល់​គ្នា​បាន​ឃើញ​គ្រប់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ​ដល់​ផារ៉ោន ដល់​ពួក​មហា‌តលិក និងដល់​ស្រុក​ទ្រង់​ទាំង​មូល នៅ​ចំពោះ​មុខ​អ្នករាល់​គ្នា​ហើយ 3គឺ​អស់​ទាំង​ការ​ល្បង​យ៉ាង​ធំ ដែល​ភ្នែក​របស់​អ្នក​បាន​ឃើញ ព្រម​ទាំង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ដ៏​ធំ​ផង។ 4ប៉ុន្តែ លុះ​មក​ដល់​សព្វ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​មិន​បាន​ប្រទាន ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​យល់ ឬ​ភ្នែក​ដែល​មើល​ឃើញ ឬ​ត្រចៀក​ដែល​ស្តាប់​ឮ​នៅ​ឡើយ។ 5យើង​បាន​នាំ​អ្នក​រាល់​គ្នា​ក្នុង​ទី​រហោ‌ស្ថាន​អស់​សែ​សិប​ឆ្នាំ​ហើយ ឯ​សម្លៀក‌បំពាក់​របស់​អ្នក នោះ​មិន​បានសឹក​នៅ​លើ​ខ្លួន​សោះ ហើយ​ស្បែក​ជើង​របស់​អ្នក​ក៏​មិន​បាន​សឹក​ដែរ 6អ្នក​រាល់​គ្នា​មិន​បាន​បរិ‌ភោគ​នំបុ័ង ឬ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​សោះ ដើម្បី​ឲ្យ​បាន​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក 7ពេលអ្នក​រាល់​គ្នា​បាន​មក​ដល់​ទី​នេះ នោះ​ស៊ីហុន​ជា​ស្តេច​ក្រុង​ហែសបូន និង​អុក​ជា​ស្តេច​ស្រុក​បាសាន បាន​ចេញ​មក​ច្បាំង​នឹង​យើង ហើយ​យើង​ក៏​បាន​វាយ​ឈ្នះ​គេ។ 8យើង​បាន​ចាប់​យក​ស្រុក​គេ ក៏​ចែក​ជា​មត៌ក​ដល់​ពួក​រូបេន ពួក​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង។ 9ដូច្នេះ ចូរ​កាន់ ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​នៃ​សេចក្ដីសញ្ញា​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នាបាន​ចម្រើន​ឡើង ក្នុង​គ្រប់​ទាំង​ការ​ដែល​អ្នក​ធ្វើ។
10នៅ​ថ្ងៃ​នេះ អ្នក​ទាំង​អស់​គ្នា​កំពុង​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក គឺ​ពួក​មេ​នៃ​កុល‌សម្ព័ន្ធ​របស់​អ្នក ពួក​ចាស់‌ទុំ​របស់​អ្នក ពួក​នាយក​របស់​អ្នក បុរស​អ៊ីស្រា‌អែល​ទាំង​អស់ 11ពួក​កូន​តូចៗ​របស់​អ្នក ប្រពន្ធ​របស់​អ្នក និង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​នៅ​ក្នុង​ជំរំ​អ្នក តាំង​ពី​អ្នកពុះ​ឧស រហូត​ទៅ​ដល់​អ្នក​ដែល​ដង​ទឹក​ឲ្យ​អ្នក 12ត្រូវ​ចុះ​សញ្ញា​ជា‌មួយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក និង​សម្បថ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​ស្បថ​នឹង​អ្នក​នៅ​ថ្ងៃ​នេះ 13ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​តាំង​អ្នក​ទុក​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​នៅ​ថ្ងៃ​នេះ ហើយ​ឲ្យ​ព្រះ‌អង្គ​បាន​ធ្វើ​ជា​ព្រះ​របស់​អ្នក ដូច​ព្រះ‌អង្គ​បាន​សន្យា​នឹង​អ្នក ដូច​ព្រះ‌អង្គ​បាន​ស្បថ​នឹង​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វ‌បុរស​របស់​អ្នក។ 14យើង​តាំង​សេចក្ដី‌សញ្ញា និង​សម្បថ​នេះ មិន​មែន​តែ​ជា‌មួយ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ទេ 15គឺ​ជា‌មួយ​អ្នក​ដែល​ឈរ​នៅ​ទី​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង នៅ​ថ្ងៃ​នេះ និង​ជា‌មួយ​អ្នក​ដែល​មិន​នៅ​ទី​នេះ នៅ​ថ្ងៃ​នេះ​ផងដែរ។ 16អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា យើង​ធ្លាប់​រស់​នៅ​ស្រុក​អេស៊ីព្ទ ហើយ​យើង​ឆ្លង​កាត់​កណ្ដាល​សាសន៍​នានា​ដោយ​របៀប​ណា។ 17អ្នក​រាល់​គ្នា​បាន​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម​របស់​គេ និង​ព្រះ​ដែល​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ពី​ប្រាក់ និង​ពី​មាស នៅ​ក្នុង​ចំណោម​ពួក‌គេ​ហើយ។ 18ចូរ​ប្រយ័ត្ន​ក្រែង​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នានៅ​ថ្ងៃ​នេះ មាន​បុរស ឬ​ស្រ្ដី​ណា ឬ​ពូជ​អំបូរ​ណា ឬ​កុល‌សម្ព័ន្ធ​ណា ដែល​មាន​ចិត្ត​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង ទៅ​គោរព​បម្រើ​ព្រះ​របស់​សាសន៍​ទាំង​នោះ។ ចូរ​ប្រយ័ត្ន​ក្រែង​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ឫស​ណា​ដែល​បង្កើត​ជាតិ​ពុល និង​ផ្លែ​ល្វីង​ជូរ​ចត់ 19ជា​អ្នក​ដែល​កាល​ណា​ខ្លួន​ឮ​ពាក្យ​សម្បថ​នេះ រួច​ឲ្យ​ពរ​ដល់​ខ្លួន​នៅ​ក្នុង​ចិត្ត​ថា "ខ្ញុំ​នឹង​មាន​សេចក្ដី​សុខ ទោះ​បើ​ខ្ញុំ​ដើរ​តាម​ចិត្ត​រឹង‌ចចេស​របស់​ខ្ញុំ​ក៏​ដោយ"។ យ៉ាង​នេះ​នឹង​នាំ​ឲ្យ​អន្តរាយ​ដូច​គ្នា ទាំង​មនុស្ស​ល្អ ទាំង​មនុស្ស​អាក្រក់។ 20ព្រះ‌យេហូវ៉ា​នឹង​មិន​អត់​ទោស​អ្នក​នោះ​ឡើយ គឺ​សេចក្ដី‌ខ្ញាល់ និង​សេចក្ដី​ប្រចណ្ឌ​របស់​ព្រះ‌យេហូវ៉ា នឹង​ហុយ​ឡើង​ទាស់​នឹង​អ្នក​នោះ ហើយ​គ្រប់​ទាំង​បណ្ដា‌សា​ដែល​បាន​កត់​ក្នុង​គម្ពីរ​នេះ នឹង​នៅ​ជាប់​លើ​អ្នក​នោះ រួច​ព្រះ‌យេហូវ៉ា​នឹង​លុប​ឈ្មោះ​គេ​ចេញ​ពី​ក្រោម​មេឃ។ 21ព្រះ‌យេហូវ៉ា​នឹង​ញែក​អ្នក​នោះ ចេញ​ពី​គ្រប់​កុល‌សម្ព័ន្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល សម្រាប់​សេចក្ដី​អាក្រក់ តាម​អស់​ទាំង​ពាក្យ​បណ្ដា‌សា​នៃ​សេចក្ដី‌សញ្ញា​ដែល​ចែង​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ។ 22ឯ​តំណ​មនុស្ស​ក្រោយ​មក គឺ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដែល​នឹង​កើត​ត​ពីអ្នក និង​ពួក​អ្នក​ដទៃ​ដែល​មក​ពី​ស្រុក​ឆ្ងាយ កាល​ណា​គេ​ឃើញ​សេចក្ដី​វេទនា​នៅ​ស្រុក​នោះ និង​ជំងឺ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ឈឺ 23គឺ​ស្រុក​ទាំង​មូល​ត្រូវ​ឆេះ​ដោយ​ស្ពាន់‌ធ័រ និង​អំបិល គ្មាន​អ្វី​បាន​សាប‌ព្រោះ គ្មាន​អ្វី​បាន​លូត‌លាស់ គ្មាន​រុក្ខ‌ជាតិ​ណា​ចេញ​ពន្លក ហើយ​ត្រូវ​បំផ្លាញ​ដូច​នៅ​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា ក្រុង​អាត់ម៉ា និងក្រុង​សេបោម​ដែរ ជា​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ ដោយ​សេចក្ដី‌ខ្ញាល់ និង​សេចក្ដី‌ក្រោធ​របស់​ព្រះ‌អង្គ 24នោះ​អស់​ទាំង​សាសន៍​នឹង​ពោល​ថា "ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ប្រព្រឹត្ត​ដូច្នេះ​ដល់​ស្រុក​នេះ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ខ្ញាល់​ខ្លាំង​បែប​នេះ?" 25នោះ​គេ​នឹង​ឆ្លើយ​ថា "គឺ​ដោយ​ព្រោះ​តែ​គេ​បាន​បោះ‌បង់​ចោល​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​គេ ដែល​ព្រះ‌អង្គ​បាន​តាំង​នឹង​គេ នៅ​ពេល​ព្រះ‌អង្គ​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ 26គេ​បាន​បែរ​ទៅ​ជា​គោរព​ប្រតិ‌បត្តិ ហើយ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ ហើយ​ជា​ព្រះ​ដែល​ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​ពួក‌គេ​ថ្វាយ‌បង្គំ។ 27ហេតុ​នេះ​ហើយបាន​ជា​សេចក្ដី‌ក្រោធ​របស់​ព្រះ‌យេហូវ៉ា​បាន​ឆួល​ឡើង​ទាស់​នឹង​ស្រុក​នេះ ហើយ​ទម្លាក់​អស់​ទាំង​បណ្ដា‌សា​ដែល​បាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ មក​លើ​ពួក‌គេ 28ព្រះ‌យេហូវ៉ា​បាន​រំលើង​គេចេញ​ពី​ស្រុក ដោយ​សេចក្ដី‌ខ្ញាល់ សេចក្ដី​ឃោរ‌ឃៅ និង​សេចក្ដី‌ក្រោធ​ជា​ខ្លាំង ហើយ​បាន​បោះ​គេ​ចោល​ទៅ​ក្នុង​ស្រុក​មួយ​ទៀត ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ" 29សេចក្ដី​លាក់​កំបាំង នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​រាល់​គ្នា តែ​សេចក្ដី​ដែល​បាន​បើក​សម្ដែង​មក នោះ​ស្រេច​នៅ​យើង​រាល់​គ្នា និង​កូន​ចៅ​របស់​យើង​ជា​រៀង​រហូត ដើម្បី​ឲ្យ​យើង​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in