២ របាក្សត្រ 16
16
សង្គ្រាមរវាងស្តេចអេសានឹងព្រះបាទបាសា ស្តេចស្រុកអ៊ីស្រាអែល
1នៅឆ្នាំទីសាមសិបប្រាំមួយ ក្នុងរជ្ជកាលព្រះបាទអេសា ព្រះបាទប្អាសា ជាស្តេចអ៊ីស្រាអែល បានឡើងមកទាស់នឹងពួកយូដា ស្ដេចសង់ក្រុងរ៉ាម៉ា ដើម្បីកុំឲ្យអ្នកណាចេញចូលទឹកដី របស់ព្រះបាទអេសា ជាស្តេចយូដា។ 2ដូច្នេះ ព្រះបាទអេសាយកប្រាក់ និងមាសចេញពីឃ្លាំងរបស់ព្រះវិហាររបស់ព្រះយេហូវ៉ា និងពីក្នុងព្រះរាជដំណាក់ផ្ញើទៅឯព្រះបាទបេន-ហាដាដ ជាស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ដោយទូលថា៖ 3«នេះជាសញ្ញារវាងទូលបង្គំនឹងព្រះករុណា ដូចជាបិតាទូលបង្គំ និងបិតាទ្រង់ដែរ ឥឡូវនេះ ទូលបង្គំផ្ញើប្រាក់ និងមាសមកថ្វាយទ្រង់ សូមទ្រង់ទៅផ្តាច់សញ្ញាដែលទ្រង់បានតាំងនឹងប្អាសាជាស្តេចពួកអ៊ីស្រាអែលចេញ ដើម្បីឲ្យគេថយចេញពីទូលបង្គំទៅ»។ 4ព្រះបាទបេន-ហាដាដក៏ស្តាប់តាមព្រះបាទអេសា ទ្រង់ចាត់ពួកមេលើពលទ័ពរបស់ទ្រង់ ឲ្យទៅច្បាំងនឹងអស់ទាំងទីក្រុងនៃពួកអ៊ីស្រាអែល គេក៏វាយក្រុងអ៊ីយ៉ូន ក្រុងដាន់ និងក្រុងអេបិល-ម៉ែម ព្រមទាំងទីក្រុងដែលសម្រាប់ជាឃ្លាំងទាំងប៉ុន្មាន នៅក្នុងស្រុកណែបថាលីផង។ 5ពេលព្រះបាទប្អាសាបានឮហើយ ទ្រង់ក៏ឈប់សង់ក្រុងរ៉ាម៉ា ចោលការទាំងនោះទៅ។ 6រួចព្រះបាទអេសាបាននាំពួកយូដាទាំងអស់ចេញទៅ យកថ្ម និងឈើទាំងប៉ុន្មានពីរ៉ាម៉ា ដែលប្អាសាកំពុងតែសង់ទីក្រុងនោះ ទៅសង់ក្រុងកេបា និងមីសប៉ាវិញ។
7នៅពេលនោះ ហាណានី ជាគ្រូទាយ លោកចូលគាល់ព្រះបាទអេសា ជាស្តេចយូដា ទូលថា៖ «ដោយព្រោះទ្រង់បានពឹងដល់ស្តេចស៊ីរី មិនបានពឹងដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ នោះពួកពលទ័ពរបស់ស្តេចស៊ីរី បានរួចពីកណ្ដាប់ព្រះហស្តរបស់ទ្រង់ហើយ។ 8ឯពួកសាសន៍អេធីអូពី និងពួកលីប៊ី តើគេមិនមែនជាពួកពលយ៉ាងធំ មានទាំងរទេះចម្បាំង និងពលសេះសន្ធឹកទេឬ? ប៉ុន្តែ ដោយព្រោះទ្រង់បានពឹងដល់ព្រះយេហូវ៉ា បានជាព្រះប្រគល់គេមកក្នុងកណ្ដាប់ព្រះហស្តព្រះករុណាវិញ។ 9ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីសម្ដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ ព្រះករុណាបានប្រព្រឹត្តបែបឆោតល្ងង់។ ដ្បិតពីនេះទៅមុខ នឹងមានចម្បាំងជានិច្ច»។ 10ព្រះបាទអេសាមានសេចក្ដីក្រេវក្រោធនឹងគ្រូទាយ ហើយទ្រង់ចាប់ដាក់គុក ព្រោះទ្រង់មានសេចក្ដីឃោរឃៅជាខ្លាំងដោយព្រោះដំណើរនោះ នៅគ្រានោះ ព្រះបាទអេសាក៏សង្កត់សង្កិនប្រជារាស្ត្រខ្លះដែរ។
ព្រះបាទអេសាប្រឈួន ហើយសុគត
11កិច្ចការទាំងប៉ុន្មានរបស់ព្រះបាទអេសា ទាំងមុនទាំងក្រោយ នោះបានកត់ទុកក្នុងសៀវភៅ ដែលថ្លែងពីពួកស្តេចយូដា និងអ៊ីស្រាអែលហើយ។ 12ក្នុងឆ្នាំទីសាមសិបប្រាំបួននៃរាជ្យព្រះបាទអេសា ទ្រង់ចាប់ប្រឈួនត្រង់ព្រះបាទាមានអាការៈធ្ងន់ធ្ងរ ប៉ុន្តែ ក្នុងការប្រឈួននោះ ទ្រង់មិនបានស្វែងរកព្រះយេហូវ៉ាទេ គឺបានពឹងដល់ពួកគ្រូពេទ្យវិញ។ 13ព្រះបាទអេសាក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ គឺបានសុគតនៅឆ្នាំទីសែសិបមួយ ក្នុងរាជ្យរបស់ព្រះអង្គ។ 14គេបញ្ចុះសពនៅក្នុងផ្នូររបស់ទ្រង់ ដែលបានដាប់ទុកសម្រាប់ទ្រង់នៅក្នុងក្រុងដាវីឌ ក៏តម្កល់សពនៅទីដែលបានអប់ ហើយមានពេញដោយគ្រឿងក្រអូបផ្សេងៗ ដែលពួកផ្សំគ្រឿងក្រអូបបានធ្វើ តាមវិជ្ជារបស់គេ ហើយគេថ្វាយព្រះភ្លើងដល់ទ្រង់ ជាការគោរពដល់ទ្រង់។
Currently Selected:
២ របាក្សត្រ 16: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies