២ របាក្សត្រ 14
14
រាជ្យរបស់ព្រះបាទអាសា
1 ព្រះបាទអ័ប៊ីយ៉ាផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ រួចអេសាជាបុត្រា ឡើងសោយរាជ្យជំនួសបិតា ហើយនៅក្នុងរាជ្យរបស់ទ្រង់ នោះស្រុកបានស្ងៀមស្ងប់អស់ដប់ឆ្នាំ។ 2 ឯព្រះបាទអេសាបានប្រព្រឹត្តសេចក្ដីដែលល្អ ហើយត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់។ 3ដ្បិតទ្រង់បំបាត់អស់ទាំងអាសនាដទៃ និងទីខ្ពស់ទាំងប៉ុន្មានអស់ ក៏បំបាក់បំបែកស្ដូបដែលសម្រាប់គោរព ហើយកាប់រំលំបង្គោលសក្ការៈ ។ 4ទ្រង់ក៏បង្គាប់ដល់ពួកយូដា ឲ្យគេស្វែងរកព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេ ហើយឲ្យប្រព្រឹត្តតាមក្រឹត្យវិន័យ និងបញ្ញត្តិទាំងប៉ុន្មានដែរ 5ទ្រង់បំបាត់ទីខ្ពស់ទាំងប៉ុន្មាន និងរូបព្រះអាទិត្យពីអស់ទាំងទីក្រុងស្រុកយូដា នោះនគរបានស្ងៀមស្ងប់នៅចំពោះទ្រង់។ 6គ្រានោះ ទ្រង់សង់ទីក្រុងមានបន្ទាយនៅក្នុងស្រុកយូដា ដ្បិតស្រុកបានស្ងៀមស្ងប់ ឥតមានចម្បាំងក្នុងប៉ុន្មានឆ្នាំនោះ ព្រោះព្រះយេហូវ៉ាបានប្រោសប្រទានឲ្យទ្រង់មានសេចក្ដីស្រាកស្រាន្ត។ 7ដូច្នេះ ទ្រង់មានរាជឱង្ការទៅពួកយូដាថា៖ «ចូរយើងសង់ទីក្រុងទាំងនេះ ហើយធ្វើកំផែងព័ទ្ធជុំវិញ ព្រមទាំងប៉ម ទ្វារ និងរនុកផង ក្នុងពេលដែលគ្មានអ្វីឃាត់ឃាំងនៅមុខយើងក្នុងស្រុក ដ្បិតយើងរាល់គ្នាបានស្វែងរកព្រះយេហូវ៉ាជាព្រះនៃយើង យើងរាល់គ្នាបានស្វែងរកព្រះអង្គ ហើយព្រះអង្គបានប្រទានឲ្យយើងមានសេចក្ដីស្រាកស្រាន្តនៅព័ទ្ធជុំវិញ»។ ដូច្នេះ គេក៏សង់ ហើយចេះតែចម្រើនឡើង។ 8អេសាមានពួកពលទ័ពដែលកាន់ខែល និងលំពែងបីសែននាក់ ជាពួកយូដា ហើយពីរសែនប្រាំបីម៉ឺននាក់ ជាពួកបេនយ៉ាមីន ដែលកាន់ខែល និងបាញ់ធ្នូ សុទ្ធតែជាមនុស្សមានចិត្តក្លាហាន។
ការឈ្លានពានរបស់សាសន៍អេធីអូពី
9នៅគ្រានោះ សេរ៉ាស ជាសាសន៍អេធីអូពី បានលើកទ័ពមួយលាននាក់ និងរទេះចម្បាំងបីរយ ចេញមកទាស់នឹងពួកយូដា ក៏មកដល់ក្រុងម៉ារីសា។ 10ដូច្នេះ ព្រះបាទអេសាក៏ចេញទៅតទល់នឹងគេ ក៏តម្រៀបគ្នា ដើម្បីច្បាំងនៅក្នុងច្រកភ្នំសេផាថា ត្រង់ក្រុងម៉ារីសា។ 11ព្រះបាទអេសាបានអំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ថា៖ «ឱព្រះយេហូវ៉ាអើយ ការជួយឲ្យមានជ័យជម្នះដល់ពួកមានគ្នាច្រើន ឬដល់ពួកកំសោយ នោះស្រេចនៅលើព្រះអង្គទេ ឱព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាអើយ សូមជួយយើងខ្ញុំផង ដ្បិតយើងខ្ញុំផ្អែកលើទ្រង់ជាទីពឹង គឺដោយនៅតែព្រះនាមព្រះអង្គប៉ុណ្ណោះ ដែលយើងរាល់គ្នាបានមក ទាស់នឹងពួកមានគ្នាច្រើនទាំងនេះ។ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃយើងរាល់គ្នា សូមកុំឲ្យមនុស្សឈ្នះព្រះអង្គឡើយ»។ 12ដូច្នេះ ព្រះយេហូវ៉ាក៏វាយពួកសាសន៍អេធីអូពី នៅចំពោះអេសា និងពួកសាសន៍យូដា ឲ្យពួកសាសន៍អេធីអូពី បាក់ទ័ពរត់ទៅ។ 13រួចអេសា និងពួកពលដែលនៅជាមួយ ក៏ដេញតាមទៅរហូតដល់ក្រុងកេរ៉ា ហើយពួកសាសន៍អេធីអូពី ដួលស្លាប់ជាច្រើន បានជាគេងើបឡើង ឲ្យមានកម្លាំងទៀតមិនបាន ព្រោះគេត្រូវបាក់បែកនៅចំពោះព្រះយេហូវ៉ា ហើយចំពោះពលទ័ពរបស់ព្រះអង្គ។ កងទ័ពយូដា ក៏រឹបអូសយកបានជ័យភណ្ឌយ៉ាងសន្ធឹក។ 14វាយអស់ទាំងទីក្រុង នៅជុំវិញក្រុងកេរ៉ាដែរ ព្រោះសេចក្ដីស្ញែងខ្លាចរបស់ព្រះយេហូវ៉ា បានគ្របសង្កត់លើពួកក្រុងទាំងនោះ ពួកយូដាក៏ប្លន់ទីក្រុងទាំងនោះ យកបានរបស់យ៉ាងសន្ធឹក 15ហើយវាយទាំងរោងសត្វ នាំយកបានចៀមជាបរិបូរ ព្រមទាំងអូដ្ឋផង រួចត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។
Currently Selected:
២ របាក្សត្រ 14: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies