ចោទិយកថា 14
14
ការហាមមិនឲ្យធ្វើដូចសាសន៍ដទៃ
1«អ្នករាល់គ្នាជាកូនរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។ អ្នករាល់គ្នាមិនត្រូវអារសាច់ ឬកោរសក់ផ្នែកខាងមុខ ដោយព្រោះខ្មោចស្លាប់ឡើយ។ 2ដ្បិតអ្នកជាប្រជារាស្ត្របរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយព្រះយេហូវ៉ាបានជ្រើសរើសអ្នក ពីក្នុងចំណោមប្រជាជនទាំងអស់នៅផែនដី មកធ្វើជាប្រជារាស្ត្រមួយដែលជាកម្មសិទ្ធិរបស់ព្រះអង្គផ្ទាល់»។
អាហារបរិសុទ្ធ និងអាហារមិនបរិសុទ្ធ
3«មិនត្រូវបរិភោគរបស់អ្វីដែលគួរស្អប់ខ្ពើមឡើយ ។ 4នេះជាសត្វទាំងប៉ុន្មានដែលអ្នករាល់គ្នាបរិភោគបានគឺ គោ ចៀម ពពែ 5ឈ្លូស ប្រើស ក្តាន់ រមាំង ទ្រាយ ទន្សោង និងពពែភ្នំ។ 6គ្រប់ទាំងសត្វដែលមានក្រចកឆែក គឺក្រចកឆែកដាច់ជាពីរ ហើយដែលទំពាអៀង ក្នុងចំណោមសត្វនោះ អ្នករាល់គ្នាអាចបរិភោគបាន។ 7ប៉ុន្តែ ក្នុងចំណោមសត្វដែលទំពាអៀង ឬមានក្រចកឆែកនោះ មិនត្រូវបរិភោគឡើយ សត្វទាំងនេះគឺ សត្វអូដ្ឋ ទន្សាយគល់ ទន្សាយថ្ម ព្រោះសត្វទាំងនោះទំពាអៀង តែគ្មានក្រចកឆែកទេ វាជាសត្វមិនស្អាតដល់អ្នករាល់គ្នា។ 8រីឯជ្រូកក៏ដែរ ព្រោះវាមានក្រចកឆែក តែមិនទំពាអៀងទេ វាជាសត្វមិនស្អាតដល់អ្នករាល់គ្នា។ មិនត្រូវបរិភោគសាច់វាឡើយ ក៏មិនត្រូវទាំងពាល់ខ្មោចវាផង។
9ក្នុងចំណោមសត្វទាំងប៉ុន្មានដែលនៅក្នុងទឹក អ្នករាល់គ្នាអាចបរិភោគសត្វទាំងនេះបាន គឺ អ្នករាល់គ្នាអាចបរិភោគសត្វណាដែលមានព្រុយ និងមានស្រកា។ 10តែមិនត្រូវបរិភោគសត្វណាដែលគ្មានព្រុយ និងគ្មានស្រកាទេ ដ្បិតជាសត្វមិនស្អាតដល់អ្នករាល់គ្នា។
11សត្វស្លាបដែលស្អាត អ្នករាល់គ្នាអាចបរិភោគបានទាំងអស់។ 12ប៉ុន្ដែ សត្វស្លាបទាំងនេះ អ្នករាល់គ្នាមិនត្រូវបរិភោគឡើយ គឺ ខ្លែង ត្មាត ប្រមង់ 13ល្អូត រអាត និងពពួកសត្វប្រភេទនេះ 14ក្អែកគ្រប់ប្រភេទ 15អូទ្រុស ខ្លែងស្រាក រំពេ និងស្ទាំងគ្រប់ប្រភេទ 16មៀម គូក ទីទុយ 17ទុង ក្រៀល ស្មោញ 18កុក ក្រសារគ្រប់ប្រភេទ ត្រសេះ និងប្រចៀវ។ 19អស់ទាំងសត្វល្អិតដែលមានស្លាប សុទ្ធតែជាសត្វមិនស្អាតសម្រាប់អ្នករាល់គ្នា គឺមិនត្រូវបរិភោគឡើយ។ 20គ្រប់ទាំងសត្វស្លាបដែលស្អាត អ្នករាល់គ្នាអាចបរិភោគបាន។
21មិនត្រូវបរិភោគសត្វណាដែលងាប់ដោយឯកឯងឡើយ គឺអ្នករាល់គ្នាអាចឲ្យសត្វនោះដល់អ្នកប្រទេសក្រៅ ដែលស្នាក់នៅក្នុងក្រុងរបស់អ្នកបរិភោគបាន ឬលក់ឲ្យសាសន៍ដទៃក៏បាន ដ្បិតអ្នករាល់គ្នាជាប្រជារាស្ត្របរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។
មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។
22ត្រូវញែកតង្វាយមួយភាគក្នុងដប់ ពីគ្រប់ទាំងភោគផលដែលទទួលបានពីស្រែចម្ការរបស់អ្នក រៀងរាល់ឆ្នាំកុំខាន ។ 23ត្រូវបរិភោគតង្វាយមួយភាគក្នុងដប់ ដែលអ្នកញែកពីស្រូវ ពីស្រាទំពាំងបាយជូរ ពីប្រេង និងកូនដំបូងពីហ្វូងគោ ហ្វូងចៀមទាំងប៉ុន្មានរបស់អ្នក នៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គនឹងជ្រើសរើស សម្រាប់នឹងតាំងព្រះនាមព្រះអង្គ ដើម្បីឲ្យអ្នករៀនកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នករហូតតទៅ។ 24ប៉ុន្តែ បើផ្លូវនោះឆ្ងាយពេក ហើយអ្នកមិនអាចដឹកជញ្ជូនតង្វាយមួយភាគក្នុងដប់នោះទៅបាន ក្នុងពេលដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានពរ ហើយដោយព្រោះកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើសសម្រាប់នឹងតាំងព្រះនាមព្រះអង្គ នៅឆ្ងាយពីអ្នក 25នោះត្រូវលក់តង្វាយមួយភាគក្នុងដប់របស់អ្នក យកប្រាក់វេចកាន់ជាប់នៅដៃ រួចនាំយកទៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើស 26ហើយចំណាយប្រាក់នោះ ទិញអ្វីៗតាមចិត្តអ្នកប្រាថ្នាចង់បាន ដូចជាគោ ឬចៀម ឬស្រាទំពាំងបាយជូរ ឬស្រាផ្សេងទៀត ឬអ្វីៗដែលអ្នកចូលចិត្ត រួចត្រូវបរិភោគនៅទីនោះ នៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ទាំងអ្នក និងក្រុមគ្រួសាររបស់អ្នកត្រូវអរសប្បាយឡើង។ 27រីឯពួកលេវីដែលនៅក្នុងទីក្រុងរបស់អ្នក នោះមិនត្រូវភ្លេចគេឡើយ ដ្បិតគេគ្មានចំណែក គ្មានមត៌កជាមួយអ្នកទេ។
28នៅចុងឆ្នាំ រាល់បីឆ្នាំម្ដង ត្រូវយកតង្វាយមួយភាគក្នុងដប់ទាំងអស់ដែលបានញែកចេញពីភោគផលដែលអ្នកទទួលបានក្នុងឆ្នាំនោះ មកដាក់ក្នុងក្រុងរបស់អ្នក 29ដូច្នេះ ពួកលេវីដែលគ្មានចំណែក គ្មានមត៌កជាមួយអ្នក និងពួកអ្នកប្រទេសក្រៅ ព្រមទាំងកូនកំព្រា និងស្ត្រីមេម៉ាយដែលនៅក្នុងក្រុងជាមួយអ្នក នឹងនាំគ្នាមកបរិភោគឆ្អែតស្កប់ស្កល់ ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានពរឲ្យអ្នក ក្នុងគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ»។
Currently Selected:
ចោទិយកថា 14: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies