YouVersion Logo
Search Icon

អេម៉ុស 9

9
ការ​ហិន​វិនាស​របស់​អ៊ីស្រា‌អែល
1ខ្ញុំ​ឃើញ​ព្រះ‌អម្ចាស់​ឈរ​ក្បែរ អាសនា ហើយ​ព្រះ‌អង្គមាន​ព្រះ​បន្ទូល​ថា៖
«ចូរ​វាយ​ក្បាល​សសរ​ឲ្យ​កក្រើក រហូត​ដល់​ជើង​សសរ
ហើយ​បំបែក​នៅ​លើ​ក្បាល​របស់​មនុស្ស​ទាំង​អស់
រួច​អស់​អ្នក​ដែល​សល់ យើង​នឹង​ប្រហារ​ដោយ​ដាវ
គ្មាន​អ្នក​ណា​ម្នាក់​អាច​រត់​ចេញ
គ្មាន​អ្នក​ណា​ម្នាក់​អាច​គេច​ផុត​បាន​ឡើយ។
2ទោះ​បើ​គេ​ជីក​ទម្លុះ​ទៅ​ដល់
ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ក៏​ដោយ
ក៏​ដៃ​របស់​យើង​នឹង​អូស​គេ​ចេញ​ពី​ទី​នោះ​មក​វិញ
ហើយ​ទោះ​បើ​គេ​ប្រឹង​ឡើង​ទៅ​ដល់​ស្ថាន‌សួគ៌
ក៏​យើង​នឹង​ទាញ​គេ​ទម្លាក់​ចុះ​ពី​នោះ​វិញ​ដែរ។
3ទោះ​បើ​គេ​ពួន​ខ្លួន​នៅ​លើ​កំពូល​ភ្នំ​កើមែល​ក៏​ដោយ
ក៏​យើង​នឹង​រក​គេ ហើយ​យក​គេ​ចេញ​ពី​ទី​នោះ
ទោះ​បើ​គេ​លាក់​ខ្លួន​ពី​ភ្នែក​របស់​យើង
នៅ​ទី​បាតាល​នៃ​សមុទ្រ​ក៏​ដោយ
ក៏​យើង​នឹងបញ្ជាដល់​នាគ
ហើយ​វា​នឹង​ខាំ​គេ​នៅ​ទី​នោះ។
4ទោះ​បើ​គេ​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ​នៅ​ពី​មុខ​ខ្មាំង​សត្រូវ
ក៏​យើង​នឹង​បង្គាប់​ដល់​ដាវ
ហើយ​ដាវ​នឹង​សម្លាប់​គេ​នៅ​ទី​នោះ
យើង​នឹង​ផ្តោត​ភ្នែក​ទៅ​រក​គេ​ឲ្យ​មាន​ការ​អាក្រក់
មិន​មែន​ជា​ការ​ល្អ»។
5ព្រះ‌អម្ចាស់ ជា​ព្រះ‌នៃ​ពួក​ពល​បរិវារ
ព្រះ‌អង្គ​ជា​ព្រះ​ដែល​ពាល់​ផែនដី
នោះ​ផែនដី​ក៏​រលាយ​ទៅ
ហើយ​អស់​អ្នក​ដែល​អា‌ស្រ័យ​នៅ​ផែន​ដី​ទាំង​ប៉ុន្មាន
ក៏​សោក‌សៅ
ឯ​ស្រុក​ទាំង​មូល​នឹង​ឡើង​ដូច​ជា​ទន្លេ​ធំ
រួច​ស្រក​ទៅ​វិញ​ដូច​ជា​ទន្លេ​នៃ​ស្រុក​អេស៊ីព្ទ
6ព្រះ‌អង្គ​ដែល​សង់​ព្រះ​ដំណាក់​ដ៏​ខ្ពស់
របស់​ព្រះ‌អង្គ​នៅ​លើ​ស្ថាន‌សួគ៌
ហើយ​តាំង​លំហ​អាកាស​នៅ​ពី​លើ​ផែនដី
ព្រះ‌អង្គ​ហៅ​ទឹក​សមុទ្រ​ឲ្យ​ឡើង​ទៅ​លើ
រួច​ចាក់​មក​លើ​ផែនដី​វិញ
ព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌យេហូវ៉ា។
7ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
ឱ​កូន​ចៅ​អ៊ីស្រា‌អែល​អើយ
តើ​អ្នក​រាល់​គ្នា​មិន​មែន​ដូច​ជា​កូន​ចៅ
របស់​សាសន៍​អេធី‌យ៉ូពី ដល់​យើង​ទេ​ឬ?
តើ​មិន​មែន​យើង​ដែល​នាំ​អ៊ីស្រា‌អែល
ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ
និង​ពួក​ភីលី‌ស្ទីនចេញ​ពី​ស្រុក​កាប់ថោរ
ហើយ​ពួក​ស៊ីរី​ពី​ស្រុក​គារ​ទេ​ឬ?
8មើល៍ ព្រះ‌នេត្រ​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា
ទត​មើល​នគរ​ដែល​មាន​បាប​នេះ
ហើយ​យើង​នឹង​បំផ្លាញ​ឲ្យ​សូន្យ​បាត់​ពី​ផែនដី
ប៉ុន្ដែ យើង​នឹង​មិន​បំផ្លាញ​ពូជ‌ពង្ស​យ៉ាកុប
អស់​ទាំង​ស្រុង​ទេ
នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា។
9ដ្បិត​មើល៍ យើង​នឹង​បញ្ជា
ហើយ​រែង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ក្នុង​ចំណោម
អស់​ទាំង​សាសន៍
ដូច​គេ​រែង​អង្ករ​នៅ​ក្នុង​កញ្ច្រែង
តែ​ឥត​មាន​គ្រាប់​ណា​មួយ​ធ្លាក់​ដល់​ដី​ឡើយ។
10អស់​អ្នក​មាន​បាប​ក្នុង​ប្រជា‌រាស្ត្រ​របស់​យើង
ដែល​ពោល​ថា
ការ​អាក្រក់​នឹង​តាម​យើង​មិន​ទាន់
ឬ​ប្រទះ​នឹង​យើង​ឡើយ
គេ​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ»។
ការ​តាំង​រាជ្យ​របស់ព្រះ​បាទ​ដាវីឌ​ឡើង​វិញ
11«នៅ​ថ្ងៃ​នោះ យើង​នឹង​លើក​ទី​លំ‌នៅ​របស់​ដាវីឌ
ដែល​ដួល​រលំ​នោះ​ឡើង​វិញ
ហើយ​ជួស​ជុល​កន្លែង​ធ្លុះ​ធ្លាយ​ឲ្យ​ជិត
យើង​នឹង​លើកកន្លែង​ខូច​បង់​ឡើង
ហើយ​សង់​ឡើង​ឲ្យ​បាន​ដូច​ដើម
12ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ជា​ម្ចាស់​លើ​សំណល់
នៃ​សាសន៍​អេដុម
និង​សាសន៍​ទាំង​ប៉ុន្មាន
ដែល​បាន​ហៅ​តាម​ឈ្មោះ​យើង
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា
ដែល​ធ្វើ​ការ​ទាំង​នេះ»។
13ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
«មើល៍ គ្រា​នោះជិត​មកដល់​ហើយ
ដែល​អ្នក​ភ្ជួរ​រាស់​នឹង​តាម​ទាន់​អ្នក​ច្រូត​កាត់
ហើយ​អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ
នឹង​តាម​ទាន់​អ្នក​ដែល​សាប‌ព្រោះ​ពូជ
ភ្នំ​ធំៗ​នឹង​ស្រក់​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​ផ្អែម
ហើយ​អស់​ទាំង​ភ្នំ​តូចៗ​ក៏​នឹង​ហូរ​ដែរ។
14យើង​នឹង​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង
ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​មក​វិញ
គេ​នឹង​សង់​ទី​ក្រុង​ដែល​ខូច‌បង់​ទាំង​ប៉ុន្មាន​ឡើង​វិញ
ដើម្បី​រស់​នៅ គេ​នឹង​ដាំ​ទំពាំង‌បាយ‌ជូរ
ហើយ​ផឹក​ស្រា​ពី​ផល​ទំពាំង‌បាយជូរ​នោះ
គេ​នឹង​ធ្វើ​ចម្ការ ហើយ​បរិភោគ​ផល​ពី​ចម្ការ​នោះ​ដែរ។
15យើង​នឹង​ដាំ​គេ​ចុះនៅ​ក្នុង​ស្រុក​របស់​គេ
ហើយ​គេ​មិន​ត្រូវ​រលើង​ចេញ​ពី​ស្រុក​របស់​ខ្លួន
ដែល​យើង​ឲ្យ​ដល់​គេ​នោះ​ទៀត​ឡើយ
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា
ជា​ព្រះ​របស់​អ្នក»។:៚

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in