YouVersion Logo
Search Icon

១ ពង្សាវ‌តារ‌ក្សត្រ 9

9
ព្រះ‌អម្ចាស់​លេច​មក​ជួប​ព្រះបាទ​សាឡូម៉ូន​ម្ដង​ទៀត
1ក្រោយ​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង​ស្រេច​ហើយ ព្រម​ទាំង​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​ធ្វើ 2ព្រះ‌យេហូវ៉ា​បាន​លេច​មក ឲ្យ​ព្រះបាទ​សាឡូម៉ូន​ឃើញ​ម្តង​ទៀត ដូច​ជា​បាន​លេច​មក​ឲ្យ​ឃើញ​នៅ​ត្រង់​គីបៀន​ដែរ។ 3ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ឮ​សេចក្ដី​ដែល​អ្នក​បាន​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ​នៅ​ចំពោះ​យើង​នោះ យើង​ក៏​បាន​ញែក​ព្រះ‌វិហារ​នេះ ដែល​អ្នក​បាន​ស្អាង​ចេញ​ជា​បរិសុទ្ធ ទុក​សម្រាប់​នឹង​តាំង​ឈ្មោះ​យើង នៅ​អស់​កល្ប​ជា‌និច្ច ភ្នែក និង​ចិត្ត​យើង​នឹង​ស្ថិត​នៅ​ទី​នោះ ជា​ដរាប​ត​ទៅ។ 4រីឯ​អ្នក​វិញ ប្រសិន‌បើ​អ្នក​ដើរ​នៅ​ចំពោះ​យើង ដូច​ជា​ដាវីឌ បិតា​របស់​អ្នក ដោយ​ចិត្ត​ស្មោះ ហើយ​ទៀង​ត្រង់ ដើម្បី​ប្រព្រឹត្ត​តាម​គ្រប់​សេចក្ដី​ដែល​យើង​បាន​បង្គាប់​ដល់​អ្នក ព្រម​ទាំង​កាន់​តាម​បញ្ញត្តិ និង​សេចក្ដី​យុត្តិ‌ធម៌​របស់​យើង​ទាំង​ប៉ុន្មាន 5នោះ​យើង​នឹង​តាំង​រាជ្យ​របស់​អ្នក​លើ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​នៅ​ជាប់​ជា​រៀង‌រាប​ត​ទៅ តាម​ដែល​យើង​បាន​សន្យា​នឹង​ដាវីឌ ជា​បិតា​របស់​អ្នក​ថា "នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​អង្គុយ​លើ​បល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ"។
6តែ​បើ​កាល​ណា​អ្នក​បែរ​ចេញ​លែង​ប្រព្រឹត្ត​តាម​យើង ទោះ​ទាំង​អ្នក ឬ​កូន​ចៅ​របស់​អ្នក ហើយ​មិន​កាន់​តាមបទ​បញ្ជា និង​ក្រឹត្យ​របស់​យើង​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ដាក់​នៅ​មុខ​អ្នក​ទេ គឺ​ទៅ​គោរព​ប្រតិ‌បត្តិ ហើយ​ថ្វាយ​បង្គំ​ដល់​ព្រះ​ដទៃ 7នោះ​យើង​នឹង​កាត់​សាសន៍​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​គេ ហើយ​ព្រះ‌វិហារ​នេះ​ដែល​យើង​បាន​ញែក​ចេញ​ជា​បរិសុទ្ធ សម្រាប់​ឈ្មោះ​របស់​យើង នោះ​យើង​នឹង​បោះ‌បង់​ចោល​ពី​មុខ​យើង​ចេញ ដូច្នេះ សាសន៍​អ៊ីស្រា‌អែល​នឹង​ត្រឡប់​ជាទី​ប្រៀប​ផ្ទឹ​ម ហើយ​ជា​ទី​ដំណៀល នៅ​ក្នុង​ពួក​សាសន៍​ទាំង​អស់។ 8ព្រះ‌ដំណាក់​នេះ​នឹង​ក្លាយ​ទៅ​ជាគំនរ​បែក​បាក់ អស់​អ្នក​ណា​ដែល​ដើរ​កាត់​តាម​នោះ នឹង​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​ហួស​ចិត្ត ដោយ​ពាក្យ​ថា "ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ធ្វើ​ដូច្នេះ ដល់​ស្រុក និង​វិហារ​នេះ?" 9នោះ​គេ​នឹង​ឆ្លើយ​ឡើង​ថា "គឺ​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ ដែល​ព្រះ‌អង្គ​បាន​នាំ​បុព្វ‌បុរស​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​គេ​បាន​ទៅ​ភ្ជាប់​ខ្លួន​នឹង​ព្រះ​ដទៃ ព្រម​ទាំង​ថ្វាយ​បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​តាម គឺ​ហេតុ​នោះ បាន​ជា​ព្រះ‌យេហូវ៉ា​បាន​នាំ​គ្រប់​ទាំង​សេចក្ដី​អាក្រក់​នេះ​មក​លើ​គេ"»។
10លុះ​ផុត​ម្ភៃ​ឆ្នាំ​ដែល​ព្រះបាទ​សាឡូម៉ូន​ស្អាង​ទាំង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង​ទាំង​ពីរ​រួច​ជា​ស្រេច​ហើយ 11ព្រះបាទ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស បាន​ផ្គត់‌ផ្គង់​ឈើ​តា‌ត្រៅ ឈើ​កកោះ និង​មាស ថ្វាយ​ព្រះបាទ​សាឡូម៉ូន តាម​ដែល​ទ្រង់​ត្រូវ​ការ។ ព្រះបាទ​សាឡូម៉ូន​ក៏​ប្រទាន​ទី​ក្រុង​ម្ភៃ ក្នុង​ស្រុក​កាលី‌ឡេ ឲ្យ​ដល់​ហ៊ីរ៉ាម។ 12ប៉ុន្តែ ពេល​ហ៊ីរ៉ាម​ចេញ​ពី​ក្រុង​ទីរ៉ុស ទៅ​មើល​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ប្រទាន​នោះ ទ្រង់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ក្រុង​ទាំង​នោះ​ទេ។ 13ក៏​មាន​រាជ‌ឱង្ការ​ថា៖ «ប្អូន​អើយ តើ​ទី​ក្រុង​ប្រភេទ​ណា​ដែល​ឲ្យ​មក​ខ្ញុំ​នេះ?» រួច​ទ្រង់​ហៅ​ទី​ក្រុង​ទាំង​នោះ​ថា ស្រុក​កាបួល ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។ 14ស្ដេច​ហ៊ីរ៉ាម​បាន​ផ្ញើ​មាស​មួយ​រយ​ម្ភៃ​ហាប​មក​ថ្វាយ​ដល់​ព្រះបាទ​សាឡូម៉ូន។
កិច្ច‌ការ​ផ្សេង​ទៀត​របស់​ព្រះបាទ​សាឡូម៉ូន
15មូល​ហេតុ​ដែល​ព្រះបាទ​សាឡូម៉ូន​កេណ្ឌ​កំណែន គឺ​ដើម្បី​នឹង​ស្អាង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រះ‌រាជ‌វាំង ប៉ម​មីឡូរ កំផែង​ក្រុង​យេរូ‌សាឡិម ក្រុង​ហាសោរ ក្រុង​មេគី‌ដោ ក្រុង​កេស៊ើរ 16(ដ្បិត​មុន​ដែល​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ​បាន​ឡើង​មក​ចាប់​យក​ក្រុង​កេស៊ើរ​នោះ ទាំង​ដុត ហើយ​សម្លាប់​ពួក​សាសន៍​កាណាន​ដែល​នៅ​ក្រុង​ដែរ រួច​បាន​ប្រទាន​ទី​ក្រុង​នោះ​ទៅ​ព្រះ‌រាជ‌បុត្រី​ទ្រង់ ដែល​ជា​ភរិយា​ព្រះ‌បាទ​សាឡូម៉ូន ទុក​ជា​ចំណង​ដៃ។ 17ដូច្នេះ ព្រះបាទ​សាឡូម៉ូន​ក៏​សង់​ក្រុង​កេស៊ើរ​នោះ​ឡើងវិញ) និង​ក្រុង​បេត-ហូរ៉ូន​នៅ​ខាង​ក្រោម 18ព្រម​ទាំង​ក្រុង​ប្អាឡាត ក្រុង​ថាត់ម៉ោរដែល​នៅ​ទី​រហោ‌ស្ថាន ក្នុង​ស្រុក​នោះ 19និង​អស់​ទាំង​ទី​ក្រុង​សម្រាប់​ជា​ឃ្លាំង​របស់​ព្រះបាទ​សាឡូម៉ូន និង​ទី​ក្រុង​សម្រាប់​ទុក​រទេះ​ចម្បាំង ហើយ​សម្រាប់​ពួក​ពល​សេះ​ទ្រង់ ក៏​ធ្វើ​របស់​ទាំង​អស់​ដែល​ព្រះបាទ​សាឡូម៉ូន​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​ធ្វើ នៅ​ក្រុង​យេរូ‌សាឡិម នៅ​ភ្នំ​ល្បាណូន និង​ក្នុង​គ្រប់​ទាំង​ស្រុក​ដែល​នៅ​ក្រោម​អំណាច​ទ្រង់​ផង។ 20ចំណែក​ពួក​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស ដែល​នៅ​សល់ ជា​មនុស្ស​ដែល​មិន​មែន​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល 21គឺ​ជា​កូន​ចៅ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​សល់​ក្នុង​ស្រុក ជា​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មិន​បាន​បំផ្លាញ​អស់​រលីង​ទេ នោះ​ព្រះបាទ​សាឡូម៉ូន​បាន​កេណ្ឌ​គេ មក​ធ្វើ​ជា​បាវ​បម្រើ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។ 22តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ ព្រះបាទ​សាឡូម៉ូន​មិន​បាន​យក​គេ​ធ្វើ​ជា​អ្នក​បម្រើ​ទេ គឺ​ជា​ពួក​ទាហាន ពួក​មហា‌តលិក ជា​ចៅ‌ហ្វាយ ជា​មេ‌ទ័ព ហើយ​ជា​នាយ​រទេះ​ចម្បាំង និង​ពួក​ទ័ព​សេះ។
23ឯ​ពួក​មេ​ដែល​ត្រួត​មើល​ការ​របស់​ព្រះបាទ​សាឡូម៉ូន​ទាំង​ប៉ុន្មាន មាន​ចំនួន​ប្រាំរយ​ហាសិប​នាក់ ជា​នាយ​បង្គាប់​ដល់​ពួក​អ្នក​ធ្វើ​ការ​ទាំង​នោះ។
24ចំណែក​ព្រះ‌រាជ‌បុត្រី​ផារ៉ោន ព្រះ‌នាង​ក៏​យាង​ចេញ​ពី​ក្រុង​ដាវីឌ​ឡើង​មក​ឯ​ដំណាក់ ជា​ទី​ដែល​ទ្រង់​បាន​សង់​ឲ្យ រួច​មក​ទ្រង់​ក៏​សង់​ប៉ម​មីឡូរ។
25បី​ដង​ក្នុង​មួយ​ឆ្នាំ ព្រះបាទ​សាឡូម៉ូន​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី នៅ​លើ​អាស‌នា​ដែល​ទ្រង់​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដុត​កំញាន​ថ្វាយ​នៅ​លើ​អាស‌នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ ដូច្នេះ ព្រះបាទ​សាឡូម៉ូន​បាន​សង់​ព្រះ‌ដំណាក់​ចប់​សព្វគ្រប់។
សកម្មភាពជំនួញ​របស់​ព្រះបាទ​សាឡូម៉ូន
26ព្រះបាទ​សាឡូម៉ូន​ធ្វើ​នាវាជា​ច្រើន​នៅ​ត្រង់​អេស៊ាន-គេប៊ើរ នៅ​មាត់​សមុទ្រ​ក្រហម ជិត​អេឡាត ក្នុង​ស្រុក​អេដុម 27ឯ​ហ៊ីរ៉ាម​បាន​ចាត់​ពួក​អ្នក​បម្រើ​ខ្លះ ដែល​ជា​ពួក​ជំនាញ​ខាង​ជើង​ទឹក គឺ​ជា​អ្នក​ចំណេះ​ខាង​ផ្លូវ​សមុទ្រ ឲ្យ​ទៅ​ក្នុង​នាវា​ទាំង​នោះ ជា‌មួយ​ពួក​បម្រើ​របស់​ព្រះបាទ​សាឡូម៉ូន 28គេ​ទៅ​ស្រុក​អូភារ យក​មាស​ពី​ស្រុក​នោះ​មក បាន​បួន​រយ​ម្ភៃ​ហាប នាំ​មក​ថ្វាយ​ព្រះបាទ​សាឡូម៉ូន។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in