YouVersion Logo
Search Icon

២ របា‌ក្សត្រ 17

17
រាជ្យ​របស់​ព្រះបាទ​យេ‌ហូសា‌ផាត
1ព្រះបាទ​យេ‌ហូសា‌ផាត​ជា​បុត្រា ឡើង​សោយ‌រាជ្យ​ជំនួស​បិតា ទ្រង់​ក៏ពង្រឹង​កម្លាំង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល។ 2ទ្រង់​ដាក់​ឲ្យ​មាន​ពល‌ទ័ព​ក្នុង​គ្រប់​ទាំង​ក្រុង​មាន​បន្ទាយ​របស់​ពួក​យូដា ហើយ​ក៏​ដាក់​ឲ្យ​មាន​ក្រុម​រក្សា​នៅ​ស្រុក​យូដា និង​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​អេប្រាអិម ជា​ទី​ក្រុង​ដែល​ព្រះបាទ​អេសា​បិតា​ទ្រង់​ចាប់​យក​បាន​ដែរ។ 3ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​ព្រះ​បាទ​យេ‌ហូសា‌ផាត ព្រោះ​ស្តេច​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​ដើម​ដំបូង​របស់​ដាវីឌ ជា​អយ្យកោ ទ្រង់មិន​បានស្វែង​រក​ព្រះ‌បាល​ឡើយ 4គឺ​បាន​ស្វែង​រក​តាម​តែ​ព្រះ​នៃ​អយ្យកោ​របស់​ស្ដេច ហើយ​ប្រព្រឹត្ត​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ ឥត​ប្រព្រឹត្ត​តាម​អំពើ​របស់​ពួក​អ៊ីស្រា‌អែល​ឡើយ។ 5ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​តាំង​រាជ្យ​ឲ្យ​មាំ‌មួន​ក្នុង​អំណាច​យេ‌ហូសា‌ផាត ហើយ​ពួក​យូដា​ទាំង​អស់​គ្នា​ក៏​នាំ​យក​គ្រឿង​បណ្ណា‌ការ​មក​ថ្វាយ​ស្តេច ទ្រង់​មាន​ព្រះ‌រាជ្យ‌ទ្រព្យ និង​កិត្តិ‌យស​ជា​បរិបូរ។ 6ព្រះ‌ហឫ‌ទ័យ​ទ្រង់​បាន​តាំង​ឡើង ក្នុង​អស់​ទាំង​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា មួយ​ទៀត ទ្រង់​ក៏​បំបាត់​អស់​ទាំង​ទី​ខ្ពស់ និង​បង្គោល​សក្ការៈ ចេញ​ពី​ស្រុក​យូដា​ទៅ។
7នៅ​ឆ្នាំ​ទី​បី ក្នុង​រាជ្យ​ទ្រង់ ស្ដេច​បាន​ចាត់​ពួក​អ្នក​ដែល​ជា​ប្រធាន​របស់​ទ្រង់ គឺ​បេន-ហែល និង​អូបា‌ឌា សាការី នេថា‌នេល ហើយ​មីកា‌យ៉ា ឲ្យ​ទៅ​បង្ហាត់​បង្រៀន​ក្នុង​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​យូដា។ 8ព្រម​ទាំង​ពួក​លេវី​ឲ្យ​ទៅ​ជា‌មួយ​ដែរ គឺ​សេម៉ា‌យ៉ា នេថា‌នា សេបា‌ឌា អេសា‌អែល សេមី‌រ៉ាម៉ូត យ៉ូណា‌ថាន អ័ដូ‌នីយ៉ា ថូប៊ី‌យ៉ា និង​ថូប-អ័ដូ‌នីយ៉ា ដែល​សុទ្ធ​តែ​ពួក​លេវី និង​អេលី‌សាម៉ា ហើយ​យេ‌ហូរ៉ាម ជា​ពួក​សង្ឃ ឲ្យ​ទៅ​ជា‌មួយ​គេ។ 9ពួក​អ្នក​ទាំង​នោះ ក៏​បង្ហាត់​បង្រៀន​នៅ​ស្រុក​យូដា មាន​ទាំង​គម្ពីរ​ក្រឹត្យ‌វិន័យ​នៃ​ព្រះ‌យេហូវ៉ា នៅ​ជា‌មួយ​ផង គេ​នាំ​គ្នា​ដើរ​ចុះ​ឡើង ដល់​គ្រប់​ទី​ក្រុង​នៅ​ស្រុក​យូដា បង្រៀន​ដល់​បណ្ដា‌ជន។
10សេចក្ដី​ស្ញែង‌ខ្លាចរបស់​ព្រះ‌យេហូវ៉ា ក៏​មក​គ្រប​សង្កត់​លើ​អស់​ទាំង​នគរ នៅ​ជុំ‌វិញ​ស្រុក​យូដា ហើយ​គេ​មិន​ហ៊ាន​លើក​គ្នា​មក​ច្បាំង​នឹង​ព្រះបាទ​យេ‌ហូសា‌ផាត​ទេ។ 11មាន​ពួក​ភីលី‌ស្ទីន​ខ្លះ នាំ​យក​គ្រឿង​បណ្ណា‌ការ​មក​ថ្វាយ​ព្រះបាទ​យេ‌ហូសា‌ផាត ព្រម​ទាំង​ប្រាក់​ទុក​ជា​សួយ‌អាករ​ផង ឯ​ពួក​អារ៉ាប់ គេ​ក៏​នាំ​យក​ហ្វូង​សត្វ​មក​ថ្វាយ​ដែរ គឺ​ចៀម​ឈ្មោល​ប្រាំពីរ​ពាន់​ប្រាំពីរ​រយ និង​ពពែ​ឈ្មោល​ប្រាំពីរ​ពាន់​ប្រាំពីរ​រយ។ 12ព្រះបាទ​យេ‌ហូសា‌ផាត​បាន​ចម្រើន​ឡើង​ជា​ធំ​ក្រៃ‌លែង ទ្រង់​ក៏​សង់​ដំណាក់ និង​ទី​ក្រុង​សម្រាប់​ជា​ឃ្លាំង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា។ 13ស្ដេច​មាន​ក្រសួង​‌ការ​ងារ​ជា​ច្រើន នៅ​ក្នុង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ហើយ​មាន​មនុស្ស​ថ្នឹក​ចម្បាំង និង​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​នៅ​ក្រុង​យេរូ‌សាឡិម។ 14តាម​ជំនួរ​វង្ស​របស់​ឪពុក​គេ មាន​ចំនួន​ដូច​ខាង​ក្រោម​នេះ គឺ​ខាង​ពួក​យូដា ក្នុង​ពួក​មេ‌ទ័ព​ធំ មាន​អ័ឌ‌ណា ជា​មេ នៅ​ក្រោម​បង្គាប់​លោក​មាន​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​បី​សែន​នាក់ 15បន្ទាប់​មក មាន​យ៉ូ‌ហា‌ណាន​ជា​មេ នៅ​ក្រោម​បង្គាប់​លោក​មាន​ពីរ​សែន​ប្រាំបី​ម៉ឺន​នាក់ 16បន្ទាប់​មក​ទៀត មាន​អ័ម៉ា‌ស៊ីយ៉ា ជា​កូន​ស៊ីក‌គ្រី ដែល​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា​ស្ម័គ្រ​ពី​ចិត្ត ហើយ​ក្រោម​បង្គាប់​លោក​មាន​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ចំនួន​ពីរ​សែន​នាក់។ 17ខាង​ពួក​បេនយ៉ាមីន មាន​អេលីយ៉ាដា ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ក្រោម​បង្គាប់​លោក​មាន​មនុស្ស​កាន់​ធ្នូ និង​ខែល​ពីរ​សែន​នាក់។ 18បន្ទាប់​មក មាន​យ៉ូសា‌បាឌ ហើយ​ក្រោម​បង្គាប់​លោក​មាន​មនុស្ស​មួយ​សែន​ប្រាំបី​ម៉ឺន​នាក់ ដែល​ប្រុង‌ប្រៀប​នឹង​ទៅ​ច្បាំង​ជា​ស្រេច។ 19គឺ​អ្នក​ទាំង​នេះ​ហើយ ដែល​ចាំ​ទទួល​បម្រើ​ស្តេច ពួក​ទាំង​នេះ​ក៏​លើស​ពី​ពួក​ដែល​ស្តេច​បាន​ដាក់​ឲ្យ​នៅ​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ​ពេញ​ក្នុង​អាណា‌ខេត្ត​យូដា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ២ របា‌ក្សត្រ 17