YouVersion Logo
Search Icon

ចោទិយ‌កថា 11

11
រង្វាន់នៃ​ការ​ស្ដាប់​បង្គាប់
1«ដូច្នេះ ត្រូវ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​កាន់​តាម​បញ្ជា ច្បាប់ បញ្ញត្តិ និង​សេចក្ដី​បង្គាប់​របស់​ព្រះ‌អង្គ​ជានិច្ច។ 2ចូរនឹក​ចាំ​នៅ​ថ្ងៃ​នេះថា គឺ​មិនមែន​កូនចៅ​របស់​អ្នក​រាល់​គ្នាទេ (ដែល​បាន​ដឹង ឬ​បាន​ឃើញ​ការ​វាយ​ផ្ចាល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក) គឺ​អ្នក​រាល់​គ្នា​វិញ ដែល​ត្រូវ​ទទួល​ស្គាល់​តេជា‌នុភាព​របស់​ព្រះ‌អង្គ ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ និង​ព្រះ‌ពាហុ​ដែល​លើក​សម្រេច​របស់​ព្រះ‌អង្គ 3ទី​សម្គាល់ និង​ការ​ទាំង​ប៉ុន្មាន ដែលព្រះ‌អង្គ​បាន​ធ្វើ​នៅ​កណ្ដាល​ស្រុក​អេស៊ីព្ទ ទាស់នឹង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ និងដល់​ស្រុក​ទាំង​មូល​របស់​ព្រះ‌អង្គ 4និងពី​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ដល់​កង​ទ័ព​អេស៊ីព្ទ ទាំង​សេះ និង​រទេះ​ចម្បាំង​របស់​ពួក‌គេ គឺ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម ហូរ​គ្រប​លើ​ពួក‌គេ នៅ​ពេល​ពួក‌គេ​ដេញ​តាម​អ្នក​រាល់​គ្នា ហើយ​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​គេ​រហូត​ដល់​ថ្ងៃ​នេះ 5ព្រម​ទាំង​ការ​ដែល​ព្រះ‌អង្គ​បានធ្វើ​ចំពោះអ្នក​រាល់​គ្នា​នៅ​ទី​រហោ‌ស្ថាន រហូត​មក​ដល់​ទី​នេះ 6ហើយ​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ដល់​ដាថាន និង​អ័ប៊ីរ៉ាម ជា​កូន​អេលាប ពូជ​រូបេន គឺ​ដែល​ដី​បាន​ប្រេះ‌ហា​ឡើង​ស្រូប​គេ​បាត់​ទៅ ព្រម​ទាំង​ក្រុម​គ្រួសារ និង​ជំរំ​របស់​គេ ព្រម​ទាំង​អ្វីៗ​ដែល​រួម​ដំណើរ​ជា‌មួយ​ពួក‌គេ នៅ​កណ្ដាលសាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​ផង។ 7ដ្បិត​ភ្នែក​អ្នក​រាល់​គ្នា​បាន​ឃើញ​អស់​ទាំង​ការ​ធំៗ ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ហើយ។
8ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​បទ​បញ្ជា ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ខ្លាំង​ពូកែ ហើយ​ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​អ្នករាល់​គ្នា​នឹង​ឆ្លង​កាន់​កាប់ 9ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​យឺន​យូរ​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា​នឹង​ប្រទាន​ឲ្យ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា និង​ដល់​ពូជ​ពង្ស​របស់​ពួក​លោក ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ។ 10ដ្បិត​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​ចាប់​យក​នោះ មិន​មែន​ដូច​ជា​ស្រុក​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ទើបនឹង​ចេញ​មក ជា​ស្រុក​ដែល​អ្នក​បាន​សាប‌ព្រោះ ហើយ​បើក​ទំនប់​ដោយ​ជើង ឲ្យ​ទឹក​ហូរ​ស្រោច ដូច​ជា​នៅសួន​បន្លែ​នោះ​ឡើយ។ 11ឯ​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ឆ្លង​កាន់​កាប់​នេះ ជា​ស្រុក​មាន​ភ្នំ មាន​ជ្រលង​ភ្នំ ហើយ​ក៏​ស្រោច​ដោយ​ទឹក​ភ្លៀង​ពី​លើ​មេឃ​មក​វិញ 12ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ទ្រង់​ថែ​រក្សា។ ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ចេះ​តែ​ទត​មើល​ស្រុក​នោះ​ជានិច្ច តាំង​ពី​ដើម​ឆ្នាំ រហូត​ដល់​ចុង​ឆ្នាំ។
13ប្រសិន‌បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​បទ​បញ្ជា​របស់​ព្រះ ដែលខ្ញុំ​បង្គាប់អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ គឺ​ឲ្យ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹងរបស់​អ្នក 14នោះ​ព្រះ‌អង្គ នឹង​បង្អុរ​ឲ្យ​មាន​ភ្លៀង​មក​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា​តាម​រដូវ​កាល គឺ​ជា​ភ្លៀង​ដើម​រដូវ និង​ភ្លៀង​ចុង​រដូវ ដើម្បី​ឲ្យអ្នករាល់​គ្នា​អាច​ប្រមូល​ផលស្រូវ ផ្លែ​ទំពាំង‌បាយ‌ជូរ និង​ប្រេង 15ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​មាន​ស្មៅ​នៅ​ទី​វាល សម្រាប់​ហ្វូង​សត្វអ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់។ 16ចូរ​ប្រយ័ត្ន​ចុះ ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​ត្រូវ​សេចក្ដី​ល្បួង រួច​បែរ​ចេញទៅ​គោរព​ប្រតិ‌បត្តិ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ 17រួច​សេចក្ដី‌ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ឆួល​ឡើង​ទាស់​នឹង​អ្នក​រាល់គ្នា ហើយ​ព្រះ‌អង្គនឹង​បិទ​ផ្ទៃ​មេឃ មិន​ឲ្យ​មាន​ភ្លៀង ហើយ​ដី​លែង​បង្កើត​ផល នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​បាត់​យ៉ាង​ឆាប់​ពី​ស្រុក​ដ៏​ល្អ ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​មកអ្នក​រាល់​គ្នា។
18ដូច្នេះ ត្រូវ​ឲ្យ​រក្សា​អស់​ទាំង​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ​ទុក​នៅ​ក្នុង​ចិត្ត ក្នុង​ព្រលឹង​របស់​អ្នក​រាល់​គ្នា​ចុះ ហើយ​ត្រូវ​ចង​ពាក្យ​ទាំង​នេះ​ភ្ជាប់​នៅ​ដៃ​របស់​អ្នក ទុក​ជា​ទី​សម្គាល់ និង​សម្រាប់​ជា​ស្លាក​នៅ​កណ្ដាល​ថ្ងាស​អ្នក​រាល់​គ្នា។ 19ត្រូវ​បង្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​អ្នក​រាល់​គ្នា ដោយ​និយាយ​ប្រាប់ពួក‌គេ ពេល​អ្នក​អង្គុយ​នៅ​ក្នុង​ផ្ទះ ពេល​អ្នក​ដើរ​តាម​ផ្លូវ ពេល​អ្នក​ចូលដំណេក និង​ពេល​អ្នក​ក្រោក​ពីដំណេក​ផង។ 20ត្រូវ​កត់​សេចក្ដី​ទាំងនេះ​នៅ​ក្រប​ទ្វារ​ផ្ទះ និង​នៅ​ទ្វារ​ក្រុង​របស់​អ្នក ។ 21ដើម្បី​ឲ្យ​អាយុ​របស់​អ្នក និង​អាយុ​កូន​ចៅ​របស់​អ្នក​បាន​ចម្រើន​វែង​ឡើង នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក ដូច​ជា​ផ្ទៃ​មេឃ​នៅ​លើ​ផែន‌ដី។
22ដ្បិត​បើ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​កាន់​តាម​អស់​ទាំង​បទ​បញ្ជា​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នេះ ដោយ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ទាំង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវរបស់​ព្រះ‌អង្គ ហើយ​នៅ​ជាប់​នឹង​ព្រះ‌អង្គ 23នោះ​ព្រះ‌យេហូវ៉ា​នឹង​បណ្តេញ​សាសន៍​ទាំង​អស់​នេះ ចេញ​ពី​មុខអ្នក ហើយ​អ្នក​នឹង​ចាប់​យក​ស្រុក​របស់​សាសន៍​ដែល​ធំ ហើយ​ខ្លាំង​ពូកែ​ជាង​អ្នក 24គ្រប់​ទី​កន្លែង​ណា​ដែល​អ្នក​រាល់​គ្នា​ដាក់​បាត​ជើង​ជាន់ នោះ​នឹង​បាន​ជា​របស់​អ្នក។ ដែន​ដី​របស់​អ្នក​នឹង​បាន​ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ល្បាណូន និង​ពី​ទន្លេ គឺ​ទន្លេ​អ៊ើប្រាត រហូត​ដល់​សមុទ្រ​ខាង​លិច។ 25គ្មានអ្នក​ណា​ម្នាក់​នឹង​អាច​ឈរ​នៅ​មុខ​អ្នក​រាល់​គ្នា​បាន​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​បណ្ដាល​ឲ្យ​ស្រុក​ទាំង​មូល​ដែល​អ្នក​រាល់​គ្នា​ដាក់​ជើង​ជាន់ ភិត​ភ័យ ហើយ‌ខ្លាច​អ្នក​រាល់​គ្នា ដូច​ព្រះ‌អង្គ​បាន​សន្យា​នឹង​អ្នក។
26មើល៍ នៅ​ថ្ងៃ​នេះ ខ្ញុំ​ដាក់​ព្រះ​ពរ និង​បណ្ដា‌សា​នៅ​មុខ​អ្នក​រាល់​គ្នា 27ប្រសិន‌បើ​អ្នក​រាល់​គ្នា​គោរព​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ នោះ​នឹង​បាន​ពរ 28តែ​ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​គោរព​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ទេ គឺ​បែរ​ចេញ​ពី​ផ្លូវ​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ទៅ​តាម​ព្រះ​ដទៃ​ដែលអ្នក​រាល់​គ្នា​មិន​បាន​ស្គាល់​វិញ នោះ​នឹង​ត្រូវ​បណ្ដា‌សា​មិន​ខាន។
29កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ត្រូវ​ទៅ​ចាប់​យក នោះ​ត្រូវ​ឲ្យ​ប្រកាស​ព្រះ‌ពរ​ពី​លើ​ភ្នំ​កេរិស៊ីម និង​បណ្ដា‌សា​ពី​លើ​ភ្នំ​អេបាល។ 30អ្នក​រាល់​គ្នា​ស្គាល់​ស្រាប់​ហើយ ភ្នំ​ទាំងពីរ​នោះ​ស្ថិត​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ទៅ​ទិស​ខាង​លិច ក្នុង​ស្រុក​របស់ពួក​សាសន៍​កាណាន ដែល​រស់​នៅ​តាម​តំបន់​វាល​ទំនាបអារ៉ាបា ទល់​មុខ​នឹង​គីល‌កាល ជិត​ដើម​ម៉ៃសាក់​នៅ​ម៉ូរេ។
31ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់ ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នករាល់​គ្នា ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ហើយ​ពេល​អ្នក​រាល់​គ្នា​ចាប់​យក ហើយ​រស់​នៅ​ក្នុង​ស្រុក​នោះ 32អ្នក​រាល់​គ្នា​ត្រូវ​ប្រយ័ត្ន​នឹង​កាន់​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ដាក់​នៅ​មុខអ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in