ដានីយ៉ែល 8
8
និមិត្តអំពីចៀមឈ្មោលមួយ និងពពែមួយ
1នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទបេលសាសារ មាននិមិត្តមួយលេចមកឲ្យដានីយ៉ែលខ្ញុំបានឃើញ គឺក្រោយពីនិមិត្តដែលបានលេចមកឲ្យខ្ញុំឃើញពីលើកមុន។ 2ក្នុងនិមិត្តដែលខ្ញុំកំពុងគន់មើលនេះ ខ្ញុំឃើញថាខ្លួនខ្ញុំស្ថិតនៅស៊ូសាន ជាក្រុងហ្លួង ដែលស្ថិតក្នុងអាណាខេត្តអេឡាំ។ ក្នុងនិមិត្តនោះ ខ្ញុំឃើញថា ខ្ញុំស្ថិតនៅក្បែរទន្លេអ៊ូឡាយ ។ 3ខ្ញុំបានងើបភ្នែកឡើង មើលទៅឃើញមានចៀមឈ្មោលមួយឈរនៅក្បែរទន្លេ វាមានស្នែងពីរ ហើយស្នែងទាំងពីរនោះវែង តែស្នែងមួយវែងជាងស្នែងមួយទៀត ឯស្នែងមួយដែលវែងជាងបានដុះឡើងក្រោយគេ។ 4ខ្ញុំឃើញចៀមឈ្មោលនោះទន្ទ្រានទៅទិសខាងលិច ទិសខាងជើង និងទិសខាងត្បូង ឥតមានសត្វណាមួយអាចទប់ទល់នឹងវាបានឡើយ ក៏គ្មានអ្នកណាអាចជួយឲ្យរួចពីកណ្ដាប់ដៃរបស់វាបានដែរ គឺវាបានធ្វើតាមអំពើចិត្ត ហើយតម្កើងខ្លួន។
5កាលខ្ញុំកំពុងពិចារណា នោះមើល៍ មានពពែឈ្មោលមួយមកពីទិសខាងលិច ហោះចេញលើផែនដីទាំងដុំមូល ឥតប៉ះដីសោះ។ ពពែនោះមានស្នែងមួយគួរឲ្យស្ញែង ដុះនៅចន្លោះភ្នែកទាំងពីរ។ 6ពពែនោះចូលសំដៅមករកចៀមឈ្មោលស្នែងពីរ ឈរនៅក្បែរទន្លេ ដែលខ្ញុំបានឃើញពីមុន ហើយវាក៏ស្ទុះទៅលើចៀម ដោយកំហឹងយ៉ាងខ្លាំង។ 7ខ្ញុំឃើញវាចូលទៅជិតចៀមនោះ ហើយវាមួម៉ៅជាខ្លាំង ក៏ជល់ចៀមនោះ រួចបំបាក់ស្នែងទាំងពីរ។ ចៀមនោះមិនមានកម្លាំងទប់ទល់នឹងវាបានទេ គឺវាផ្ដួលចៀមទៅលើដី ហើយពពែក៏ជាន់ឈ្លី គ្មានអ្នកណាអាចជួយចៀមឲ្យរួចពីអំណាចរបស់វាបានឡើយ។ 8ពពែឈ្មោលនោះតម្កើងខ្លួនយ៉ាងក្រៃលែង តែកាលវាមានអំណាចខ្លាំង នោះស្នែងធំក៏ត្រូវបាក់ រួចមានស្នែងបួនទៀតគួរឲ្យស្ញែងដុះឡើងជំនួស ស្នែងទាំងនោះកន្ធែកទៅរកទិសទាំងបួន។
9មានស្នែងមួយក្នុងចំណោមស្នែងទាំងនោះ មានស្នែងមួយតូចផ្សេងទៀតដុះចេញមក ស្នែងនោះក៏ធំឡើងយ៉ាងក្រៃលែង ឆ្ពោះទៅទិសខាងត្បូង ទៅទិសខាងកើត និងឆ្ពោះទៅទឹកដីដ៏រុងរឿង។ 10ស្នែងនោះលូតឡើងខ្ពស់ ស្មើនឹងពួកពលបរិវារនៃស្ថានសួគ៌ ហើយវាក៏ទម្លាក់ពួកនោះខ្លះ និងផ្កាយខ្លះចុះមកដល់ដី រួចវាជាន់ឈ្លី។ 11វាតម្កើងខ្លួនឡើង រហូតដល់ស្មើនឹងព្រះអម្ចាស់នៃពួកពលបរិវារ ក៏ដកមិនឲ្យថ្វាយតង្វាយដុតប្រចាំថ្ងៃដល់ព្រះអង្គ ព្រមទាំងធ្វើឲ្យទីបរិសុទ្ធរបស់ព្រះអង្គអាប់ឱន។ 12ឯពួកពលបរិវារ ក៏ត្រូវប្រគល់ទៅព្រមគ្នាជាមួយការថ្វាយតង្វាយដុតប្រចាំថ្ងៃ ព្រោះតែអំពើរំលង វាបោះសេចក្ដីពិតចុះដល់ដី ហើយអ្វីៗដែលវាធ្វើក៏ចេះតែចម្រើនឡើង។ 13ពេលនោះ ខ្ញុំឮអ្នកបរិសុទ្ធម្នាក់កំពុងតែនិយាយ ហើយមានអ្នកបរិសុទ្ធម្នាក់ទៀត សួរទៅអ្នកដែលនិយាយនោះថា៖ «តើនិមិត្តអំពីការថ្វាយតង្វាយដុតប្រចាំថ្ងៃ អំពើរំលងដែលធ្វើឲ្យខូចបង់ ការប្រគល់ទីបរិសុទ្ធ និងពួកពលបរិវារឲ្យស្នែងនោះជាន់ឈ្លី នៅរហូតដល់ពេលណា?»។ 14អ្នកនោះឆ្លើយទៅគាត់ ថា៖ «គឺអស់រយៈពេលពីរពាន់បីរយដង គិតទាំងល្ងាច ទាំងព្រឹក។ បន្ទាប់មក ទើបរៀបចំទីបរិសុទ្ធឲ្យបានស្អាតឡើងវិញ»។
លោកកាព្រីយ៉ែលកាត់ស្រាយនិមិត្ត
15កាលខ្ញុំ ដានីយ៉ែល បានឃើញនិមិត្តនោះហើយ ខ្ញុំក៏រិះគិតចង់យល់អត្ថន័យ ហើយមើល៍ មានម្នាក់ដែលមានទ្រង់ទ្រាយដូចមនុស្ស ឈរនៅមុខខ្ញុំ 16ហើយខ្ញុំឮសំឡេងមនុស្សចេញពីកណ្ដាលទន្លេអ៊ូឡាយ ហើយសំឡេងនោះហៅមកថា៖ «កាព្រីយ៉ែលអើយ ចូរប្រាប់ឲ្យមនុស្សនេះយល់និមិត្តនេះចុះ»។ 17ដូច្នេះ លោកក៏ចូលមកជិតកន្លែងដែលខ្ញុំឈរ ហើយពេលលោកចូលមកដល់ ខ្ញុំក៏ភ័យញ័រ រួចក្រាបចុះមុខដល់ដី។ ប៉ុន្ដែ លោកពោលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរយល់ចុះ ដ្បិតនិមិត្តនេះសម្រាប់គ្រាចុងបំផុត»។
18កាលលោកកំពុងមានប្រសាសន៍មកកាន់ខ្ញុំ នោះខ្ញុំក៏លង់ស្មារតី ទាំងក្រាបចុះមុខដល់ដី តែលោកពាល់ខ្ញុំ ហើយធ្វើឲ្យខ្ញុំឈរឡើង។ 19លោកពោលថា៖ «មើល៍ ខ្ញុំនឹងឲ្យលោកដឹងពីហេតុការណ៍ដែលត្រូវកើតមានក្នុងគ្រានៃសេចក្ដីក្រោធ ដ្បិតនិមិត្តនេះសំដៅទៅគ្រាចុងក្រោយ។ 20ឯចៀមឈ្មោលមានស្នែងពីរដែលលោកបានឃើញ គឺជាស្តេចសាសន៍មេឌី និងស្តេចសាសន៍ពើស៊ី។ 21ពពែឈ្មោលដែលមានរោមស្រមូវ គឺស្តេចសាសន៍ក្រិក ហើយស្នែងមួយធំនៅចន្លោះភ្នែកទាំងពីរ គឺស្តេចទីមួយ។ 22ចំណែកឯស្នែងដែលបាក់ ហើយមានស្នែងបួនដុះឡើងជំនួស គឺជានគរបួនដែលនឹងកើតឡើងពីសាសន៍នោះ តែមិនមានអំណាចដូចស្តេចមុនទេ។
23នៅចុងរជ្ជកាលនៃរាជ្យស្ដេចទាំងនោះ
កាលពួកអ្នកប្រព្រឹត្តរំលង
បានឈានដល់កម្រិតរបស់ខ្លួនហើយ
នោះស្តេចមួយអង្គទៀត
ដែលមានទឹកមុខមាំក៏ងើបឡើង
ជាអ្នកដែលយល់ពាក្យប្រស្នា។
24ស្តេចនោះនឹងមានអំណាចកាន់តែខ្លាំង
តែមិនមែនដោយអំណាចរបស់ខ្លួនទេ
ស្ដេចនោះនឹងបំផ្លាញអ្វីៗគួរឲ្យខ្លាច
ហើយអ្វីដែលស្ដេចនោះធ្វើសុទ្ធតែមានជោគជ័យ
ស្ដេចនោះបំផ្លាញមនុស្សខ្លាំងពូកែ
និងប្រជាជនដែលជាពួកបរិសុទ្ធ។
25ដោយសារភាពប៉ិនប្រសប់របស់ខ្លួន
ស្ដេចនឹងចម្រើនឡើងតាមរបៀបបោកបញ្ឆោត
ស្ដេចនឹងមានចិត្តលើកតម្កើងខ្លួន
ព្រមទាំងបំផ្លាញមនុស្សយ៉ាងច្រើន
ដែលនៅដោយសុខស្រួល
សូម្បីតែព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់
ក៏ស្ដេចនោះហ៊ានងើបប្រឆាំងដែរ
តែស្ដេចនឹងត្រូវបែកបាក់
មិនមែនដោយសារដៃមនុស្សឡើយ។
26និមិត្តអំពីល្ងាច និងព្រឹកដែលបានប្រាប់មកនោះពិតប្រាកដមែន តែឥឡូវនេះ ត្រូវបិទនិមិត្តនេះទុកសិន ដ្បិតគឺសម្រាប់ពេលដ៏យូរលង់នៅខាងមុខ»។
27ដូច្នេះ ខ្ញុំដានីយ៉ែល ក៏ខ្សោះល្វើយ ហើយឈឺអស់បួនដប់ថ្ងៃ រួចខ្ញុំក្រោកឡើងទៅបំពេញកិច្ចការរបស់ស្តេចវិញ តែខ្ញុំតក់ស្លុតជាខ្លាំងដោយសារនិមិត្តនោះ ហើយគ្មានអ្នកណាអាចយល់បាន។
Currently Selected:
ដានីយ៉ែល 8: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies