១ កូរិនថូស 8
8
អំពីអាហារដែលគេសែនដល់រូបព្រះ
1រីឯចំណីអាហារដែលគេបានសែនដល់រូបព្រះ នោះយើងដឹងថា «យើងទាំងអស់គ្នាសុទ្ធតែចេះដឹង»។ ការចេះដឹងនាំឲ្យអួតបំប៉ោង តែសេចក្តីស្រឡាញ់ស្អាងចិត្តវិញ។ 2ប្រសិនបើអ្នកណាស្មានថា ខ្លួនចេះដឹងអ្វីមួយ អ្នកនោះមិនទាន់ចេះដឹងតាមការដែលខ្លួនត្រូវចេះដឹងនៅឡើយទេ 3តែបើអ្នកណាស្រឡាញ់ព្រះ នោះព្រះអង្គក៏ស្គាល់អ្នកនោះដែរ។
4ដូច្នេះ ចំពោះការបរិភោគចំណីអាហារ ដែលគេបានសែនដល់រូបព្រះ នោះយើងដឹងថា «ក្នុងលោកនេះ រូបព្រះមិនមែនជាអ្វីទេ» ហើយថា «ក្រៅពីព្រះមួយព្រះអង្គ គ្មានព្រះឯណាទៀតសោះ»។ 5ដ្បិតទោះបើមានអ្វីដែលហៅថាព្រះនៅលើមេឃ ឬនៅផែនដីក៏ដោយ (ហើយទោះជាមានព្រះជាច្រើន និងម្ចាស់ជាច្រើនមែន) 6តែសម្រាប់យើង យើងមានព្រះតែមួយព្រះអង្គប៉ុណ្ណោះ គឺព្រះវរបិតា ដែលរបស់សព្វសារពើកើតមកពីព្រះអង្គ ហើយយើងមានជីវិតសម្រាប់ព្រះអង្គ យើងមានព្រះអម្ចាស់តែមួយ គឺព្រះយេស៊ូវគ្រីស្ទ ដែលរបស់សព្វសារពើកើតមកដោយសារព្រះអង្គ ហើយយើងមានជីវិតក៏ដោយសារព្រះអង្គដែរ។
7ប៉ុន្តែ មិនមែនគ្រប់គ្នាទេដែលដឹងសេចក្ដីនេះ ដ្បិតមានអ្នកខ្លះ ដោយធ្លាប់ថ្វាយបង្គំរូបព្រះរហូតដល់ពេលនេះ គេនៅតែគិតថា អាហារដែលគេបរិភោគ ជាសំណែនដែលបានសែនដល់រូបព្រះ ម៉្លោះហើយមនសិការរបស់គេដែលខ្សោយ ក៏ត្រូវសៅហ្មង។ 8ប៉ុន្តែ មិនមែនចំណីអាហារទេដែលធ្វើឲ្យយើងខិតចូលជិតព្រះ។ បើយើងមិនបរិភោគ ក៏មិនខាតអ្វី ហើយបើយើងបរិភោគក៏មិនចំណេញអ្វីដែរ។ 9ប៉ុន្តែ ត្រូវប្រយ័ត្ន ក្រែងសេរីភាពបែបនេះរបស់អ្នករាល់គ្នា បែរជាធ្វើឲ្យអ្នកទន់ខ្សោយជំពប់ដួល។ 10ដ្បិតបើអ្នកណាឃើញអ្នក ដែលជាអ្នកចេះដឹងកំពុងអង្គុយបរិភោគក្នុងវិហាររបស់រូបព្រះ នោះតើមិនបានលើកទឹកចិត្តអ្នកទន់ខ្សោយឲ្យបរិភោគសំណែន ដែលបានសែនដល់រូបព្រះដែរទេឬ? 11ដូច្នេះ បងប្អូនទន់ខ្សោយ ដែលព្រះគ្រីស្ទបានសុគតជំនួស នឹងត្រូវវិនាសដោយសារតែការចេះដឹងរបស់អ្នក។ 12ពេលអ្នករាល់គ្នាធ្វើបាបចំពោះពួកបងប្អូន ហើយធ្វើឲ្យមនសិការទន់ខ្សោយរបស់គេមានរបួស នោះអ្នករាល់គ្នាធ្វើបាបចំពោះព្រះគ្រីស្ទហើយ។ 13ដូច្នេះ បើចំណីអាហារជាហេតុនាំឲ្យបងប្អូនខ្ញុំជំពប់ដួល នោះខ្ញុំនឹងមិនបរិភោគសាច់ជារៀងរហូត ក្រែងបងប្អូនរបស់ខ្ញុំជំពប់ដួលដោយសារខ្ញុំ។
Currently Selected:
១ កូរិនថូស 8: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies