YouVersion Logo
Search Icon

២ ពង្សាវ‌តារ‌ក្សត្រ 18

18
ស្ដេច​ហេ‌សេ‌គា​សោយ‌រាជ្យ​លើ​ស្រុក​យូដា
1នៅ​ឆ្នាំ​ទី​បី ក្នុង​រាជ្យ​ហូស៊ា ជា​បុត្រ​អេឡា ស្តេច​អ៊ីស្រា‌អែល នោះ​ហេ‌សេ‌គា ជា​បុត្រ​អ័ហាស ស្តេច​យូដា ក៏​ឡើង​សោយ‌រាជ្យ។ 2ពេល​ទ្រង់​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃប្រាំ​ឆ្នាំ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ម្ភៃ​ប្រាំបួន​ឆ្នាំ មាតា​របស់​ទ្រង់​ព្រះ‌នាម​ថា​អ័ប៊ីយ៉ា បុត្រី​សាការី។ 3ទ្រង់​ប្រព្រឹត្ត​អំពើ​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដូច​ព្រះ‌បាទ​ដាវីឌ​ជា​បុព្វ‌បុរស​របស់​ទ្រង់​បាន​ធ្វើ​ដែរ។ 4ទ្រង់​បំបាត់​អស់​ទាំង​ទី​ខ្ពស់ ក៏​បំបាក់​បំបែក​ស្ដូប​ដែល​សម្រាប់​គោរព រំលំ​បង្គោល​សក្ការៈ ទាំង​ប៉ុន្មាន​ចោល ហើយ​បំបែក​កម្ទេច​ពស់​លង្ហិន​ដែល​លោក​ម៉ូសេ​បាន​ធ្វើ​ផង ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដុត​កំញាន​ថ្វាយ​ដល់​រូប​ពស់​រហូត​ដល់​គ្រា​នោះ ហើយ​ហៅរូប​នោះ​ថា នេហ៊ូស‌ថាន់។ 5ទ្រង់​ទុក​ចិត្ត​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល បាន​ជា​ក្នុង​ពួក​ស្តេច​យូដា​ក្រោយ​មក គ្មាន​ស្តេច​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ហើយ​មុន​ទ្រង់​ក៏​គ្មាន​ដែរ។ 6ដ្បិត​ទ្រង់​កាន់​ខ្ជាប់​តាម​ព្រះ‌យេហូវ៉ា ឥត​លះ‌បង់​ឡើយ គឺ​បាន​កាន់​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​លោក​ម៉ូសេ។ 7ព្រះ‌យេហូវ៉ា​ក៏​គង់​ជា‌មួយ​ទ្រង់ ហើយ​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ បាន​ជោគ​ជ័យ​ទាំង​អស់ ទ្រង់​បះ‌បោរ លែង​ចុះ​ចូល​នឹង​ស្តេច​ស្រុក​អាស‌ស៊ើរ។ 8ទ្រង់​វាយ​ពួក​ភីលី‌ស្ទីន រហូត​ដល់​ក្រុង​កាសា និង​ខេត្ត​ដែល​នៅ​ជុំ‌វិញ ចាប់​តាំង​ពី​ភូមិ​ដែល​មាន​តែ​ប៉ម​ចាំ​យាម រហូត​ដល់​ទី​ក្រុង​មាន​កំផែង។
9នៅ​ឆ្នាំ​ទី​បួន ក្នុង​រាជ្យ​ស្តេច​ហេ‌សេ‌គា ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំពីរ​នៃ​រាជ្យ​ហូស៊ា ជា​បុត្រ​អេឡា ស្តេច​អ៊ីស្រា‌អែល នោះ​សាលម៉ា‌នេស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ឡើង​មក​ឡោម‌ព័ទ្ធ​ច្បាំង​ក្រុង​សាម៉ារី។ 10លុះ​ច្បាំង​គ្រប់​បី​ឆ្នាំ​ហើយ ទើប​ចាប់​យក​ក្រុង​នោះ​បាន គឺ​ក្នុង​ឆ្នាំ​ទី​ប្រាំមួយ​នៃ​រាជ្យ​ស្ដេច​ហេ‌សេ‌គា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រាជ្យ​ហូស៊ា ស្តេច​អ៊ីស្រា‌អែល នោះ​គេ​ចាប់​យក​ក្រុង​សាម៉ារី​បាន។ 11ស្តេច​ស្រុក​អាស‌ស៊ើរ​ក៏​‌នាំ​ពួក​អ៊ីស្រា‌អែល​ទៅ​ស្រុក​អាស‌ស៊ើរ ដាក់​ឲ្យ​នៅ​ត្រង់​ក្រុង​ហាឡា ដែល​នៅ​មាត់​ទន្លេ​ហាបោរ ជា​ទន្លេ​របស់​ស្រុក​កូសាន ហើយ​នៅ​ទី​ក្រុង​របស់​សាសន៍​មេឌី​ទាំង​ប៉ុន្មាន​ដែរ 12ដោយ​ព្រោះ​គេ​មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ គឺ​បាន​រំលង​សេចក្ដី​សញ្ញា​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក គេ​មិន​ព្រម​ស្តាប់ ឬ​ធ្វើ​តាម​សញ្ញា​នោះ​ឡើយ។
ព្រះ‌បាទ​សាន‌ហេរីប​ឈ្លាន‌ពាន​អាណា‌ចក្រ​យូដា
13ដល់​ឆ្នាំ​ទី​ដប់​បួន ក្នុង​រាជ្យ​ស្ដេច​ហេ‌សេ‌គា សាន‌ហេរីប ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ក៏​ឡើង​មក​ច្បាំង​យក​បាន​អស់​ទាំង​ទី​ក្រុង​មាន​កំផែង​នៅ​ស្រុក​យូដា។ 14ឯ​ស្ដេច​ហេ‌សេ‌គា ជា​ស្តេច​យូដា ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្តេច​ស្រុក​អាស‌ស៊ើរ នៅ​ត្រង់​ក្រុង​ឡាគីស​ថា៖ «ទូល‌បង្គំ​បាន​ធ្វើ​ខុស​ហើយ សូម​ទ្រង់​ថយ​ចេញ​ពី​ទូល‌បង្គំ​ទៅ ទូល‌បង្គំ​នឹង​ទទួល​រ៉ាប់‌រង​តាម​បង្គាប់​របស់​ទ្រង់​ទាំង​អស់»។ ដូច្នេះ ស្តេច​អាស‌ស៊ើរ​ក៏​បង្គាប់​ស្ដេច​ហេ‌សេ‌គា ជា​ស្តេច​ស្រុក​យូដា ឲ្យ​បង់​ប្រាក់​បីរយ​ហាប និង​មាស​សាមសិប​ហាប។ 15ស្ដេច​ហេ‌សេ‌គា​ក៏​យក​ប្រាក់​ទាំង​អស់​ដែល​ឃើញ​មាន​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ក្នុង​ឃ្លាំង​ព្រះ‌រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន ទៅ​ថ្វាយ​ដល់​ទ្រង់។ 16នៅ​ពេល​នោះ ស្ដេច​ហេ‌សេ‌គា​ក៏​កាត់​យក​មាស​ពី​ទ្វារ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ពី​សសរ​ដែល​ទ្រង់​បាន​ស្រោប​ទៅ​ថ្វាយ​ដល់​ស្តេច​អាស‌ស៊ើរ​ដែរ។ 17ស្តេច​អាស‌ស៊ើរ​ចាត់​ថើថាន និង​រ៉ាប-សារី ហើយ​រ៉ាបសា‌កេ ពី​ក្រុង​ឡាគីស នាំ​ទាំង​ពល‌ទ័ព​ជា​ច្រើន ឲ្យ​ទៅ​ឯ​ស្ដេច​ហេ‌សេ‌គា នៅ​ក្រុង​យេរូ‌សាឡិម គេ​ក៏​ឡើង​ទៅ កាល​គេ​មក​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ គេ​ឈរ​ក្បែរ​ប្រឡាយ​នៃ​ស្រះ​ខាង​លើ ដែល​នៅ​តាម​ផ្លូវ​វាល​នៃ​ជាង​ប្រមោក។ 18ពេល​ហៅ​រក​ស្តេច នោះ​អេលា‌គីម កូន​ហ៊ីល‌គីយ៉ា ជា​ឧកញ៉ា​វាំង សេប‌ណា ជា​ស្មៀន​ហ្លួង និង​យ៉ូអា កូន​អេសាភ ជា​អ្នក​តែង​ពង្សាវ‌តារ​ក៏​ចេញ​មក។
19រ៉ាបសា‌កេ​ប្រាប់​គេ​ថា៖ «ចូរ​ទៅ​ប្រាប់​ដល់​ស្ដេច​ហេ‌សេ‌គា​ថា ស្តេច​ដ៏​ធំ គឺ​ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ទ្រង់​មានរាជ‌ឱង្ការ​ដូច្នេះ "តើ​ព្រះ​ករុណា​ទី​ពឹង​អ្នក​ណា​ដែល​ទុក​ចិត្តដូច​នេះ? 20តើ​ព្រះករុណា​គិត​ថា គ្រាន់​តែ​មានពាក្យ​សម្ដី និង​មាន​កម្លាំង​សម្រាប់​ច្បាំង​បាន​ឬ? តើ​ព្រះករុណា​ពឹង​អ្នក​ណា បាន​ជា​ហ៊ាន​បះ‌បោរ​នឹង​យើង​ដូច្នេះ? 