ណាពីមីកា 4
4
អុលឡោះនឹងស្ដារក្រុងយេរូសាឡឹមឡើងវិញ
1ថ្ងៃក្រោយ អុលឡោះតាអាឡានឹងលើកភ្នំ
ដែលមានម៉ាស្ជិទរបស់ទ្រង់
ដាក់នៅលើកំពូលភ្នំទាំងឡាយ
ដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេ
ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ
ជាហូរហែ។
2ប្រជាជាតិជាច្រើននឹងឡើងទៅភ្នំនោះ
ទាំងពោលថា «ចូរនាំគ្នាមក!
យើងឡើងលើភ្នំរបស់អុលឡោះតាអាឡា
យើងឡើងទៅដំណាក់នៃម្ចាស់របស់
យ៉ាកកូប។
ទ្រង់នឹងបង្រៀនយើងអំពីមាគ៌ារបស់ទ្រង់
ហើយយើងនឹងដើរតាមមាគ៌ានេះ»
ដ្បិតហ៊ូកុំចេញមកពីក្រុងស៊ីយ៉ូន
ហើយបន្ទូលរបស់អុលឡោះតាអាឡា
ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
3ទ្រង់នឹងធ្វើជាចៅក្រមរវាង
ជាតិសាសន៍ដ៏ច្រើន
ទ្រង់នឹងសំរុះសំរួលប្រជាជាតិដ៏ខ្លាំងពូកែ
ដែលនៅឆ្ងាយៗ ឲ្យឈប់ទាស់ទែងគ្នា។
ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួន
មកដំធ្វើជាផាលនង្គ័ល
ហើយយកលំពែងដំធ្វើជាកណ្ដៀវវិញ។
ប្រជាជាតិមួយឈប់ច្បាំងនឹង
ប្រជាជាតិមួយទៀត
ហើយគេក៏លែងហ្វឹកហាត់ធ្វើសង្គ្រាមដែរ។
4មនុស្សម្នានឹងរស់នៅយ៉ាងសុខសាន្ត
ក្រោមម្លប់ដើមទំពាំងបាយជូរ
និងដើមឧទុម្ពររបស់គេរៀងៗខ្លួន។
គ្មាននរណាមករំខានពួកគេឡើយ
ដ្បិតអុលឡោះតាអាឡាមានបន្ទូលដូច្នេះ។
5ជាតិសាសន៍ទាំងប៉ុន្មាននាំគ្នាដើរតាម
ព្រះរបស់គេរៀងៗខ្លួន
រីឯពួកយើងវិញ យើងនាំគ្នាដើរតាមអុលឡោះតាអាឡា
ជាម្ចាស់របស់យើងជានិច្ច រហូតតរៀងទៅ។
6«នៅថ្ងៃនោះ យើងនឹងយកអាសាអ្នករបួស
ដែលដើរពុំរួច
យើងនឹងប្រមូលផ្ដុំអ្នកខ្ចាត់ខ្ចាយក្នុងគ្រាដែល
យើងបានធ្វើទោស»
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
7«យើងនឹងឲ្យអ្នករបួសដើរពុំរួច
ក្លាយទៅជាប្រជាជនដែលនៅសេសសល់
ហើយធ្វើឲ្យអ្នកដែលខ្ចាត់ព្រាត់
ក្លាយទៅជាប្រជាជាតិដ៏ខ្លាំងពូកែ។
យើងជាអុលឡោះតាអាឡា នឹងគ្រងរាជ្យលើពួកគេ
នៅភ្នំស៊ីយ៉ូន តាំងពីពេលនេះរហូតតទៅ។
8រីឯអ្នកវិញ ក្រុងស៊ីយ៉ូនអើយ
អ្នកប្រៀបដូចជាប៉មចាំយាម
និងជាបន្ទាយដ៏រឹងមាំ
អ្នកនឹងទទួលអំណាចគ្រប់គ្រងដូចពីដើម
យេរូសាឡឹមនឹងធ្វើជារាជធានីសាជាថ្មី»។
អុលឡោះរំដោះក្រុងយេរូសាឡឹមឲ្យរួចពីឈឺចាប់
9ឥឡូវនេះ ហេតុអ្វីបានជាអ្នកស្រែកថ្ងូរ
ហេតុអ្វីបានជាអ្នកឈឺចុកចាប់
ដូចស្ត្រីសំរាលកូនដូច្នេះ?
តើអ្នកគ្មានស្ដេចទេឬ?
តើទីប្រឹក្សារបស់អ្នកទៅណាបាត់អស់ហើយ?
10ក្រុងស៊ីយ៉ូនអើយ
ចូរឈឺចាប់ និងស្រែកថ្ងូរ
ដូចស្ត្រីសំរាលកូនទៅ!
ដ្បិតឥឡូវនេះ អ្នកត្រូវចាកចេញពីទីក្រុង
ទៅរស់នៅតាមស្រែចម្ការ
អ្នកនឹងទៅរហូតដល់ស្រុកបាប៊ីឡូន។
នៅទីនេះ អុលឡោះតាអាឡានឹងរំដោះអ្នក
ទ្រង់នឹងលោះអ្នកពីកណ្ដាប់ដៃរបស់ខ្មាំង។
11ឥឡូវនេះ ប្រជាជាតិជាច្រើន
លើកគ្នាមកវាយប្រហារអ្នក ទាំងបន់ថា:
“សូមឲ្យក្រុងស៊ីយ៉ូនបាត់បង់កិត្តិយស
ដើម្បីឲ្យយើងឃើញក្រុងនេះអន្តរាយ!”។
12ប៉ុន្តែ ពួកគេពុំស្គាល់បំណងរបស់អុលឡោះតាអាឡាទេ
ហើយក៏ពុំយល់គម្រោងការរបស់ទ្រង់ដែរ
ទ្រង់ប្រមូលពួកគេដូចប្រមូលកណ្ដាប់ស្រូវ
នៅក្នុងលានបោកបែន។
13«ប្រជាជនក្រុងស៊ីយ៉ូនអើយ
ចូរក្រោកឡើង ជាន់កំទេចពួកគេទៅ!
យើងនឹងឲ្យអ្នកមានកម្លាំងខ្លាំងក្លា
ដូចគោដែលមានស្នែងធ្វើពីដែក
ក្រចកជើងធ្វើពីលង្ហិន
អ្នកនឹងជាន់កំទេចជាតិសាសន៍ដ៏ច្រើន
ដូចគេបញ្ជាន់ស្រូវ
ហើយញែកជយភ័ណ្ឌរបស់ពួកគេ
ទុកសម្រាប់យើង ដែលជាអុលឡោះតាអាឡា
និងញែកទ្រព្យសម្បត្តិរបស់គេទុកសម្រាប់យើង
ដែលជាអុលឡោះជាម្ចាស់នៃផែនដីទាំងមូល»។
14ឥឡូវនេះ អ្នកក្រុងយេរូសាឡឹមអើយ
ចូរត្រៀមខ្លួនជាក្បួនទ័ពទៅ!
ខ្មាំងសត្រូវឡោមព័ទ្ធពួកយើងហើយ
គេយកដំបងវាយថ្ពាល់មេគ្រប់គ្រងរបស់
ជនជាតិអ៊ីស្រអែល។
Currently Selected:
ណាពីមីកា 4: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.