២ ពង្សាវតារក្សត្រ 17
17
ហូស៊ាជាស្តេចចុងក្រោយបង្អស់នៅស្រុកអ៊ីស្រាអែល
1នៅឆ្នាំទីដប់ពីរ ក្នុងរាជ្យស្តេចអ័ហាស ជាស្តេចយូដា នោះហូស៊ា ជាកូនអេឡា ក៏ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ក៏សោយរាជ្យបានប្រាំបួនឆ្នាំ។ 2ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា តែមិនដូចពួកស្តេចអ៊ីស្រាអែលនៅមុនទ្រង់នោះទេ។ 3សាលម៉ានេស៊ើរជាស្តេចស្រុកអាសស៊ើរ បានឡើងមកទាស់នឹងហូស៊ា ហើយទ្រង់ក៏ចុះចូល ព្រមទាំងបង់សួយអាករថ្វាយផង។ 4តែស្តេចអាសស៊ើរបានជ្រាបថា ហូស៊ាគិតក្បត់ហើយ ដ្បិតហូស៊ាបានចាត់សារទៅសូរ ជាស្តេចស្រុកអេស៊ីព្ទ ហើយលែងបង់សួយអាករថ្វាយទ្រង់ដូចជារាល់ឆ្នាំទៀត។ ហេតុនោះបានជាស្តេចអាសស៊ើរចាប់ទ្រង់ឃុំទុកក្នុងគុក។
អ៊ីស្រាអែលត្រូវនិរទេសទៅអាសស៊ើរ
5ស្តេចអាសស៊ើរយាងមកសព្វគ្រប់ក្នុងស្រុក ក៏ឡើងទៅឡោមព័ទ្ធច្បាំងក្រុងសាម៉ារីអស់រយៈពេលបីឆ្នាំ។ 6នៅឆ្នាំទីប្រាំបួន ក្នុងរាជ្យហូស៊ា ស្តេចអាសស៊ើរក៏វាយយកក្រុងសាម៉ារីបាន ហើយទ្រង់នាំពួកអ៊ីស្រាអែលទៅស្រុកអាសស៊ើរ ដាក់ឲ្យនៅត្រង់ក្រុងហាឡានៅមាត់ទន្លេហាបោ ជាទន្លេរបស់ស្រុកកូសាន ហើយនៅក្នុងទីក្រុងរបស់សាសន៍មេឌីទាំងប៉ុន្មានដែរ។
7ការនោះកើតមក ដោយព្រោះតែពួកកូនចៅអ៊ីស្រាអែលបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះរបស់គេ ដែលទ្រង់បាននាំគេឡើងចេញពីស្រុកអេស៊ីព្ទ ឲ្យរួចពីកណ្ដាប់ដៃផារ៉ោនជាស្តេចស្រុកអេស៊ីព្ទមក ហើយដោយព្រោះគេបានកោតខ្លាចដល់ព្រះដទៃ 8ព្រមទាំងប្រព្រឹត្តតាមអស់ទាំងទំនៀមទម្លាប់នៃពួកសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែល ហើយធ្វើតាមច្បាប់ដែលពួកស្តេចអ៊ីស្រាអែលបានតាំងដែរ។ 9ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើដែលមិនត្រឹមត្រូវ ដោយលួចលាក់ ទាស់នឹងព្រះយេហូវ៉ាជាព្រះរបស់គេ ក៏ធ្វើទីខ្ពស់សម្រាប់ខ្លួន នៅគ្រប់ទាំងទីក្រុង ចាប់តាំងពីភូមិដែលមានតែប៉មចាំយាម រហូតដល់ទីក្រុងមានកំផែង។ 10គេបានធ្វើស្ដូបសម្រាប់គោរព និងបង្គោលសក្ការៈ នៅលើអស់ទាំងទីភ្នំ ហើយនៅក្រោមដើមឈើខ្ចីទាំងប៉ុន្មានផង ។ 11ឯនៅលើអស់ទាំងទីខ្ពស់នោះ គេក៏ដុតកំញានដូចជាសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខគេចេញ គេប្រព្រឹត្តអំពើអាក្រក់ ជាការដែលនាំឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ។ 12គេគោរពប្រតិបត្តិតាមរូបព្រះដែលព្រះយេហូវ៉ាហាមថា អ្នករាល់គ្នាមិនត្រូវធ្វើយ៉ាងនោះឡើយ 13ប៉ុន្តែ ព្រះយេហូវ៉ាបានធ្វើបន្ទាល់ដល់ពួកអ៊ីស្រាអែល និងពួកយូដា តាមរយៈពួកហោរាជាច្រើន និងអ្នកមើលឆុតថា ចូរអ្នករាល់គ្នាបែរចេញពីផ្លូវអាក្រក់របស់ឯងទៅ ហើយកាន់តាមក្រឹត្យក្រម និងបញ្ញត្តិយើងទាំងប៉ុន្មាន តាមច្បាប់ទាំងអស់ដែលយើងបានបង្គាប់ដល់បុព្វបុរសឯង ហើយដែលយើងបានផ្ញើមកអ្នករាល់គ្នា តាមរយៈពួកហោរា ជាអ្នកបម្រើរបស់យើង។ 14ប៉ុន្តែ គេមិនព្រមស្តាប់ទេ គឺបានតាំងចិត្តរឹង ដូចជាបុព្វបុរសគេ ដែលមិនបានជឿដល់ព្រះយេហូវ៉ាជាព្រះរបស់គេដែរ។ 15គេបោះបង់បញ្ញត្តិរបស់ព្រះអង្គ និងសេចក្ដីសញ្ញាដែលព្រះអង្គបានតាំងនឹងបុព្វបុរសគេ ព្រមទាំងសេចក្ដីបន្ទាល់ ដែលព្រះអង្គបានមានព្រះបន្ទូលនឹងគេផង គេដើរតាមតែការឥតប្រយោជន៍ ហើយខ្លួនគេក៏ត្រឡប់ជាអសារឥតការដែរ គេប្រព្រឹត្តតាមពួកសាសន៍ដទៃនៅជុំវិញ ដែលព្រះយេហូវ៉ាហាមថា កុំឲ្យត្រាប់តាមអ្នកទាំងនោះឡើយ។ 16គេបោះបង់ចោលអស់ទាំងក្រឹត្យក្រមរបស់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ក៏សិតធ្វើរូប គឺជារូបកូនគោពីរ ហើយធ្វើបង្គោលសក្ការៈ ព្រមទាំងថ្វាយបង្គំដល់អស់ទាំងពលបរិវារនៅលើមេឃ ហើយគោរពប្រតិបត្តិដល់ព្រះបាលផង។ 17គេធ្វើឲ្យកូនប្រុសកូនស្រីគេឆ្លងកាត់ភ្លើង ហើយប្រើរបៀនផ្សេងៗ និងការមន្តអាគម ព្រមទាំងលក់ខ្លួនគេទៅឲ្យបានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលនាំឲ្យទ្រង់មានសេចក្ដីក្រោធ។ 18ដោយហេតុនោះបានជាព្រះយេហូវ៉ាមានសេចក្ដីក្រេវក្រោធជាខ្លាំងចំពោះពួកអ៊ីស្រាអែល ក៏រើគេចេញចំពោះព្រះនេត្ររបស់ព្រះអង្គទៅ សល់នៅតែកុលសម្ព័ន្ធយូដាតែមួយប៉ុណ្ណោះ។
19ឯពួកយូដាក៏មិនបានកាន់តាមក្រឹត្យក្រមរបស់ព្រះយេហូវ៉ាជាព្រះរបស់គេដែរ គឺគេដើរតាមទំនៀមដែលពួកអ៊ីស្រាអែលធ្លាប់ប្រព្រឹត្តដែរ។ 20ហេតុនោះបានជាព្រះយេហូវ៉ាបោះបង់ចោលពូជអ៊ីស្រាអែលទាំងអស់ ក៏ធ្វើទុក្ខគេ ហើយប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់ពួកអ្នកដែលបំផ្លាញគេ ដរាបដល់ព្រះអង្គបានបោះគេចោលពីចំពោះព្រះភក្ត្រព្រះអង្គ។ 21ព្រះអង្គបានហែកពួកអ៊ីស្រាអែលផ្តាច់ចេញពីជំនួរវង្សដាវីឌ ក៏លើកយេរ៉ូបោមជាកូននេបាត តាំងឡើងឲ្យធ្វើជាស្តេចវិញ ឯយេរ៉ូបោម ក៏បានញាក់ទាញពួកអ៊ីស្រាអែលចេញពីព្រះយេហូវ៉ា ព្រមទាំងបណ្ដាលឲ្យគេធ្វើបាបយ៉ាងធ្ងន់។ 22ពួកកូនចៅអ៊ីស្រាអែលក៏បានដើរតាមអស់ទាំងអំពើបាបដែលយេរ៉ូបោមបានប្រព្រឹត្ត គេមិនបានលះបង់អំពើទាំងនោះឡើយ 23ដរាបដល់ព្រះយេហូវ៉ាបណ្តេញគេពីចំពោះព្រះភក្ត្រព្រះអង្គចេញ ដូចជាព្រះអង្គបានមានព្រះបន្ទូលដោយសារអស់ទាំងហោរា ជាអ្នកបម្រើរបស់ព្រះអង្គ។ ដូច្នេះ អ៊ីស្រាអែលក៏ត្រូវគេនាំចេញពីស្រុករបស់ខ្លួន ទៅនៅឯស្រុកអាសស៊ើរ ដរាបដល់សព្វថ្ងៃនេះ។
ដើមកំណើតរបស់សាសន៍សាម៉ារី
24រួចមកស្តេចអាសស៊ើរ ទ្រង់នាំយកមនុស្សពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត និងក្រុងសេផាវែម ទៅដាក់ឲ្យនៅក្នុងអស់ទាំងទីក្រុងស្រុកសាម៉ារី ជំនួសពួកកូនចៅអ៊ីស្រាអែលវិញ អ្នកទាំងនោះបានស្រុកសាម៉ារីជារបស់គេ ហើយក៏អាស្រ័យនៅក្នុងអស់ទាំងទីក្រុងស្រុកនោះ។ 25ពេលគេបាននៅក្នុងស្រុក គេមិនបានកោតខ្លាចដល់ព្រះយេហូវ៉ាទេ ហេតុនោះ ព្រះយេហូវ៉ាប្រើសត្វសិង្ហ ឲ្យទៅនៅកណ្ដាលគេ សិង្ហទាំងនោះបានសម្លាប់អ្នកខ្លះ។ 26ដូច្នេះ គេទូលដល់ស្តេចអាសស៊ើរថា៖ «ពួកសាសន៍ទាំងប៉ុន្មាន ដែលទ្រង់បាននាំយកទៅ ទុកឲ្យនៅក្នុងអស់ទាំងទីក្រុងស្រុកសាម៉ារី គេមិនស្គាល់ច្បាប់នៃព្រះរបស់ស្រុកនោះទេ បានជាព្រះឲ្យសត្វសិង្ហទៅនៅកណ្ដាលគេ ហើយសត្វទាំងនោះកំពុងតែសម្លាប់គេ ដោយព្រោះគេមិនស្គាល់ច្បាប់នៃព្រះរបស់ស្រុកនោះ»។
27ស្តេចអាសស៊ើរបង្គាប់ថា៖ «ចូរនាំសង្ឃម្នាក់ ដែលចេញមកពីស្រុកនោះ ឲ្យទៅនៅឯណោះវិញចុះ ដើម្បីនឹងបង្រៀនគេពីច្បាប់នៃព្រះរបស់ស្រុកនោះ»។ 28ដូច្នេះ សង្ឃម្នាក់ដែលគេបាននាំចេញពីស្រុកសាម៉ារីមក ក៏វិលទៅនៅឯក្រុងបេត-អែល បង្ហាត់បង្រៀនគេពីបែបដែលត្រូវកោតខ្លាចដល់ព្រះយេហូវ៉ា។ 29ប៉ុន្តែ គ្រប់សាសន៍បានធ្វើព្រះសម្រាប់គេរៀងខ្លួន ដាក់ទុកនៅក្នុងទីសក្ការៈតាមទីខ្ពស់ៗ ដែលពួកសាម៉ារីបានធ្វើ គឺគ្រប់ទាំងសាសន៍នោះ តាមទីក្រុងដែលគេអាស្រ័យនៅ។ 30ពួកដែលមកពីក្រុងបាប៊ីឡូន គេធ្វើព្រះស៊ូកូថ-បេណូត ពួកក្រុងគូថា គេធ្វើព្រះនើកាល ពួកក្រុងហាម៉ាត គេធ្វើព្រះអ័ស៊ីម៉ា 31ពួកក្រុងអាវ៉ា គេធ្វើព្រះនីបហាស និងព្រះថើថាក ហើយពួកសេផាវែម គេដុតកូនរបស់គេក្នុងភ្លើង ថ្វាយព្រះអ័ឌរ៉ាម៉ាលេក និងព្រះអ័ណាម៉ាលេក ជាព្រះរបស់ពួកសេផាវែមនោះ។ 32ពួកគេក៏កោតខ្លាចដល់ព្រះយេហូវ៉ាដែរ ព្រមទាំងតាំងពួកគេខ្លះឲ្យធ្វើជាសង្ឃនៃអស់ទាំងទីខ្ពស់ សម្រាប់ខ្លួនគេផង ពួកសង្ឃនោះក៏ថ្វាយយញ្ញបូជារបស់គេ នៅក្នុងទីសក្ការៈតាមទីខ្ពស់ៗទាំងនោះ។ 33គេបានកោតខ្លាចដល់ព្រះយេហូវ៉ាផង ហើយគោរពប្រតិបត្តិតាមព្រះរបស់ខ្លួនផង តាមទម្លាប់របស់សាសន៍ទាំងប៉ុន្មាន នៅស្រុកកំណើតគេរៀងខ្លួន។ 34គេនៅតែប្រព្រឹត្តរបៀបនោះ ដរាបដល់សព្វថ្ងៃនេះ គេមិនមែនកោតខ្លាចដល់ព្រះយេហូវ៉ាពិតទេ ហើយមិនមែនប្រព្រឹត្តតាមបញ្ញត្តិ តាមវិន័យរបស់ខ្លួនគេដែរ ឬតាមច្បាប់ និងក្រឹត្យក្រម ដែលព្រះយេហូវ៉ាបានបង្គាប់ ដល់ពួកកូនចៅយ៉ាកុប ជាអ្នកដែលព្រះអង្គឲ្យឈ្មោះថា អ៊ីស្រាអែល នោះផង ។ 35ព្រះយេហូវ៉ាបានតាំងសេចក្ដីសញ្ញានឹងពួកកូនចៅយ៉ាកុបនោះ ហើយហាមថា៖ «អ្នករាល់គ្នាមិនត្រូវកោតខ្លាចដល់ព្រះដទៃឡើយ ក៏មិនត្រូវក្រាបគោរពព្រះទាំងនោះ ឬប្រតិបត្តិតាម ឬថ្វាយយញ្ញបូជាដល់វាដែរ 36គឺត្រូវកោតខ្លាចដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ ដែលព្រះអង្គបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដោយព្រះចេស្តាដ៏ធំ និងព្រះហស្តលើកសម្រេច ហើយត្រូវក្រាបគោរពដល់ព្រះអង្គ ព្រមទាំងថ្វាយយញ្ញបូជារបស់ឯងដល់ព្រះអង្គតែមួយប៉ុណ្ណោះ។ 37ឯអស់ទាំងបញ្ញត្តិ និងវិន័យ ហើយច្បាប់ និងក្រឹត្យក្រមទាំងប៉ុន្មាន ដែលព្រះអង្គបានកត់ទុកឲ្យអ្នករាល់គ្នា នោះត្រូវរក្សាទុក ហើយប្រព្រឹត្តតាមជាដរាបតទៅ ឥតកោតខ្លាចដល់ព្រះដទៃឡើយ 38ក៏មិនត្រូវភ្លេចសេចក្ដីសញ្ញាដែលយើងបានតាំងនឹងអ្នករាល់គ្នាដែរ គឺមិនត្រូវកោតខ្លាចដល់ព្រះដទៃណាឲ្យសោះ។ 39ត្រូវឲ្យកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ព្រះអង្គនឹងជួយអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវទាំងអស់»។ 40ប៉ុន្តែ គេមិនបានស្តាប់តាមសោះ គឺបានប្រព្រឹត្តតាមទម្លាប់ចាស់នោះវិញ។ 41ហេតុនោះហើយដែលសាសន៍ទាំងនោះបានកោតខ្លាចដល់ព្រះយេហូវ៉ាផង ហើយគោរពប្រតិបត្តិតាមព្រះឆ្លាក់របស់ខ្លួនគេផង ឯកូនចៅរបស់គេ នោះក៏ប្រព្រឹត្តដូចជាឪពុករៀងតមក ដរាបដល់សព្វថ្ងៃនេះដែរ។
Currently Selected:
២ ពង្សាវតារក្សត្រ 17: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies