ចោទិយកថា 10
10
បន្ទះថ្មពីរផ្ទាំងលើកទីពីរ
1«នៅវេលានោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា "ចូរដាប់ថ្មបន្ទះពីរផ្ទាំង ដូចបន្ទះថ្មពីមុន រួចឡើងមកជួបយើងនៅលើភ្នំនេះ ហើយចូរធ្វើហិបមួយពីឈើមួយដែរ។ 2យើងនឹងសរសេរលើបន្ទះថ្មទាំងនេះ តាមសេចក្ដីដែលបានសរសេរលើបន្ទះថ្មពីមុន ដែលអ្នកបានបំបែក ហើយត្រូវដាក់បន្ទះថ្មនេះទៅក្នុងហិប"។ 3ដូច្នេះ ខ្ញុំបានធ្វើហិបមួយពីឈើនាងនួន ហើយដាប់ថ្មពីរផ្ទាំង ដូចថ្មមុនដែរ រួចក៏ឡើងទៅលើភ្នំ ទាំងកាន់ថ្មពីរផ្ទាំងនោះនៅនឹងដៃ។ 4ព្រះអង្គក៏បានសរសេរលើបន្ទះថ្មនោះ តាមសេចក្ដីដែលបានសរសេរពីមុន គឺក្រឹត្យវិន័យទាំងដប់ប្រការ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលពីកណ្ដាលភ្លើងមកកាន់អ្នករាល់គ្នា នៅលើភ្នំ ក្នុងថ្ងៃប្រជុំនោះ ហើយព្រះយេហូវ៉ាក៏បានប្រគល់បន្ទះថ្មនោះមកខ្ញុំ។ 5ដូច្នេះ ខ្ញុំក៏ចុះពីភ្នំមកវិញ ដាក់បន្ទះថ្មនោះទៅក្នុងហិបដែលខ្ញុំបានធ្វើ ហើយថ្មនោះនៅក្នុងហិបរហូតដល់ពេលនេះ ដូចព្រះយេហូវ៉ាបានបង្គាប់មកខ្ញុំ»។
6(ប្រជាជនអ៊ីស្រាអែលបានចេញដំណើរពីប្អៀរ៉ុត-បេនេ-យ៉ាកាន ទៅកាន់ម៉ូសេរ៉ា។ នៅទីនោះ អើរ៉ុនក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅទីនោះ។ អេលាសារ កូនរបស់លោក បានទទួលមុខងារជាសង្ឃជំនួសលោក។ 7ពួកគេធ្វើដំណើរពីនោះ ទៅកាន់គុតកូថា ហើយពីគុតកូថាទៅកាន់យ៉ុតបាថា ជាស្រុកដែលមានស្ទឹង។ 8នៅគ្រានោះ ព្រះយេហូវ៉ាបានញែកកុលសម្ព័ន្ធលេវីចេញ ទុកសម្រាប់សែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ហើយឲ្យឈរធ្វើការងារនៅចំពោះព្រះអង្គ ព្រមទាំងឲ្យពរដោយក្នុងនាមព្រះអង្គ រហូតមកដល់សព្វថ្ងៃ។ 9ដូច្នេះ ពួកលេវីគ្មានចំណែក គ្មានមត៌កជាមួយពួកបងប្អូនរបស់ខ្លួនទេ ដ្បិតព្រះយេហូវ៉ាជាមត៌ករបស់គេ ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នកមានព្រះបន្ទូលទៅគេហើយ)។
10«ខ្ញុំបាននៅលើភ្នំអស់សែសិបថ្ងៃសែសិបយប់ ដូចពីមុន ហើយព្រះយេហូវ៉ាក៏ស្តាប់តាមខ្ញុំនៅពេលនោះដែរ គឺព្រះយេហូវ៉ាមិនចង់បំផ្លាញអ្នកទេ។ 11ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា "ចូរក្រោកឡើង ដើរនាំមុខប្រជាជន ដើម្បីឲ្យគេបានចូលទៅចាប់យកស្រុក ដែលយើងបានស្បថនឹងបុព្វបុរសរបស់គេ ថានឹងឲ្យដល់គេ"»។
សារសំខាន់អំពីក្រឹត្យវិន័យ
12ឥឡូវនេះ ឱអ៊ីស្រាអែលអើយ តើព្រះយេហូវ៉ាជាព្រះរបស់អ្នក ទារចង់បានអ្វីពីអ្នក? គឺឲ្យអ្នកកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក និងដើរតាមគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ហើយឲ្យស្រឡាញ់ព្រះអង្គ ព្រមទាំងគោរពបម្រើព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក 13ហើយឲ្យកាន់តាមបញ្ញត្តិ និងច្បាប់ទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ សម្រាប់ជាសេចក្ដីល្អដល់អ្នក។ 14មើល៍ ផ្ទៃមេឃ ហើយអស់ទាំងជាន់ផ្ទៃមេឃខាងលើ និងផែនដី ព្រមទាំងរបស់សព្វសារពើដែលនៅស្ថានទាំងនោះ សុទ្ធតែជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក 15តែព្រះយេហូវ៉ាគាប់ព្រះហឫទ័យស្រឡាញ់បុព្វបុរសរបស់អ្នក ហើយបានរើសអ្នករាល់គ្នា ជាពូជពង្សរបស់ពួកលោក លើសជាងអស់ទាំងសាសន៍ ដូចជាមានសព្វថ្ងៃនេះ។ 16ដូច្នេះ ចូរអ្នករាល់គ្នាកាត់ស្បែកចិត្តចេញ ហើយកុំមានចិត្តរឹងរូសទៀតឡើយ។ 17ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គជាព្រះលើអស់ទាំងព្រះ ហើយជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ជាព្រះដ៏ធំ ព្រះដ៏មានចេស្តា ហើយគួរឲ្យស្ញែងខ្លាច ព្រះអង្គមិនយោគយល់ខាងណា ក៏មិនទទួលសំណូកដែរ។ 18ព្រះអង្គសម្រេចសេចក្ដីសុចរិតដល់កូនកំព្រា និងស្រ្ដីមេម៉ាយ ក៏ស្រឡាញ់អ្នកប្រទេសក្រៅ ទាំងប្រទានឲ្យគេមានអាហារ និងសម្លៀកបំពាក់ផង។ 19ដូច្នេះ ចូរស្រឡាញ់អ្នកប្រទេសក្រៅចុះ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាអ្នកប្រទេសក្រៅនៅស្រុកអេស៊ីព្ទដែរ។ 20«ត្រូវកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រូវគោរពប្រតិបត្តិដល់ព្រះអង្គ នៅជាប់នឹងព្រះអង្គ ហើយអ្នកត្រូវស្បថក្នុងនាមព្រះអង្គ។ 21ព្រះអង្គជាទំនុកសរសើរ ព្រះអង្គជាព្រះរបស់អ្នក ព្រះអង្គបានធ្វើការដ៏ធំ គួរស្ញែងខ្លាចដើម្បីអ្នក ជាការដែលភ្នែករបស់អ្នកបានឃើញស្រាប់។ 22បុព្វបុរសរបស់អ្នកបានចុះទៅនៅស្រុកអេស៊ីព្ទ មានតែគ្នាចិតសិបនាក់ទេ តែឥឡូវនេះ ព្រះយេហូវ៉ាជាព្រះរបស់អ្នកបានចម្រើនឲ្យអ្នករាល់គ្នាមានគ្នាច្រើន ដូចជាផ្កាយនៅលើមេឃ»។
Currently Selected:
ចោទិយកថា 10: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies