YouVersion Logo
Search Icon

២ របា‌ក្សត្រ 14

14
រាជ្យ​របស់​ព្រះ‌បាទ​អាសា
1 ព្រះបាទ​អ័ប៊ីយ៉ា​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ រួច​អេសា​ជា​បុត្រា ឡើង​សោយ‌រាជ្យជំនួស​បិតា ហើយ​នៅ​ក្នុង​រាជ្យ​របស់​ទ្រង់ នោះ​ស្រុក​បាន​ស្ងៀម​ស្ងប់​អស់​ដប់​ឆ្នាំ។ 2 ឯ​ព្រះ‌បាទ​អេសា​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ល្អ ហើយ​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់។ 3ដ្បិត​ទ្រង់​បំបាត់​អស់​ទាំង​អាស‌នា​ដទៃ និង​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​អស់ ក៏​បំបាក់​បំបែក​ស្ដូប​ដែល​សម្រាប់​គោរព ហើយ​កាប់​រំលំ​បង្គោល​សក្ការៈ ។ 4ទ្រង់​ក៏​បង្គាប់​ដល់​ពួក​យូដា ឲ្យ​គេ​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ ហើយ​ឲ្យ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន​ដែរ 5ទ្រង់​បំបាត់​ទី​ខ្ពស់​ទាំង​ប៉ុន្មាន និង​រូប​ព្រះ‌អាទិត្យ​ពី​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា នោះ​នគរ​បាន​ស្ងៀម​ស្ងប់នៅ​ចំពោះ​ទ្រង់។ 6គ្រា​នោះ ទ្រង់​សង់​ទី​ក្រុង​មាន​បន្ទាយ​នៅ​ក្នុង​ស្រុក​យូដា ដ្បិត​ស្រុក​បាន​ស្ងៀម​ស្ងប់ ឥត​មាន​ចម្បាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​នោះ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ប្រទាន​ឲ្យ​ទ្រង់​មាន​សេចក្ដី​ស្រាក‌ស្រាន្ត។ 7ដូច្នេះ ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​ពួក​យូដា​ថា៖ «ចូរ​យើង​សង់​ទី​ក្រុង​ទាំង​នេះ ហើយ​ធ្វើ​កំផែង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​ប៉ម ទ្វារ និង​រនុក​ផង ក្នុង​ពេល​ដែល​គ្មាន​អ្វី​ឃាត់​ឃាំង​នៅ​មុខ​យើង​ក្នុង​ស្រុក ដ្បិត​យើង​រាល់​គ្នា​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង យើង​រាល់​គ្នា​បាន​ស្វែង​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​យើង​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​នៅ​ព័ទ្ធ​ជុំ‌វិញ»។ ដូច្នេះ គេ​ក៏​សង់ ហើយ​ចេះ​តែ​ចម្រើន​ឡើង។ 8អេសា​មាន​ពួក​ពល‌ទ័ព​ដែល​កាន់​ខែល និង​លំពែង​បី​សែន​នាក់ ជា​ពួក​យូដា ហើយ​ពីរ​សែន​ប្រាំបី​ម៉ឺន​នាក់ ជា​ពួក​បេនយ៉ាមីន ដែល​កាន់​ខែល និង​បាញ់​ធ្នូ សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន។
ការ​ឈ្លាន​ពាន​របស់​សាសន៍​អេធីអូពី
9នៅ​គ្រា​នោះ សេរ៉ាស ជា​សាសន៍​អេធី‌អូពី បាន​លើក​ទ័ព​មួយ​លាន​នាក់ និង​រទេះ​ចម្បាំងបីរយ ចេញ​មក​ទាស់​នឹង​ពួក​យូដា ក៏​មក​ដល់​ក្រុង​ម៉ារី‌សា។ 10ដូច្នេះ ព្រះ​បាទ​អេសាក៏​ចេញ​ទៅ​ត​ទល់​នឹង​គេ ក៏​តម្រៀប​គ្នា ដើម្បី​ច្បាំង​នៅ​ក្នុង​ច្រក​ភ្នំ​សេផា‌ថា ត្រង់​ក្រុង​ម៉ារី‌សា។ 11ព្រះបាទ​អេសា​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ ការ​ជួយ​ឲ្យ​មាន​ជ័យ‌ជម្នះ​ដល់​ពួក​មាន​គ្នា​ច្រើន ឬ​ដល់​ពួក​កំសោយ នោះ​ស្រេច​នៅ​លើ​ព្រះ‌អង្គ​ទេ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ សូម​ជួយ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ផ្អែក​លើ​ទ្រង់​ជា​ទី​ពឹង គឺ​ដោយ​នៅ​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​យើង​រាល់​គ្នា​បាន​មក ទាស់​នឹង​ពួក​មាន​គ្នា​ច្រើន​ទាំង​នេះ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​ព្រះ‌អង្គ​ឡើយ»។ 12ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​វាយ​ពួក​សាសន៍​អេធី‌អូពី នៅ​ចំពោះ​អេសា និង​ពួក​សាសន៍​យូដា ឲ្យពួក​សាសន៍​អេធី‌អូពី បាក់​ទ័ព​រត់​ទៅ។ 13រួច​អេសា និង​ពួក​ពល​ដែល​នៅ​ជា‌មួយ ក៏​ដេញ​តាម​ទៅរហូត​ដល់​ក្រុង​កេរ៉ា ហើយ​ពួក​សាសន៍​អេធី‌អូពី ដួល​ស្លាប់​ជា​ច្រើន បាន​ជា​គេ​ងើប​ឡើង ឲ្យ​មាន​កម្លាំង​ទៀត​មិន​បាន ព្រោះ​គេ​ត្រូវ​បាក់​បែក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ចំពោះ​ពល‌ទ័ព​របស់​ព្រះ‌អង្គ។ កង​ទ័ព​យូដា ក៏​រឹប​អូស​យក​បាន​ជ័យ‌ភណ្ឌ​យ៉ាង​សន្ធឹក។ 14វាយ​អស់​ទាំង​ទី​ក្រុង នៅ​ជុំ‌វិញ​ក្រុង​កេរ៉ា​ដែរ ព្រោះ​សេចក្ដី​ស្ញែង‌ខ្លាច​របស់​ព្រះ‌យេហូវ៉ា បាន​គ្រប​សង្កត់​លើ​ពួក​ក្រុង​ទាំង​នោះ ពួក​យូដា​ក៏​ប្លន់​ទី​ក្រុង​ទាំង​នោះ យក​បាន​របស់​យ៉ាង​សន្ធឹក 15ហើយ​វាយ​ទាំង​រោង​សត្វ នាំ​យក​បាន​ចៀម​ជា​បរិបូរ ព្រម​ទាំង​អូដ្ឋ​ផង រួច​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ២ របា‌ក្សត្រ 14