YouVersion Logo
Search Icon

ចោទិយ‌កថា 15

15
ច្បាប់​ស្ដី​អំពី​ឆ្នាំ​សប្ប័ទ
1«ប្រាំ​ពីរ​ឆ្នាំ​ម្ដង គឺ​នៅ​ចុង​ឆ្នាំ អ្នក​ត្រូវ​ដោះ​លែង​បំណុល។ 2នេះ​ជា​របៀប​ដោះ​លែង​បំណុល គ្រប់​ទាំង​ម្ចាស់​បំណុល ត្រូវ​តែ​លើក​លែង​បំណុល​ដែល​ខ្លួន​បាន​ឲ្យ​អ្នក​ជិត​ខាង​ខ្ចី មិន​ត្រូវ​ទារ​ពី​អ្នក​ជិត​ខាង ឬ​ពី​បង​ប្អូន​របស់​ខ្លួន​វិញ​ឡើយ ព្រោះ​ការ​ដោះ​លែង​របស់​ព្រះ‌យេហូវ៉ា បាន​ប្រកាស​ចេញ​ហើយ។ 3អ្នកអាច​ទារ​បំណុល​ពី​អ្នក​ប្រទេស​ក្រៅ​បាន តែ​បំណុល​ដែល​បង​ប្អូន​រួម​ជាតិ​របស់​អ្នក​ជំពាក់​អ្នក នោះ​ត្រូវ​លើក​លែង​ចេញ។ 4ប៉ុន្តែ នឹង​គ្មាន​អ្នក‌ក្រ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​ពរ​អ្នក នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​កាន់​កាប់​ទុក​ជា​មតរក 5ប្រសិន‌បើ​អ្នក​គ្រាន់​តែ​ប្រឹង​នឹង​ស្តាប់​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត ហើយ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន ដែលខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។ 6ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នឹង​ប្រទាន​ពរ​អ្នក ដូច​ព្រះ‌អង្គ​បាន​សន្យា​ជា‌មួយ​អ្នក គឺ​អ្នក​នឹង​ឲ្យ​សាសន៍​ជា​ច្រើន​ខ្ចី ឥត​មាន​ខ្ចី​ពី​គេ​វិញ​ឡើយ ហើយ​អ្នក​នឹង​ត្រួត‌ត្រា​លើ​សាសន៍​ជា​ច្រើន តែ​គេ​មិន​ត្រូវ​ត្រួត‌ត្រា​លើ​អ្នក​ទេ។
7ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ធ្លាក់​ខ្លួន​ក្រ នៅ​ក្រុង​ណា​មួយ​នៃ​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ឲ្យ​អ្នក នោះ​មិន​ត្រូវ​តាំង​ចិត្ត​រឹង ឬ​ក្តាប់​ដៃ​នឹង​បង​ប្អូន​ដែល​ក្រ​នោះ​ឡើយ 8គឺ​ត្រូវ​ឲ្យ​លា​ដៃ​ជួយ​គាត់​វិញ ហើយ​ឲ្យ​គាត់​ខ្ចី​អ្វី​តាម​ដែល​គាត់​ត្រូវ​ការ ល្មម​នឹង​ចំនួន​ដែល​គាត់​ត្រូវ​ការ​នោះ​ចុះ ។ 9ចូរ​ប្រយ័ត្ន កុំ​ឲ្យ​មាន​គំនិត​អាក្រក់​នៅ​ក្នុង​ចិត្ត ហើយ​គិត​ថា "ឆ្នាំ​ទី​ប្រាំពីរ ជា​ឆ្នាំ​ដែល​ត្រូវ​លើក​លែងជិត​មក​ដល់​ហើយ" ហើយ​អ្នក​មើល​ទៅ​បង​ប្អូន​ដែល​ក្រ​នោះ​ដោយ​គ្មាន​ចិត្ត​មេត្ដា ឥត​មាន​ឲ្យ​អ្វី​ដល់​គេ​សោះ ពេល​គេ​ទូល​ដល់​ព្រះ‌យេហូវ៉ា​ទាស់​នឹង​អ្នក នោះ​អ្នក​នឹង​មាន​បាប​មិន​ខាន។ 10ត្រូវ​ឲ្យ​ទៅ​គាត់​ដោយ​ឥត​ទើស​ទាល់ ហើយ​មិន​ត្រូវ​មាន​ចិត្ត​មួហ្មង​ឡើយ ដ្បិត​បើ​ប្រព្រឹត្ត​ដូច្នោះ នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នឹង​ប្រទាន​ពរ​អ្នក ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​របស់​អ្នក និង​ក្នុង​គ្រប់​ទាំង​ការ​ដែល​អ្នក​សម្រេច​បាន។ 11ដ្បិត​មិន​ដែល​ខាន​នឹង​មាន​អ្នក​ក្រ​នៅ​ក្នុង​ស្រុក​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​ថា "ត្រូវ​លា​ដៃ​ដល់​បង​ប្អូន​របស់​អ្នក ដល់​អ្នក​ខ្វះ​ខាត និង​អ្នក​ក្រី​ក្រ នៅ​ក្នុង​ស្រុក​របស់​អ្នក​កុំ​ខាន"។
12ប្រសិន‌បើ​បង​ប្អូន​ប្រុស ឬ​ស្រី​របស់​អ្នក ដែល​ជា​សាសន៍​ហេព្រើរ មក​លក់​ខ្លួន​ឲ្យ​អ្នក អ្នក​នោះ​ត្រូវ​បម្រើ​អ្នក​ប្រាំ​មួយ​ឆ្នាំ ហើយ​នៅ​ឆ្នាំ​ទីប្រាំពីរ ត្រូវដោះ​លែង​គេ​ឲ្យ​ទៅ​វិញ​ចុះ។ 13ប៉ុន្តែ ពេល​អ្នក​ដោះ​លែង​បាវ​ប្រុស ឲ្យ​ទៅ មិន​ត្រូវ​ឲ្យ​គេ​ទៅ​វិញ​ដោយ​ដៃ​ទទេ​ឡើយ។ 14ត្រូវ​ផ្គត់‌ផ្គង់​ឲ្យ​គេ​ដោយ​សទ្ធា គឺ​ជា​សត្វ​ពី​ហ្វូង​ចៀម ស្រូវ​ពី​ទី‌លាន និង​ស្រា​ទំពាំង​បាយ​ជូរ​ពី​ធុង​ឃ្នាង​របស់​អ្នក​ផង។ ត្រូវ​ឲ្យ​ដល់​គេ តាម​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ពរ​អ្នក។ 15ត្រូវ​នឹក​ចាំ​ថា ពី​ដើម​អ្នក​ក៏​ជា​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​លោះ​អ្នក ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​ដូច្នេះ​ដល់​អ្នក​នៅ​ថ្ងៃ​នេះ។ 16ប៉ុន្តែ ប្រសិន‌បើ​គេ​និយាយ​មក​កាន់​អ្នក​ថា "ខ្ញុំ​មិនចង់​ចេញ​ពី​អ្នក​ទេ" ព្រោះ​គេ​ស្រឡាញ់​អ្នក និង​គ្រួសារ​របស់​អ្នក ដោយ​សារ​គេ​រស់​នៅ​ស្រួល​ជា‌មួយ​អ្នក 17នោះ​ត្រូវ​ឲ្យ​យក​ដែក​ចោះ មកចោះ​ត្រចៀក​គេ​ផ្ទាប់​នឹង​ទ្វារ រួច​គេ​នឹង​ធ្វើ​ជា​បាវ​បម្រើ​របស់​អ្នក​រហូត​ត​ទៅ ហើយ​បាវ​បម្រើ​ស្រី​របស់​អ្នក​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ។
18មិន​ត្រូវ​ឲ្យ​មាន​ចិត្ត​ពិបាក នៅ​ពេល​ដោះ​លែង​គេ​ឲ្យ​ចេញ​ទៅ​នោះ​ឡើយ ដ្បិត​គេ​បាន​នៅ​បម្រើ​អ្នក​អស់​ប្រាំ​មួយ​ឆ្នាំ ជា​ការ​បម្រើ​លើស​ជាង​កិច្ច‌ការ​របស់​ជើង​ឈ្នួល មួយ​ជា​ពីរ​ផង។ ដូច្នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នឹង​ប្រទាន​ពរ​អ្នក ក្នុង​គ្រប់​ការ​ដែល​អ្នក​ធ្វើ» ។
កូន​ដំបូង​របស់​សត្វ
19«ក្នុង​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក នោះ​អស់​ទាំង​កូន​ឈ្មោល ដែល​ជា​កូន​ដំបូង ត្រូវ​ញែកជា​បរិសុទ្ធថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ។ មិន​ត្រូវ​យក​កូន​ដំបូង​ពី​ហ្វូង​គោ​របស់​អ្នក​ទៅ​ប្រើ​ការ ក៏​មិន​ត្រូវ​កាត់​រោម​កូន​ដំបូង​ពី​ហ្វូង​ចៀម​របស់​អ្នក​ដែរ។ 20រៀង​រាល់​ឆ្នាំ អ្នក ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​អ្នក ត្រូវ​បរិ‌ភោគ​កូន​ដំបូង​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​នឹង​ជ្រើស​រើស 21ប៉ុន្ដែ ប្រសិន‌បើ​សត្វ​នោះ​មាន​ស្លាក​ស្នាម គឺ​ប្រសិន‌បើ​សត្វ​នោះ​ខ្វិន ឬ​ខ្វាក់ ឬ​មាន​ខ្ចោះ​អាក្រក់​កន្លែង​ណា​មួយ មិន​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ឡើយ។ 22ត្រូវ​បរិ‌ភោគ​សត្វ​នោះ​នៅ​ក្នុង​ក្រុង​របស់​អ្នក។ ទាំង​អ្នក​ស្អាត និង​អ្នក​មិន​ស្អាត អាច​បរិភាគសត្វ​នោះ​បាន​ដូច​គ្នា ដូច​ជា​បរិ‌ភោគ​សាច់​ឈ្លូស និង​សាច់​ប្រើស​ដែរ។ 23ប៉ុន្តែ មិន​ត្រូវ​បរិ‌ភោគ​ឈាម​របស់​វា​ឡើយ ត្រូវ​ឲ្យ​ចាក់​ចោល​ទៅ​ដី ដូច​ជា​ទឹក​វិញ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in