អេម៉ុស 9
9
ការហិនវិនាសរបស់អ៊ីស្រាអែល
1ខ្ញុំឃើញព្រះអម្ចាស់ឈរក្បែរ អាសនា ហើយព្រះអង្គមានព្រះបន្ទូលថា៖
«ចូរវាយក្បាលសសរឲ្យកក្រើក រហូតដល់ជើងសសរ
ហើយបំបែកនៅលើក្បាលរបស់មនុស្សទាំងអស់
រួចអស់អ្នកដែលសល់ យើងនឹងប្រហារដោយដាវ
គ្មានអ្នកណាម្នាក់អាចរត់ចេញ
គ្មានអ្នកណាម្នាក់អាចគេចផុតបានឡើយ។
2ទោះបើគេជីកទម្លុះទៅដល់
ស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏ដោយ
ក៏ដៃរបស់យើងនឹងអូសគេចេញពីទីនោះមកវិញ
ហើយទោះបើគេប្រឹងឡើងទៅដល់ស្ថានសួគ៌
ក៏យើងនឹងទាញគេទម្លាក់ចុះពីនោះវិញដែរ។
3ទោះបើគេពួនខ្លួននៅលើកំពូលភ្នំកើមែលក៏ដោយ
ក៏យើងនឹងរកគេ ហើយយកគេចេញពីទីនោះ
ទោះបើគេលាក់ខ្លួនពីភ្នែករបស់យើង
នៅទីបាតាលនៃសមុទ្រក៏ដោយ
ក៏យើងនឹងបញ្ជាដល់នាគ
ហើយវានឹងខាំគេនៅទីនោះ។
4ទោះបើគេត្រូវចាប់ទៅជាឈ្លើយនៅពីមុខខ្មាំងសត្រូវ
ក៏យើងនឹងបង្គាប់ដល់ដាវ
ហើយដាវនឹងសម្លាប់គេនៅទីនោះ
យើងនឹងផ្តោតភ្នែកទៅរកគេឲ្យមានការអាក្រក់
មិនមែនជាការល្អ»។
5ព្រះអម្ចាស់ ជាព្រះនៃពួកពលបរិវារ
ព្រះអង្គជាព្រះដែលពាល់ផែនដី
នោះផែនដីក៏រលាយទៅ
ហើយអស់អ្នកដែលអាស្រ័យនៅផែនដីទាំងប៉ុន្មាន
ក៏សោកសៅ
ឯស្រុកទាំងមូលនឹងឡើងដូចជាទន្លេធំ
រួចស្រកទៅវិញដូចជាទន្លេនៃស្រុកអេស៊ីព្ទ
6ព្រះអង្គដែលសង់ព្រះដំណាក់ដ៏ខ្ពស់
របស់ព្រះអង្គនៅលើស្ថានសួគ៌
ហើយតាំងលំហអាកាសនៅពីលើផែនដី
ព្រះអង្គហៅទឹកសមុទ្រឲ្យឡើងទៅលើ
រួចចាក់មកលើផែនដីវិញ
ព្រះអង្គមានព្រះនាមថា ព្រះយេហូវ៉ា។
7ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
ឱកូនចៅអ៊ីស្រាអែលអើយ
តើអ្នករាល់គ្នាមិនមែនដូចជាកូនចៅ
របស់សាសន៍អេធីយ៉ូពី ដល់យើងទេឬ?
តើមិនមែនយើងដែលនាំអ៊ីស្រាអែល
ឡើងចេញពីស្រុកអេស៊ីព្ទ
និងពួកភីលីស្ទីនចេញពីស្រុកកាប់ថោរ
ហើយពួកស៊ីរីពីស្រុកគារទេឬ?
8មើល៍ ព្រះនេត្ររបស់ព្រះអម្ចាស់យេហូវ៉ា
ទតមើលនគរដែលមានបាបនេះ
ហើយយើងនឹងបំផ្លាញឲ្យសូន្យបាត់ពីផែនដី
ប៉ុន្ដែ យើងនឹងមិនបំផ្លាញពូជពង្សយ៉ាកុប
អស់ទាំងស្រុងទេ
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
9ដ្បិតមើល៍ យើងនឹងបញ្ជា
ហើយរែងពូជពង្សអ៊ីស្រាអែលក្នុងចំណោម
អស់ទាំងសាសន៍
ដូចគេរែងអង្ករនៅក្នុងកញ្ច្រែង
តែឥតមានគ្រាប់ណាមួយធ្លាក់ដល់ដីឡើយ។
10អស់អ្នកមានបាបក្នុងប្រជារាស្ត្ររបស់យើង
ដែលពោលថា
ការអាក្រក់នឹងតាមយើងមិនទាន់
ឬប្រទះនឹងយើងឡើយ
គេនឹងត្រូវស្លាប់ដោយដាវ»។
ការតាំងរាជ្យរបស់ព្រះបាទដាវីឌឡើងវិញ
11«នៅថ្ងៃនោះ យើងនឹងលើកទីលំនៅរបស់ដាវីឌ
ដែលដួលរលំនោះឡើងវិញ
ហើយជួសជុលកន្លែងធ្លុះធ្លាយឲ្យជិត
យើងនឹងលើកកន្លែងខូចបង់ឡើង
ហើយសង់ឡើងឲ្យបានដូចដើម
12ដើម្បីឲ្យគេបានធ្វើជាម្ចាស់លើសំណល់
នៃសាសន៍អេដុម
និងសាសន៍ទាំងប៉ុន្មាន
ដែលបានហៅតាមឈ្មោះយើង
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា
ដែលធ្វើការទាំងនេះ»។
13ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
«មើល៍ គ្រានោះជិតមកដល់ហើយ
ដែលអ្នកភ្ជួររាស់នឹងតាមទាន់អ្នកច្រូតកាត់
ហើយអ្នកជាន់ផ្លែទំពាំងបាយជូរ
នឹងតាមទាន់អ្នកដែលសាបព្រោះពូជ
ភ្នំធំៗនឹងស្រក់ជាស្រាទំពាំងបាយជូរផ្អែម
ហើយអស់ទាំងភ្នំតូចៗក៏នឹងហូរដែរ។
14យើងនឹងនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង
ដែលជាប់ជាឈ្លើយឲ្យមកវិញ
គេនឹងសង់ទីក្រុងដែលខូចបង់ទាំងប៉ុន្មានឡើងវិញ
ដើម្បីរស់នៅ គេនឹងដាំទំពាំងបាយជូរ
ហើយផឹកស្រាពីផលទំពាំងបាយជូរនោះ
គេនឹងធ្វើចម្ការ ហើយបរិភោគផលពីចម្ការនោះដែរ។
15យើងនឹងដាំគេចុះនៅក្នុងស្រុករបស់គេ
ហើយគេមិនត្រូវរលើងចេញពីស្រុករបស់ខ្លួន
ដែលយើងឲ្យដល់គេនោះទៀតឡើយ
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា
ជាព្រះរបស់អ្នក»។:៚
Currently Selected:
អេម៉ុស 9: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies