YouVersion Logo
Search Icon

ដានី‌យ៉ែល 9

9
ដានីយ៉ែល​អធិ‌ស្ឋាន​ឲ្យ​ប្រជា‌ជន
1នៅ​ឆ្នាំ​ដំបូង ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ដារី‌យុស ជា​បុត្រា​ព្រះ​បាទ​អ័ហា‌ស៊ូរុស ជា​សាសន៍​មេឌី ដែល​គេ​បាន​តាំង​ឡើង​ជា​ស្តេច​គ្រប់‌គ្រង​លើ​អា‌ណា‌ចក្រ​របស់​ពួក​ខាល់ដេ 2គឺ​ក្នុង​ឆ្នាំ​ទីមួយ​នៃ​រាជ្យ​របស់​ស្ដេច នោះ​ខ្ញុំ ដានី‌យ៉ែល​បាន​សិក្សា​គម្ពីរ ត្រង់​កន្លែង​ដែល​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរា​យេរេមា ពី​ចំនួន​ឆ្នាំ​ដែល​ត្រូវ​កន្លង​ទៅ ដើម្បី​សម្រេច​ការ​ខូច‌បង់​នៃ​ក្រុង​យេរូ‌សាឡិម គឺ​ចិត​សិប​ឆ្នាំ។
3ពេល​នោះ ខ្ញុំ​បាន​បែរ​មុខ​ទៅ​រក​ព្រះ‌អម្ចាស់​យេ​ហូវ៉ា ស្វែង​រក​ព្រះ‌អង្គ​ដោយ​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​តម​អាហារ ស្លៀក​សំពត់​ធ្មៃ ហើយ​ព្រលាំង​ផេះ។ 4ខ្ញុំ​បាន​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ ក៏​លន់‌តួ ដោយ​ពាក្យ​ថា៖
«ឱព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច ជា​ព្រះ​ដែល​រក្សា​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុ‌រស ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ ហើយ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ​អើយ 5យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប បាន​ប្រព្រឹត្ត​ខុស បាន​ប្រព្រឹត្ត​យ៉ាង​អាក្រក់ ហើយ​បះ‌បោរ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​បទ‌បញ្ជា និង​វិន័យ​របស់​ព្រះ‌អង្គ។ 6យើង​ខ្ញុំ​មិន​បាន​ស្តាប់​តាម​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​បាន​ថ្លែង​ក្នុង​នាម​ព្រះ‌អង្គ ប្រាប់​ស្តេច ពួក​នាម៉ឺន ពួក​បុព្វ‌បុរស​របស់​យើង​ខ្ញុំ និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​ទេ។
7ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​សុចរិត​ជា​របស់​ព្រះ‌អង្គ តែ​ចំពោះ​យើង​ខ្ញុំវិញ ដូច​សព្វ​ថ្ងៃនេះ មាន​តែ​សេចក្ដី​អាម៉ាស់​មុខ គឺ​ទាំង​អ្នក​ស្រុក​យូដា អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និង​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដែល​នៅ​ជិត​នៅ​ឆ្ងាយ គឺ​នៅ​អស់​ទាំង​ស្រុក​ដែល​ព្រះ‌អង្គ​បាន​បណ្តេញ​គេទៅ ព្រោះ​តែ​អំពើ​រំលង ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌អង្គ។ 8ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​អាម៉ាស់​មុខ​ជា​របស់​យើង​ខ្ញុំ គឺ​របស់​ស្តេច​យើង​ខ្ញុំ ពួក​នាម៉ឺន និង​ពួក​បុព្វ‌បុរស​របស់​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌អង្គ។ 9ឯ​សេចក្ដី​មេត្តា‌ករុណា និងការ​អត់​ទោស នោះ​ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គ 10យើង​ខ្ញុំ​មិន​បាន​ស្តាប់​តាម​ព្រះ‌សូរ​សៀង​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ដើម្បី​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​តាំង​នៅ​មុខ​យើង​ខ្ញុំ ដោយ‌សារ​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឡើយ។
11អ៊ីស្រា‌អែល​ទាំង​មូល​បាន​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ហើយ​បាន​ងាក​បែរ មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​បណ្ដាសា និង​សម្បថ​ដែល​បាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌អង្គ។ 12ព្រះ‌អង្គ​បាន​បញ្ជាក់​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​យើង​ខ្ញុំ ហើយ​ទាស់​នឹង​ពួក​មេ​ដឹក​នាំ ដែលគ្រប់​គ្រង​យើង​ខ្ញុំ ដោយ​នាំ​សេចក្ដី​អាក្រក់​យ៉ាង​ធំ​នេះ​មក​លើ​យើង​ខ្ញុំ ដ្បិត​នៅ​ក្រោម​មេឃ​ទាំង​មូល មិន​ដែល​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង ដូច​ជា​ទុក្ខ​វេទនា​ដែល​បាន​កើត​ដល់​ក្រុង​យេរូ‌សាឡិម​ឡើយ។ 13សេចក្ដី​អាក្រក់​ទាំង​ប៉ុន្មាន​នេះ បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ ដូច​បាន​ចែង​ទុក​មក​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ហើយ ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ទូល‌អង្វរ​ស្វែង​រក​ព្រះ‌គុណ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ក៏​មិន​បាន​បែរ​ចេញ​ពី​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ ដើម្បី​ឲ្យ​មាន​គំនិត​វាង‌វៃ ដោយ​សារ​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ​ឡើយ។ 14ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​បាន​រវាំង​មើល ហើយ​បាន​នាំ​អំពើ​អាក្រក់​នេះ​ទម្លាក់​មក​លើ​យើង​ខ្ញុំ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ព្រះ‌អង្គ​សុចរិត​ក្នុង​គ្រប់​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ តែ​យើង​ខ្ញុំ​មិន​បាន​ស្តាប់​តាម​ព្រះ‌សូរ​សៀង​របស់​ព្រះ‌អង្គ​ឡើយ។
15ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ដែល​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ ហើយ​បាន​ធ្វើ​ឲ្យ​ព្រះ‌នាម​របស់​ព្រះ‌អង្គ​ល្បី​រន្ទឺ ដូច​សព្វ​ថ្ងៃ​នេះ​អើយ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​យ៉ាង​អាក្រក់។ 16ឱ​ព្រះ‌អម្ចាស់​អើយ តាម​គ្រប់​ទាំង​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ សូម​ឲ្យ​សេចក្ដី​ខ្ញាល់ និង​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ បាន​បែរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ជា​ភ្នំ​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ទៅ ដ្បិត​ក្រុង​យេរូ‌សាឡិម និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះ​ដៀល ដល់​មនុស្ស​ទាំង​អស់​ដែល​នៅ​ជុំ​វិញ​យើង​ខ្ញុំ ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ និង​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​យើង​ខ្ញុំ។ 17ដូច្នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សេចក្ដី​អធិ‌ស្ឋាន និង​ពាក្យ​ទូល​អង្វរ​របស់​អ្នក​បម្រើ​ព្រះ‌អង្គ​ផង ហើយ​ដោយ​យល់​ដល់​ព្រះ‌អង្គ សូម​ធ្វើ​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក​លើ​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដែល​នៅ​ស្ងាត់​ច្រៀប​នេះ​ផង។ 18ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់ សូម​បើក​ព្រះ‌នេត្រ​ទត​មើល​សេចក្ដី​វេទនា​របស់​យើង​ខ្ញុំ និង​ទី​ក្រុង​ដែល​បាន​ហៅ​តាម​ព្រះ‌នាម​ព្រះ‌អង្គ​ផង ដ្បិត​យើង​ខ្ញុំ​មិន​មែន​ទូល‌អង្វរ​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់​យើង​ខ្ញុំ​ទេ គឺ​ដោយ​ព្រោះ​ព្រះ​ហឫទ័យ​មេត្តា‌ករុណា​ដ៏​ធំ​របស់​ព្រះ‌អង្គ​វិញ។ 19ឱ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌អង្គ​ព្រះ‌សណ្តាប់ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌អង្គ​អត់​ទោស ឱ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌អង្គ​ព្រះ‌សណ្តាប់ ហើយ​ប្រោស​មេត្តា​ផង! ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ ដោយ​យល់​ដល់​ព្រះ​អង្គ ដ្បិត​ទី​ក្រុង​របស់​ព្រះ‌អង្គ និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ មាន​ឈ្មោះ​ហៅ​តាម​ព្រះ‌នាម​ព្រះ‌អង្គ»។
រយៈ​ពេល​ចិត​សិប​អាទិត្យ
20កាល​ខ្ញុំ​កំពុង​តែ​ទូល​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ ព្រម​ទាំង​អធិ‌ស្ឋាន និង​លន់‌តួ​អំពើ​បាប​របស់​ខ្ញុំ និង​អំពើ​បាប​របស់​ពួក​អ៊ីស្រា‌អែល​ជា​សាសន៍​របស់​ខ្ញុំ ទាំង​ទូល​អង្វរ​ឲ្យ​ភ្នំ​បរិសុទ្ធ​របស់​ព្រះ​នៃ​ខ្ញុំ 21អើ កាល​ខ្ញុំ​កំពុង​តែ​អធិ‌ស្ឋាន​នៅ​ឡើយ នោះ​លោក​ដែល​នាម កាព្រី‌យ៉ែល ជា​អ្នក​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​និមិត្ត​ពីមុន ហោះ​យ៉ាង​លឿន ចូល​មក​រក​ខ្ញុំ ចំ​ពេល​ថ្វាយ​តង្វាយ​ល្ងាច។ 22លោក​ពន្យល់​ប្រាប់​ខ្ញុំ ដោយ​សន្ទនា​ជា‌មួយ​ខ្ញុំ​ថា៖ «ដានី‌យ៉ែល​អើយ ខ្ញុំ​បាន​ចេញ​មក​ឥឡូវ​នេះ ដើម្បី​ឲ្យ​លោក​មាន​ប្រាជ្ញា និង​មាន​យោបល់។ 23នៅ​ពេល​លោក​ចាប់​ផ្ដើម​អធិ‌ស្ឋាន នោះ​មាន​បញ្ជា​មួយ​ចេញ​មក ហើយ​ខ្ញុំ​បាន​នាំ​យក​មក​ជម្រាប​លោក ដ្បិត​លោក​ជា​មនុស្ស​សំណព្វ​យ៉ាង​សំខាន់។ ដូច្នេះ ចូរ​ពិចា‌រណា​ព្រះ​បន្ទូល ហើយ​យល់​និមិត្ត​នេះ​ចុះ។
24ព្រះ​បាន​កំណត់​ពេល​ចិត​សិប​អាទិត្យ​ដល់​ប្រជា‌ជន និង​ដល់​ទី​ក្រុង​បរិសុទ្ធ​របស់​លោក ដើម្បី​លុប​បំបាត់​អំពើ​រំលង បញ្ឈប់​អំពើ​បាប ហើយ​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​ទុច្ចរិត ដើម្បី​នាំ​សេចក្ដី​សុចរិត​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​ចូល​មក ហើយ​បោះ​ត្រា​លើ​និមិត្ត និង​សេចក្ដី​ទំនាយ ព្រម​ទាំង​ចាក់​ប្រេង​តាំង​ដល់​ទី​បរិសុទ្ធ​បំផុត។ 25ដូច្នេះ សូម​លោក​ជ្រាប ហើយ​យល់​ថា ចាប់​ពី​ពេល​ព្រះ​ចេញ​បញ្ជា​ឲ្យ​តាំង ហើយ​សង់​ក្រុង​យេរូ‌សាឡិម​ឡើង​វិញ រហូត​ដល់​គ្រា​របស់​ស្ដេច​មួយ​អង្គ ដែល​ព្រះ​បាន​ចាក់​ប្រេង​តាំង​យាង​មកដល់ នោះ​នឹង​មាន​រយៈ​ពេល​ប្រាំ​ពីរ​អាទិត្យ ហើយ​រយៈ​ពេល​ហុក​សិប​ពីរ​អាទិត្យ​ទៀត នឹង​ត្រូវ​សង់​ឡើង​វិញ​ឲ្យ​មាន​ផ្លូវ​ធ្លា ប្រឡាយ​ការពារ តែ​សង់​ក្នុង​គ្រា​ដែល​មាន​ទុក្ខ​លំបាក។ 26លុះ​ក្រោយ​ពី​ហុកសិប​ពីរ​អាទិត្យ​នោះ​ទៅ នោះ​អ្នក​ដែល​គេ​បាន​ចាក់​ប្រេង​តាំង នឹង​ត្រូវ​ផ្តាច់​ចេញ ហើយ​នឹង​គ្មាន​អ្វី​សោះ រួច​ប្រជា‌ជន​របស់​ស្ដេច​មួយ​អង្គ​ដែល​ត្រូវ​មក នឹង​បំផ្លាញ​ទី​ក្រុង និង​ទី​បរិសុទ្ធ។ ចុង​បំផុត​នៃ​ហេតុ‌ការណ៍​នោះ​នឹង​មក​ដូច​ជា​ជំនន់​ទឹក ក៏​នឹង​មាន​ចម្បាំង​រហូតទី​បំផុត ដ្បិត​សេចក្ដី​វេទនា​បាន​កំណត់​ទុក​ហើយ។ 27ស្ដេច​នោះ​នឹង​តាំង​សញ្ញា​មួយ​យ៉ាង​មុត​មាំ​ជា‌មួយ​មនុស្ស​ជា​ច្រើន​រយៈ​ពេល​មួយ​អាទិត្យ ហើយ​រយៈ​ពេល​កន្លះ​អាទិត្យ ស្ដេច​នឹង​បញ្ឈប់​លែង​ឲ្យ​មាន​ការ​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ទៀត ហើយ​នៅ​កន្លែង​របស់​គេ នឹង​កើត​មាន​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​បំផ្លាញ រហូតទាល់​តែ​ចុង​បំផុត​ដូច​បាន​កំណត់​ទុកនោះ ធ្លាក់​ទៅ​លើ​មេ​បំផ្លាញ​វិញ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in