YouVersion Logo
Search Icon

អេម៉ុស 8

8
កំ​ប្រោង​ផ្លែ​ឈើ
1ព្រះ‌អម្ចាស់​យេហូវ៉ា​បង្ហាញ​ខ្ញុំ​ដូច្នេះ មើល៍ មាន​កំប្រោង​មួយ​ពេញ​ដោយ​ផ្លែ​ឈើ​រដូវ​ក្តៅ 2ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អេម៉ុស​អើយ តើ​អ្នក​ឃើញ​អ្វី?» ខ្ញុំ​ក៏​ទូល​ព្រះ‌អង្គ​ថា៖ «ឃើញ​កំប្រោង​មួយ​ពេញ​ដោយ​ផ្លែ​ឈើ​រដូវ​ក្តៅ » រួច​ព្រះ‌យេហូវ៉ា​ប្រាប់​ខ្ញុំ​ថា៖
«ចុង​បញ្ចប់ បាន​មក​ដល់​អ៊ីស្រា‌អែល
ជា​ប្រជា‌រាស្ត្រ​របស់​យើង​ហើយ
យើង​នឹង​លែង​មើល​រំលង​គេ​ទៀត​ហើយ។
3នៅ​ថ្ងៃ​នោះ បទ​ចម្រៀង​ដែល​ច្រៀង​នៅ​ក្នុង​ព្រះ‌វិហារ
នឹង​ត្រឡប់​ជា​សម្រែក​ទ្រ‌ហោ​យំ
មាន​សាក‌សព​យ៉ាង​ច្រើន​សន្ធឹក
ហើយ​ត្រូវ​គេ​បោះ​ចោល​គ្រប់​ទី​កន្លែង។
ចូរ​ស្ងៀម‌ស្ងាត់!»
នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌អម្ចាស់​យេហូវ៉ា។
4ចូរ​ស្ដាប់​សេចក្ដី​នេះ​ចុះ!
ម្នាល​ពួក​អ្នក​ដែល​ជិះ​ជាន់​មនុស្ស​កម្សត់​ទុគ៌ត
ហើយ​ធ្វើ​ឲ្យ​អ្នក​ក្រីក្រ​នៅ​ក្នុង​ស្រុក​ត្រូវ​វិនាស
5ដោយ​ពាក្យ​ថា "តើ​ពេល​ណា​ទើប​ផុត​ថ្ងៃ​បុណ្យ​ចូល​ខែ
ដើម្បី​ឲ្យ​យើង​បាន​លក់​ស្រូវ
ហើយ​ថ្ងៃ​សប្ប័ទ​ដែរ
ដើម្បី​ឲ្យ​យើង​បាន​ដាក់​លក់​ភោជ្ជ‌សាលី?
យើង​នឹង​បង្រួម​រង្វាល់ ហើយ​ដំឡើង​ថ្លៃ
រួច​បញ្ឆោត​គេ​ដោយ​ជញ្ជីង​មិន​ត្រឹម‌ត្រូវ
6ប្រ‌យោជន៍​ឲ្យ​យើង​បាន​ទិញ​មនុស្ស​ក្រីក្រ​ដោយ​ប្រាក់
និង​មនុស្ស​កម្សត់​ទុគ៌ត ដោយ​ស្បែក​ជើង​មួយ​គូ
ព្រម​ទាំង​លក់​សំដី​ស្រូវ​ដែរ"។
7ព្រះ‌យេហូវ៉ា​បាន​ស្បថ​ដោយ​សារ​អំនួត​របស់​យ៉ាកុប​ថា
"ពិត​ប្រាកដ​ជា​យើង​នឹង​មិន​ភ្លេច​អំពើ​ណា​មួយ
ដែល​គេ​បាន​ប្រព្រឹត្ត​ឡើយ"។
8ដោយ​ហេតុ​នេះ តើ​ស្រុក​មិន​ញាប់‌ញ័រ
ហើយ​គ្រប់​គ្នា​ដែល​រស់​នៅ​ក្នុង​ស្រុក
តើ​មិន​សោយ​សោក​ទេ​ឬ?
អើ ស្រុក​នេះ​ទាំង​មូល​នឹង​ឡើង​លិច​ដូច​ទន្លេ​ធំ
និង​ចម្រើន​ដី ហើយ​ស្រោច‌ស្រព រួច​ស្រក​ទៅ​វិញ
ដូច​ជា​ទន្លេ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ។
9នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា
នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ព្រះ‌អាទិត្យ​លិច
នៅ​ពេល​ថ្ងៃ​ត្រង់
ហើយ​ឲ្យ​ផែនដី​ងងឹត នៅ​ពេល​មេឃ​ស្រឡះ។
10យើង​នឹង​ធ្វើ​ឲ្យ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា
ទៅ​ជា​ការ​យំ​សោក
ហើយ​ឲ្យ​បទ​ចម្រៀង​របស់​អ្នក​រាល់​គ្នា
ទៅ​ជា​ពាក្យ​ទំនួញ។
យើង​នឹង​ធ្វើ​ឲ្យ​គ្រប់​ទាំង​ចង្កេះ​ស្លៀក​ពាក់​សំពត់​ធ្មៃ
ហើយ​ឲ្យ​គ្រប់​ទាំង​ក្បាល​ទៅ​ជា​ត្រងោល។
យើង​នឹង​ធ្វើ​ឲ្យ​មាន​ការ​យំ​សោក
ដូច​គេ​យំ​សោក​នឹង​កូន​តែ​មួយ
ហើយ​ចុង​បំផុត​នៃ​ការ​នោះ​នឹង​ដូច​ជា​ថ្ងៃ​ជូរ​ល្វីង។
11ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
«មើល៍ គ្រា​នោះនឹង​មក​ដល់
ដែល​យើង​នឹង​ចាត់​អំណត់​មក​លើ​ស្រុក​នេះ
មិន​មែន​ជា​អំណត់​ដែល​អត់​អាហារ
ឬ​ដែល​ស្រេក​ទឹក​ទេ
គឺ​ជា​អំណត់ដែល​មិន​បាន​ឮ​ព្រះ‌បន្ទូល
របស់​ព្រះ‌យេហូវ៉ា​វិញ។
12គេ​នឹង​ដើរ​ចុះ​ឡើង​ពី​សមុទ្រ​ម្ខាង​ទៅ​សមុទ្រ​ម្ខាង
ហើយ​ពី​ទិស​ខាង​ជើង រហូត​ដល់​ទិស​ខាង​កើត
គេ​នឹង​រត់​ច្រវាត់ ដើម្បី​ស្វែង​រក​ព្រះ‌បន្ទូល
របស់​ព្រះ‌យេហូវ៉ា តែ​នឹង​មិន​ប្រទះ​ឡើយ។
13នៅ​ថ្ងៃ​នោះ ក្រមុំ​ស្អាតៗ និង​កំលោះៗ
នឹង​ល្វើយ​ទៅ​ដោយ​ស្រេក​ទឹក។
14អស់​អ្នក​ដែល​ស្បថ​ដោយ​អំពើ​បាប​របស់​សាម៉ារី
ពោល​ថា "ដូចដែល​ព្រះ​របស់អ្នក​រស់​នៅ
ឱ​ដាន់​អើយ"
ហើយ​ថា "ដូច​ដែល​ផ្លូវ​ប្រព្រឹត្ត
របស់​បៀរ-សេបា​រស់​នៅ" យ៉ាង​ណា
នោះ​គេ​នឹង​ដួល ហើយ​ក្រោក​ឡើង​វិញ​មិន​រួច​ឡើយ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in