YouVersion Logo
Search Icon

១ ពង្សាវ‌តារ‌ក្សត្រ 10

10
ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​យាង​មក​គាល់​ព្រះបាទ​សាឡូម៉ូន
1កាល​មហា‌ក្សត្រិយ៍​ស្រុក​សេបា​បាន​ឮ​ពី​កិត្តិនាម​របស់​ព្រះបាទ​សាឡូម៉ូន​ខាង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌នាង​ក៏​យាង​មក​ល្បង​សួរ​ទ្រង់ ដោយ​ប្រស្នា​ដ៏​ជ្រៅ។ 2ព្រះ‌នាង​យាង​មក​ដល់​ក្រុង​យេរូ‌សាឡិម មាន​មនុស្ស​ដង្ហែ​មក​យ៉ាង​សន្ធឹក មាន​សត្វ​អូដ្ឋ​ជា​ច្រើន ផ្ទុក​ដោយ​គ្រឿង​ក្រអូប មាស​ជា​ច្រើន និង​ត្បូង​មាន​តម្លៃ​ផង។ ពេល​ព្រះ‌នាង​បាន​ចូល​មក​គាល់​ព្រះបាទ​សាឡូម៉ូន​ហើយ នោះ​ក៏​មាន​សវនីយ៍​សន្ទនា​នឹង​ទ្រង់ ពី​គ្រប់​ទាំង​សេចក្ដី​ដែល​មាន​នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ។ 3ព្រះបាទ​សាឡូម៉ូន​បាន​ឆ្លើយ​ស្រាយ​ន័យ​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌នាង​សួរ ឥត​មាន​អ្វី​លាក់​កំបាំង​ដល់​ស្តេច ដែល​ទ្រង់​មិន​បាន​ស្រាយ​ន័យ​ថ្វាយ​ព្រះ‌នាង​នោះ​ទេ។ 4កាល​មហា‌ក្សត្រិយ៍​ស្រុក​សេបា​បាន​ឃើញ​ប្រាជ្ញា​របស់​ព្រះបាទ​សាឡូម៉ូន​ទាំង​ប៉ុន្មាន និង​ដំណាក់​ដែល​ទ្រង់​ធ្វើ 5ឃើញ​ព្រះ‌ស្ងោយ​នៅ​លើ​តុ​របស់​ស្ដេច កន្លែង​អង្គុយ​របស់​ពួក​នាម៉ឺន​មន្ត្រី របៀបរបប​របស់​ពួក​រាជ​បម្រើ និងឯក​សណ្ឋាន​របស់​ពួក​គេ ព្រម​ទាំង​ឃើញ​ពួក​អ្នក​ថ្វាយ​ពែង​របស់​ស្ដេច និង​តង្វាយ​ដុត​ដែលស្ដេច​ថ្វាយ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌នាង​ក៏​ភាំង​ស្មារតី។ 6ហើយ​មាន​សវនីយ៍​ទៅ​ស្តេច​ថា៖ «ពាក្យ​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ផ្សាយ​ទៅ​ដល់​ស្រុក​ខ្ញុំ​ម្ចាស់ ពី​ព្រះ‌រាជ​កិច្ច និង​ប្រាជ្ញា​របស់​ទ្រង់ នោះ​ក៏​ពិត​ប្រាកដ​មែន 7ប៉ុន្តែ ខ្ញុំ​ម្ចាស់​មិន​បាន​ជឿ​ទេ លុះ​ត្រា​តែ​បាន​មក​ឃើញ​នឹង​ភ្នែក​ខ្លួន​ឯង ហើយ​មើល៍ ដំណឹង​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​នោះ មិន​ទាំង​ដល់​ត្រឹម​ពាក់​កណ្ដាល​ផង គឺ​ប្រាជ្ញា និង​សេចក្ដី​ចម្រើន​របស់​ទ្រង់ នោះ​ហួស​លើស​ពី​កិត្តិ‌សព្ទ​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ទៅ​ទៀត 8មាន​ពរ​ហើយ មនុស្ស​របស់​ព្រះ‌ករុណា! មាន​ពរហើយ​ពួក​អ្នក​បម្រើ ដែល​ឈរ​នៅ​ចំពោះ​ព្រះ‌ករុណា​ជា‌និច្ច ទាំង​ស្តាប់​រាជ‌ឱង្ការ​ប្រកប​ដោយ​ប្រាជ្ញា​របស់​ព្រះ‌ករុណា! 9សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ទ្រង់ ដើម្បី​នឹង​តាំង​ឡើង​លើ​បល្ល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ស្រឡាញ់​សាសន៍​អ៊ីស្រា‌អែល​អស់​កល្ប​ជា‌និច្ច បាន​ជា​តាំង​ទ្រង់​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ ដើម្បី​ឲ្យ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត »។ 10បន្ទាប់​មក ព្រះ‌នាង​បាន​ថ្វាយ​មាស​មួយ​រយ​ម្ភៃ​ហាប និង​គ្រឿង​ក្រអូប​យ៉ាង​សន្ធឹក ព្រម​ទាំង​ត្បូង​មាន​តម្លៃ​ដល់​ស្តេច។ ក្រោយ​នោះ​មក មិន​ដែល​មាន​គ្រឿង​ក្រអូប​ជា​បរិបូរ​ដល់​ម៉្លេះ បាន​ចូល​មក​ឲ្យ​ដូច​ជា​គ្រឿង​ក្រអូប ដែល​មហា‌ក្សត្រិយ៍​ស្រុក​សេបា​បាន​ថ្វាយ​ដល់​ព្រះបាទ​សាឡូម៉ូន​នោះ​ទៀត​ឡើយ។
11ឯ​ក្រុម​នាវា​របស់​ស្ដេច​ហ៊ីរ៉ាម ដែល​ដឹក​យក​មាស​មក​ពី​ស្រុក​អូភារ នោះ​ក៏​ដឹក​យក​ឈើ​ចាន់​ជា​បរិបូរ និង​ត្បូង​មាន​តម្លៃ មក​ពី​ស្រុក​នោះ​ដែរ 12ស្ដេច​យក​ឈើ​ចាន់​នោះ​ធ្វើ​ជា​ភ្នាក់​ដៃ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ក្នុង​ដំណាក់​របស់​ស្តេច ព្រម​ទាំង​ស៊ុង និង​ពិណ សម្រាប់​ពួក​ចម្រៀង​ផង មិន​ដែល​មាន​ឈើ​ចាន់​យ៉ាង​នោះ​មក​ទៀត ក៏​មិន​ដែល​ឃើញ​សោះ​ឡើយ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។
13ព្រះបាទ​សាឡូម៉ូន​បាន​ប្រទាន​ដល់​មហា‌ក្សត្រិយ៍​ស្រុក​សេបា តាម​បំណង​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌នាង គឺ​របស់​អ្វី​ដែល​ព្រះ‌នាង​សូម លើស​ពី​ព្រះ‌រាជ‌ទ្រព្យ​ហ្លួង​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ប្រទាន​ឲ្យ​ផង ដូច្នេះ ព្រះ‌នាង ព្រម​ទាំង​ពួក​បរិវារ ក៏​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ។
14មាស​ដែល​មក​ដល់​ព្រះបាទ​សាឡូម៉ូន​ក្នុង​មួយ​ឆ្នាំ មាន​ទម្ងន់​ជា​ប្រាំមួយ​រយ​ហុកសិប​ប្រាំមួយ​ហាប 15ក្រៅ​ពី​នោះ មាន​មាស​ដែល​មក​ដោយ‌សារ​ពួក​អ្នក​លក់​ដូរ ដោយ​ការ​ធ្វើ​ជំនួញ ហើយ​ពី​ស្តេច​ស្រុក​អារ៉ាប់​ទាំង​ឡាយ និង​ពួក​ចៅ‌ហ្វាយ​ស្រុក​ទាំង​ប៉ុន្មាន​ថែម​ទៀត។ 16ព្រះបាទ​សាឡូម៉ូន​បាន​ផែ​មាស​ធ្វើ​ជា​ខែល​ធំៗ​ពីររយ គឺ​យក​មាស​ប្រាំមួយ​រយ​សេកែល ដើម្បី​ធ្វើ​ខែល​នីមួយៗ។ 17ទ្រង់​បាន​ផែ​មាស​ធ្វើ​ខែល​តូច​បីរយ ក្នុង​ខែល​នីមួយៗ​មាន​មាស​ប្រាំមួយ​នាលិ ហើយ​ទ្រង់​តម្កល់​ទុក​ទាំង​អស់​ក្នុង​ដំណាក់​នៃ​ព្រៃ​ល្បាណូន។ 18មួយ​ទៀត​ស្តេច​ធ្វើ​បល្ល័ង្ក​មួយ​ធំ ដោយ​ភ្លុក ហើយ​ស្រោប​មាស​សុទ្ធ​លេខ​មួយ 19មាន​ជណ្តើរ​ប្រាំមួយ​ថ្នាក់​ឡើង​ទៅ​ដល់​បល្ល័ង្ក​នោះ ឯ​បង្អែក​បល្ល័ង្ក​នោះ​រាង​មូល