21មើល៍ ព្រះករុណា​ពឹង​ស្រុក​អេស៊ីព្ទ ប្រៀប​ដូច​ជា​ដើម​ត្រែងដែល​បាក់ ទុក​ជា​ឈើ​ច្រត់ ដែល​បើ​កាល​ណា​ផ្អែក​ទៅ​លើ នោះ​នឹង​ចាក់​ទម្លុះ​ដៃ​វិញ។ គឺ​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ ធ្វើ​យ៉ាង​ដូច្នេះ​ដល់​អស់​អ្នក​ណា​ដែល​ពឹង​ដល់​គេ។ 22ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​និយាយ​មក​យើង​ថា "យើង​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​វិញ" តើ​មិន​មែន​ជា​ព្រះ​នោះ ដែល​ស្ដេច​ហេ‌សេ‌គា​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់ និង​អាស‌នា​របស់​ព្រះ‌អង្គ​ចេញ​ទេ​ឬ? ដោយ​ប្រាប់​ពួក​សាសន៍​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​ថា អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​បង្គំ​នៅ​មុខ​អាស‌នា​មួយ​នេះ នៅ​ក្រុង​យេរូ‌សាឡិម"។ 23ដូច្នេះ សូម​សន្យា​នឹង​ស្តេច​អាស‌ស៊ើរ ជា​ចៅ‌ហ្វាយ​របស់​ទូល​បង្គំ​ឥឡូវ​នេះ ទូល​បង្គំ​នឹង​ឲ្យ​សេះ​ពីរ​ពាន់ ប្រសិន​បើ​ព្រះករុណា​រក​អ្នក​ជិះ​បាន។ 24បើ​ទោះ​ជា​ព្រះករុណា​ទុក​ចិត្ត​ស្រុក​អេស៊ីព្ទ ឲ្យ​បាន​រទេះ​ចម្បាំង និង​ទ័ព​សេះ​ក៏​ដោយ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះករុណា​យក​ឈ្នះ​មេ‌ទ័ព​មួយ​យ៉ាង​តូច ក្នុង​ពួក​អ្នក​បម្រើ​របស់​ចៅ‌ហ្វាយ​ទូល​បង្គំ​បាន? 25ម្យ៉ាង​ទៀត យើង​ឡើង​មក​ដើម្បី​ច្បាំង​បំផ្លាញ​ទី​នេះ ដោយ​មាន​ព្រះ‌យេហូវ៉ា គឺ​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​បង្គាប់​យើង​ថា "ចូរ​ឡើង​ទៅ​ច្បាំង​បំផ្លាញ​ស្រុក​នេះ​ចុះ"»។
26ពេល​នោះ អេលា‌គីម ជា​កូន​ហ៊ីល‌គីយ៉ា និង​សេប‌ណា ហើយ​យ៉ូអា ក៏​ឆ្លើយ​តប​ទៅ​រ៉ាបសា‌កេ​ថា៖ «សូម​លោក​មាន​ប្រសាសន៍​ជា​ភាសា​អារ៉ាម​មក​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​ស្តាប់​បាន សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​របស់​ពួក​យូដា ឲ្យ​ពួក​បណ្ដា‌ជន​ដែល​នៅ​លើ​កំផែង​ស្តាប់​ឮ»។ 27តែ​រ៉ាបសា‌កេ​តប​ថា៖ «តើ​ចៅ‌ហ្វាយ​របស់​យើង​បាន​ចាត់​ឲ្យ​មក​និយាយ​សេចក្ដី​ទាំង​នេះ ចំពោះ​តែ​ចៅ‌ហ្វាយ​លោក ខ្លួន​លោក​ប៉ុណ្ណោះ​ឬ? គឺ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​និយាយទៅ​ចំពោះ​មនុស្ស​ដែល​អង្គុយ​នៅ​លើ​កំផែង​ទេ​តើ ដើម្បី​ឲ្យ​គេ​បាន​ស៊ី​លាមក ហើយ​ផឹក​ទឹក​នោម​របស់​ខ្លួន​ជា‌មួយ​លោក​ដែរ»។ 28ពេល​នោះ រ៉ាបសា‌កេ​ក៏​ឈរ​ឡើងនិយាយ​ភាសា​របស់​ពួក​សាសន៍​យូដា ប្រាប់​ថា៖ «ចូរ​ស្តាប់​រាជ‌ឱអង្ការ​នៃ​ស្តេច​ដ៏​ជា​ធំ​ឧត្តម គឺ​ស្តេច​អាស‌ស៊ើរ 29ទ្រង់​មាន​រាជ‌ឱអង្ការ​ដូច្នេះ​ថា កុំ​បណ្តោយ​ឲ្យ​ស្ដេច​ហេ‌សេ‌គា​បញ្ឆោត​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​ស្ដេច​នោះ​ពុំ​អាច​នឹង​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​បាន​ទេ 30ក៏​កុំ​ឲ្យ​ស្ដេច​ហេ‌សេ‌គា​នាំ​អ្នក​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ដែរ ដោយ​ថា ព្រះ‌យេហូវ៉ា​នឹង​ជួយ​ឲ្យ​យើង​រាល់​គ្នា រួច​ជា​មិន​ខាន ហើយ​ទី​ក្រុង​នេះ​នឹង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​អាស‌ស៊ើរ​នោះ​ឡើយ។ 31កុំ​ស្តាប់​តាម​ស្ដេច​ហេ‌សេ‌គា ដ្បិត​ស្តេច​អាស‌ស៊ើរ​មាន​រាជ‌ឱង្ការ​ថា ចូរ​ចង​ស្ពាន​មេត្រី​នឹង​យើង ហើយ​ចេញ​មក​រក​យើង នោះ​គ្រប់​គ្នា​នឹង​បាន​ស៊ី​ផល​ចម្ការ​ទំពាំង‌បាយ​ជូរ និង​ផល​ដើម​ល្វា ហើយ​ផឹក​ទឹក​អណ្តូង​របស់​ខ្លួន​គ្រប់​គ្នា 32ដរាប​ដល់​យើង​មក​នាំ​យក​អ្នក​រាល់​គ្នា​ទៅ​នៅ​ស្រុក​មួយ ដូច​ជា​ស្រុក​នេះ ជា​ស្រុក​មាន​ស្រូវ និង​ទឹក​ទំពាំង‌បាយ‌ជូរ នំបុ័ង ព្រម​ទាំង​ចម្ការ​ទំពាំង‌បាយ‌ជូរ ចម្ការ​អូលីវ និង​ឃ្មុំ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រស់ ឥត​ស្លាប់។ អ្នក​រាល់​គ្នា​កុំ​ស្តាប់​តាម​ស្ដេច​ហេ‌សេ‌គា ដែល​បញ្ចុះ​បញ្ចូល​អ្នក​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​នឹង​ជួយ​ឲ្យ​រួច​នោះ​ឡើយ។ 33តើ​មាន​ព្រះ​របស់​សាសន៍​ដទៃ​ណា ដែល​ជួយ​ស្រុក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ​បាន? 34តើ​ព្រះ​របស់​ពួក​ក្រុង​ហាម៉ាត និង​ក្រុង​អើផាឌ​នៅ​ឯ​ណា? ហើយ​ព្រះ​របស់​ពួក​ក្រុង​សេផា‌វែម ពួក​ក្រុង​ហេណា និង​ពួក​ក្រុង​អ៊ីវ៉ា តើ​ព្រះ​ទាំង​នោះ​នៅ​ឯ​ណា? តើ​បាន​ជួយ​ឲ្យ​ស្រុក​សាម៉ារី​រួច​ពី​កណ្ដាប់ដៃ​របស់​យើង​បាន​ឬ​ទេ? 35ក្នុង​ចំណោម​ព្រះ​របស់​ស្រុក​ទាំង​ប៉ុន្មាន​នោះ តើ​មាន​ព្រះ​ណា​ដែល​ជួយ​ឲ្យ​ស្រុក​គេ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន? ដូច្នេះ តើ​ព្រះ‌យេហូវ៉ា​នឹង​ជួយ​សង្គ្រោះ​ក្រុង​យេរូ‌សាឡិមឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​បាន​ដែរ​ឬ?»។
36ប៉ុន្តែ ប្រជា​‌ជន​នៅ​ស្ងៀម ឥត​ឆ្លើយ​អ្វី​សោះ ដ្បិត​ស្ដេច​បាន​ហាម​ថា៖ «កុំ​ឆ្លើយ​ទៅ​គេ​ឡើយ»។ 37ពេល​នោះ អេលា‌គីម កូន​ហ៊ីល​គី‌យ៉ា ជា​ឧកញ៉ា​វាំង និង​សេប‌ណា ជា​ស្មៀន​ហ្លួង ហើយ​យ៉ូអា កូន​អេសាភ ជា​អ្នក​តែង​ពង្សាវ‌តារ គេ​វិល​មក​គាល់​ស្ដេច​ហេ‌សេ‌គា​វិញ ទាំង​អាវ​រហែក ក៏​ទូល​ទ្រង់​តាម​ពាក្យ​របស់​រ៉ាបសា‌កេ​ទាំង​អស់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in