YouVersion Logo
Search Icon

១ កូរិន‌ថូស 7

7
សេចក្ដី​ណែនាំ​អំពី​អា‌ពាហ៍​ពិ‌ពាហ៍
1ឯ​សេចក្តី​ដែល​អ្នក​រាល់​គ្នា​បាន​សរសេរ​ថា «ប្រសិន‌បើ​បុរស​មិន​ប៉ះ​ពាល់​ស្ត្រី នោះជា​ការ​ប្រសើរ»។ 2ប៉ុន្ដែ ដោយ​ព្រោះ​មាន​អំពើ​សហាយ​ស្មន់​កើត​ឡើង បុរស​ម្នាក់ៗ​ត្រូវ​មាន​ប្រពន្ធ​ជា​របស់​ខ្លួន ហើយ​ស្រី្ត​ម្នាក់ៗ ក៏​ត្រូវ​មាន​ប្តី​ជា​របស់​ខ្លួន​ដែរ។ 3ប្តី​ត្រូវ​បំពេញ​ករណីយ​កិច្ច​ជា​ប្ដី​ចំពោះ​ប្រពន្ធ​របស់​ខ្លួន ហើយ​ប្រពន្ធ​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​ប្តី​របស់​ខ្លួន​ដែរ។ 4ប្រពន្ធ​មិន​មែន​ជា​ម្ចាស់​លើ​រូប‌កាយ​របស់​ខ្លួន​ទេ គឺ​ជា​របស់​ប្តី ឯ​ប្តី​ក៏​ដូច្នោះ​ដែរ មិន​មែន​ជា​ម្ចាស់​លើ​រូប‌កាយ​របស់​ខ្លួន​ទេ គឺ​ជា​របស់​ប្រពន្ធ។ 5មិន​ត្រូវ​បង្អត់​គ្នា​ឡើយ លើក​លែង​តែ​មាន​ការ​យល់​ព្រម​គ្នា​ទុក​ពេល​មួយ​ឲ្យ​ទំនេរ​សម្រាប់​អធិស្ឋាន រួច​ត្រូវ​វិល​មក​នៅ​ជាមួយ​គ្នា​វិញ ក្រែង​អារក្ស​សា​តាំង​ល្បួង​អ្នក​រាល់​គ្នា ដោយ​ព្រោះ​មិន​ចេះ​អត់​ទ្រាំ។ 6ប៉ុន្តែ ខ្ញុំ​និយាយ​សេចក្តី​នេះ​ដោយ​អធ្យា‌ស្រ័យ​ទេ មិន​មែន​ដោយ​បង្គាប់​ឡើយ។ 7ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ទាំង‌អស់​បាន​ដូច​ជា​ខ្ញុំ ក៏​ប៉ុន្តែ ម្នាក់ៗ​មាន​អំណោយ‌ទាន​មួយ​មក​ពី​ព្រះ​រៀងៗ​ខ្លួន ម្នាក់​មាន​យ៉ាង​នេះ ម្នាក់​ទៀត​មាន​យ៉ាង​នោះ។
8ខ្ញុំ​សូម​និយាយ​ចំពោះ​អ្នក​នៅ​លីវ និង​ស្រ្ដី​មេ‌ម៉ាយ​ថា បើ​គេ​នៅ​ដូច​ជា​ខ្ញុំ​បាន នោះ​ជា​ការ​ប្រសើរ។ 9ប៉ុន្តែ បើ​គេ​អត់​ទ្រាំ​មិន​បាន ចូរ​រៀប‌ការ​ចុះ ដ្បិត​ដែល​រៀប‌ការ នោះ​ប្រសើរ​ជាង​ទុក​ឲ្យ​មាន​តណ្ហា​ពុះ​កញ្ជ្រោល។
10ប៉ុន្តែ ចំពោះ​អ្នក​រៀប‌ការ​ហើយ ខ្ញុំ​សូម​ទូន្មាន​តាម​បង្គាប់​ព្រះ‌អម្ចាស់ មិន​មែន​ខ្ញុំ​ទេ គឺ​ថា ប្រពន្ធ​មិន​ត្រូវ​បែក​ពី​ប្តី​ឡើយ 11(តែ​បើ​នាង​ជ្រុល​ជា​បែក​ពី​ប្តី​ហើយ នោះ​ចូរ​នៅ​ជា​ឥត​ប្តី​ទៅ ពុំ​នោះ​ទេ​សូម​ទៅ​ជា​នា​នឹង​ប្តី​ខ្លួន​វិញ) ឯ​ប្តី ក៏​មិន​ត្រូវ​លែង​ប្រពន្ធ​របស់​ខ្លួន​ដែរ។
12ចំពោះ​អ្នក​ឯទៀត (នេះ​មិន​មែន​មក​ពី​ព្រះ‌អម្ចាស់​ទេ គឺ​ជា​ពាក្យ​ខ្ញុំ) ខ្ញុំ​សូម​ជម្រាប​ថា បើ​បង‌ប្អូន​ណា​មាន​ប្រពន្ធ​ជា​អ្នក​មិន​ជឿ ហើយ​នាង​ព្រម​រស់​នៅ​ជា​មួ​យ នោះ​មិន​ត្រូវ​លែង​នាង​ឡើយ 13ហើយ​បើ​ស្ត្រី​ណា​មាន​ប្តី​ជា​អ្នក​មិន​ជឿ​វិញ តែ​គាត់​ព្រម​រស់​នៅ​ជា​មួ​យ នោះ​ក៏​មិន​ត្រូវ​លែង​គាត់​ដែរ។ 14ដ្បិត​ប្តី​ដែល​មិន​ជឿ​នោះ​បាន​រាប់​ជា​បរិសុទ្ធ​តាម​រយៈ​ប្រពន្ធ ហើយ​ប្រពន្ធ​ដែល​មិន​ជឿ ក៏​បាន​រាប់​ជា​បរិសុទ្ធ​តាម​រយៈ​ប្តី​ដែរ ពុំ​នោះ​ទេ កូ​ន​របស់​អ្នក​រាល់​គ្នា​មិន​ស្អាត​ឡើយ ប៉ុន្តែ ឥឡូវ​នេះ ពួកគេ​ស្អាត​ហើយ។ 15ប៉ុន្តែ បើ​ដៃ​គូ​ដែល​មិន​ជឿ​ចុះ​ចេញ ឲ្យ​គេ​ទៅ​ចុះ រឿង​បែប​នេះ បង‌ប្អូន​ប្រុស ឬ​ស្រី​នោះ​មិន​ជាប់​ចំណង​ទៀត​ទេ ដ្បិត​ព្រះ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក​រស់​ក្នុង​សេចក្តី​សុខ‌សាន្ត។ 16បង‌ប្អូន​ជា​ប្រពន្ធ​រាល់​គ្នា​អើយ តើ​នាង​ដឹង​ដូច​ម្ដេច​បាន​ថា នាង​អាច​នឹង​សង្គ្រោះ​ប្ដី​របស់​នាង? បង‌ប្អូន​ជា​ប្តី​រាល់​គ្នា​អើយ តើ​អ្នក​ដឹង​ដូច​ម្ដេច​បាន​ថា អ្នក​អាច​នឹង​សង្គ្រោះ​ប្រពន្ធ​របស់​អ្នក?
ជីវិត​រស់​នៅ​ស្រប​តា​មការ​ត្រា​ស់​ហៅ​របស់​ព្រះ
17តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ម្នាក់ៗ​ត្រូវ​រស់​នៅ​តាម​ចំណែក​ដែល​ព្រះ‌អម្ចាស់​បាន​ចែក​ឲ្យ តា​មការ​ដែល​ព្រះ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​ចុះ។ ខ្ញុំ​បង្គាប់​ដូច្នេះ​នៅ​គ្រប់​ក្រុម​ជំនុំ​ទាំង‌អស់។ 18បើ​ព្រះ‌អង្គ​ត្រាស់​ហៅ​អ្នក​ណា​ពេល​កាត់​ស្បែក​រួច​ហើយ អ្នក​នោះ​មិន​ត្រូវ​លុប​បំបាត់​ស្នាមកា​ត់​ស្បែក​នោះ​ឡើយ ហើយ​បើ​ព្រះ‌អង្គ​ត្រាស់​ហៅ​អ្នក​ណា​ដែល​មិន​បាន​កាត់​ស្បែក អ្នក​នោះ​ក៏​មិន​ត្រូវ​កាត់​ស្បែក​ដែរ។ 19ព្រោះ​ការ​កាត់​ស្បែក​មិន​សំខាន់​អ្វី​ទេ ហើយ​ការ​មិន​កាត់​ស្បែក នោះ​ក៏​មិន​សំខាន់​អ្វី​ដែរ តែ​ដែល​សំខាន់​គឺ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ​វិញ។ 20បើ​ម្នាក់ៗ​មាន​សណ្ឋាន​យ៉ាង​ណា ក្នុង​កាល​ដែល​ព្រះ​ត្រាស់​ហៅ នោះ​ត្រូវ​រស់​នៅ​តាម​សណ្ឋាន​នោះ​ចុះ។
21ពេល​ព្រះ​ត្រាស់​ហៅ តើ​អ្នក​ជា​បាវ​បម្រើ​គេ​ឬ? កុំ​ខ្វល់​ពី​រឿង​នោះ​ឡើយ តែ​បើ​អ្នក​អាច​ដោះ​ខ្លួន​បាន ចូរ​ដោះ​ខ្លួន​ចេញ​ទៅ 22ដ្បិត​ក្នុង​ព្រះ‌អម្ចាស់ អ្នក​ណា​ដែល​ធ្វើ​ជា​បាវ​បម្រើ​គេ ក្នុង​កាល​ដែល​ព្រះ‌អម្ចាស់​ត្រាស់​ហៅ អ្នក​នោះ​ជា​អ្នក​ជា​របស់​ព្រះ‌អម្ចាស់ ហើយ​អ្នក​ជា​ណា​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ នោះ​ដូច​គ្នា គឺ​អ្នក​នោះ​ជា​បាវ​បម្រើ​របស់​ព្រះ‌គ្រីស្ទ​វិញ។ 23ព្រះ‌អង្គ​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ សូមកុំ​ឲ្យ​ត្រឡប់​ជា​បាវ​បម្រើ​របស់​មនុស្ស​ទៀត​ឡើយ។ 24បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​មាន​សណ្ឋាន​យ៉ាង​ណា ក្នុង​កាល​ដែល​ព្រះ​ត្រាស់​ហៅ នោះ​ត្រូវ​រស់​នៅ​តាម​សណ្ឋាន​នោះ​នៅ​ចំពោះ​ព្រះ​ចុះ។
អ្នក​មិន​ទាន់​រៀប‌ការ និង​ស្ដ្រី​មេ​ម៉ា​យ
25រីឯ​ស្រ្ដី​ដែល​នៅ​ក្រ​មុំ ខ្ញុំ​ពុំ​បាន​ទ​ទួល​បង្គាប់​ពី​ព្រះ‌អម្ចាស់​ទេ តែ​ខ្ញុំ​ជូន​យោបល់​ក្នុង​នាម​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ដោយ​សារ​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់។ 26ខ្ញុំ​យល់​ឃើញ​ថា ដោយ​ព្រោះ​ស្ថាន‌ភាព​តឹង​តែង​សព្វ​ថ្ងៃ​នេះ នោះ​បើ​អ្នក​នៅ​បែប​នេះ ជា​ការ​ប្រសើរ។ 27តើ​អ្នក​មាន​ប្រពន្ធ​ហើយ​ឬ? កុំ​រក​ផ្លូវ​លែង‌លះ​ឲ្យ​សោះ។ តើ​អ្នក​មិន​ទាន់​មាន​ប្រពន្ធ​ឬ? កុំ​ចង់​រក​ប្រពន្ធ​អី។ 28ប៉ុន្តែ បើ​អ្នក​រៀប‌ការ មិន​មែន​មានន័យ​ថា​មាន​បាប​ឡើយ ហើយ​បើ​ស្ត្រី​ក្រមុំ​ណា​រៀប‌ការ នាង​ក៏​គ្មាន​បាប​ដែរ តែ​អស់​អ្នក​ដែល​រៀប‌ការ នឹង​ជួប​ទុក្ខ​លំបាក​ក្នុង​ជីវិត​នេះ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចៀស​ផុត​ពី​ការ​នោះ។ 29បង‌ប្អូន​អើយ ខ្ញុំ​សូម​ជម្រាប​ថា ពេល​វេលា​កាន់​តែ​កៀក​ណាស់​ហើយ ពី​ពេល​នេះ​ទៅ​មុខ អស់​អ្នក​ដែល​មាន​ប្រពន្ធ ត្រូវ​កាន់​ចិត្ត​ដូច​ជា​គ្មាន​ប្រពន្ធ 30អស់​អ្នក​ដែល​យំ‌សោក ដូច​ជា​មិន​យំ‌សោក អស់​អ្នក​ដែល​អរ​សប្បាយ ដូច​ជា​មិន​អរ​សប្បាយ អស់​អ្នក​ដែល​ទិញ ដូច​ជា​គ្មាន​អ្វី​សោះ 31ហើយ​អស់​អ្នក​ដែល​ប្រើ​ប្រាស់​ពិភព​លោក​នេះ ក៏​ដូច​ជា​មិន​បាន​ប្រើ​ដែរ ដ្បិត​ពិភព​លោក​នេះ​កំពុង​តែ​ប្រែប្រួល។
32ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ខ្វល់​ខ្វាយ​អ្វី​ឡើយ។ អ្នក​ដែល​គ្មាន​ប្រពន្ធ អ្នក​នោះ​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​របស់​ព្រះ‌អម្ចាស់ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ 33តែ​អ្នក​ដែល​មាន​ប្រពន្ធ​វិញ គេ​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​ក្នុង​លោក​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ចិត្ត​ប្រពន្ធ 34ហើយ​ចិត្ត​របស់​អ្នក​នោះ​បែង​ចែក។ ឯ​ស្ត្រី​គ្មាន​ប្តី និង​ស្ត្រី​ក្រ​មុំ នោះ​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​របស់​ព្រះ‌អ​ម្ចាស់ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​បរិសុទ្ធ​ទាំង​រូប​កាយ ទាំង​វិញ្ញាណ តែ​ស្ត្រី​ដែល​មាន​ប្តី នាង​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​ក្នុង​លោក​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ចិត្ត​ប្តី។ 35ខ្ញុំ​និយាយ​ដូច្នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា មិន​មែន​ដាក់​អន្ទាក់​អ្នក​រាល់​គ្នា​ទេ គឺ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​បាន​ល្អ ហើយ​បម្រើ​ព្រះ‌អម្ចាស់​ដោយ​គ្មាន​ចិត្ត​ប្រទាញ​ប្រទង់។
36ប្រសិន‌បើ​អ្នក​ណា​យល់​ថា ខ្លួន​មិន​គួរ​គប្បី​ចំពោះ​គូ‌ដណ្ដឹង ហើយ​បើ​ចិត្ត​គេ​ពុះ​កញ្ជ្រោល​ខ្លាំង នោះ​ធ្វើ​តាម​ចិត្ត​ទៅ​ចុះ ត្រូវ​ឲ្យ​អ្នក​នោះ​រៀប‌ការ​ទៅ គ្មាន​បាប​អ្វី​ទេ។ 37ប៉ុន្តែ អ្នក​ណា​ដែល​តាំង​ចិត្ត​បាន​យ៉ាង​មាំ​មួន ដោយ​គ្មាន​អ្នក​ណា​បង្ខំ គឺ​អាច​ទប់​ចិត្ត​បាន ហើយ​បាន​តាំង​ចិត្ត​ថា​នឹង​ទុក​នាង​ជា​គូ‌ដណ្ដឹង​របស់​ខ្លួន នោះ​គាត់​ធ្វើ​បាន​ល្អ​ហើយ។ 38ដូច្នេះ អ្នក​ដែល​រៀប‌ការ​ជាមួយ​គូ‌ដណ្ដឹង​របស់​ខ្លួន ប្រសើរ​ហើយ រីឯ​អ្នក​ដែល​ទ្រាំ​មិន​រៀប‌ការ នោះ​រឹត​តែ​ប្រសើរ​ថែម​ទៀត។
39កាល​ប្ដី​នៅ​រស់​នៅ​ឡើយ ប្រពន្ធ​ត្រូវ​នៅ​ជាប់​ក្នុង​ចំណង​របស់​ប្តី តែ​បើ​ប្តី​ស្លាប់ នោះ​នាង​មាន​សេរីភាព​នឹង​រៀប‌ការ​ជាមួយ​អ្នក​ណា​ក៏​បាន តាម​ចិត្ត​របស់​នាង ឲ្យ​តែ​រៀប‌ការ​ក្នុង​ព្រះ‌អម្ចាស់ ។ 40ប៉ុន្តែ តាម​គំនិត​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា បើ​នាង​រស់​នៅ​មិន​រៀប‌ការ​បាន នោះ​នាង​នឹង​បាន​សប្បាយ​ជាង ហើយ​ខ្ញុំ​យល់​ថា ខ្ញុំ​ក៏​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in