ហើយ​មាន​កំណល់​ដៃ​នៅ​ទាំង​សង​ខាង​ទី​អង្គុយ មាន​រូប​សិង្ហ​ពីរ​ឈរ​នៅ​ខាង​កំណល់​ដៃ 20ហើយ​មាន​សិង្ហ​ដប់ពីរ​ឈរ​នៅ​ថ្នាក់​ជណ្តើរ​ប្រាំមួយ​ម្ខាង គ្មាន​បល្ល័ង្ក​ណា​នៅ​ក្នុង​នគរ​ណា​ដែល​នឹង​ផ្ទឹម​ស្មើ​បាន​ឡើយ 21ឯ​អស់​ទាំង​ប្រដាប់​សម្រាប់​ព្រះបាទ​សាឡូម៉ូន​សោយ​គ្រឿង​ទឹក នោះ​សុទ្ធ​តែ​ធ្វើ​ពី​មាស​ទាំង​អស់ ហើយ​អស់​ទាំង​គ្រឿង​ប្រដាប់ នៅ​ក្នុង​ដំណាក់​នៃ​ព្រៃ​ល្បាណូន ក៏​ធ្វើ​ពី​មាស​សុទ្ធ​ដែរ គ្មាន​ណា​មួយ​ធ្វើ​ពី​ប្រាក់​ទេ នៅ​ក្នុង​រាជ្យ​ព្រះបាទ​សាឡូម៉ូន នោះ​គេ​មិន​សូវ​រាប់‌អាន​ប្រាក់​ប៉ុន្មាន​ទេ 22ដ្បិត​ស្តេច​មាន​ក្រុម​នាវា​តើស៊ីស ដើរ​ផ្លូវ​សមុទ្រ ជា‌មួយ​វានា​របស់​ហ៊ីរ៉ាម ក្រុម​នាវា​តើស៊ីស​នោះ​ក៏​ដឹក​យក​មាស ប្រាក់ ភ្លុក ទោច និង​ក្ងោក​មក​ក្នុង​បី​ឆ្នាំ​ម្ដង។
23ដូច្នេះ ព្រះបាទ​សាឡូម៉ូន​មាន​ទ្រព្យ‌សម្បត្តិ និង​ប្រាជ្ញា​លើស​ជាង​អស់​ទាំង​ស្តេច​នៅ​ផែនដី។ 24ប្រជាជននៅលើ​ផែន​ដី​ទាំង​មូល គេ​ចង់​ចូល​ទៅ​គាល់​ព្រះបាទ​សាឡូម៉ូន ដើម្បី​ស្តាប់​ប្រាជ្ញា​របស់​ទ្រង់ ដែល​ព្រះ​បាន​ដាក់​នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ។ 25គ្រប់​គ្នា​ក៏​នាំ​យក​តង្វាយ​មក​ថ្វាយ គឺ​ជា​គ្រឿង​មាស ប្រាក់ សម្លៀក​បំពាក់ គ្រឿង​សស្ត្រា‌វុធ គ្រឿង​ក្រអូប សេះ និង​លា‌កាត់ តាម​កំណត់​រាល់​តែ​ឆ្នាំ។
26ព្រះបាទ​សាឡូម៉ូន​បាន​ប្រមូល​រទេះ​ចម្បាំង និង​ពល​សេះ ទ្រង់​មាន​រទេះ​ចម្បាំង​មួយ​ពាន់​បួនរយ ហើយ​ពល​សេះ​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ដែល​ទ្រង់​ដាក់​ឲ្យ​នៅ​ក្នុង​ទី​ក្រុង សម្រាប់​រទេះ​ចម្បាំង​ទាំង​ប៉ុន្មាន ហើយ​នៅ​ជា‌មួយ​ស្តេច នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ដែរ។ 27ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ប្រាក់​សម្បូរ​ដូច​ជា​ថ្ម​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ឲ្យ​មាន​ដើម​តា‌ត្រៅ​សម្បូរ​ដូច​ជា​ដើម​ឧទុម្ពរ ដែល​ដុះ​នៅ​ដី​ទំនាប។
28សេះ​របស់​ព្រះបាទ​សាឡូម៉ូន​ទាំង​ប៉ុន្មាន ដែល​បាន​យក​មក​ពី​ស្រុក​អេស៊ីព្ទ​នោះ គឺ​ពួក​ជំនួញ​របស់​ស្តេច​ទិញ​មក​តាម​តម្លៃ​ទាំង​ហ្វូងៗ។ 29គេ​យក​រទេះ​ចម្បាំង​ពី​ស្រុក​អេស៊ីព្ទ​មក មួយ​ថ្លៃ​ប្រាំមួយ​រយ​សេកែល ហើយ​សេះ​មួយ​ថ្លៃ​មួយ​រយ​ហាសិប គេ​បាន​ទិញ​ដឹក​យក​មក សម្រាប់​ឲ្យ​អស់​ទាំង​ស្តេច​នៃ​សាសន៍​ហេត និង​ពួក​ស្តេច​ស្រុក​ស៊ីរី​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ១ ពង្សាវ‌តារ‌ក្សត្រ 10