YouVersion Logo
Search Icon

ដានី‌យ៉ែល 7

7
និមិត្ត​អំពី​សត្វ​ទាំង​បួន
1នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ព្រះ​បាទ​បេល‌សាសារ ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន ដានី‌យ៉ែល​‌បាន​សុបិន​ឃើញ ហើយ​មាន​និមិត្ត​មួយ​ក្នុង​គំនិត ក្នុង​ពេល​លោក​សម្រាក​ក្នុង​ដំណេក។ បន្ទាប់​មក លោក​កត់​ត្រា​សុបិន​នោះ ហើយ​រៀប​រាប់​ប្រាប់​អត្ថន័យ​សំខាន់ៗ​ដោយ​សង្ខេប។ 2ដានី‌យ៉ែល​បរិយាយ​ថា៖ «មើល៍ ក្នុង​និមិត្ត​រប​ស់​ខ្ញុំ​នៅ​ពេល​យប់ ខ្ញុំ​ឃើញ​ខ្យល់​ទាំង​បួន​ទិស​នៅ​លើ​អាកាស ធ្លាក់​ចុះ​មក​លើ​មហា​សមុទ្រ 3រួច​មាន​សត្វ​ធំ​បួន​ឡើង​ចេញ​ពី​សមុទ្រ មាន​សណ្ឋាន​ផ្សេងៗ​គ្នា។ 4សត្វ​ទី​មួយ​មាន​រាង​ដូច​ជា​សិង្ហ ហើយ​មាន​ស្លាប​ជា​ស្លាប​ឥន្ទ្រី។ ពេល​ខ្ញុំ​តាម​មើល ខ្ញុំ​ឃើញ​គេ​ដក​ស្លាប​វា ហើយ​គេ​លើក​វា​ឡើង​ផុត​ពី​ដី ក៏​ដាក់​ឲ្យ​ឈរ​ជើង​ពីរ​ដូច​មនុស្ស រួច​គេ​ឲ្យ​វា​មាន​ចិត្ត​ដូច​មនុស្ស។ 5មើល៍ មាន​សត្វ​មួយ​ទៀត ជា​សត្វ​ទីពីរ មាន​សណ្ឋាន​ជា​ខ្លា​ឃ្មុំ វា​ឈរ​លើ​ជើង​ម្ខាង ទាំង​ពាំ​ឆ្អឹង​ជំនីរ បី​នៅ​ក្នុង​មាត់ ខាំ​ដោយ​ធ្មេញ ហើយ​មាន​គេ​ប្រាប់​វា​ថា "ចូរ​ក្រោក​ឡើង ហើយ​ត្របាក់​ស៊ី​សាច់​ឲ្យ​ច្រើន​ទៅ"។ 6ក្រោយ​មក ខ្ញុំ​សម្លឹង​មើល​ទៅ ឃើញ​សត្វ​មួយ​ទៀត​មាន​សណ្ឋាន​ជា​ខ្លា​រខិន នៅ​លើ​ខ្នង​វា​មាន​ស្លាប​បួន ជា​ស្លាប​សត្វ​ហើរ វា​មាន​ក្បាល​បួន​ដែរ ហើយ​គេ​ឲ្យ​អំណាច​គ្រប់‌គ្រង​ដល់​វា។ 7ក្រោយ​មក ក្នុង​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​សត្វ​ទី​បួន ដែល​គួរ​ស្បើម គួរ​ស្ញែង​ខ្លាច ហើយ​មាន​កម្លាំង​យ៉ាង​ក្រៃ‌លែង មាន​ធ្មេញ​ដែក​ធំៗ វា​ត្របាក់​លេប វា​កិន​កម្ទេច ហើយ​ជាន់​ឈ្លី​សំណល់​ដោយ​ជើង។ សត្វ​នោះ​ប្លែក​ពី​សត្វ​មុនៗ​អស់​ទាំង គឺ​វា​ក៏​មាន​ស្នែង​ដប់។ 8ខ្ញុំ​បាន​ពិចា‌រណា​មើល​ស្នែង​ទាំង​នោះ ក៏​ឃើញ​មាន​ស្នែង​មួយ​ទៀត ជា​ស្នែង​តូច ដុះ​ឡើង​នៅ​កណ្ដាល នៅ​ពី​មុខ​វា ស្នែង​ចាស់​បី​ត្រូវ​គេ​ដក​ចេញ​ទាំង​ឫស ស្នែង​នេះ​មាន​ភ្នែក ដូច​ភ្នែក​មនុស្ស ហើយ​មាន​មាត់​ដែល​ពោល​ពាក្យធំៗ។
ការ​ជំនុំ​ជម្រះ​នៅ​ចំពោះ​ព្រះដ៏​មាន​ព្រះ​ជន្ម​ពី​ចាស់​បុរាណ
9កាល​ខ្ញុំ​គន់​មើល
ឃើញ​គេ​យក​បល្ល័ង្ក​ជា​ច្រើន​មក​តាំង
ហើយ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​ចាស់​បុរាណ
គង់​លើ​បល្ល័ង្ក​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​មាន​ព្រះ‌ពស្ត្រ​ស‌ស្គុស​ដូច​ហិមៈ
ហើយ​ព្រះ‌កេសា​នៅ​ព្រះ‌សិរ​ព្រះ‌អង្គ
ស​ដូច​រោម​ចៀម​យ៉ាង​ស្អាត
ឯ​បល្ល័ង្ក​ព្រះ‌អង្គ​សុទ្ធ​តែ​ជា​អណ្ដាត​ភ្លើង
ហើយ​កង់​នៃ​បល្ល័ង្ក​នោះ ជា​ភ្លើង​ដែល​កំពុង​ឆេះ។
10មាន​ទន្លេ​ជា​ភ្លើង​ហូរ​ចេញ​ពី​ចំពោះ​ព្រះ‌អង្គ
មាន​មនុស្ស​រាប់​ពាន់​រាប់​ម៉ឺន​គោរព​បម្រើ​ព្រះ‌អង្គ
ហើយ​រាប់​លាន​រាប់​កោដិ​ឈរ​នៅ​ចំពោះ​ព្រះ‌អង្គ។
ការ​វិនិច្ឆ័យ​បាន​រៀប​ចំ​ជា​ស្រេច
ហើយ​បញ្ជី​ទាំង​ប៉ុន្មាន​ក៏​បើក​ឡើង​ដែរ។
11ពេល​នោះ ខ្ញុំ​គន់​មើល ព្រោះ​មាន​សំឡេង​របស់​ស្នែង ដែល​ពោល​ពាក្យ​យ៉ាង​ធំ។ ពេល​ខ្ញុំ​មើល​ទៅ ឃើញ​គេ​សម្លាប់​សត្វ​នោះ ហើយ​គេ​បំផ្លាញ​ខ្មោច​វា រួច​បោះ​ចោល​ឲ្យ​ភ្លើង​ឆេះ។ 12ចំណែក​សត្វ​ឯ​ទៀត​ៗ អំណាច​គ្រប់​គ្រង​របស់​វា​ត្រូវ​គេ​ដក​ចេញ តែ​គេ​ឲ្យ​វា​មាន​ជីវិត​មួយ​រយៈ​ពេល​ទៅ​មុខ​ទៀត។ 13ខ្ញុំ​ក៏​ឃើញ​ក្នុង​និមិត្ត​នៅ​ពេល​យប់​នោះ
មាន​ម្នាក់​ដូច​កូន​មនុស្ស
យាង​មក​ក្នុង​ពពក​នៅ​លើ​មេឃ
ព្រះ‌អង្គ​យាង​មក​ជិត​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​បុរាណ​នោះ
ហើយ​មាន​គេ​នាំ​ចូល​ទៅ​ចំពោះ​ព្រះ‌អង្គ។
14លោក​បាន​ទទួល​អំណាច​គ្រប់‌គ្រង
និង​សិរី‌ល្អ ព្រម​ទាំង​រាជ​សម្បត្តិ
ដើម្បី​ឲ្យ​ប្រជា‌ជន​ទាំង‌អស់ ជាតិ​សាសន៍​នានា
និង​មនុស្ស​គ្រប់​ភាសាបាន​គោរព​បម្រើ​ព្រះ‌អង្គ
ឯ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ
ជា​អំណាច​គ្រប់​គ្រង​នៅ​ស្ថិត​ស្ថេរ​អស់‌កល្ប
ឥត​ដែល​កន្លង​បាត់​ឡើយ
ហើយ​រាជ្យ​របស់​ព្រះ‌អង្គ​នឹង​បំផ្លាញ​មិន​បាន​ឡើយ។
ការ​កាត់​ស្រាយ​និមិត្ត​របស់​ដានីយ៉ែល
15ឯ​ខ្ញុំ ដានី‌យ៉ែល ចិត្ត​ខ្ញុំ​កើត​មាន​សេចក្ដី​តប់‌ប្រមល់​នៅ​ក្នុង​ខ្លួន ហើយ​និមិត្ត​ក្នុង​គំនិត​ខ្ញុំ ក៏​នាំ​ឲ្យ​ខ្ញុំ​តក់​ស្លុត។ 16ខ្ញុំ​ចូល​ទៅ​ជិត​ម្នាក់ ក្នុង​ចំណោម​អស់​អ្នក​ដែល​ឈរ​នៅ​ទី​នោះ ហើយ​សួរ​អត្ថ​ន័យ​ពិត​អំពី​ហេតុ‌ការណ៍​ទាំង​នោះ។ ដូច្នេះ អ្នក​នោះ​ក៏​ប្រាប់​ខ្ញុំ ហើយ​ទម្លាយ​ឲ្យ​ខ្ញុំ​ដឹង​ពី​ន័យ​កាត់​ស្រាយ​នោះ​ថា 17ឯ​សត្វ​ធំ​ទាំង​បួន​នោះ គឺ​ជា​ស្តេច​បួន​អង្គ​ដែល​នឹង​កើត​ឡើង​នៅ​ផែន‌ដី។ 18ប៉ុន្ដែ ពួក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត នឹង​ទទួល​រាជ្យ​នោះ ហើយ​បាន​រាជ្យ​នោះ​ជា​របស់​ខ្លួន​អស់​កល្ប​ជានិច្ច គឺ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ។
19ពេល​នោះ ខ្ញុំ​ចង់​ដឹង​ន័យ​ពិត​អំពី​សត្វ​ទីបួន ដែល​ខុស​ប្លែក​ពី​សត្វ​ឯ​ទៀត​ទាំង​អស់ ជា​សត្វ​ដែល​គួរ​ស្ញែង​ខ្លាច​ជា​ខ្លាំង មាន​ធ្មេញ​ដែក និង​ក្រចក​លង្ហិន ដែល​ត្របាក់​លេប កិន​កម្ទេច ហើយ​ជាន់​ឈ្លី​សំណល់​ដោយ​ជើង 20ក៏​ចង់​ដឹង​អំពី​ដំណើរ​ស្នែង​ដប់​នៅ​លើ​ក្បាល​វា និង​ពី​ស្នែង​មួយ​ទៀត​ដែល​ដុះ​ឡើង ហើយ​ធ្វើ​ឲ្យ​ស្នែង​បី​មុន​ដួល​នៅ​មុខ​វា ជា​ស្នែង​មួយ​ដែល​មាន​ភ្នែក និង​មាត់​ដែល​ពោល​ពាក្យ​ធំៗ ហើយ​មើល​ទៅ​ហាក់​ដូច​ជា​ធំ​ជាង​ស្នែង​ឯ​ទៀតៗ។ 21ខ្ញុំ​គន់​មើល​ទៅ ឃើញ​ស្នែង​នោះ​ច្បាំង​នឹង​ពួក​បរិសុទ្ធ ហើយ​មាន​ប្រៀប​លើ​ពួកគេ 22រហូត​ដល់​ពេល​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​បុរាណ​យាង​មក ទើប​ការ​វិនិច្ឆ័យ​បាន​ប្រគល់​ឲ្យ​ពួក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត រួច​ពេល​កំណត់​ក៏​មក​ដល់ ជា​ពេល​ដែល​ពួក​បរិសុទ្ធ​ទទួល​បាន​រាជ្យ​ជា​របស់​ខ្លួន។
23អ្នក​នោះ​ពោល​ដូច្នេះ​ថា៖ «រី​ឯ​សត្វ​ទី​បួន
គឺ​នឹង​មាន​នគរ​ទី​បួន​នៅ​លើ​ផែន‌ដី​កើត​ឡើង
ដែល​នគរ​នោះ​ប្លែក​ពី​នគរឯ​ទៀតៗ​ទាំង​អស់
នគរ​នោះ​នឹង​លេប​ត្របាក់​ផែន‌ដី​ទាំង​មូល
ហើយ​ជាន់​ឈ្លី​ដោយ​ជើង ព្រម​ទាំង​កិន​កម្ទេច​ផង។
24ឯ​ស្នែង​ទាំង​ដប់
គឺ​នឹង​មាន​ស្តេច​ដប់​អង្គ​កើត​ឡើង​ពី​នគរ​នោះ
ហើយ​ក្រោយ​មក នឹង​មាន​មួយ​អង្គ​ទៀត​កើត​ឡើង
ស្ដេច​នេះ​ប្លែក​ពី​ស្តេច​មុនៗ
ក៏​នឹង​ទម្លាក់​ស្តេច​បី​អង្គ​នោះ​ចោល។
25ស្តេច​នោះ​នឹង​ពោល​ពាក្យ​ទាស់​នឹង​ព្រះ​ដ៏​ខ្ពស់​បំផុត
ហើយ​នឹង​ធ្វើ​ទុក្ខ​បុក​ម្នេញ
ដល់​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត
ហើយ​មាន​បំណង​ចង់​ផ្លាស់​ប្ដូរ
ពេល​កំណត់ និង​ច្បាប់
ហើយ​គេ​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​នោះ
អស់​រយៈ​ពេល​មួយ​ខួប ពីរ​ខួប និង​កន្លះ​ខួប។
26ប៉ុន្តែ ការ​វិនិច្ឆ័យ​នឹង​រៀបចំ​ជា​ស្រេច
ហើយ​គេ​នឹង​ដក​អំណាច​គ្រប់​គ្រង​ពី​ស្ដេច​នោះ
ហើយ​ឲ្យ​ត្រូវ​បំផ្លាញ
ឲ្យ​ត្រូវ​វិនាស​សាប​សូន្យ​រហូត​តទៅ។
27នោះ​រាជ្យ និង​អំណាច​គ្រប់‌គ្រង
និង​ភាព​ឧត្តុង្គ‌ឧត្តម​នៃ​នគរ​ទាំង​ឡាយ
នៅ​ក្រោម​មេឃ​ទាំង​មូល
នឹង​ត្រូវ​ប្រគល់​ឲ្យ​ប្រជា‌ជន
ជា​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត
រាជ្យ​របស់​គេ​នឹង​បាន​ជា​រាជ្យ​មួយ
ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច
ហើយ​អំណាច​គ្រប់‌គ្រង​ទាំង​ប៉ុន្មាន​នឹង​បម្រើ
ហើយ​ស្តាប់​បង្គាប់​ពួក​បរិសុទ្ធ​នោះ»។
28សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ។ ចំណែក​ឯ​ខ្ញុំ ដានី‌យ៉ែល គំនិត​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​តក់​ស្លុត​ជា​ខ្លាំង ហើយ​មុខ​ខ្ញុំ​ក៏​ស្លេក​ស្លាំង តែ​ខ្ញុំ​រក្សា​រឿង​នោះ​ទុក​នៅ​ក្នុង​ចិត្ត។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in